34 C
Phnom Penh

​នាយក​រដ្ឋមន្ត្រី​៖ គម្រោង​​​នុយក្លេអ៊ែរ​របស់កម្ពុជា​ក្នុងគោល​បំណង​សន្តិវិធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​ថ្ងៃ​បន្ទាប់​ពី​ចុះ​​​កិច្ច​ព្រមព្រៀង​ចំនួន​ពីរ​ជាមួយ​​រុស្ស៊ីដើម្បី​ស្វែង​រក​លទ្ធ​ភាព​សាង​សង់​រោងចក្រ​នុយក្លេអ៊ែរ​​ក្នុង​ប្រទេស​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធានា​​​អះ​អាង​​ប្រាប់​និស្សិត​​សាកល​​​វិទ្យាល័យ​មួយ​ក្រុម​នៅទី​ក្រុង​មូស្គូថា ​បច្ចេក​​​វិទ្យា​នេះ​​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​មធ្យោ​​​បាយ​​សន្តិវិធី​​។

លោកហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​និស្សិត​​ខ្មែរ​មួយ​ក្រុម​​ប្រមាណ​ជាង​៣០០​នាក់ ដែល​កំពុង​សិក្សា​ក្នុង​ប្រទេស​រុស្ស៊ី​ថា “​យើង​​ ជាមួយប្រទេស​​រុស្ស៊ី​បាន​ព្រមព្រៀង​លើ​បញ្ហា​នៃ​ការ​ប្រើ​ប្រាស់​ថាមពល​នុយក្លែអ៊ែរ​សម្រាប់​គោល​បំណង​សន្តិវិធី​”។ លោក​បាន​បន្ថែម​ថា រដ្ឋា​ភិបាល​​មិន​មាន​មហិច្ឆតា​ដើម្បី​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា ​”​កិច្ច​ព្រម​ព្រៀង​​នេះ​​ស្ដីពី​ការ​ប្រើ​ប្រាស់ និង​​ការ​អភិ​​​វឌ្ឍ​​​ថាម​ពល​នុយក្លេអ៊ែរ​សម្រាប់​គោល​បំណង​សន្តិវិធី​ គឺ​ជា​កត្តា​មួយ​ដែល​​ជំរុញ​​ប្រទេស​កម្ពុជា​ទៅ​ដល់​កម្រិត​​នៃ​ប្រទេស​អភិវឌ្ឍន៍​”។

លោក ហ៊ុន សែន និង​លោក ឌីមីទ្រី មេដវេដេវ នាយក​​រដ្ឋមន្ត្រី​រុស្ស៊ី​​បាន​ចុះ​ហត្ថ​​​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ចំនួន​ពីរ​កាលពី​ថ្ងៃ​អង្គារ ដើម្បី​បង្កើត​​មជ្ឈ​​​មណ្ឌល​ព័ត៌មាន​រួម​​សម្រាប់​ថាមពល​នុយ​​​ក្លេអ៊ែរ​​​ និង​បាន​បង្កើត​ក្រុម​ការ​ងារ​រួម​មួយ​ដើម្បី​ពិនិត្យ​មើល​សក្ដានុពល​​​សម្រាប់​ថាមពល​​​​នុយក្លេអ៊ែរ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​​

គេ​នៅ​តែ​មិន​ច្បាស់​ថា ពេល​ណា​​កម្ពុជា​​អាច​សាង​សង់​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​​​នោះឡើយ ដោយ​គម្រោង​​ថាមពល​នាពេល​​​​ អនាគត​របស់​រដ្ឋាភិបាល​​ពឹង​ផ្អែក​ទាំង​​ស្រុង​លើ​ទំនប់​វារី​អគ្គិសនី និង​ស្ថានីយ​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម​នោះ​។

បន្ទាប់ពី​សុន្ទរកថា​របស់​លោក ហ៊ុន សែន និស្សិត​ម្នាក់​បាន​​ក្រោក​ឈរ​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចំពោះ​ភាព​លំបាក​​ផ្អែក​ហិរញ្ញវត្ថុ​​​ ដែល​និស្សិត​​កំពុង​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​បាន​ប្រឈម ដែល​បច្ចុប្បន្ន​នេះ​ពួកគេ​ទទួល​បាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​​១០​ដុល្លារ​​ក្នុង​មួយ​ខែ ព្រមទាំងប្រាក់​អាហារូបករណ៍​​​ប្រហែល​២៣​ដុល្លារ​ពី​ប្រទេស​រុស្ស៊ី​។

បន្តិច​ក្រោយ​​មក លោក ហ៊ុន សែន បាន​ប្រកាសនៅ​​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ចាប់​ពី​ខែ​នេះទៅ​ ​​​​អាហារូបករណ៍​​ដែល​បាន​ផ្ដល់​​ដល់​និស្សិត​ខ្មែរ​នៅ​​ក្នុង​ប្រទេស​រុស្ស៊ី នឹង​​បង្កើន​ដល់​៥០​ដុល្លារ​ក្នុង​មួយ​ខែ​។

កាលពី​ថ្ងៃ​អង្គារ លោក ហ៊ុន​ សែន និង​លោក មេដវេដេវ បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ចំនួន​​ប្រាំបី​​​​ រួម​មាន​ពាណិជ្ជកម្ម ហេដ្ឋា​​​រចនា​សម្ព័ន្ធ និង​បញ្ហា​សន្តិសុខ ព្រម​​​ទាំង​​​កិច្ច​ព្រមព្រៀង​ក្នុងការ​បង្កើន​កិច្ច​សហ​​​ប្រតិបត្តិការ​រវាង​​គណៈកម្មការ​អូឡាំពិក​ផង​​​ដែរ​​​។

លោក វ៉ាត់ ចំរើន ​អគ្គលេខាធិការ​​​គណៈ​​​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបាន​មាន​ប្រសា​សន៍​កាលពី​ម្សិលមិញ​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ចាប់​​ផ្ដើម​ “​នៅ​ពេល​ឆាប់ៗ​នេះ” ដើម្បី​​​​ធ្វើ​​​ឲ្យ​​​​​ទំនាក់​ទំនង​អត្តពលិក​ដ៏​​​​​ខ្លាំង​ក្លា​ក្នុង​ទស​​​វត្សរ៍​​​​ឆ្នាំ​១៩៨០ កើតមាន​​​ឡើង​​​វិញ​​​។

លោក​បានមាន​ប្រសាសន៍​ថា “​ពួកគេ​មាន​គ្រូបង្វឹក​ល្អៗ ដែល​ជា​ប្រការ​សំខាន់​ក្នុង​​ការ​អភិ​វឌ្ឍ​ក្រុម​កីឡានិង​គ្រូបង្វឹក​របស់​យើង​”។ លោក​បាន​បន្ថែម​ថា​​​ រុស្ស៊ី​នឹង​ផ្ដល់​​ការ​គាំទ្រ​ក្នុង​ផ្នែក​​កីឡា​ដែលពួកគេ​ខ្លាំង​ពូកែ​​​បំផុត​​​ ដូច​ជា កីឡា​​ហែល​ទឹក បោក​ចំបាប់ និង​កាយ​​​សម្ព័ន្ធ​​​​ជា​​​ដើម​៕ សារុន (រាយការណ៍​បន្ថែម​ដោយ Peter Ford)​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស