33 C
Phnom Penh

លោក​ សម​ រង្ស៊ី​ វិល​ត្រឡប់​ពី​តំបន់អឺរ៉ុបវិញ​ដោយ​មាន​អ្នក​គាំ​ទ្រ​ចាំ​ទទួល​ស្វាគមន៍​រាប់រយ​នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិរាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដើម្បី​ចាំទទួល​ស្វាគមន៍​លោក​ សម​​ រង្ស៊ី​ មេ​ដឹក​នាំ​គណបក្ស​នេះ​ដែល​វិល​ត្រឡប់​ពី​ដំណើរ​​ទស្សនកិច្ច្​រយៈពេល​ពីរ​សប្តាហ៍​នៅ​បរទេស​ដែល​សន្យា​ថា​នឹង​នាំ​មក​នូ​វជ័យ​ជម្នះ​នៅ​ក្នុង​វិវាទ​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​កំពុង​បន្ត​កើត​មាន​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក សម​ រង្ស៊ី​ បាន​ប្រាប់​អ្នក​គាំ​ទ្រ​ជា​ច្រើន​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​អាកាស​យានដ្ឋាន​នៅ​ម៉ោង​ប្រហែល​១០​និង​៣០​នាទីយប់​ថា​ “យើង​មាន​មិត្តភក្តិ​ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក​។ប្រទេ​សទាំង​អស់​អាណិត​ពលរដ្ឋ​ខ្មែរ​”។ បន្ទាប់​ពី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ទី​ស្នាក់​ការ​កណ្តាល​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​វិញ​ លោក សម​ រង្ស៊ី​ បាន​ប្រាប់​អ្នក​គាំ​ទ្រ​ថា លោក​​នឹង​ដាក់​ចេញ​យុទ្ធ​សាស្ត្រមួយ​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ដែល​បាន​បន្ត​អស់​រយៈ​ពេល​ជាង​៦​ខែ​មក​ហើយ​នោះ​។

លោក​ សម រង្ស៊ី ​មាន​ប្រសាសន៍​ថា​ “ថ្ងៃ​​ស្អែក​ ខ្ញុំ​ជួបបង​ប្អូន​​ទាំង​អស់​គ្នា​ដើម្បី​ដាក់​ចេញ​​​​យុទ្ធ​សាស្ត្រ​របស់​យើង​ដើម្បី​ជ័យ​ជម្នះ​។ ពលរដ្ឋ​ខ្មែរ​ទាំង​អស់​កុំ​អស់ សង្ឃឹម​អី​។ ដរាប​ណា​យើង​មាន​ការ​បេ្តជ្ញាចិត្ត​ដើម្បី​សង្គ្រោះ​​​​​​​​​ជាតិ​ ដរា​ប​នោះ​យើង​ទទួល​ជ័យ​ជម្នះ​”។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​លើក​ចុង​ក្រោយ​របស់​លោកនេះ​ លោក​ សម​ រង្ស៊ី​ បាន​ធ្វើ​ដំណើ​រ​ទៅ​កាន់​ទីក្រុង​ហ្សឺណែវ​ ដើម្បី​ចូល​រួម​​ការ​ត្រួត​ពិនិត្យ​ជា​ទៀង​ទាត់​ជា​សកល​របស់មហា​សន្និបាត​​អង្គការ​សហ​ប្រជាជាតិ​ស្តី​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ទៅ​ជួប​ជាមួយពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ប្រទេស​បារាំង​ បាន​ទៅ​ជិះ​ស្គី​លេង​នៅ​ក្នុង​ប្រទេស​ស្វ៊ីស​ និង​បានទៅ​ជួប​ពិភាក្សា​ជា​មួយ​ពល​ករ​ខ្មែរ​នៅ​ប្រទេសកូរ៉េ​ខាង​ត្បូង​។

លោក​ កុយ​ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹ​ង​កាល​ពី​ម្សិល​មិញ​ថា ការ​ខិត​ខំ​បញ្ចុះ​បញ្ចូល​គេ​ឯង​របស់​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិវា​ប្រៀប​បាន​​ទៅ​នឹង​ឆ្កែ​ដែល​ចេះ​តែ​ព្រុស​​។

លោក​ កុយ​ គួង​ បាន​ប្រសាសន៍​បន្ទាប់​ពី​កិច្ច​ប្រជុំគណៈ​កម្មការ​សេដ្ឋកិច្ច​វប្បធម៌​វិទ្យាសាស្ត្រ​ និង​កិច្ច​សហ​ប្រតិបត្តិការ​បច្ចេក​វិទ្យា​ដែល​ចូល​រួម​ដោយ​ប្រទេ​ស​ក​ម្ពុជា​និ​ង​វៀត​ណាម​​ នៅ​ក្រសួង​ការ​បរទេស​ថា​ “ខ្ញុំ​គិត​ថា [ដំណើ​រទស្សន​កិច្ចរបស់​លោក​ សម រង្ស៊ី​​] មិនប៉ះ​ពាល់​ដល់ ​[ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​] ឡើយ​”។ លោក​បាន​​ថ្លែង​​បន្ត​ថា “សម្តេច​ តេជោ​ [នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​] ​​មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ហើយ​ថា អ្វី​ៗ​គឺ​កំពុង​មាន​ដំណើរ​ទៅ​តាមធម្មតា​។ យើង​ប្រៀប​ធៀប​ [លោក​ សម រង្ស៊ី​] ទៅ​នឹង​ដែល​ឆ្កែចេះ​តែ​ព្រុស​”។

លោក​ កុយ​ គួង​ បាន​លើក​ឡើង​ថា អ្នក​ការ​ទូត​ជាន់​ខ្ពស់​ ក្នុង​ពេល​ថ្មី​ៗ​មក​ពី​ប្រទេស​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក ​បាន​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្មជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​វិល​មក​រក​តុក​ចរចា​ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ ប៉ុន្តែ​ទំនាក់​ទំនងរវាង​​កម្ពុជា និងបរទេស​នៅ​តែ​មាន​សភាព​ជា​ធម្មតា​។ លោក កុយ​ គួង​ ​​មាន​ប្រសាសន៍​ថា​ “ពួក​គេ​មិន​ដាក់​សម្ពាធ​លើកម្ពុជា​ទេ​ ព្រោះ​ប្រទេស​នីមួយៗ​មាន​អធិបតេយ្យ​ភាព​របស់​ខ្លួន​”។

លោកស្រី មូរ សុខហួរ​ ប្រធាន​ទទួល​បន្ទុក​​កិច្ច​ការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា លោក  សម ​រង្ស៊ី​ និង​លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណ​បក្ស​ នឹង​ជួប​ជាមួយ​អ្នក​គាំ​ទ្រ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃ​សៅរ៍​ ​ហើ​យ​បន្ទាប់មក​នឹង​ធ្វើ​ដំណើរ​ទៅ​ខេត​្ត​កំពង់​ចាម​នៅ​សប្តាហ៍​ក្រោយ៕​ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស