TAG
paywall
កិច្ចប្រជុំរវាងអ្នកភូមិជនជាតិដើមភាគតិចនិងតំណាងក្រុមហ៊ុនចម្ការកៅស៊ូមិនទទួលបានផ្លែផ្កា
អ្នកភូមិជនជាតិដើមភាគតិចជាច្រើនគ្រួសារដែលកំពុងព្យាយាមសុំប័ណ្ណកម្មសិទ្ធិដីសមូហភាពសម្រាប់ដីដូនតារបស់ខ្លួនក្នុងស្រុក កែវ សីមា ខេត្តមណ្ឌលគិរីនោះបាន ជួបប្រជុំ ជាលើកដំបូងកាលពីថ្ងៃច័ន្ទ ជាមួយតំណាងរបស់ក្រុមហ៊ុនចម្ការកៅស៊ូដែលរងការចោទប្រកាន់ថា បានចាប់យកដីជាច្រើនកន្លែង ហើយ សង្ឃឹមថា នឹងមានជំនួយពីអាជ្ញាធរខេត្ត។
លោក យិន មិន អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិទាំងនោះបាននិយាយអំពីជនជាតិភាគតិចស្ទៀងប្រហែល២០០នាក់បានព្យាយាមអស់រយៈពេលប្រហែលមួយឆ្នាំមកហើយដើម្បីសុំប័ណ្ណកម្មសិទ្ធិដីសមូហភាពសម្រាប់ដីដូនតាទំហំប្រហែល៣.៥០០ហិកតា ហើយថា ក្រុមហ៊ុនចម្ការកៅស៊ូ សុវណ្ណរាជសីហ៍ បានកាន់កាប់ដីទាំងអស់លើកលែងតែដីទំហំ៦០០ហិកតា។
លោកបានមានប្រសាសន៍ថា អ្នកភូមិជាច្រើនគ្រួសារបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរខេត្ត និងអង្គការក្រៅរដ្ឋាភិបាលចាប់តាំងពីក្រុមហ៊ុនចម្ការកៅស៊ូនេះទទួលបានដីសម្បទានកាលពីឆ្នាំ២០១០ ហើយថា កាល ពីច័ន្ទ គឺជាលើកដំបូងហើយដែលពួកគាត់បានជួបប្រជុំជាមួយក្រុមហ៊ុននេះ។
លោក យិន មិន បាននិយាយថា ទោះយ៉ាងណាអ្នកភូមិ និងក្រុមហ៊ុនមិនយល់ស្របអំពីព្រំប្រទល់ដីក្រុមហ៊ុននេះទេ ហើយថា លោក ស៊ិន វណ្ណវុធ អភិបាលស្រុកដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរនឹងបង្វែរបញ្ហានេះទៅអាជ្ញាធរខេត្ត។ លោកបានមានប្រសាសន៍ថា “មិនមានលទ្ធផលស្តីពីកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញទេ ដូច្នេះយើងរង់ចាំសេចក្តីសម្រេចពីអាជ្ញាធរខេត្ត។ យើងសង្ឃឹមថា អាជ្ញាធរខេត្តនឹងសម្រេចគាំទ្រជនជាតិភាគតិចរបស់យើងដើម្បីឲ្យយើងអាចការពារប្រពៃណីទំនៀមទម្លាប់របស់យើងបាន”។
លោក យិន មិន...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពាវនាវចុះឈ្មោះបេក្ខជនបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង
គណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប.កាលពីម្សិលមិញបានអំពាវនាវដល់គណបក្សនយោបាយបញ្ជូនបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង និងស្រុក ខណ្ឌ នៅពេលខាងមុខ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា។
លោក អ៊ឹម សួស្តី ប្រធានគ.ជ.ប.បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា គណបក្សគួរតែរួសរាន់ធ្វើបញ្ជីឈ្មោះរបស់ខ្លួន ឲ្យបានមុនអំឡុងពេលចុះឈ្មោះរយៈពេលប្រាំថ្ងៃ បញ្ចប់នៅថ្ងៃទី៣ ខែមីនា។
លោកបានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវដល់គណបក្សនយោបាយទាំងអស់ដែលចង់ចុះឈ្មោះបេក្ខជន សូមរួសរាន់”។ លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា និងគណបក្សរាជានិយម ហ៊្វិនស៊ិនប៉ិច បានត្រៀមបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនរួចហើយ។ លោកបានបន្ថែមថា “ ពេលខ្ញុំអានកាសែត ខ្ញុំឃើញគណបក្សសង្គ្រោះជាតិក៏ត្រៀមបេក្ខជនឈរឈ្មោះរបស់ខ្លួនដើម្បីចូលរួមការបោះឆ្នោតដែរ”។
យោងតាមកាលបរិច្ឆេទ ដែល គ.ជ.ប. ផ្តល់ឲ្យ បានឲ្យដឹងថា គណបក្សទាំងឡាយអាចចាប់ផ្តើមបញ្ជូនបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតនៅពេលនេះ ហើយបេក្ខជន នឹងត្រូវបានចុះឈ្មោះជាផ្លូវការចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា “យើងកំពុងត្រៀមបញ្ជីឈ្មោះបេក្ខជន ប៉ុន្តែយើងមិនច្បាស់ថាមានចំនួនប៉ុន្មានទេ។ ការបោះឆ្នោតនេះគឺគណបក្សបោះឲ្យគណបក្ស ដើម្បីធ្វើឲ្យតែល្អមើលប៉ុណ្ណោះ វាជាការសម្តែង”។ ចាប់តាំងពីខេត្តកំពង់ចាមត្រូវបានបញ្ជាឲ្យបំបែក ហើយខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើង ដែលក្នុងនោះមានស្រុកថ្មីៗមក នឹងមានទីតាំងចំនួន៣.៣២៤កន្លែងនៅក្នុងខែឧសភា៕ ប៊ុននី
អ្នកចម្ការនិងឈ្មួញស្វាយចន្ទីសង្ឃឹមទទួលបានផលល្អដោយសារតែអាកាសធាតុអំណោយផល
អ្នកចម្ការ និងឈ្មួញស្វាយចន្ទីសង្ឃឹមថា ឆ្នាំនេះខ្លួននឹងប្រមូលផលបានច្រើន នៅពេលរដូវប្រមូលទើបតែចាប់ផ្តើម ដោយលក្ខខណ្ឌអាកាសធាតុផ្តល់ភាពអំណោយផល ជាហេតុបណ្តាលឲ្យចម្ការស្វាយចន្ទីផ្តល់ផលច្រើន នៅក្នុងខេត្តរតនគិរី និងខេត្តកំពង់ចាម។
លោក ងួន វណ្ណៈ អ្នករកស៊ីក្នុងមុខរបរលក់ស្វាយចន្ទីមិនទាន់កែច្នៃ ឲ្យទៅប្រទេសវៀតណាម បានឲ្យដឹងថា អ្នកចម្ការនៅខេត្តកំពង់ចាមបានចាប់ផ្តើមប្រមូលផលបាន១ទៅ២ភាគរយ នៃបរិមាណទិន្នផលរបស់ខ្លួន ហើយសកម្មភាពប្រមូលផល នឹងដំណើរការទៅមុខយ៉ាងពេញលេញក្នុងរយៈពេលប្រហែលជា១០ថ្ងៃខាងមុខ។
លោក វណ្ណៈ បានព្យាករថា ទិន្នផលនឹងកើនឡើង២០ទៅ៣០ភាគរយ បើធៀបនឹងឆ្នាំមុន ដោយសារអាកាសធាតុអំណោយផលរហូតដល់ដំណាច់ឆ្នាំមុន ជាហេតុជំរុញឲ្យដីមានសំណើម ហើយដើមមានផ្លែពេញ។ លោកបានមានប្រសាសន៍ថា “នៅពេលខ្ញុំទៅមើលចម្ការនៅក្នុងខេត្តកំពង់ចាម ដើមស្វាយចន្ទីមានផ្លែពេញដើម”។
យោងតាមតួលេខថ្មីរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញស្វាយចន្ទី១.២៣៤តោន ដែលមានតម្លៃ៥៤៧.១៤១ដុល្លារក្នុងឆ្នាំ២០១៣ ពោលគឺបានធ្លាក់ចុះ៨៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១២។
លោក ណុច ចំរើន ឈ្មួញគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី បានឲ្យដឹងថា មូលហេតុដែលទិន្នផលក្នុងឆ្នាំ២០១៣ធ្លាក់ចុះគឺដោយសារតែមានទឹកភ្លៀងមិនគ្រប់គ្រាន់ក្នុងឆ្នាំ២០១២។ លោក ចំរើន បានមានប្រសាសន៍ថា “ដំណាំស្វាយចន្ទីពឹងផ្អែកលើទឹកភ្លៀង មិនមែនប្រព័ន្ធស្រោចស្រពទេ ទើបទិន្នផលមានបរិមាណទាប”។
ភាគច្រើននៃស្វាយចន្ទីដែលត្រូវបានដាំនៅក្នុងប្រទេសកម្ពុជាត្រូវបានគេបេះយកគ្រាប់មិនទាន់បកនាំចេញទៅប្រទេសវៀតណាម ដែលជាប្រទេសនាំចេញស្វាយចន្ទីច្រើនបំផុតនៅលើពិភពលោក។ គួរបញ្ជាក់ថា គ្រាប់ស្វាយចន្ទីត្រូវគេបកសំបកចេញហើយដុតនៅប្រទេសវៀតណាម បន្ទាប់មកត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ។
លោក សុន ពៅ មេឃុំកាចាញ ខេត្តរតនគិរីបានឲ្យដឹងថា អ្នកចម្ការប្រមូលផលជាមធ្យមបាន៧០០ទៅ៨០០គីឡូក្រាមក្នុងមួយហិកតា កាលពីឆ្នាំមុន និងលក់ក្នុងតម្លៃប្រហែល០,៨៥ដុល្លារក្នុងមួយគីឡូក្រាម។ ឆ្នាំនេះ លោករំពឹងថា ទិន្នផលនឹងមានច្រើនជាងមុន ដោយសារអាកាសធាតុមានលក្ខណៈអំណោយផលជាងមុន និងអាចលក់ក្នុងតម្លៃប្រហែល៣.៥០០រៀល ឬក៏ប្រហែល០,៨៨ដុល្លារក្នុងមួយគីឡូក្រាម។ លោក វណ្ណៈ បានឲ្យដឹងបន្តទៀតថា តម្លៃស្វាយចន្ទីមិនទាន់បករបស់ខេត្តកំពង់ចាម ខ្ពស់ជាងនៅខេត្តរតនគិរី ដោយសារតែផ្កានៃផ្លែធំជាងមុន ហើយគ្រាប់មានគុណភាពល្អជាងមុន៕សុធា
ក្រសួងសុខាភិបាលចេញសារាចរណែនាំមិនឲ្យមានការជក់បារីនៅទីសាធារណៈ
កាលពីម្សិលមិញ រដ្ឋាភិបាលបានចេញសារាចរណែនាំថ្មីមួយស្តីពីភាពចាំបាច់ក្នុងការហាមមិនឲ្យជក់បារីនៅទីសាធារណៈ និងនៅកន្លែងធ្វើការ។ សារាចរនេះមានខ្លឹមសារថា “អ្នកគ្រប់គ្រងនៅកន្លែងធ្វើការ និងអ្នកទទួលបន្ទុកទីសាធារណៈ ត្រូវណែនាំមនុស្សកុំឲ្យជក់បារី និងបង្ហាញស្លាកសញ្ញាបម្រាមមិនឲ្យជក់បារី។ ប្រសិនបើអ្នកទាំងនោះមិនគោរពតាមទេអ្នកគ្រប់គ្រងអាចស្នើឲ្យអ្នកជក់បារីចេញទៅក្រៅបាន”។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយសារាចរនេះថា ប្រជាជនប្រហែល៩០ភាគរយរងផលប៉ះពាល់ដោយសារផ្សែងបារីនៅតាមភោជនីយដ្ឋាន និងជិត៥០ភាគរយនៅកន្លែងធ្វើការ។ លោកមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ក្រសួង និងស្ថាប័នទាំងអស់ នឹងផ្សព្វផ្សាយសារាចរនេះដល់អាជ្ញាធរមូលដ្ឋានទាំងអស់ និងផ្តល់ភោជនីយដ្ឋាន ហាងលក់ម្ហូមអាហារសណ្ឋាគារ និងក្រុមហ៊ុនដឹកជញ្ជូន ដើម្បីរួមកម្លាំងគ្នាអនុវត្តតាមសេចក្តីណែនាំនេះឲ្យបានជោគជ័យ”។ លោកបានបន្តថា ប្រជាជនខ្មែរចំណាយប្រាក់ប្រហែល១០០លានដុល្លារទៅលើបារីក្នុងមួយឆ្នាំៗ។
លោក ភីធើ វ៉ាន់ ម៉ារ៉ែន (Pieter van Maaren)នាយកប្រចាំប្រទេសរបស់អង្គការសុខភាពពិភពលោក (World Health Organization) ហៅកាត់ថា WHO បានលើកឡើងថា ទោះបីជាសារាចរនេះគ្រាន់តែមានខ្លឹមសារណែនាំ ហើយប្រទេសកម្ពុជាមិនទាន់អនុម័តច្បាប់ដែលបង្ខំឲ្យអនុវត្តបទបញ្ជាមិនឲ្យជក់បារីក៏ដោយ ក៏នេះជាជំហានបោះទៅមុខមួយក្នុងការការពារសាធារណជនទទួលរងផលប៉ះពាល់ដោយសារផ្សែងនៃថ្នាំជក់ដ៏មានគ្រោះថ្នាក់នេះ។
លោកបានមានប្រសាសន៍ថា “នៅក្នុងប្រទេសកម្ពុជា ជារៀងរាល់ថ្ងៃ នេះប្រជាជនជិត៣០នាក់បានបាត់បង់ជីវិត ដោយសារតែជំងឺពាក់ព័ន្ធនឹងថ្នាំជក់ ហើយភាគច្រើនក្នុងចំណោមប្រជាជនទាំងនោះនៅតែមានផលិតភាពជាច្រើនឆ្នាំទៀត។ ប្រជាជនខ្មែរ១០.០០០នាក់ បានស្លាប់ទាំងវ័យក្មេង ដោយសារតែជំងឺឆ្លងដែលអាចបង្ការបានទាំងស្រុង”។
កាលពីខែឧសភា អង្គការ WHO បានផ្តល់រង្វាន់កិត្តិយសដល់ប្រទេសកម្ពុជា ដែលបានចូលរួមចំណែកក្នុងការគ្រប់គ្រងការប្រើប្រាស់ផលិតផលថ្នាំជក់ ជាពិសេសដែលបានអនុវត្តការផ្សព្វផ្សាយអនុក្រឹត្យស្តីពីបម្រាមមិនឲ្យជក់ថ្នាំជក់ក្នុងឆ្នាំ២០១១ដោយជោគជ័យ។
កាលពីខែកញ្ញា លោក យេល ដារ៉ាវុធ អ្នកជំនាញការជាតិ ក្នុងគម្រោងផ្តួចផ្តើមគ្មានថ្នាំជក់របស់អង្គការ WHO បានស្វាគមន៍អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលមានគោលបំណងដំឡើងថ្លៃបារីក្នុងមួយកញ្ចប់ៗ៦ភាគរយ ដែលមិនទាន់ចូលជាធរមាននៅឡើយ។ ទោះជាយ៉ាងណា លោក វ៉ាន់ ម៉ារ៉ែន បានលើកឡើងថា ប្រទេសកម្ពុជាគួរតែក្រឡេកមើលប្រទេសផ្សេងៗទៀតដែលជាសមាជិកអាស៊ាន ដូចជា ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាមជាដើម ដែលមានការអនុវត្តដោយជោគជ័យនូវគោលការណ៍ណែនាំតាមខ្លឹមសារនៃអនុសញ្ញាស្តីពីការគ្រប់គ្រងផលិតផលថ្នាំជក់ក្នុងក្របខណ្ឌអង្គការ WHO ដូចជា បម្រាមមិនឲ្យជក់បារីនៅទីសាធារណៈ និងគោលការណ៍អនុវត្តឲ្យមានប្រសិទ្ធភាពជាដើម។
លោកបានបន្តទៀតថា “បទពិសោធន៍នៃប្រទេសទាំងនេះគួរត្រូវបានរៀនសូត្រតាម ដោយសារតែពួកគេបានបង្ហាញច្បាស់ពីការងារមានប្រសិទ្ធភាព”។ លោកបានបន្ថែមថា គម្រោងចុះអង្កេតអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ទៅលើមនុស្សពេញវ័យនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានអនុវត្តដោយវិទ្យាស្ថានជាតិស្ថិតិរបស់ក្រសួងផែនការ បានបង្ហាញថា ប្រជាជនខ្មែរ៨០ភាគរយ នឹងគាំទ្រ បម្រាមរបស់រដ្ឋាភិបាលដែលហាមការជក់បារីនៅកន្លែងធ្វើការ និងកន្លែងសាធារណៈ។
សេចក្តីរាយការណ៍ថ្មីមួយដែលបង្ហាញពីការជក់បារីកាលពីខែមុន ដែលត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីរបស់សមាគមវេជ្ជសាស្ត្រអាមេរិក មានសេចក្តីព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនអនុវត្តបទបញ្ញត្តិប្រឆាំងការជក់បារី នោះរដ្ឋាភិបាល នឹងប្រឈមនឹងចំនួនអ្នកស្លាប់ជាច្រើនអនេកដោយសារជំងឺពាក់ព័ន្ធនឹងថ្នាំជក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ បច្ចុប្បន្ន ការប្រើប្រាស់ផលិតផលថ្នាំជក់បានចូលរួមចំណែក៧ភាគរយ ក្នុងការសម្លាប់ប្រជាជនវ័យក្មេងនៅប្រទេសកម្ពុជា ហើយក្នុងរយៈពេល៣០ទៅ៥០ឆ្នាំខាងមុខប្រជាជនខ្មែរ១,២លាននាក់អាចនឹងស្លាប់ដោយសារការជក់បារី នេះបើយោងតាមសេចក្តីរាយការណ៍នោះ៕ សុធា
ឧបនាយករដ្ឋមន្ត្រីវៀតណាមមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំលើកទី១៣
កាលពីម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានជួបប្រជុំជាមួយលោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រីវៀតណាមអំឡុងកិច្ចប្រជុំលើកទី១៣នៃគណៈកម្មការរួមកម្ពុជា-វៀតណាមដើម្បីសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងកិច្ចសហ ប្រតិបត្តិការបច្ចេកវិទ្យានៅក្នុងរាជធានីភ្នំពេញ។
យោងតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា លោកទាំងពីរបានពិភាក្សាអំពីបញ្ហាមួយចំនួនរួមមានការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ការផលិតអគ្គិសនី និងការបោះបង្គោលព្រំដែនរួម។ លោក កុយ គួង បានមានប្រសាសន៍ថា “ភាគីទាំងពីរនឹងប្រឹងប្រែងបង្កើនពាណិជ្ជកម្មទ្វេភាគីឲ្យដល់៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ដែលមិនគួរជួបការលំបាក ព្រោះវាកើនដល់ប្រហែល៣ពាន់លានដុល្លាររួចហើយក្នុងឆ្នាំ២០១៣”។
លោកបានមានប្រសាសន៍ថា ប្រទេសវៀតណាមក៏បានយល់ព្រមលក់ថាមពលអគ្គិសនីកម្លាំង២០០មេហ្គាវ៉ាត់ដល់ប្រទេសកម្ពុជាផងដែរ។ លោក ហោ ណាំហុង ក៏បានថ្លែងអំណរគុណលោក ផាម ប៊ិញមិញ ដែលបានផ្ដល់អាហារូបករណ៍រាប់រយកន្លែងដល់និស្សិតខ្មែរដើម្បីទៅសិក្សានៅតាមគ្រឹះស្ថានសិក្សាមួយចំនួនក្នុងវៀតណាមផងដែរ។
លោក កុយ គួង បានបន្ថែមថា ប្រទេសទាំង ពីរកំពុងប្រឹងប្រែងពន្លឿនការបោះបង្គោល ព្រំដែន ដែលបានបោះរួចប្រហែល២១៧បង្គោលហើយ។ លោកបានមានប្រសាសន៍ថា “យើងបានបោះបង្គោលព្រំដែនបានប្រហែល៧៦ភាគរយហើយ។ ប្រទេសទាំងពីរនឹងប្រឹងប្រែងបញ្ចប់ដំណើរការនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”៕...
លោក សម រង្ស៊ី វិលត្រឡប់ពីតំបន់អឺរ៉ុបវិញដោយមានអ្នកគាំទ្រចាំទទួលស្វាគមន៍រាប់រយនាក់
កាលពីយប់ថ្ងៃច័ន្ទ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់រយនាក់បានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីចាំទទួលស្វាគមន៍លោក សម រង្ស៊ី មេដឹកនាំគណបក្សនេះដែលវិលត្រឡប់ពីដំណើរទស្សនកិច្ច្រយៈពេលពីរសប្តាហ៍នៅបរទេសដែលសន្យាថានឹងនាំមកនូវជ័យជម្នះនៅក្នុងវិវាទក្រោយការបោះឆ្នោតដែលកំពុងបន្តកើតមានជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ី បានប្រាប់អ្នកគាំទ្រជាច្រើនដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅអាកាសយានដ្ឋាននៅម៉ោងប្រហែល១០និង៣០នាទីយប់ថា “យើងមានមិត្តភក្តិជាច្រើននៅទូទាំងពិភពលោក។ប្រទេសទាំងអស់អាណិតពលរដ្ឋខ្មែរ”។ បន្ទាប់ពីធ្វើដំណើរត្រឡប់ទៅកាន់ទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិនៅក្នុងខណ្ឌមានជ័យវិញ លោក សម រង្ស៊ី បានប្រាប់អ្នកគាំទ្រថា លោកនឹងដាក់ចេញយុទ្ធសាស្ត្រមួយក្នុងពេលឆាប់ៗដើម្បីទទួលបានជ័យជម្នះនៅក្នុងការជាប់គាំងផ្នែកនយោបាយដែលបានបន្តអស់រយៈពេលជាង៦ខែមកហើយនោះ។
លោក សម រង្ស៊ី មានប្រសាសន៍ថា “ថ្ងៃស្អែក ខ្ញុំជួបបងប្អូនទាំងអស់គ្នាដើម្បីដាក់ចេញយុទ្ធសាស្ត្ររបស់យើងដើម្បីជ័យជម្នះ។ ពលរដ្ឋខ្មែរទាំងអស់កុំអស់ សង្ឃឹមអី។ ដរាបណាយើងមានការបេ្តជ្ញាចិត្តដើម្បីសង្គ្រោះជាតិ ដរាបនោះយើងទទួលជ័យជម្នះ”។
នៅក្នុងដំណើរទស្សនកិច្ចនៅបរទេសលើកចុងក្រោយរបស់លោកនេះ លោក សម រង្ស៊ី បានធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ដើម្បីចូលរួមការត្រួតពិនិត្យជាទៀងទាត់ជាសកលរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានទៅជួបជាមួយពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសបារាំង បានទៅជិះស្គីលេងនៅក្នុងប្រទេសស្វ៊ីស និងបានទៅជួបពិភាក្សាជាមួយពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងកាលពីម្សិលមិញថា ការខិតខំបញ្ចុះបញ្ចូលគេឯងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិវាប្រៀបបានទៅនឹងឆ្កែដែលចេះតែព្រុស។
លោក កុយ គួង បានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចវប្បធម៌វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាដែលចូលរួមដោយប្រទេសកម្ពុជានិងវៀតណាម នៅក្រសួងការបរទេសថា “ខ្ញុំគិតថា មិនប៉ះពាល់ដល់ ឡើយ”។ លោកបានថ្លែងបន្តថា “សម្តេច តេជោ មានប្រសាសន៍យ៉ាងច្បាស់ហើយថា អ្វីៗគឺកំពុងមានដំណើរទៅតាមធម្មតា។ យើងប្រៀបធៀប ទៅនឹងដែលឆ្កែចេះតែព្រុស”។
លោក កុយ គួង បានលើកឡើងថា អ្នកការទូតជាន់ខ្ពស់ ក្នុងពេលថ្មីៗមកពីប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក បានជំរុញឲ្យគណបក្សប្រជាជនកម្មជានិងគណបក្សសង្គ្រោះជាតិវិលមករកតុកចរចាដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយ ប៉ុន្តែទំនាក់ទំនងរវាងកម្ពុជា និងបរទេសនៅតែមានសភាពជាធម្មតា។ លោក កុយ គួង មានប្រសាសន៍ថា “ពួកគេមិនដាក់សម្ពាធលើកម្ពុជាទេ ព្រោះប្រទេសនីមួយៗមានអធិបតេយ្យភាពរបស់ខ្លួន”។
លោកស្រី មូរ សុខហួរ ប្រធានទទួលបន្ទុកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានលើកឡើងថា លោក សម រង្ស៊ី និងលោក កឹម សុខា អនុប្រធានគណបក្ស នឹងជួបជាមួយអ្នកគាំទ្រនៅក្នុងខេត្តកំពង់ស្ពឺនៅថ្ងៃសៅរ៍ ហើយបន្ទាប់មកនឹងធ្វើដំណើរទៅខេត្តកំពង់ចាមនៅសប្តាហ៍ក្រោយ៕ស៊ុយឈាង
អង្គភាពប្រឆាំងអំពើពុករលួយតាមចាប់ខ្លួនអតីតប្រធានពន្ធដារ ដែលត្រូវបានផ្តន្ទាទោសពីបទលួចបន្លំ
យោងតាមសេចក្តីប្រកាសមួយចេញកាលពីម្សិលមិញបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃច័ន្ទបានអំពាវនាវសុំជំនួយពីសាធារណជនក្នុងការស្វែងរកអតីតប្រធានមន្ទីរពន្ធដារនៅក្នុងខេត្តព្រះវិហារ ដែលត្រូវបានកាត់ទោសកំបាំងមុខកាលពីឆ្នាំមុន ដោយសារតួនាទីរបស់គាត់ក្នុងគម្រោងលួចបន្លំមួយ និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ។
សេចក្តីប្រកាសនេះមានខ្លឹមសារថា លោក ជា សុផល ត្រូវបានរកឃើញពិរុទ្ធភាពពីបទលួចបន្លំកាលពីថ្ងៃទី២៦ ខែធ្នូ ហើយដីកាចាប់ខ្លួនមួយត្រូវបានចេញកាលពីថ្ងៃទី១៦ ខែ មករា ដោយលោក ស ពន្លក ចៅក្រមសាលាដំបូងខេត្តព្រះវិហារ។ សេចក្តីប្រកាសនេះមានខ្លឹមសារថា “ជា សុផល ជាជនសង្ស័យប្រព្រឹត្តអំពើពុករលួយ”។
សេចក្តីប្រកាសនេះផ្តល់សេចក្តីលម្អិតតិចតួចណាស់អំពីរឿងក្តីរបស់ លោក សុផល ដោយលើកឡើងថា ការចោទប្រកាន់ពីបទលួចបន្លំនេះ កើតចេញពីតួនាទីរបស់គាត់ ជាប្រធានមន្ទីរពន្ធដារខេត្តចាប់ពីឆ្នាំ២០០៩ ដល់២០១២។
សេចក្តីប្រកាសនេះឲ្យដឹងដែរ ថា លោក សុផល បានរត់ចេញពីផ្ទះរបស់ខ្លួន មុនពេលគាត់ត្រូវបានចោទប្រកាន់បន្តិចហើយសេចក្តីប្រកាសនេះក៏បានបញ្ជាក់ពីអាសយដ្ឋានថ្មីចុងក្រោយរបស់គាត់នៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ លោក ស សាវុធ ប្រធានសាលាដំបូងខេត្ត និងលោក ស៊ី គិរី ស្នងការនគរបាលខេត្តបានបដិសេធមិនធ្វើអត្ថាធិប្បាយ៕ ប៊ុននី
ស្ថានទូតបារាំងនិងសាលារាជធានីពិភាក្សាគ្នាអំពីគម្រោងសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ
ក្រុមមន្ត្រីបានឲ្យដឹងថា កាលពីម្សិលមិញគណៈប្រតិភូស្ថានទូតបារាំងបានជួបជាមួយមន្ត្រីសាលារាជធានីភ្នំពេញដើម្បីពិភាក្សាគ្នាអំពីការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៅសម័យខ្មែរក្រហម ជាផ្នែកនៃការផ្តល់សំណងសម្រាប់ភាគីដើមបណ្តឹងរដ្ឋប្បវេណី ដែលបានដាក់ពាក្យប្តឹងទៅកាន់សាលាក្តីឧក្រិដ្ឋកម្មសង្គ្រាម។
លោក អាឡាំង ហ្វរទីន (Alain Fortin) កុង ស៊ុលទីមួយ និងជាអនុប្រធានគណៈកម្មការស្ថានទូតបារាំងប្រចាំនៅក្នុងប្រទេសកម្ពុជាបានដឹកនាំគណៈប្រតិភូទៅជួបជាមួយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដើម្បី ពិភាក្សាគ្នាអំពីសេចក្តីលម្អិតនៃគម្រោងដែលត្រូវបានស្នើឡើង។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា “សាលារាជធានីបានយល់ព្រមនឹងសំណើនេះ ប៉ុន្តែក្រុមការងារនៅសាលារាជធានីត្រូវតែសិក្សាបន្ថែមអំពីគម្រោងជាមុនសិន មុនពេលផ្តល់ទីតាំងជាក់លាក់”។ លោកបានមានប្រសាសន៍បន្តទៀតថា “លោក ប៉ា សុជាតិវង្ស បានប្រាប់លោក ហ្វរទីន ថា សាលារាជធានីនឹងបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីកិច្ចប្រជុំនេះ ហើយក្រោយពីកិច្ចប្រជុំនេះរួចសាលារាជធានី នឹងបញ្ជូនសំណើទៅឲ្យរដ្ឋាភិបាល”។ លោកបានបន្ថែមថា ទំហំនៃស្តូបរំឭកវិញ្ញាណក្ខន្ធនេះនៅមិនទាន់សម្រេចថា តើត្រូវសាងសង់ក្នុងទំហំប៉ុណ្ណានៅឡើយទេ។
លោក នីកូឡាស ប៊ូឌង់ (Nicolas Baudouin)លេខាទីមួយនៅស្ថានទូតបារាំងបានលើកឡើងថា ស្ថានទូតបារាំងនឹងផ្តល់មូលនិធិសម្រាប់គម្រោងនេះដែលជាគម្រោងមួយក្នុងចំណោមគម្រោងផ្តល់សំណងមួយចំនួនសម្រាប់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមដែលគ្រប់គ្រងដោយសាលាក្តីឧក្រិដ្ឋកម្មខ្មែរក្រហម។
លោក ប៊ូឌង់ បានមានប្រសាសន៍ថា “យើងបានបើកកិច្ចប្រជុំនេះនៅព្រឹកនេះដើម្បីពិភាក្សាអំពីគម្រោងផ្តល់សំណងនេះដែលស្ថិតនៅក្នុងចំណោមគម្រោងផ្តល់សំណងផ្សេងៗគ្នា និងពិភាក្សាអំពីពាក្យបណ្តឹងចុងក្រោយដែលត្រូវបានប្តឹងដោយមេធាវីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿង០០២”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “វាជារឿងល្អប្រសើរដែលគម្រោងនេះមានពាក់ព័ន្ធជាមួយសា្ថនទូតបារាំង”។
អំឡុងនិងបន្ទាប់ពីកងកម្លាំងខ្មែរក្រហមបានជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ កាលពីខែមេសា ឆ្នាំ១៩៧៥ ស្ថានទូតបារាំងនិងបរិវេណរបស់ស្ថានទូតនេះបានក្លាយទៅជាជម្រកភៀសខ្លួនសម្រាប់ជនបរទេសនិងពលរដ្ឋខ្មែរជាច្រើនរយនាក់។ កងកម្លាំងខ្មែរក្រហមបានបង្ខំពលរដ្ឋខ្មែរឲ្យចាកចេញពីស្ថានទូតនេះ មុនពេលអនុញ្ញាតឲ្យជនបរទេសដែលនៅសេសសល់ចាកចេញពីប្រទេសកម្ពុជាតាមរថយន្តធំៗដែលបានដឹកពួកគេទៅកាន់ព្រំដែននៃប្រទេសថៃ៕ស៊ុយឈាង
កម្ពុជាមិនមានវត្តមាននៅក្នុងសន្និសីទពិភពលោកស្តីពីសកម្មភាពជួញដូរសត្វព្រៃខុសច្បាប់
មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលមិនបានបញ្ជូនតំណាងទៅចូលរួមសន្និ សីទដ៏ធំបំផុតមិនដែលមានពីមុនមកស្តីពីការជួញដូរសត្វព្រៃខុស ច្បាប់ ដែលធ្វើឡើងក្នុងថ្ងៃនេះ និងថ្ងៃស្អែកនៅក្នុងទីក្រុងឡុងដ៍ដោយ មានវត្តមានចូលរួមរបស់គណៈប្រតិភូមកពីប្រទេសជាង៥០។
លោកស្រី ប្រ៊ីអូនី ម៉ាធ្យូ (Bryony Matthews) អ្នកនាំពាក្យស្ថានទូតអង់គ្លេស បានបញ្ជក់ថារដ្ឋាភិបាលកម្ពុជា ត្រូវបានអញ្ជើញទៅចូលរួមសន្និសីទដែលមានគោលបំណងទទួលបានកម្លាំងចលករនយោបាយថ្មីក្នុងកិច្ចប្រឹងប្រែងកម្រិតពិភពលោកក្នុងការតាមដានការជួញដូរសត្វព្រៃខុសច្បាប់ដែលកំពុងកើន ឡើង។
លោកស្រីបានមានប្រសាសន៍ថា “យើងមិនមានសេចក្តីបញ្ជាក់ច្បាស់ថា ពួកគេនឹងបញ្ជូន គណៈប្រតិភូមួយក្រុមឲ្យទៅចូលរួមទេ ហើយខ្ញុំគិតថា ពេលនេះ ពួកគេមិនទំនងជានឹងចូលរួមឡើយ”។
លោក កែវ អូម៉ាលីស អនុប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ បាន ឆ្លើយតបដោយអារម្មណ៍ភ្ញាក់ផ្អើលនៅពេលទទួលដឹងថាសន្និសី ទអន្តរជាតិកំពុងដំណើរការ។ លោកបានសួរថា “យើងមានក្រុមមួយដែលយើងនឹងបញ្ជូនទៅ តើសន្និសីទនេះធ្វើឡើង នៅពេលណាទៅ?”។ លោកបន្ថែមថា រដ្ឋបាលព្រៃឈើនឹងចូលរួម។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានបដិសេធកាលពីម្សិលមិញថា រដ្ឋាភិបាលមិនមែនមិនបញ្ជូនគណៈប្រតិភូនោះទេ ក៏ប៉ុន្តែក្រសួងមិនបានដឹងថា ខ្លួនត្រូវបានអញ្ជើញឡើយ និងមិនបានដឹងថា សន្និសីទនេះធ្វើឡើងនោះទេ។
សកម្មភាពជួញដូរសត្វព្រៃខុសច្បាប់ គឺបញ្ហាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីភាគអាគ្នេយ៍ដែរ ដោយមានតម្រូវការសត្វជិតផុតពូជរបស់ប្រទេសនេះពីប្រទេសចិន ដូចជា សត្វខ្លាឃ្មុំខ្មៅអាស៊ី សត្វពង្រូល សត្វខ្លាដំបង និងសត្វស្វាច្រើនប្រភេទទៀត ដែលនាំឲ្យមានការវិនាសសាបសូន្យនៅពេលខាងមុខ។
លើសពីនេះទៀត ចំនួនសត្វខា្លនៅក្នុងប្រទេសកម្ពុជា ដែលជាពូជសត្វមួយក្នុងចំណោមពូជសត្វដ៏សំខាន់ដែលជិតផុតពូជ នឹងត្រូវបានលើកទៅពិភាក្សានៅក្នុងសន្និសីទនេះ ពីព្រោះពូជសត្វនេះកំពុងជិតផុតពូជហើយ។
លោក ហេង គឹមឆាយ មន្ត្រីរដ្ឋបាលព្រៃឈើ ដែលបានចូលរួមអស់រយៈពេលមួយទសវត្សរ៍មកហើយក្នុងកិច្ចប្រឹងប្រែងអភិរក្ស និងការពារសត្វព្រៃនៅក្នុងប្រទេសកម្ពុជាពីការប្រមាញ់ បានលើកឡើងកាលពីម្សិលមិញថា លោកខកចិត្តយ៉ាងខ្លាំង ដែលប្រទេសកម្ពុជាមិនចូលរួមក្នុងសន្និសីទអន្តរជាតិនេះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមានបទពិសោធន៍រយៈពេល១០ឆ្នាំក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយនេះពិតជាសន្និសីទអន្តរជាតិដ៏សំខាន់បំផុត ដូច្នេះខ្ញុំពិតជាក្រៀមក្រំ ដែលយើងមិនបានចូលរួម ហើយប្រហែលនៅពេលខាងមុខ ស្ថានទូតអង់គ្លេសនឹងទាក់ទងផ្ទាល់មកនាយកដ្ឋានត្រឹមត្រូវ និងឈ្មោះមន្ត្រីឲ្យបានច្បាស់លាស់”។
ប្រទេសថៃ ក៏ជាប្រទេសមួយទៀតនៅក្នុងតំបន់នេះមិនបានបញ្ជូនគណៈប្រតិភូទៅចូលរួមសន្និសីទនេះដែរ ដោយសារស្ថានភាពនយោបាយនៅក្នុងប្រទេសនេះ ប៉ុន្តែយោងតាមកាសែត បាងកកប៉ុស្តិ៍ ឲ្យដឹងថា ឯកអគ្គរាជទូតថៃប្រចាំប្រទេសអង់គ្លេសនឹងចូលរួមសន្និសីទនេះ។
លោក មាស គឹមហេង ឯកអគ្គរាជទូតដែលទើបតែងតាំងថ្មីរបស់កម្ពុជា ប្រចាំនៅប្រទេសអង់គ្លេស បច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ពីព្រោះលោកមិនទាន់បានទទួលតំណែងរបស់លោកនៅក្នុងទីក្រុងឡុងដ៍នៅឡើយ។
លោក សេង ប៊ុនរ៉ា នាយកប្រចាំប្រទេសរបស់អង្គការអភិរក្សអន្តរជាតិ បានលើកឡើងថា វាជារឿងគួរឲ្យសោកស្តាយ ដែលរដ្ឋាភិបាលមិនបានបញ្ជូនគណៈរតិភូទៅចូលរួមក្នុងសន្និសីទនោះ។ លោកបានថ្លែងថា “ វាជាការបាត់បង់ឱកាសមួយសម្រាប់រដ្ឋាភិបាល ដើម្បីបង្ហាញថា ខ្លួនបារម្ភខ្លាំងអំពីបញ្ហានេះ”៕ ប៊ុននី
អ្នកភូមិនាំគ្នាបិទផ្លូវដោយសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុននៅក្នុងខេត្តក្រចេះនិងខេត្តពោធិ៍សាត់
កាលពីម្សិលមិញអ្នកភូមិប្រហែល២០០នាក់ដែលពាក់អាវយឺតនិងមួកមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាបាននាំគ្នាធ្វើបាតុកម្មនៅខាងក្រៅសាលាឃុំស្នួលក្នុងខេត្តក្រចេះដើម្បីទាមទារឲ្យអាជ្ញាធរខេត្តចេញប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគាត់។
កាលពីថ្ងៃច័ន្ទ ក្រុមអ្នកតវ៉ាដដែលនេះ ដែលមានជម្លោះជាមួយក្រុមហ៊ុនកូរ៉េមួយទាក់ទិននឹងដីទំហំ១០.០០០ហិកតា បានបិទផ្លូវជាតិលេខ៧នៅខាងមុខសាលាឃុំអស់រយៈពេលបីម៉ោង។ ការតវ៉ាកាលពីម្សិលមិញ ត្រូវបានបញ្ចប់ទៅវិញយ៉ាងឆាប់រហ័សនៅពេលអាជ្ញាធរបានអញ្ជើញអ្នកភូមិឲ្យចូលទៅក្នុងសាលាឃុំដើម្បីពិភាក្សាអំពីការទាមទាររបស់ពួកគាត់ក្នុងគោលបំណងដើម្បីទប់ស្កាត់ការបិទផ្លូវបន្ថែមទៀត។
លោក គង់ គឹមនី អភិបាលស្រុកស្នួលបានមានប្រសាសន៍ថា “យើងមិនអាចអនុញ្ញាតឲ្យការបិទផ្លូវបន្តយូរពេកនោះទេ ហេតុដូច្នេះហើយទើបយើងហៅអ្នកភូមិមកពិភាក្សាកាលពីថ្ងៃអង្គារ”។ តែទោះជាយ៉ាងណា មកទល់នឹងល្ងាចកាលពីម្សិលមិញ ជម្លោះនៅតែមិនទាន់ដោះស្រាយបាន ហើយការប្រជុំថ្នាក់ស្រុកស្តីអំពីបញ្ហានេះត្រូវបានគ្រោងធ្វើឡើងបន្តនៅថ្ងៃនេះ។
អ្នកតវ៉ាតំណាងឲ្យអ្នកភូមិជាង១,៥០០គ្រួសារដែលបាននិយាយថា ក្រុមហ៊ុនមួយឈ្មោះ Horizontal Agriculture Development ត្រូវបានរដ្ឋាភិបាលផ្តល់ដីទំហំ ១០.០០០ ហិកតាឲ្យដោយមិនត្រឹមត្រូវកាលពីឆ្នាំ២០០៨ សម្រាប់ធ្វើជាចម្ការកៅស៊ូ ទោះបីជាអ្នកភូមិជាច្រើនគ្រួសារនេះបានធ្វើស្រែនៅទីនោះចាប់តាំងពីឆ្នាំ២០០០មកក៏ដោយក្តី។
ទោះបីជាគ្រួសារភាគច្រើនដែលមានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីត្រូវបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីក្រោមកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ដោយ ក៏អ្នកភូមិចំនួន៣២៩គ្រួសារបានលើកឡើងថា ពួកគាត់មិនត្រូវបានរដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យឡើយ។ ពួកគាត់ក៏បាននិយាយដែរថា មិនគ្រាន់តែប៉ុណ្ណោះទេ សន្តិសុខក្រុមហ៊ុនថែមទាំងបានបំភិតបំភ័យពួកគាត់ទៀតផង។
យោងតាមលោក វ៉ាន ឌឿន មេឃុំស្នួលបានឲ្យដឹងថា ស្របពេលនោះក្រុមហ៊ុន Horizontal Agriculture Development បានទាមទារត្រឡប់មកវិញនូវដីទំហំ១.៧៥២ ហិកតា ដែលត្រូវបានកាត់ផ្តាច់ចេញពីដីសម្បទាន ហើយត្រូវបានផ្តល់ទៅអ្នកភូមិចំនួន៣២៩គ្រួសារនេះក្រោមគោលនយោបាយ “ស្បែកខ្លា” របស់លោក ហ៊ុន សែន ។
លោក ឌឿន បានមានប្រសាសន៍ថា “ការប្រជុំនៅសាលាឃុំនៅថ្ងៃនេះទទួលបានលទ្ធផលអវិជ្ជមាន ព្រោះក្រុមហ៊ុននៅតែរក្សាជំហរដ៏រឹងមាំដើម្បីទាមទារដីនេះមកវិញខណៈអ្នកភូមិស៊ូស្លាប់ដើម្បីការពារដីធ្លីរបស់ខ្លួននោះ” ។ ក្រុមហ៊ុន Horizontal Agriculture Development មិនអាចទាក់ទងសុំការធ្វើការអត្ថាធិប្បាយបានទេ។
កាលពីម្សិលមិញដដែលនោះ អ្នកភូមិជាង១០០នាក់មកពីឃុំចំនួន៤នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឡោមព័ទ្ធគ្រឿងចក្ររបស់ក្រុមហ៊ុនមួយដែលកាន់កាប់ដីទំហំ២៥៣ហិកតាដែលអ្នកភូមិបានលើកឡើងថាពួកគាត់ធ្លាប់ធ្វើស្រែតាំងពីឆ្នាំ១៩៩៣ មកនោះ នេះបើយោងតាមការឲ្យដឹងពីសកម្មជនការពារសិទ្ធិមួយរូប។
លោក ភួង សុធា អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា “អ្នកភូមិបាននាំគ្នាឡោមព័ទ្ធគ្រឿងចក្រហើយបានយករថយន្តកែច្នៃរបស់ខ្លួនមកបិទផ្លូវរថយន្តរបស់មេការក្រុមហ៊ុននេះ បន្ទាប់មកអាជ្ញាធរអញ្ជើញពួកគាត់ឲ្យទៅសាលាស្រុក”។
លោក ប៊ីន វណ្ណា អធិការនគរបាលស្រុកក្រគរ បានលើកឡើងថា អាជ្ញាធរបានខិតខំអស់ពីសមត្ថភាពដើម្បីស្វែងរកដំណោះស្រាយដែលអាចផ្តល់យុត្តិធម៌ដល់ទាំងក្រុមហ៊ុន Ratanak Visal Development Co.Ltd និងអ្នកភូមិ។
លោក នួន ងួន តំណាងក្រុមហ៊ុនបានលើកឡើងថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានទំហំ ៣.៦៨២ ហិកតាមកឲ្យក្រុមហ៊ុនរបស់លោកកាលពីឆ្នាំ១៩៩៩ ប៉ុន្តែក្រុមហ៊ុនបានផ្តល់ដីទំហំ១.៥០០ហិកតាទៅឲ្យអ្នកភូមិវិញកាលពីឆ្នាំ២០១២ ដើម្បីអនុវត្តតាមគោលនយោបាយដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ងួន ក៏បានលើកឡើងដែរថា ក្រុមហ៊ុនមិនបានកាប់ឆ្ការរានយកដីអ្នកភូមិណាដែលមានប្លង់រឹងនោះទេក្នុងពេលបច្ចុប្បន្ននេះ។
តែទោះជាយ៉ាងណា អ្នកភូមិម្នាក់ឈ្មោះ ចាយ ស៊ីនួន អាយុ៣៦ឆ្នាំបានលើកឡើងថា រឿងនេះវាមិនពិតនោះទេ។ លោកបាននិយាយថា “ក្រុមហ៊ុនកំពុងតែកាប់ឆ្ការរានយកដីរបស់ខ្ញុំ ប៉ុន្តែមិនបានផ្តល់ប្រាក់សំណងឡើយដោយអះអាងថា ពួកគេជាម្ចាស់ដីនេះ”៕ ស៊ុយឈាង
Latest news
© 2021, ដេលី. All rights reserved.

