កាលពីម្សិលមិញអ្នកភូមិប្រហែល២០០នាក់ដែលពាក់អាវយឺតនិងមួកមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាបាននាំគ្នាធ្វើបាតុកម្មនៅខាងក្រៅសាលាឃុំស្នួលក្នុងខេត្តក្រចេះដើម្បីទាមទារឲ្យអាជ្ញាធរខេត្តចេញប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគាត់។
កាលពីថ្ងៃច័ន្ទ ក្រុមអ្នកតវ៉ាដដែលនេះ ដែលមានជម្លោះជាមួយក្រុមហ៊ុនកូរ៉េមួយទាក់ទិននឹងដីទំហំ១០.០០០ហិកតា បានបិទផ្លូវជាតិលេខ៧នៅខាងមុខសាលាឃុំអស់រយៈពេលបីម៉ោង។ ការតវ៉ាកាលពីម្សិលមិញ ត្រូវបានបញ្ចប់ទៅវិញយ៉ាងឆាប់រហ័សនៅពេលអាជ្ញាធរបានអញ្ជើញអ្នកភូមិឲ្យចូលទៅក្នុងសាលាឃុំដើម្បីពិភាក្សាអំពីការទាមទាររបស់ពួកគាត់ក្នុងគោលបំណងដើម្បីទប់ស្កាត់ការបិទផ្លូវបន្ថែមទៀត។
លោក គង់ គឹមនី អភិបាលស្រុកស្នួលបានមានប្រសាសន៍ថា “យើងមិនអាចអនុញ្ញាតឲ្យការបិទផ្លូវបន្តយូរពេកនោះទេ ហេតុដូច្នេះហើយទើបយើងហៅអ្នកភូមិមកពិភាក្សាកាលពីថ្ងៃអង្គារ”។ តែទោះជាយ៉ាងណា មកទល់នឹងល្ងាចកាលពីម្សិលមិញ ជម្លោះនៅតែមិនទាន់ដោះស្រាយបាន ហើយការប្រជុំថ្នាក់ស្រុកស្តីអំពីបញ្ហានេះត្រូវបានគ្រោងធ្វើឡើងបន្តនៅថ្ងៃនេះ។
អ្នកតវ៉ាតំណាងឲ្យអ្នកភូមិជាង១,៥០០គ្រួសារដែលបាននិយាយថា ក្រុមហ៊ុនមួយឈ្មោះ Horizontal Agriculture Development ត្រូវបានរដ្ឋាភិបាលផ្តល់ដីទំហំ ១០.០០០ ហិកតាឲ្យដោយមិនត្រឹមត្រូវកាលពីឆ្នាំ២០០៨ សម្រាប់ធ្វើជាចម្ការកៅស៊ូ ទោះបីជាអ្នកភូមិជាច្រើនគ្រួសារនេះបានធ្វើស្រែនៅទីនោះចាប់តាំងពីឆ្នាំ២០០០មកក៏ដោយក្តី។
ទោះបីជាគ្រួសារភាគច្រើនដែលមានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីត្រូវបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីក្រោមកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ដោយ ក៏អ្នកភូមិចំនួន៣២៩គ្រួសារបានលើកឡើងថា ពួកគាត់មិនត្រូវបានរដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យឡើយ។ ពួកគាត់ក៏បាននិយាយដែរថា មិនគ្រាន់តែប៉ុណ្ណោះទេ សន្តិសុខក្រុមហ៊ុនថែមទាំងបានបំភិតបំភ័យពួកគាត់ទៀតផង។
យោងតាមលោក វ៉ាន ឌឿន មេឃុំស្នួលបានឲ្យដឹងថា ស្របពេលនោះក្រុមហ៊ុន Horizontal Agriculture Development បានទាមទារត្រឡប់មកវិញនូវដីទំហំ១.៧៥២ ហិកតា ដែលត្រូវបានកាត់ផ្តាច់ចេញពីដីសម្បទាន ហើយត្រូវបានផ្តល់ទៅអ្នកភូមិចំនួន៣២៩គ្រួសារនេះក្រោមគោលនយោបាយ “ស្បែកខ្លា” របស់លោក ហ៊ុន សែន ។
លោក ឌឿន បានមានប្រសាសន៍ថា “ការប្រជុំនៅសាលាឃុំនៅថ្ងៃនេះទទួលបានលទ្ធផលអវិជ្ជមាន ព្រោះក្រុមហ៊ុននៅតែរក្សាជំហរដ៏រឹងមាំដើម្បីទាមទារដីនេះមកវិញខណៈអ្នកភូមិស៊ូស្លាប់ដើម្បីការពារដីធ្លីរបស់ខ្លួននោះ” ។ ក្រុមហ៊ុន Horizontal Agriculture Development មិនអាចទាក់ទងសុំការធ្វើការអត្ថាធិប្បាយបានទេ។
កាលពីម្សិលមិញដដែលនោះ អ្នកភូមិជាង១០០នាក់មកពីឃុំចំនួន៤នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឡោមព័ទ្ធគ្រឿងចក្ររបស់ក្រុមហ៊ុនមួយដែលកាន់កាប់ដីទំហំ២៥៣ហិកតាដែលអ្នកភូមិបានលើកឡើងថាពួកគាត់ធ្លាប់ធ្វើស្រែតាំងពីឆ្នាំ១៩៩៣ មកនោះ នេះបើយោងតាមការឲ្យដឹងពីសកម្មជនការពារសិទ្ធិមួយរូប។
លោក ភួង សុធា អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា “អ្នកភូមិបាននាំគ្នាឡោមព័ទ្ធគ្រឿងចក្រហើយបានយករថយន្តកែច្នៃរបស់ខ្លួនមកបិទផ្លូវរថយន្តរបស់មេការក្រុមហ៊ុននេះ បន្ទាប់មកអាជ្ញាធរអញ្ជើញពួកគាត់ឲ្យទៅសាលាស្រុក”។
លោក ប៊ីន វណ្ណា អធិការនគរបាលស្រុកក្រគរ បានលើកឡើងថា អាជ្ញាធរបានខិតខំអស់ពីសមត្ថភាពដើម្បីស្វែងរកដំណោះស្រាយដែលអាចផ្តល់យុត្តិធម៌ដល់ទាំងក្រុមហ៊ុន Ratanak Visal Development Co.Ltd និងអ្នកភូមិ។
លោក នួន ងួន តំណាងក្រុមហ៊ុនបានលើកឡើងថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានទំហំ ៣.៦៨២ ហិកតាមកឲ្យក្រុមហ៊ុនរបស់លោកកាលពីឆ្នាំ១៩៩៩ ប៉ុន្តែក្រុមហ៊ុនបានផ្តល់ដីទំហំ១.៥០០ហិកតាទៅឲ្យអ្នកភូមិវិញកាលពីឆ្នាំ២០១២ ដើម្បីអនុវត្តតាមគោលនយោបាយដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ងួន ក៏បានលើកឡើងដែរថា ក្រុមហ៊ុនមិនបានកាប់ឆ្ការរានយកដីអ្នកភូមិណាដែលមានប្លង់រឹងនោះទេក្នុងពេលបច្ចុប្បន្ននេះ។
តែទោះជាយ៉ាងណា អ្នកភូមិម្នាក់ឈ្មោះ ចាយ ស៊ីនួន អាយុ៣៦ឆ្នាំបានលើកឡើងថា រឿងនេះវាមិនពិតនោះទេ។ លោកបាននិយាយថា “ក្រុមហ៊ុនកំពុងតែកាប់ឆ្ការរានយកដីរបស់ខ្ញុំ ប៉ុន្តែមិនបានផ្តល់ប្រាក់សំណងឡើយដោយអះអាងថា ពួកគេជាម្ចាស់ដីនេះ”៕ ស៊ុយឈាង