TAG
paywall
របាយការណ៍ចុះស្រង់ទិន្នន័យបង្ហាញថា តម្លៃអចលនទ្រព្យក្នុងរាជធានីភ្នំពេញនៅតែបន្តកើនឡើង
លទ្ធផលចុះស្រង់ទិន្នន័យដែលត្រូវបានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា តម្លៃដីក្នុងរាជធានីភ្នំពេញ បាននិងកំពុងកើនឡើង តាំងពីទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា បានស្ទុះឡើងហើយស្រុតចុះវិញ កាលពីជាងប្រាំឆ្នាំមុន ក៏ប៉ុន្តែអ្នកជំនាញការបានលើកឡើងថា ករណីបំប៉ោងទីផ្សារប្រហាក់ប្រហែលគ្នានេះ មិនទំនងជាកើតឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទេ។
លទ្ធផលនៃសកម្មភាពចុះស្រង់ទិន្នន័យរបស់ក្រុមហ៊ុន វីត្រាស់ ប្រូភើធី ខូអិលធីឌី ផ្អែកលើតម្លៃដីក្នុងត្រីមាសទី៤ នៃឆ្នាំមុន ក្នុងខណ្ឌទាំងប្រាំបួនរបស់រាជធានីភ្នំពេញ ដែលមាន៩៦សង្កាត់។
លទ្ធផលចុះស្រង់ទិន្នន័យនេះ បានបង្ហាញទៀតថា តម្លៃប្រកាសលក់ដីនៅក្នុងរាជធានីភ្នំពេញមាន១.៤៤០ដុល្លារក្នុងមួយម៉ែត្រក្រឡា។ តម្លៃទាបបំផុតគឺប្រហែល១០ដុល្លារក្នុងមួយម៉ែត្រក្រឡាក្នុងសង្កាត់ពញាពន្ធ ក្នុងខណ្ឌសែនសុខ។ ចំណែកឯតម្លៃខ្ពស់បំផុត គឺ៥.៩០០ដុល្លារក្នុងមួយម៉ែត្រក្រឡានៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
តម្លៃមធ្យមក្នុងមួយម៉ែត្រក្រឡានៃផ្ទៃដីបានប្រែប្រួលយ៉ាងច្រើន បើប្រៀបធៀបតម្លៃមធ្យមក្នុងខណ្ឌទាំងប្រាំបួន។ តម្លៃមធ្យមខ្ពស់បំផុត គឺមានប្រហែល៣.៦៣០ដុល្លារ ហើយ តម្លៃមធ្យមទាបបំផុត គឺមាន១៦០ដុល្លារ នេះបើយោងតាមលទ្ធផលចុះស្រង់ទិន្នន័យដដែលនេះ។
តម្លៃមធ្យមខ្ពស់ៗបំផុតមាននៅខណ្ឌដូនពេញ ៧មករា ចំការមន និងខណ្ឌទូលគោក។ ក្នុងខណ្ឌដូនពេញ តម្លៃមធ្យមខ្ពស់បំផុតមាន៤.២០០ដុល្លារក្នុងសង្កាត់ជ័យជម្នះ។
ក្នុងខណ្ឌដែលស្ថិតនៅចំណុចកណ្ដាលនៃរាជធានីភ្នំពេញនេះមានតម្លៃមធ្យមក្នុងមួយម៉ែត្រក្រ ឡា៣.៦២៨ដុល្លារ ខណៈដែលតម្លៃទាបបំផុតមាន១.០៤២ដុល្លារ ខណៈដែលតម្លៃខ្ពស់បំផុតមាន៥.៨៣០ដុល្លារ។
ក្នុងខណ្ឌ៧មករា តម្លៃមធ្យមក្នុងមួយម៉ែត្រក្រឡាមាន២.៧០០ដុល្លារ។ តម្លៃទាបបំផុតមាន១.០១០ដុល្លារ និងតម្លៃខ្ពស់បំផុតមាន៥.១៥០ដុល្លារ។ តម្លៃមធ្យមខ្ពស់បំផុតសម្រាប់ខណ្ឌនេះគឺ៣.២០០ដុល្លារក្នុងមួយម៉ែត្រក្រឡា នៅសង្កាត់មនោរម្យ។
ក្នុងខណ្ឌចំការមន តម្លៃមធ្យមមាន២.៣៦០ដុល្លារ។ តម្លៃទាបបំផុតមាន១.០១០ដុល្លារ និងតម្លៃខ្ពស់បំផុតមាន៥.៩០០ដុល្លារ។ តម្លៃមធ្យមខ្ពស់បំផុតក្នុងខណ្ឌនេះមាន៣.៣០០ដុល្លារនៅក្នុងសង្កាត់បឹងកេងកង១។
ក្នុងខណ្ឌទួលគោក តម្លៃមធ្យមមាន២.២៦០ដុល្លារ។ តម្លៃទាបបំផុតមាន១.០០០ដុល្លារ និងតម្លៃខ្ពស់បំផុតមាន៥.៣៤០ដុល្លារ។ តម្លៃមធ្យមខ្ពស់បំផុតមាន២.៨១០ដុល្លារនៅក្នុងសង្កាត់ផ្សារដេប៉ូ២។
តម្លៃដីទាបជាងគេបំផុតនៅក្នុងចំណោមខណ្ឌទាំងនេះមានជាមធ្យមនៅខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។
ក្នុងខណ្ឌដង្កោ តម្លៃមធ្យមមាន១៦០ដុល្លារក្នុងមួយម៉ែត្រក្រឡា។ តម្លៃខ្ពស់បំផុតមាន៩២០ដុល្លារ ខណៈដែលតម្លៃទាបបំផុត២០ដុល្លារ។ តម្លៃមធ្យមខ្ពស់បំផុតមាន៤៥០ដុល្លារក្នុងសង្កាត់ដង្កោ។
ក្នុងខណ្ឌពោធិ៍សែនជ័យ តម្លៃមធ្យមមាន២៧០ដុល្លារ។ តម្លៃទាបបំផុតមាន២០ដុល្លារ ខណៈដែលតម្លៃខ្ពស់បំផុតមាន១.៨១០ដុល្លារហើយតម្លៃមធ្យមខ្ពស់បំផុតមាន៧២០ដុល្លារក្នុងសង្កាត់ចោមចៅ។
កត្តាដែលជំរុញឲ្យតម្លៃដីកើនឡើងបែបនេះរួមមានទំហំដីសម្រាប់លក់ ប្រភេទអគារ និងទីតាំងដី។
ក្នុងពេលដែលលទ្ធផលចុះស្រង់ទិន្នន័យបង្ហាញពីកំណើនជាបន្តបន្ទាប់ បើធៀបនឹងតម្លៃអចលនទ្រព្យកាលពីពេលទីផ្សារនេះបានស្រុតចុះក្នុងឆ្នាំ២០០៩មក ថ្នាក់ដឹកនាំក្រុមហ៊ុនវីត្រាស បានលើកឡើងកាលពីម្សិលមិញក្នុងសន្និសីទសារព័ត៌មានថា មានការបារម្ភបន្តិចបន្តួចអំពីករណីទីផ្សារស្ទុះឡើងហើយស្រុតចុះវិញ។
លោក អុីន ស៊ីថា នាយកគ្រប់គ្រងក្រុមហុ៊នវីត្រាស រៀលធី ខូអីលធីឌី បានមានប្រសាសន៍ថា “ដរាបណាសេដ្ឋកិច្ច និងនយោបាយមានស្ថានភាពល្អ តម្លៃទាំងនេះនឹងកើនឡើងជាលំដាប់។ ក្នុងរយៈពេល៥១០ ឬ១៥ឆ្នាំខាងមុខ តម្លៃទីផ្សារនឹងបន្តកើនឡើង ប៉ុន្តែមិនមែនជាតម្លៃបំប៉ោងទេ”។
លោក ហ្គ្រែន ណាកគី (Grant Knuckey) ប្រធាននាយកប្រតិបត្តិធនាគារ ANZ Royal លើកឡើងកាលពីម្សិលមិញថា កម្ចីអចលនទ្រព្យនៅធនាគារ ANZ Royal បានកើនឡើងប្រហែល៣៥ភាគរយបើគិតតាមទំហំហិរញ្ញវត្ថុកាលពីឆ្នាំមុន ក៏ប៉ុន្តែករណីបំប៉ោងទីផ្សារអចលនទ្រព្យប្រហែលជាស្ថិតនៅផ្លូវដ៏វែងឆ្ងាយនៅពេលខាងមុខដ៏យូរ។
លោកបានមានប្រសាសន៍ថា “យើងមិនបានឃើញប្រជាជនខ្ចីប្រាក់ច្រើនជាងតម្លៃរបស់លំនៅដ្ឋានទេ។ ពួកគាត់បានអនុវត្តផែនការសងបានយ៉ាងល្អប្រសើរ។ ទីផ្សារមានស្ថិរភាព...ហើយបន្តទៅមុខរយៈពេលជាច្រើនឆ្នាំទៀត”។
សកម្មភាពចុះស្រង់ទិន្នន័យរបស់ក្រុមហ៊ុនវីត្រាស ត្រូវបានអនុវត្តដោយកំណត់យកសំណាកចំនួន៦៦០នាក់សម្រាប់សម្ភាសតាមទូរស័ព្ទ និងសម្ភាសដោយផ្ទាល់។ គួរបញ្ជាក់ថា អ្នកដែលបានចូលរួមសម្ភាសគឺជាអ្្នកដែលស្ថិតក្នុងដំណើរការលក់អចលនទ្រព្យរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ៕សុធា
បុរសម្នាក់ដែលបានគេចខ្លួនពីអង់គ្លេសមកប្រព្រឹត្តការរួមភេទនៅកម្ពុជា ត្រូវបានបណ្តេញចេញ
មន្ត្រីអង់គ្លេសម្នាក់បានឲ្យដឹងថា ជនជាតិអង់គ្លេសឈ្មោះ អៀន ប៉ូល បូវ័រ (Ian Paul Bowers) ដែលបានគេចខ្លួនមកប្រទេសកម្ពុជាក្នុងឆ្នាំ២០០៦ ខណៈដែលដោះលែងឲ្យនៅក្រៅឃុំពីបទរំលោភផ្លូវភេទកុមារ និងប្រព្រឹត្តបទល្មើសផ្លូវភេទជាមួយក្មេងប្រុសខ្មែរជាបន្តបន្ទាប់នោះ ត្រូវបានបណ្តេញទៅកាន់ប្រទេសអង់ គ្លេសវិញកាលពីថ្ងៃសុក្រ និងបញ្ជូនត្រឡប់ទៅកាន់ពន្ធនាគារវិញ។
លោក អេនឌី បេឃ័រ (Andy Baker) អនុប្រធានបញ្ជាការកណ្តាលការពារប្រព័ន្ធអីុនធឺណិត និងការកេងប្រវ័ញ្ចលើកុមារ (Child Exploitation and Online Protection Center Command) របស់ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ អង់គ្លេស បានលើកឡើងថា ការិយាល័យ នេះបានសហការជាមួយអាជ្ញាធរខ្មែរបានបណ្តេញលោក បូវ័រ ហើយ។
លោកបានលើកឡើងបន្ទាប់ពីសិក្ខាសាលាតំបន់មួយស្តីពីការការពារកុមារនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា “លោក បូវ័រ ត្រូវបានបណ្តេញចេញ ដោយសារគាត់ជាអន្តោប្រវេសន៍ខុសច្បាប់ ប៉ុន្តែគាត់ត្រូវបានគេតាមចាប់ខ្លួននៅក្នុងប្រទេសអង់គ្លេស។
នគរបាលជាតិកម្ពុជាបានស្នើឲ្យយើងជួយ ដូច្នេះយើងបានបញ្ជូនមន្ត្រីសហការជាមួយសហការីវៀតណាមផងដែរ ពីព្រោះគាត់បានធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម។ យើងបានសហការគ្នាដើម្បីឲ្យប្រាកដថា ជននេះត្រូវបានបញ្ជូនខ្លួនត្រឡប់ទៅវិញ ហើយពេលនេះជននេះជាប់ក្នុងពន្ធនាគារ”។
លោក បូវ័រ ជាអតីតមន្ត្រីនគរបាលអាយុ៤៨ឆ្នាំនៅក្នុងរដ្ឋ ឌ័រប៊ីសាយ (Derbyshire) បានជាប់ក្នុងពន្ធនាគារនៅប្រទេសអង់គ្លេសក្នុងឆ្នាំ២០០៤ អស់រយៈពេលបីឆ្នាំ ប៉ុន្តែត្រូវបានដោះលែងជាបណ្តោះអាសន្ន និងបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាទីដែលគាត់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០០៧ ពីបទចាប់រំលោភក្មេងប្រុសពីរនាក់ ប៉ុន្តែការចោទប្រកាន់ត្រូវបានលើកលែងវិញ បន្ទាប់់ពីក្មេងប្រុសទាំងនេះ ប្រែក្រឡាសបណ្តឹងរបស់ខ្លួន។
លោកស្ថិតនៅក្នុងប្រទេសកម្ពុជានៅឡើយ និងធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេស រហូតដល់លោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១១ និងជាប់ពន្ធនាគារបន្តបន្ទាប់រយៈពេលពីរឆ្នាំ ពីបទចាប់រំលោភក្មេងប្រុសចំនួនប្រាំនាក់អាយុចាប់ពី១១ឆ្នាំដល់១៥ឆ្នាំ។
តុលាការក៏បានបង្គាប់ឲ្យបណ្តេញរូបគាត់ក៏ប៉ុន្តែនៅក្នុងខែវិច្ឆិកា សាលាឧទ្ធរណ៍បានប្រែក្រឡាសសេចក្តីសម្រេច ដោយសារលោក បូវ័រ តាមសេចក្តីរាយការណ៍ថា មានប្រពន្ធជាជនជាតិខ្មែរ។ ទោះជាយ៉ាងណា នគរបាលអន្តោប្រវេសន៍បានឃាត់ខ្លួនលោក បូវ័រ កាលពីថ្ងៃទី១៥ ខែមករា នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈដែលគាត់ប៉ុនប៉ងចាកចេញពីប្រទេសនេះ។
លោកឧត្តមសេនីយ៍ទោ ពិន ពិសេដ្ឋ ប្រធាននាយកដ្ឋាននគរបាលអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ បានបដិសេធមិនព្រមធ្វើអត្ថាធិប្បាយកាលពីម្សិលមិញ ប៉ុន្តែបានថ្លែងកាលពីខែមុនថា លោក បូវ័រ ត្រូវបានចាប់ខ្លួនម្តងទៀតពីបទរស់នៅក្នុងប្រទេសកម្ពុជាដោយគ្មានឯកសារច្បាប់។
ទីភ្នាក់ងារបញ្ចប់ពេស្យាចារ ការរំលោភនិងការជួញដូរកុមារ អន្តរជាតិ ជាបណ្តាញមួយនៃអង្គការក្រៅរដ្ឋាភិបាលការពារសិទ្ធិកុមារអន្តរជាតិបានរិះគន់ខ្លាំងៗចំពោះរដ្ឋាភិបាលអង់គ្លេស ដែលភាពអសកម្មរបស់ខ្លួនក្នុងការសហការជាមួយកម្ពុជា ដើម្បីបណ្តេញលោក បូវ័រ ដែលខ្លួននិយាយថា កើតមាននៅ អង់គ្លេសដោយសារការប្រព្រឹត្តបទល្មើសផ្លូវភេទនេះទៀត៕ ប៊ុននី
តុលាការបើកសវនាការរឿងក្តីបុរសជាប់ចោទពីបទដាក់ថ្នាំឲ្យនិស្សិតម្នាក់ផឹក ហើយរំលោភ
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះរឿងក្តីបុរសអាយុ៣២ឆ្នាំម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទចាប់រំលោភនិស្សិតអាយុ១៧ឆ្នាំម្នាក់បន្ទាប់ពីដាក់ថ្នាំក្នុងកែវស្រានាងនៅបៀរហ្គាដិនមួយ។
លោក សួស សំអាត ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា “ជននេះត្រូវបានចោទប្រកាន់ពីបទរំលោភ ពីព្រោះបានរំលោភជនរងគ្រោះបីដងក្នុងមួយយប់” ដោយសន្និដ្ឋានថា បានប្រើថ្នាំងងុយដេក។
ចុងចោទឈ្មោះ យួន រដ្ឋា តាមការចោទថា បានដាក់ថ្នាំនៅក្នុងកែវស្រាជនរងគ្រោះនៅបៀរហ្គា ដិន ដែលនាងធ្វើការដើម្បីរកប្រាក់ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន ហើយបន្ទាប់មកបាននាំទៅកាន់ផ្ទះសំណាក់មួយ ហើយបានបិទទ្វារ រួចបានរំលោភនាង។
នៅក្នុងពាក្យបណ្តឹងដែលស្ត្រីរងគ្រោះអាយុ១៧ឆ្នាំបានប្តឹងនគរបាលបន្ទាប់ពីមានការចាប់រំលោភកាលពីខែកញ្ញាឆ្នាំ៣០១៣នោះនាងបានលើកឡើងថា បុរសឈ្មោះ រដ្ឋា ប្រាកដជាបានដាក់ថ្នាំក្នុងកែវស្រានាង ពីព្រោះនាងមានអារម្មណ៍ងងុយដេកយ៉ាងខ្លាំងបន្ទាប់ពីនាងបានផឹកអស់ពីរបីកែវ ហើយ នាងមិនចាំពីការរំលោភនោះទេ ឬថា តើនាងទៅកាន់ ផ្ទះសំណាក់នោះដោយរបៀបណានោះឡើយ។
បុរសឈ្មោះ រដ្ឋា បានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះបីដងក្នុងមួយយប់មែន ប៉ុន្តែ បាននិយាយថា ខ្លួនមិនបានដាក់ថ្នាំ ឬបានរំលោភនាងទេ។ បុរសរូបនេះបាននិយាយទៀតថា “ ខ្ញុំបាននាំនាងទៅកាន់ផ្ទះសំណាក់មួយដើម្បីរួមភេទ ប៉ុន្តែ នាងបានព្រមព្រៀងជាមួយខ្លួន”។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២០ខែមីនា៕សារុន
លោក ប៉ាន់ រិទ្ធី គឺជាអ្នកទទួលជ័យលាភីផ្នែកផលិតខ្សែភាពយន្តក្នុងក្រសែភ្នែករបស់ប្រជាជនកម្ពុជា
កាលពីព្រឹកម្សិលមិញ គិតតាមម៉ោងក្នុងប្រទេសកម្ពុជា លោក ប៉ាន់ រិទ្ធី បានចូលរួមក្នុងកម្មវិធីខ្សែភាពយន្តជាប្រវត្តិសាស្ត្រមួយ ក្នុងនាមជាអ្នកដឹកនាំរឿងខ្មែរដំបូងគេ គឺកម្មវិធីប្រកាសពានរង្វាន់អូស្កា នៅសហរដ្ឋអាមេរិក ដោយបានយកវណ្ណកម្មរបស់លោក ដែលមានចំណងជើងថា “រូបភាពដែលបាត់បង់” ទៅប្រកួតប្រជែងជាមួយផលិតករនានាមកពីទូទាំងសាកលលោក។
ទោះបីជាខ្សែភាពយន្តរបស់លោកទទួលបរាជ័យនៅក្នុងកម្មវិធីប្រកួតប្រជែងដណ្ដើមពានរង្វាន់ខ្សែភាពយន្តនិយាយភាសាបរទេសល្អបំផុតនៅក្នុងកម្មវិធីប្រកួតលើកទី៨៦ នៅផលិតកម្មហូលីវូដក៏ដោយ ក៏លោក ប៉ាន់ រិទ្ធី បានលើកឡើងថា លោកនៅតែពេញចិត្តដែលខ្សែភាពយន្តរបស់លោកត្រូវបានគេជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីប្រកួតនេះ។
លោក ប៉ាន់ រិទ្ធី បានលើកឡើងនៅក្នុងអុីម៉េលផ្ញើពីហូលីវូដ បន្ទាប់ពីកម្មវិធីប្រកាសជ័យលាភីពានរង្វាន់អូស្កាបានបញ្ចប់ភ្លាមថា “ យើងជិតឈានដល់ពេលវេលាជាប្រវត្តិសាស្ត្រហើយ។ ខ្ញុំមានអារម្មណ៍ខកចិត្តបន្តិចបន្តួចមែន ប៉ុន្តែវាជារឿងធម្មតាទេ។ ទោះជាយ៉ាងណា យើងនឹងទទួលជ័យជម្នះនៅពេលណាមួយជាមិនខាន...។ ក្នុងថ្ងៃនេះ កម្ពុជាកំពុងត្រូវបានគេទទួលស្គាល់។ យើងពិតជាមានសក្ដានុពលមែន ពោលគឺយើងជាប្រទេសមានសិល្បករ”។
ក្ដីសង្ឃឹមរបស់ខ្សែភាពយន្តកម្ពុជាថានឹងឈ្នះពានរង្វាន់អូស្កាមាន៥ទល់នឹង១ពោលគឺខ្សែភាពយន្តកម្ពុជាត្រូវប្រកួតប្រជែងជាមួយខ្សែភាពយន្តផ្សេងៗទៀតដែលមកពីប្រទេសបែលស៊ិក ដាណឺម៉ាក ប៉ាលេស្ទីន និងប្រទេសអុីតាលី ប៉ុន្តែម្ចាស់ជ័យលាភីគឺ ប្រទេសអុីតាលី ដែលបាននាំយកខ្សែភាពយករឿង “សម្ផស្សដ៏អស្ចារ្យ (The Great Beauty)”។
ទោះជាយ៉ាងណា គណៈកម្មការពានរង្វាន់អូស្កា បានផ្ដល់ឋានៈបន្ថែមទៀតដល់ខ្សែភាពយន្ត “ រូបភាពដែលបាត់បង់” គឺឋានៈ “Un Certain Regard ” នៅកម្មវិធីមហោស្របភាពយន្តទីក្រុងកែន (Cannes Film Festival) នៅប្រទេសបារាំង កាលពីខែឧសភាឆ្នាំមុន។ រយៈពេលប៉ុន្មានខែក្រោយមកលោក ប៉ាន់ រិទ្ធី ទទួលនាមជាផលិតករខ្សែភាពយន្តអាស៊ី ឆ្នាំ២០១៣ នៅមហោស្រពភាពយន្តអន្តរជាតិ ប៊ូសាន លើកទី១៨ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ទោះបីជាលោក ប៉ាន់ រិទ្ធី មិនទាន់ឈានដល់ដំណាក់កាលខ្សែភាពយន្តឯកសារ និងពិភពខ្សែភាពយន្តលំដាប់សាកលលោកក៏ដោយ ក៏ការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដណ្ដើមពានរង្វាន់អូស្ការបស់លោកបានទាក់ទាញចំណាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិទៅលើវណ្ណកម្មរបស់លោកក្នុងពេលកន្លងមកយ៉ាងច្រើន។
នៅក្នុងខ្សែភាពយន្ត “ រូបភាពដែលបាត់បង់” លោក ប៉ាន់ រិទ្ធី បានប្រើប្រាស់រូបសូនពីដីឥដ្ឋ ដើម្បីបង្ហាញពីទិដ្ឋភាពជីវិតនៅក្នុងជំរុំការងារក្នុងរបបខ្មែរក្រហម ជាទិដ្ឋភាពដែលលោកចងចាំតាំងពីវ័យកុមាររបស់លោក ពោលគឺនៅពេលដែលលោកស្ថិតក្នុងរបប ប៉ុល ពត អស់រយៈពេលជាច្រើនឆ្នាំ។ តាមរយៈការបង្កើតទស្សនីយភាពទាំងនេះតាមរយៈរូបសូន និងអត្ថបទសាច់រឿង លោក បា៉ន់ រិទ្ធី បានប្រឈមនឹងគ្រោះថ្នាក់ដ៏ធំមួយ។
ក៏ប៉ុន្តែ តាមរយៈការខិតខំប្រឹងប្រែងធ្វើការរហូតដល់ទទួលបានការជ្រើសរើសពីសំណាក់គណៈកម្មការពានរង្វាន់អូស្កា ឲ្យយកខ្សែភាពយន្ត “ រូបភាពដែលបាត់បង់” ទៅចូលរួមក្នុងការប្រកួតប្រជែងជាមួយខ្សែភាពយន្តជាច្រើនរយរឿងមកពីទូទាំងសាកលលោក។
តាមពីក្រោយម្ចាស់ជ័យលាភីពានរង្វាន់អូស្កាឆ្នាំនេះ គឺខ្សែភាពយន្តប្រទេសអុីតាលី ខ្សែភាពយន្តផ្សេងៗទៀតដែលឆ្លងចូលវគ្គផ្ដាច់ព្រ័ត្រផងដែរនោះ រួមមានខ្សែភាពយន្ត The Broken Circle Breakdown មកពីប្រទេសបែលស៊ិក ខ្សែភាពយន្ត The Hunt មកពីប្រទេសដាណឺម៉ាក និងខ្សែភាពយន្ត Omar ដែលមកពីប្រទេសប៉ាលេស្ទីន។
នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខ្សែភាពយន្ត “រូបភាពដែលបាត់បង់” នឹងត្រូវបានបញ្ចាំងជូនទស្សនានៅរោងភាពយន្ត Legend Cinema និងរោងភាពយន្ត Platinum Cineplex ក្នុងរាជធានីភ្នំពេញ ដោយមានចំណងជើងរងជាភាសាខ្មែរ និងភាសាអង់គ្លេស៕ សុធា
អ្នកជំនាញផ្ដោតលើពិការភាពទូទៅដែលគេតែងតែយល់ខុស
ដោយសារមានជំងឺខ្វិនតាំងពីកំណើត ក្មេងប្រុស ឈិន ស៊ីវង្ស អាយុ៥ឆ្នាំ មានបញ្ហាពិបាកដើរ ឈរ និងលើកដៃ ប៉ុន្តែវាក៏ត្រូវពុះពារជម្នះនឹងបំណិនចលករ ដែលកាន់តែមានសារៈសំខាន់ជាងនេះទៅទៀតផងដែរនោះគឺការលេបអាហារចូលទៅក្នុងពោះ។
អំឡុងពេលវាមានអាយុមួយខួប ក្មេងប្រុសតូចនេះបានចាប់ផ្ដើមមានបញ្ហាពិបាកទទួលទានអាហាររឹង ដែលតែងតែធ្វើឲ្យក្រុមគ្រួសាររបស់វាពិបាកចិត្ត។
ម្ដាយមីងរបស់វា ឈ្មោះ ព្រំ ណាន អាយុ២៧ឆ្នាំ ដែលជាអ្នកមើលថែ ឈិន ស៊ីវង្ស នៅពេលឪពុកម្ដាយរបស់វាទៅធ្វើការ បាននិយាយថា “យើងបានសង្កេតឃើញវាមានបញ្ហាពិបាកទទួលទាន ឬលេបអាហារចូលទៅក្នុងពោះ នៅពេលវាមានអាយុមួយខួប។...
សាលារាជធានីបើកការដ្ឋានសាងសង់អគារការិយាល័យថ្មីក្នុងគម្រោងថវិកា៣,៥លានដុល្លារ
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា សាលារាជធានីនេះបានបញ្ចុះបឋមសិលាអគា១១ជាន់ថ្មី មួយដែលត្រូវចំណាយប្រាក់ចំនួន៣,៥លានដុល្លារ ក្នុងគោលបំណងពង្រឹងនិងបង្កើនសកម្មភាពផ្តល់សេវាកម្មសាធារ ណៈក្នុងរាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា ប្រតិបត្តិការសាងសង់អគារដែលត្រូវបានសាងសង់ឡើងនៅលើដីទំហំ១.០០០ម៉ែត្រក្រឡា នៅក្រោយសាលារាជធានី បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ និងត្រូវប្រើរយៈពេល១៦ខែដើម្បីបញ្ចប់ ក្រោមការផ្តល់មូលនិធិទាំងស្រុងដោយសាលារាជធានី។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “បន្ទាប់ពីទទួលការយល់ព្រមពីរដ្ឋាភិបាល យើងបានបញ្ចុះបឋមសិលាសំណង់អគារ១១ជាន់ សម្រាប់ផ្តល់សេវាសាធារណៈ ដូចជាការចុះឈ្មោះអាជីវកម្ម ទទួលពាក្យបណ្តឹង និងចុះកម្មសិទ្ធិដី និងការបើកសាលារៀនជាដើម។ អគារនេះត្រូវការ១១ជាន់ ពីព្រោះចំនួនប្រជាជនក្នុងរាជធានីភ្នំពេញ កំពុងតែកើនឡើងយ៉ាងលឿន ដូច្នេះមានតម្រូវការថែមទៀតសម្រាប់បម្រើសេវាសាធារណៈ”។
លោកបន្ថែមថា “មានការងាររដ្ឋបាលច្រើននិងសេវាសាធារណៈក្នុងការបម្រើប្រជាពលរដ្ឋ ដូច្នេះយើងត្រូវការអគារច្រើនជាងនេះដើម្បីអាចឲ្យមន្ត្រីសាលារាជធានីផ្តល់សេវាសាធារណៈ។ មន្ទីរសាលារាជធានីខ្លះនឹងរើទៅអគារថ្មីនេះ”។
គម្រោងសំណង់អគារនេះបានចាប់ផ្តើម បន្ទាប់ពីមន្ទីររាជធានីមួយចំនួនបានផ្លាស់ទីតាំងទៅនៅជាយរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលមានកិច្ចព្រមព្រៀងដោះដូរដីមានបញ្ហាជាច្រើន ដែលនាំឲ្យក្រុមហ៊ុនឯកជនទទួលបានសម្បត្តិរដ្ឋ និងដីជាថ្នូរនឹងការសាងសង់អគារជំនួសវិញនៅលើដីមានតម្លៃថោកនៅជាយក្រុង។
កិច្ចព្រមព្រៀងបែបនេះបានធ្វើឲ្យមាន ការរិគន់ ដោយសារតែមូលដ្ឋានហិរញ្ញវត្ថុដ៏ស្មុគស្មាញសម្រាប់ការដោះដូរទាំងនេះ និងសំឡេងរិះគន់ពីប្រជាពលរដ្ឋដែលនិយាយថា ពួកគាត់ មាន ការ លំបាកកាន់តែច្រើនក្នុងការទៅរកសេវាកម្មរដ្ឋ នៅតំបន់ឆ្ងាយៗ។
សកម្មភាពដោះដូរដីមួយក្នុងចំណោមសកម្មភាពដោះដូរថ្មីៗទាំងនេះ កើតឡើងនៅក្នុងខែធ្នូ នៅពេលមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីបានរើពីជិតសា្តតអូរឡាំពិកទៅការិយាល័យថ្មីសាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ឃុន សៀ នៅជ្រោយចង្វារ ខណ្ឌឫស្សីកែវ។
លោក ឌីម៉ង់ ក៏បានបញ្ជាក់ផងដែរថា សាលារាជធានីបានរៃអង្គាសបានប្រាក់១៧៥.០០០ដុល្លារក្នុងពិធីរៃអង្គាសប្រាក់តាមបែបព្រះពុទ្ធសាសនាមួយក្នុងថ្ងៃចាប់ផ្តើមសាងសង់អគារថ្មីនេះ។ លោកក៏បានកត់សម្គាល់ផងដែរថា មូលនិធិទាំងនេះនឹងត្រូវបានផ្តល់ឲ្យបណ្ណាល័យ សាលាធម្មវិន័យ និងសាលាបឋមសិក្សានៅក្នុងរាជធានីភ្នំពេញ៕ប៊ុននី
លោក ហ៊ុន សែន ជំរុញឲ្យសិល្បកររក្សាសេចក្តីថ្លៃថ្នូររបស់វប្បធម៌ជាតិ កុំលួចថតចម្លងពីបរទេស
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យសិល្បករខ្មែររក្សាសេចក្តីថ្លៃថ្នូរនៃវប្បធម៌ជាតិដោយការមិនថតចម្លងតាមសិល្បៈបរទេស។
លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកចូលរួមនៅសាលសន្និសីទចតុមុខក្នុងទិវាវប្បធម៌ ជាតិថា សិល្បករសម័យថ្មីមានភារកិច្ចរក្សាស្នាដៃរបស់សិល្បករសម័យមុន។ លោកបានមានប្រសាសន៍ថា “សូមកុំលួចថតចម្លងស្នាដៃរបស់សិល្បៈបរទេស។ វាជាការអាម៉ាស់ចំពោះជាតិ និងជាទង្វើដែលផ្ទុយពីវប្បធម៌ និងអរិយធម៌របស់ព្រះរាជាណាចក្រកម្ពុជា”។
លោកនាយករដ្ឋមន្ត្រីមិនបានលើកឡើងជាឧទារហណ៍អំពីការលួចថតចម្លងសិល្បៈដែលលោកបានលើកឡើងនោះទេ ប៉ុន្តែ លោកបានជំរុញឲ្យក្រសួងវប្បធម៌ធ្វើយ៉ាងណាឲ្យយុវជនដឹងច្បាស់ពីច្បាប់ និងក្រមសីលធម៌ក្នុងការលួចចម្លងស្នាដៃអ្នកដទៃ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ក្រសួងវប្បធម៌ក៏ត្រូវតែធានាថា ជនជាតិភាគតិច និងប្រជាពលរដ្ឋខ្មែររួបរួមគ្នាចែករំលែកសិល្បៈ និងវប្បធម៌ ដោយលោកប្រដូចសង្គមមួយទៅនឹងសួនច្បារមួយដែលមានផ្កាតែមួយពណ៌។ លោក ហ៊ុន សែន ក៏បានស្នើសុំឲ្យអ្នកចូលរួមបរិភោគ និងចម្អិនអាហារប្រពៃណីខ្មែរដូច ជាត្រសក់ជ្រក់ មាំុល្ហុង និងត្រីឆ្អើរ៕គឹមហឿន
បុរសម្នាក់ត្រូវចាប់ខ្លួន និងពីរនាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីឆ្លងកាត់ព្រំដែនថៃដោយខុសច្បាប់
កាលពីម្សិលមិញ នគរបាលបានឲ្យដឹងថា កាលពីសប្តាហ៍មុន ទាហានថៃបានចាប់ខ្លួនបុរសកម្ពុជាម្នាក់ដែលគេសង្ស័យថា បានឆ្លងកាត់ព្រំដែនប្រទេសថៃទៅកាប់ឈើដោយខុសច្បាប់ រីឯអ្នកសមគំនិតជាមួយគាត់ចំនួនពីរនាក់ទៀត បានបាត់ខ្លួនរយៈពេល១០ថ្ងៃមកហើយ។
យោងតាមលោក ស៊ុយ សេង អធិការនគរបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានឲ្យដឹងថា លោក ឯក វិឆ័យ អាយុ២៩ឆ្នាំ ត្រូវទាហានថៃចាប់ខ្លួន រីឯលោក ហេង ហុង អាយុ៣២ឆ្នាំ និងលោក យ៉ា អ៊ុំ អាយុ៤៤ឆ្នាំ កំពុងតែបាត់ខ្លួន ហើយក្រុមគ្រួសារពួកគាត់កំពុងតែព្រួយបារម្ភថា ពួកគាត់ប្រហែលជាស្លាប់ហើយ។
ពេលមួយកាលពីខែកុម្ភៈ បុរសទាំងបីបានរៀបចំខោអាវ ហើយធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយពួកគេបានប្រាប់អាជ្ញាធរមូលដ្ឋានថា ពួកគេនឹងធ្វើដំណើរទៅធ្វើការនៅចម្ការដំឡូងមី ប៉ុន្តែ លោក កែវ តាន់ អធិការនគរបាលស្រុកត្រពាំងប្រាសាទដែលជាស្រុកមួយក្បែរស្រុកអន្លង់វែង បានលើកឡើងថា គាត់ជឿជាក់ថា ពួកគេមិនមែនទៅធ្វើការនៅចម្ការដំឡូងមីទេ ព្រោះនគរបាលបានឃើញពួកគេធ្វើដំណើរតាមផ្លូវមួួយដែលអ្នកកាប់ឈើខុសច្បាប់តែងតែប្រើប្រាស់។
លោក តាន់ បានមានប្រសាសន៍ថា “ពួកគេមិនមែនទៅធ្វើការនៅចម្ការដំឡូងមីនៅប្រទេសថៃទេ ពួកគេបានឆ្លងកាត់ព្រំដែនទៅកាប់ឈើប្រណីតដោយខុសច្បាប់នៅក្នុងប្រទេសថៃ”។ លោកបានបន្តថា “នគរបាលរបស់យើងបានឈរជើងនៅក្បែរព្រំដែន ហើយបានស៊ើបអង្កេតនិងទទួលបានព័ត៌មានមកថា ពួកគេកំពុងចូលទៅក្នុងព្រៃរបស់ប្រទេសថៃ”។
យោងតាមលោក ស្រី ណារ៉េន អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តឧត្តរមានជ័យបានឲ្យដឹងថា ក្រុមគ្រួសាររបស់បុរសដែលកំពុងបាត់ខ្លួនតាំងពីពេលនោះមកបានឆ្លងកាត់ព្រំដែនដើម្បីស្វែងរកមេគ្រួសាររបស់ខ្លួនដោយចូលទៅរកនៅតាមមន្ទីរពេទ្យ និងពន្ធនាគារនានា ប៉ុន្តែនៅតែរកមិនឃើញ។ លោក ណារ៉េនមានប្រសាសន៍ថា “ពួកគាត់ សង្ស័យថា បុរសទាំងពីរនាក់នោះត្រូវគេបាញ់សម្លាប់បាត់ទៅហើយ”។
យោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា មានបុរសចំនួន៣៨នាក់ត្រូវគេទាហានថៃបាញ់សម្លាប់នៅពេលឆ្លងកាត់ព្រំដែន ដើម្បីរកកាប់ឈើប្រណីតៗកាលពីឆ្នាំ២០១៣ ហើយមានមនុស្ស ប្រាំនាក់ត្រូវបានបញ្ជាក់ថា ត្រូវគេសម្លាប់នៅរយៈពេលពីរខែដំបូងក្នុងឆ្នាំ២០១៤នេះ។
តែទោះជាយ៉ាងណា ក្រសួងមហាផ្ទៃបានផ្តល់តួលេខផ្សេងៗនៅក្នុងរបាយការណ៍មួយចេញកាលពីថ្ងៃទី១៨ ខែកុម្ភៈ ស្តីអំពីស្ថានភាពនៅព្រំដែនរបស់ប្រទេសកម្ពុជា ដោយលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារទាហានថៃគឺមានច្រើនជាងនេះ។
របាយការណ៍របស់ក្រសួងនេះ បានឲ្យដឹងថា មានសកម្មភាពមិនប្រក្រតីកើតឡើងចំនួន៧២៩ ករណីនៅព្រំដែនកម្ពុជា-ថៃ ដោយកើនឡើងចំនួន១៥១ករណីបើធៀបនឹងឆ្នាំ២០១២ ដែលពលរដ្ឋខ្មែរចំនួន៦៩នាក់ត្រូវបានបាញ់សម្លាប់ និង១៦៥ផ្សេងទៀតត្រូវចាប់ខ្លួន៕ ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី )
អ្នកភូមិនៅតំបន់បឹងកក់១៧គ្រួសារទទួលបានប័ណ្ណកម្មសិទ្ធិដីពីលោកអភិបាលរាជធានីភ្នំពេញ
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានចែកប័ណ្ណកម្មសិទ្ធិដីដល់អ្នកភូមិតំបន់បឹងកក់១៧គ្រួសារដោយផ្ទាល់អំឡុងពិធីមួយនៅសាលារាជធានីកាលពីម្សិលមិញ ដោយអ្នកភូមិ៥០ទៅ៦០គ្រួសារទៀតកំពុងរង់ចាំប័ណ្ណកម្មសិទ្ធិដីរបស់ខ្លួន។
អ្នកភូមិនៅសេសសល់ប្រហែល១០០គ្រួសារដែលត្រូវបានដកចេញពីគម្រោងដែលលោកនាយករដ្ឋមន្ត្រីបានប្រកាសកាលពីខែសីហា ឆ្នាំ២០១១ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដល់អ្នកភូមិតំបន់បឹងកក់រាប់រយគ្រួសារនោះបានតស៊ូនឹងការបណ្តេញពួកគាត់ចេញពីគម្រោងអចលនទ្រព្យរបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។
អ្នកស្រី ជុំ ទូច ស្ថិតក្នុងចំណោមអ្នកដែលទទួលបានប័ណ្ណកម្មសិទ្ធិដីដែលគាត់បានរង់ចាំជាយូរមកហើយកាលពីម្សិលមិញ។គាត់បាននិយាយថា “ ឥឡូវនេះយើងលែងខ្លាចបាត់បង់ដីរបស់យើងទៀតហើយ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនបានប្រាប់ពីពេលចែកប័ណ្ណ កម្មសិទ្ធិដីដែលនៅសេសសល់ទេ។
អ្នកស្រី ទេព វន្នី អ្នកភូមិតំបន់បឹងកក់ និងជាសកម្មជនប្រឆាំងការបណ្តេញចេញដ៏ឆ្នើមមួយរូបបាននិយាយថា អ្នកភូមិប្រហែល៦០គ្រួសារកំពុងរង់ចាំប័ណ្ណកម្មសិទ្ធិរបស់ខ្លួន។អ្នកភូមិមួយចំនួនបានជំទាស់នឹងទំហំដីដែលសាលារាជធានីផ្តល់ឲ្យពួកគាត់។
អ្នកស្រី ហេង មុំ បាននិយាយថា គាត់ត្រូវបានផ្តល់ប័ណ្ណកម្មសិទ្ធិ...
អង្គការ៖ សកម្មភាពចុះស៊ើបអង្កេតរបស់ក្រុមហ៊ុន កូកាកូឡា រងការរំខានពីសំណាក់ក្រុមនគរបាល
អង្គការក្រៅរដ្ឋាភិបាលមួយបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមអ្នកត្រួតពិនិត្យមកពីក្រុមហ៊ុន កូកាកូឡា (Coca-Cola) បានចុះទៅខេត្តឧត្តរមានជ័យកាលពីថ្ងៃសុក្រ ដើម្បីស៊ើបអង្កេតករណីចោទប្រកាន់ថា មានការទន្ទ្រានយកដីធ្លី ពីសំណាក់ក្រុមហ៊ុនចម្ការអំពៅ ដែលផ្គត់ផ្គង់ទំនិញ ឲ្យក្រុមភេសជ្ជដ៏ធំលំដាប់សាកលលោកមួយនេះ ក៏ប៉ុន្តែ ក្រុមសវនករបានលុបចោលកិច្ចប្រជុំជាមួយសហគមន៍ ដោយសារតែនគរបាលបានបង្ហាញវត្តមានយ៉ាងច្រើន។
លោក ជន បូរ៉ា ដែលធ្វើការនៅសមាគមអភិវឌ្ឍន៍កុមារ (Children’s Development Ass-ociation) បានឲ្យដឹងថា លោកបានជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុនកូកាកូឡា ដែលបានចុះមកស៊ើបអង្កេតទាំងនេះ នៅការិយាល័យអង្គការរបស់លោក នៅក្នុងក្រុងសំរោង កាលពីថ្ងៃសុក្រ ដើម្បីបង្ហាញពួកគេដោយសង្ខេបអំពីករណីចោទប្រកាន់ថា ក្រុមហ៊ុនចម្ការអំពៅដែលមានចំនួនបី បានធ្វើសកម្មភាពទន្ទ្រានយកដីរបស់ប្រជាជនក្នុងមូលដ្ឋានជាច្រើនរយគ្រួសារ។
គួរបញ្ជាក់ថា ចម្ការអំពៅទាំងបីនោះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន មិត្តហ្វុល (Mitr Phol) ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ស្ករធំៗរបស់ក្រុមហ៊ុន កូកាកូឡា នៅប្រទសថៃ។
ក្រុមហ៊ុន កូកាកូឡា បានប្រកាសចំណាត់ការ “គ្មានការលើកលែង” ទៅលើសកម្មភាពទន្ទ្រានយកដីធ្វើឡើងដោយក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន ហើយថែមទាំងបានប្រកាសប្រតិបត្តិការចុះត្រួតពិនិត្យក្រុមហ៊ុនផ្គត់ផ្គង់ទាំងនោះនៅទូទាំងសាកលលោក។
លោក បូរ៉ា បានមានប្រសាសន៍ថា “ក្រុមហ៊ុន កូកាកូឡា មិនហ៊ានធានាថា ខ្លួននឹងរកបានដំណោះស្រាយទេ ប៉ុន្តែ គេបានសន្យាថា នឹងខិតខំរកដំណោះស្រាយជូនអ្នកភូមិ ពីព្រោះគេមិនចង់ឮថា ក្រុមហ៊ុនរបស់គេរំលោភសិទ្ធិមនុស្សឡើយ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងបានស្នើឲ្យតំណាងក្រុមហ៊ុនទាំងនេះជួយប្រជាជនទាំងនេះ ពីព្រោះពួកគាត់បាត់បង់ស្រែចម្ការរបស់ពួកគាត់ និងត្រូវបានជំរុញឲ្យទៅធ្វើការនៅប្រទេសថៃ”។
នៅពេលក្រុមអ្នកត្រួតពិនិត្យទាំងនេះព្យាយាមជួបប្រជាជនរងគ្រោះផលប៉ះពាល់ដោយផ្ទាល់ នៅឃុំកូនគ្រៀល ពួកគេត្រូវបានអមដំណើរដោយនគរបាលមូលដ្ឋានដែលមិនត្រូវបានអញ្ជើញឲ្យចូលរួម ប្រហែល៣០នាក់ ហើយទីបំផុត ពួកគេក៏បានរំសាយកិច្ចប្រជុំនេះ នេះបើយោងតាមលោក បូរ៉ា។
លោក បូរ៉ា បានមានប្រសាសន៍បន្ថែមទៀតថា “តំណាងក្រុមហ៊ុនបានប្រាប់ពួកយើងថា ពួកគេមានផែនការជួបនិយាយជាមួយប្រជាជនរងផលប៉ះពាល់ ដើម្បីសួរពួកគាត់អំពីអង្គហេតុពិត ក៏ប៉ុន្តែ ពួកគេបានលុបចោលកិច្ចប្រជុំនេះ និងបានត្រឡប់មករាជធានីភ្្នំពេញវិញ កាលពីថ្ងៃសៅរ៍ ដោយសារតែអាជ្ញាធរ និងនគរបាលបានដើរតាមពីក្រោយពួកគេ”។
លោក ម៉ៅ សំណាង នាយប៉ុស្តិ៍កូនគ្រៀលបានឲ្យដឹងថា កម្លាំងនគរបាលរបស់លោកបានដើរអមក្រុមអ្នកចុះស៊ើបអង្កេត ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ។ លោកបានមានប្រសាសន៍ថា “យើងបានបញ្ជូននគរបាលបួននាក់ទៅ គ្រាន់តែដើម្បីផ្តល់សន្តិសុខដល់ភ្ញៀវ ពីព្រោះយើងបារម្ភពីសុវត្ថិភាពរបស់ពួកគេ”។
អង្គការរដ្ឋាភិបាលនានាបានឲ្យដឹងផងដែរថា កម្មករចម្ការអំពៅបានប្រាប់អង្គការទាំងនោះថា លោក លី យ៉ុងផាត់ សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ក៏មានភាគហ៊ុននៅក្នុងអាជីវកម្មចម្ការទាំងនេះផងដែរ ទោះបីជាតំណាងសមាជិកព្រឹទ្ធសភារូបនេះបដិសេធក៏ដោយ។
លោក ធ្មិន ទី ប្រជាជនឃុំកូនគ្រៀលបានឲ្យដឹងថា លោកនិងតំណាងប្រជាជនពីរនាក់ផ្សេងទៀតនៅតែបានខិតខំជួបនិយាយជាមួយក្រុមអ្នកត្រួតពិនិត្យរបស់ក្រុមហ៊ុន កូកាកូឡា កាលពីថ្ងៃសុក្រ ក៏ប៉ុន្តែ ប្រជាជនជាច្រើននាក់ទៀតមានអារម្មណ៍ខកចិត្តដែលកិច្ចប្រជុំរបស់ពួកគាត់ត្រូវបានលុបចោល។ លោកបានមានប្រសាសន៍ថា “យើងមានក្តីសង្ឃឹមតិចតួចថា ក្រុមហ៊ុនអាចរកដំណោះស្រាយឲ្យយើងបាន”។
ក្រុមហ៊ុន កូកាកូឡា មិនបានឆ្លើយតបទៅនឹងសំណើសុំធ្វើសេចក្តីអត្ថាធិប្បាយអំពីសកម្មភាពចុះស៊ើបអង្កេតធ្វើឡើងដោយតំណាងរបស់ខ្លួន នៅខេត្តឧត្តរមានជ័យទេ។ ក្រុមហ៊ុននេះបានបញ្ជាក់ពីវត្តមានរបស់ក្រុមការងារនេះក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតទេ៕ សុធា
Latest news
© 2021, ដេលី. All rights reserved.

