28.4 C
Phnom Penh

លោក ប៉ាន់ រិទ្ធី គឺ​ជា​អ្នក​ទទួល​ជ័យលាភីផ្នែក​ផលិត​ខ្សែ​ភាព​យន្តក្នុង​ក្រសែភ្នែក​របស់​ប្រជា​ជន​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីព្រឹកម្សិលមិញ គិត​តាម​ម៉ោង​ក្នុង​ប្រទេស​កម្ពុជា លោក ប៉ាន់ រិទ្ធី បាន​ចូល​រួម​ក្នុង​កម្មវិធីខ្សែភាព​យន្ត​ជា​ប្រវត្តិសាស្ត្រ​​មួយ​ ក្នុង​នាម​ជា​អ្នក​ដឹកនាំរឿង​​ខ្មែរ​ដំបូង​គេ​ គឺ​កម្ម​វិធី​ប្រកាស​ពាន​រង្វាន់​អូស្កា នៅ​សហរដ្ឋ​អាមេរិក ដោយបាន​​យក​​វណ្ណកម្ម​របស់​លោក​ ដែល​មាន​ចំណង​ជើង​ថា “រូប​ភាព​ដែល​បាត់​បង់​” ទៅ​ប្រកួត​ប្រជែង​ជាមួយ​​ផលិត​ករ​នានា​មកពី​ទូទាំង​សាកល​លោក​។

ទោះបីជា​ខ្សែ​ភាព​យន្ត​របស់​លោក​ទទួល​បរាជ័យ​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​ខ្សែ​ភាព​យន្ត​និយាយ​ភាសា​បរទេស​​​ល្អ​បំផុត​​នៅ​ក្នុង​កម្មវិធី​ប្រកួត​លើក​ទី​៨៦​ នៅ​ផលិត​កម្មហូលីវូដក៏ដោយ ក៏​លោក​ ប៉ាន់ រិទ្ធី បាន​លើក​ឡើង​ថា លោក​នៅ​តែ​ពេញ​ចិត្ត​ដែល​ខ្សែភាព​យន្ត​របស់​លោក​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​ប្រកួត​នេះ។

លោក​ ប៉ាន់ រិទ្ធី បាន​លើក​ឡើង​នៅក្នុង​អុីម៉េលផ្ញើ​ពីហូលីវូដ បន្ទាប់​ពី​កម្មវិធី​ប្រកាស​ជ័យ​លាភី​ពាន​រង្វាន់​អូស្កា​បាន​បញ្ចប់​ភ្លាម​ថា “ យើង​ជិត​ឈាន​ដល់​​ពេល​វេលា​ជា​ប្រវត្តិ​សាស្ត្រហើយ។ ខ្ញុំមាន​អារម្មណ៍​ខក​ចិត្ត​បន្តិច​បន្តួច​មែន ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​ទេ។ ទោះ​ជា​យ៉ា​ងណា យើង​នឹង​ទទួ​ល​ជ័យ​ជម្នះ​នៅ​​ពេល​ណាមួយជាមិន​ខាន​…។ ក្នុង​​ថ្ងៃនេះ កម្ពុជា​​កំពុង​ត្រូវ​បាន​គេ​ទទួ​ល​ស្គាល់​។ យើង​ពិត​ជាមាន​សក្ដានុពល​មែន​ ពោល​គឺ​យើង​ជា​ប្រទេស​មាន​សិល្បករ​”។

ក្ដីសង្ឃឹម​របស់​ខ្សែភាព​យន្ត​កម្ពុជា​​ថានឹង​ឈ្នះពាន​រង្វាន់​អូស្កាមាន​៥ទល់​នឹង​១​ពោល​គឺ​​ខ្សែភាព​យន្ត​កម្ពុជា​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​​​ខ្សែភាពយន្ត​ផ្សេងៗ​ទៀត​ដែល​មក​ពី​ប្រទេស​​​បែល​ស៊ិក ដាណឺម៉ាក ប៉ាលេស្ទីន និង​ប្រទេស​​អុីតាលី ប៉ុន្តែ​ម្ចាស់​ជ័យ​លាភី​​គឺ ប្រទេស​អុីតាលី ដែល​បាន​នាំយក​ខ្សែភាព​យក​រឿង​ “សម្ផស្ស​​ដ៏អស្ចារ្យ​ (The Great Beauty)”។

ទោះ​ជាយ៉ាង​ណា គណៈកម្មការ​ពាន​រង្វាន់​​អូស្កា បាន​ផ្ដល់​​ឋានៈ​បន្ថែម​ទៀត​ដល់​​ខ្សែ​ភាព​​​យន្ត​​ “ រូប​ភាព​ដែល​បាត់​បង់​” គឺ​​ឋានៈ​ “Un Certain Regard ” នៅ​កម្មវិធី​មហោស្រប​ភាព​យន្ត​​ទីក្រុង​កែន (Cannes Film Festival) នៅ​ប្រទេស​បារាំង កាលពី​ខែ​ឧសភា​ឆ្នាំមុន​។ រយៈ​ពេល​ប៉ុន្មាន​ខែ​ក្រោយ​មក​លោក ប៉ាន់ រិទ្ធី ទទួល​នាម​ជា​ផលិត​ករ​ខ្សែភាព​យន្ត​អាស៊ី ​ឆ្នាំ​២០១៣​ នៅ​មហោស្រព​ភាព​យន្ត​អន្តរ​ជាតិ ប៊ូសាន លើក​ទី​១៨ នៅ​ក្នុង​ប្រទេស​កូរ៉េ​​ខាង​ត្បូង​​។

ទោះបីជា​លោក ប៉ាន់ រិទ្ធី មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​ខ្សែភាព​យន្ត​ឯក​សារ​ និង​ពិភព​ខ្សែភាព​យន្ត​លំដាប់​​សាកលលោក​​ក៏​ដោយ​ ក៏​ការ​ចូល​រួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​អូស្កា​របស់​លោក​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរ​​​ជាតិទៅ​លើ​​វណ្ណកម្ម​របស់​លោក​ក្នុង​ពេល​កន្លង​​​មក​យ៉ាង​ច្រើន​។

នៅ​ក្នុង​ខ្សែភាព​យន្ត​ “ រូ​បភាព​ដែល​បាត់​បង់​” លោក ប៉ាន់ រិទ្ធី បាន​ប្រើ​ប្រាស់​រូប​សូន​ពី​ដីឥដ្ឋ​ ដើម្បី​បង្ហាញពី​ទិដ្ឋភាព​ជីវិ​ត​នៅ​ក្នុង​ជំរុំ​ការ​ងារ​ក្នុង​របប​ខ្មែរ​ក្រហម​ ​ជា​ទិដ្ឋភាព​​ដែល​លោក​ចង​ចាំ​តាំងពីវ័យ​កុមារ​របស់​លោក​ ពោល​​​គឺ​​នៅពេល​ដែល​លោក​ស្ថិត​ក្នុង​របប​ ប៉ុល ពត អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​។ តាម​រយៈ​ការ​​បង្កើត​ទស្សនីយភាព​ទាំង​នេះ​តាម​រយៈ​រូប​សូន​ និង​​អត្ថបទ​សាច់​រឿង​ ​លោក បា៉ន់ រិទ្ធី បាន​​​ប្រឈម​​នឹង​គ្រោះ​ថ្នាក់​ដ៏ធំមួយ​។

ក៏ប៉ុន្តែ​ តាម​រយៈការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រហូត​ដល់​ទទួល​បាន​ការ​ជ្រើស​រើស​ពី​សំណាក់​គណៈកម្មការ​ពាន​រង្វាន់​អូស្កា ឲ្យយក​​ខ្សែភាព​យន្ត​ “ រូប​ភាព​ដែល​បាត់​បង់​” ទៅ​ចូល​​​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ខ្សែ​ភាព​យន្ត​ជា​ច្រើន​រយ​រឿង​មកពីទូទាំង​សាកល​លោក។

តាម​ពីក្រោយ​ម្ចាស់​ជ័យ​លាភី​ពាន​រង្វាន់​អូស្កា​ឆ្នាំនេះ គឺ​ខ្សែភាព​យន្ត​ប្រទេស​អុីតាលី ខ្សែភាព​យន្ត​​ផ្សេង​ៗ​ទៀត​ដែល​ឆ្លង​ចូល​វគ្គ​ផ្ដាច់​ព្រ័ត្រ​ផងដែរ​នោះ រួម​មាន​ខ្សែភាព​យន្ត​  The Broken Circle Breakdown មកពី​ប្រទេស​បែល​ស៊ិក ខ្សែភាព​យន្ត​ The Hunt មកពី​ប្រទេស​​​ដាណឺម៉ាក និងខ្សែភាព​យន្ត Omar ដែល​មកពី​​ប្រទេស​​ប៉ាលេស្ទីន។

នៅ​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍​នេះ ខ្សែភាព​យន្ត​ “រូប​ភាព​ដែល​បាត់បង់​” នឹង​ត្រូ​វ​បាន​​បញ្ចាំង​ជូន​ទស្សនា​នៅ​រោង​ភាព​យន្ត​ Legend Cinema និង​រោង​ភាព​យន្ត​ Platinum Cineplex ក្នុង​រាជ​ធានីភ្នំពេញ​ ដោយ​មាន​ចំណង​ជើង​រង​​ជាភាសា​ខ្មែរ និង​ភាសា​អង់​គ្លេស​៕ សុធា

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស