31 C
Phnom Penh

ក្រសួង​សុខាភិបាល​ចេញ​សារាចរ​ណែនាំ​មិន​ឲ្យ​មានការ​ជក់​បារី​នៅ​ទីសាធារណៈ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ថ្មី​មួយ​ស្តី​ពី​ភាព​ចាំបាច់​ក្នុង​ការ​ហាម​មិន​ឲ្យ​ជក់​បារី​នៅ​ទីសាធារណៈ​ និង​នៅ​កន្លែង​ធ្វើការ​។ សារាចរ​នេះ​មាន​ខ្លឹម​សារ​ថា “អ្នក​គ្រប់​គ្រង​នៅ​កន្លែង​ធ្វើការ​ និង​អ្នក​ទទួល​បន្ទុក​ទី​សាធារណៈ​ ត្រូវ​ណែនាំ​មនុស្ស​កុំ​ឲ្យ​ជក់​បារី​ និង​បង្ហាញ​ស្លាក​សញ្ញា​បម្រាម​មិន​ឲ្យ​ជក់​បារី​។ ប្រសិន​បើ​អ្នក​ទាំង​នោះ​មិន​គោរព​តាម​ទេ​អ្នក​គ្រប់​គ្រង​អាច​ស្នើ​ឲ្យ​អ្នក​ជក់​បារី​ចេញ​ទៅ​ក្រៅ​បាន​”។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​​ភិបាល​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​អង្គសិក្ខា​សាលា​​ផ្សព្វផ្សាយ​សារាចរ​នេះ​ថា ប្រជាជន​ប្រហែល​៩០ភាគ​រយ​រង​ផល​ប៉ះ​ពាល់​ដោយសារ​ផ្សែង​​បារី​នៅ​តាម​ភោជនី​យដ្ឋាន និង​ជិត​៥០ភាគ​រយ​នៅ​កន្លែង​ធ្វើការ​។ លោក​​​មាន​ប្រសា​​សន៍​ថា “ខ្ញុំ​សង្ឃឹម​ថា ក្រសួង​ និង​ស្ថាប័ន​ទាំង​អស់​ នឹង​ផ្សព្វ​ផ្សាយ​សារាចរ​នេះ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ទាំង​អស់​ និង​ផ្តល់​ភោជនីយដ្ឋាន​ ហាង​លក់​ម្ហូម​អាហារ​​សណ្ឋាគារ​ និង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ ដើម្បី​រួម​កម្លាំង​គ្នា​អនុវត្ត​តាម​សេចក្តី​ណែនាំ​នេះ​ឲ្យ​បាន​ជោគ​ជ័យ”។ លោក​បាន​​​បន្ត​ថា ប្រជាជន​ខ្មែរ​ចំណាយ​ប្រាក់​ប្រហែល​​១០០លាន​ដុល្លារ​ទៅ​លើ​បារី​ក្នុង​មួយ​ឆ្នាំ​ៗ។

លោក ភីធើ វ៉ាន់ ម៉ារ៉ែន (Pieter van Maaren)​នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​សុខភាព​ពិភពលោក ​(World Health Organization) ហៅ​កាត់​ថា WHO បាន​លើក​ឡើង​ថា ទោះ​បី​ជា​សារាចរ​នេះ​គ្រាន់​តែ​មាន​ខ្លឹមសារ​ណែនាំ​ ហើយ​ប្រទេស​កម្ពុជា​មិន​ទាន់​អនុម័ត​ច្បាប់​ដែល​បង្ខំ​ឲ្យ​អនុវត្ត​បទ​បញ្ជា​មិន​ឲ្យ​ជក់​បារី​ក៏​ដោយ​ ក៏​នេះ​ជា​ជំហាន​បោះ​ទៅ​មុខ​មួយ​ក្នុង​ការ​ការពារ​សាធារណជន​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយសារ​ផ្សែង​នៃ​ថ្នាំ​ជក់​ដ៏​មាន​គ្រោះ​ថ្នាក់​នេះ។

លោកបាន​មាន​ប្រសាសន៍​ថា “នៅ​ក្នុងប្រទេស​កម្ពុជា​ ជា​រៀង​រាល់​ថ្ងៃ​ នេះ​ប្រជា​ជន​​ជិត​៣០នាក់​បាន​បាត់​បង់​ជីវិត​ ដោយ​សារ​តែ​ជំងឺ​ពាក់​ព័ន្ធ​នឹង​ថ្នាំ​ជក់​ ហើយ​ភាគ​ច្រើន​​ក្នុង​ចំណោម​ប្រជាជន​ទាំង​នោះ​​នៅ​តែ​មាន​ផលិត​ភាព​ជាច្រើន​ឆ្នាំ​ទៀត​។ ប្រជាជន​ខ្មែរ​១០.​០០០នាក់ ​[ជា​រៀង​រាល់​ឆ្នាំ] បាន​ស្លាប់​ទាំ​ង​វ័យ​ក្មេង​ ដោយសារ​តែ​ជំងឺ​ឆ្លង​ដែល​អាច​បង្កា​របាន​ទាំង​ស្រុង​”។

កាលពី​ខែ​ឧសភា អង្គការ WHO បាន​ផ្តល់​រង្វាន់​កិត្តិយសដល់​ប្រទេស​កម្ពុជា ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​ផលិតផល​ថ្នាំ​ជក់​ ជាពិសេស​ដែល​បាន​អនុវត្ត​​ការផ្សព្វផ្សាយអនុក្រឹត្យ​ស្តី​ពី​​បម្រាម​មិន​ឲ្យ​​ជក់​ថ្នាំ​ជក់​ក្នុង​ឆ្នាំ​២០១១ដោយ​ជោគ​ជ័យ​។ ​

​​កាលពី​ខែ​កញ្ញា​ លោក យេល ដារ៉ា​វុធ អ្នក​ជំនាញ​ការ​ជាតិ​ ក្នុង​គម្រោង​ផ្តួច​ផ្តើម​គ្មាន​ថ្នាំ​ជក់​របស់​អង្គការ​ WHO បាន​ស្វាគមន៍​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​គោលបំណង​ដំ​ឡើង​ថ្លៃ​បារី​ក្នុង​មួយ​កញ្ចប់​ៗ​៦ភាគ​រយ​ ដែល​មិន​ទាន់​ចូល​ជា​ធរមាន​នៅ​​ឡើយ​។ ទោះ​ជាយ៉ាង​ណា​ លោក វ៉ាន់ ម៉ារ៉ែន បាន​លើក​ឡើង​ថា ប្រទេសកម្ពុជា​គួរ​តែ​ក្រឡេក​មើល​ប្រទេស​ផ្សេងៗទៀត​ដែល​ជា​សមាជិក​អាស៊ាន​ ដូចជា ប្រទេស​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និង​ប្រទេស​វៀតណាម​ជាដើម ដែល​មានការ​អនុវត្ត​ដោយ​ជោគ​ជ័យ​នូវ​គោល​ការណ៍​ណែនាំ​តាម​ខ្លឹម​សារ​នៃ​អនុ​សញ្ញា​ស្តី​ពី​ការ​គ្រប់​គ្រង​ផលិតផល​ថ្នាំ​ជក់​ក្នុង​ក្រប​ខណ្ឌ​អង្គការ​ WHO ដូចជា​ បម្រាម​មិន​ឲ្យ​ជក់​បារី​នៅ​ទីសាធារណៈ​ និង​គោលការ​ណ៍​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ជាដើម​។

លោកបាន​​បន្ត​ទៀតថា “បទ​ពិសោ​ធន៍​នៃ​ប្រទេស​ទាំង​នេះ​គួរ​ត្រូវ​បាន​រៀន​សូត្រ​តាម ដោយសារ​តែ​ពួកគេ​បាន​បង្ហាញ​ច្បាស់​ពី​ការងារមាន​ប្រសិទ្ធភាព​”។ លោក​បាន​បន្ថែម​ថា គម្រោង​ចុះ​អង្កេត​អំពី​ផល​ប៉ះពាល់​នៃ​ផលិតផល​ថ្នាំ​ជក់​ទៅ​លើ​មនុស្ស​ពេញ​វ័យ​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​វិ​ទ្យា​ស្ថាន​ជាតិ​ស្ថិតិ​របស់​ក្រសួង​ផែនការ​ បាន​បង្ហាញ​ថា ប្រជាជន​ខ្មែរ​៨០ភាគ​រយ​ នឹង​គាំទ្រ ​បម្រាម​របស់​រដ្ឋាភិបាល​ដែល​ហាម​ការ​ជក់​បារី​នៅ​កន្លែង​ធ្វើការ​ និង​​កន្លែង​សាធារណៈ។

សេចក្តី​រាយការណ៍​ថ្មី​មួយ​ដែល​បង្ហាញ​ពី​ការ​ជក់​បារី​កាលពីខែ​មុន ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​​ក្នុង​ទស្សនាវដ្តី​របស់​សមាគម​វេជ្ជ​សាស្ត្រ​អាមេរិក​ មាន​សេច​ក្តីព្រមាន​ថា ប្រសិន​បើ​រដ្ឋា​ភិបាល​មិន​អនុវត្ត​បទ​បញ្ញត្តិ​ប្រឆាំង​ការ​ជក់​បារី​ នោះ​រដ្ឋាភិបាល​ នឹង​ប្រឈមនឹងចំនួន​អ្នក​ស្លាប់​ជាច្រើនអនេក​ដោយ​សារ​ជំងឺ​ពាក់​ព័ន្ធ​នឹង​ថ្នាំ​ជក់​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។ បច្ចុប្បន្ន​ ការ​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់​បាន​ចូល​រួម​ចំណែក​៧ភាគ​រយ​ ក្នុងការ​សម្លាប់​ប្រជាជន​វ័យ​ក្មេង​នៅ​​​ប្រទេស​កម្ពុជា​​ ហើយ​ក្នុង​រយៈពេល​៣០ទៅ​៥០ឆ្នាំ​ខាង​មុខ​ប្រជាជន​ខ្មែរ​១,២លាន​នាក់​អាច​នឹង​ស្លាប់​ដោយ​សារ​ការ​ជក់​បារី​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​នោះ៕ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស