26 C
Phnom Penh

បទវិភាគ៖ អាហ្វ្រិក​ខាងត្បូង​អូស​អ៊ីស្រាអែល​ឡើង ICC តែ​ផ្ដល់​ឱកាស​ឱ្យ​រុស្ស៊ី​បន្ត​វិនាសកម្ម​នៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​សប្ដាហ៍​មុន តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​បើក​សវនាការ​បឋម​ទៅ​លើ​សំណុំរឿង​ដែល​ប្ដឹង​ដោយ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ករណី​ចោទ​អ៊ីស្រាអែល ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​ប៉ាឡេស្ទីន ក្នុង​សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​លើ​ពួក​ហាម៉ាស់។

ក្នុង​សវនាការ​របស់ ICC ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ពួក​ចៅក្រម ICC បាន​ចាប់ផ្ដើម​បើក​នីតិវិធី​ដំបូង​ដើម្បី​សិក្សា​អំពី​បទ​ចោទ​របស់​អាហ្រ្វិក​ខាងត្បូង​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល ថា​តើ​បទ​ចោទ​ដូចនេះ​មាន​ភស្តុតាង និង​ពាក់ព័ន្ធ​នឹង​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ ឬ​បទ​ប្រល័យ​ពូជសាសន៍​ដែរ​ឬ​ទេ។

ការ​ជំនុំជម្រះ​ក្ដី​បឋម​របស់ ICC គឺជា​ការ​ឆ្លើយតប​បណ្ដឹង​របស់​រដ្ឋាភិបាល​អាហ្រ្វិក​ខាងត្បូង ប៉ុន្តែ​តុលាការ​នៅ​ពេល​នោះ​មិន​ទាន់​សម្រេច​ថា​តើ​អ្វី​ដែល​អាហ្រ្វិក​ខាងត្បូង​ប្ដឹង​អ៊ីស្រាអែល នេះ វា​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង​ហើយ​ឬ​នៅ។

នៅ​ក្នុង​សវនាការ​នេះ​មាន​ការ​ជជែក​គ្នា​យ៉ាង​តានតឹង​រវាង​អ្នក​ច្បាប់​មកពី​អាហ្វ្រិក​ខាងត្បូង និង​អ្នក​ច្បាប់​មកពី​ប្រទេស​អ៊ីស្រាអែល។ អ្នក​ច្បាប់​អាហ្វ្រិក​ខាងត្បូង​បង្ហាញ​ពន្យល់​ច្បាប់​អន្តរជាតិ​ជាច្រើន ដែល​បង្ខំ​ឲ្យ​អ៊ីស្រាអែល ទទួលស្គាល់​ថា​ខ្លួន​កំពុងតែ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជាតិ​សាសន៍​ប៉ាឡេស្ទីន ក្នុង​ករណី​សង្គ្រាម​នៅ​តំបន់ Gaza នៅ​ពេលនេះ ប៉ុន្តែ​អ្នក​ច្បាប់​អ៊ីស្រាអែល បាន​ឡើង​ការពារ​ខ្លួន។ អ្នក​ច្បាប់​អ៊ីស្រាអែល បាន​ចង្អុល​មុខ​អ្នក​ច្បាប់​អាហ្រ្វិក​ខាងត្បូង​ថា សំណុំរឿង​របស់​ក្រុង​ព្រីតូរីយ៉ា ជា​លក្ខណៈ​នយោបាយ។ វា​មាន​ន័យ​ថា សំណុំរឿង​នេះ​វា​ទាក់ទង​នឹង​ភូមិសាស្ត្រ​ច្រើន​ជាង​អ្វី​ដែល​អាហ្រ្វិក​ខាងត្បូង​ថា​អ៊ីស្រាអែល​រំលោភ​ច្បាប់​អន្តរជាតិ។

អ្នក​ច្បាប់​អ៊ីស្រាអែល បាន​ចោទ​អាហ្វ្រិក​ខាងត្បូង​នៅ​ចំពោះ​មុខ​ចៅក្រម​តុលាការ ICC ដែល​ថា អាហ្វ្រិក​ខាងត្បូង​នេះ​ជា​ប្រទេស​មួយ​ដែល​ផ្ដល់​ធនធាន ហិរញ្ញវត្ថុ និង​អាវុធ​ទៅ​ឲ្យ​ពួក​ហាម៉ាស់-ប៉ាឡេស្ទីន ធ្វើ​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​នេះ​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​ហិង្សា​នៅ​តាម​ព្រំដែន​ហ្កាហ្សា និង​អ៊ីស្រាអែល។

ភាព​តានតឹង​បាន​ផ្ទុះ​ឡើង​មួយ​រំពេច ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​សវនាការ​ក្នុង ICC កាន់តែ​ស្មុគស្មាញ និង​ជំរុញ​ឲ្យ​ចៅក្រម ICC ស្វែងរក​ភស្តុតាង​ថ្មីៗ​នូវ​អ្វី​ដែល​អ៊ីស្រាអែល ចោទ​អាហ្វ្រិក​ខាងត្បូង។

យ៉ាងណា ចៅក្រម ICC មិន​បាន​ធ្វើ​សេចក្ដី​សម្រេច​ថា​តើ​អ៊ីស្រាអែល ពិត​ជា​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ប្រជាជន​ប៉ាឡេស្ទីន យ៉ាងណា​នោះ​ទេ ធ្វើ​ឲ្យ​ចៅក្រម ICC បន្ត​នីតិវិធី​បឋម​របស់​ខ្លួន​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត។ តែ​បែប​នេះ​ក្ដី គេ​ថា​យ៉ាងហោចណាស់ អាហ្វ្រិក​ខាងត្បូង​ជោគជ័យ​ដំណាក់កាល​ដំបូង​ដែល​អូស​អ៊ីស្រាអែល មក​តតាំង​ក្ដី​នៅ​ចំពោះ​មុខ​តុលាការ ICC ជាជាង​ទុក​ឲ្យ​អ៊ីស្រាអែល នៅ​ក្រៅ​យុត្តាធិការ​របស់ ICC។

ជាមួយ​គ្នា​នេះ អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ​មើល​ឃើញ​ថា សំណុំរឿង​របស់​អាហ្វ្រិក​ខាងត្បូង ដែល​អូស​អ៊ីស្រាអែល ឡើង ICC នេះ វា​ជា​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ​យ៉ាង​ពិតប្រាកដ ព្រោះ​អាហ្វ្រិក​ខាងត្បូង​បើ​ធ្វើ​ដូចនេះ​ទៅ​លើ​ប្រទេស​រុស្ស៊ី ក៏​អាច​អូស​រុស្ស៊ី ឡើង ICC បាន​ដែរ​ករណី​សំណុំរឿង​របស់​អ៊ីស្រាអែល នេះ គឺ​មិន​ខុស​អី​នឹង​រុស្ស៊ី​ប្រព្រឹត្ត​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន នោះ​ទេ។ អាហ្វ្រិក​ខាងត្បូង​ធ្វើ​មិន​កើត ដោយសារ​អ្វី ធ្វើ​មិន​បាន​ដោយសារ​អ្វី។ រឿង​នេះ​គេ​អាច​មើល​ឃើញ​ច្រើន​ករណី៖

  • ទី​១ អាហ្វ្រិក​ខាងត្បូង​បម្រើ​ភូមិសាស្ត្រ​នយោបាយ​ទៅ​ឲ្យ​រុស្ស៊ី ព្រោះ​អាហ្វ្រិក​ខាងត្បូង​ជា​ប្រទេស​សម្ព័ន្ធភាព​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ហៅ​កាត់​ថា BRICS។ អង្គការ BRICS នេះ​គឺ​មាន​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង​ខ្លួន​គេ​ផ្ទាល់។
  • ទី​២ គេ​កត់សម្គាល់​ឃើញ​អាហ្វ្រិក​ខាងត្បូង មិន​ដែល​បោះឆ្នោត​ថ្កោលទោស​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ម្ដង​ណា​នោះ​ទេ។ នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ អាហ្វ្រិក​ខាងត្បូង​តែងតែ​បោះឆ្នោត​អនុប្បវាទ ដោយ​ទាមទារ​ថា ខ្លួន​ឈរ​នៅ​ចំណុច​កណ្ដាល​មិន​លម្អៀង​ខាង​ណា​នោះ​ទេ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី ប៉ុន្តែ​ប្រទេស​ជាង ១២០​ប្រទេស​បោះឆ្នោត​ថ្កោលទោស​រុស្ស៊ី ហើយ​មាន​តែ​ជាង ៣០​ប្រទេស​ប៉ុណ្ណោះ​បោះឆ្នោត​អនុប្បវាទ ក្នុង​នោះ​មាន​អាហ្វ្រិក​ខាងត្បូង​ផង​ដែរ​នេះ។

បើ​អាហ្វ្រិក​ខាងត្បូង​ថ្កោលទោស​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មាន​ន័យ​ថា ទីក្រុង​ព្រីតូរីយ៉ា ប្រឆាំង​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ហើយ​ក្រុង​ព្រីតូរីយ៉ា នេះ ក៏​អាច​អូស​រុស្ស៊ី ឡើង​តុលាការ ICC ផង​ដែរ។

ចុះ​ហេតុ​អ្វី​បាន​ជា​អាហ្វ្រិក​ខាងត្បូង មិន​អាច​ធ្វើ​បាន​ទៅ​លើ​រុស្ស៊ី? វា​មាន​តែ​រឿង​នយោបាយ​នៅ​ពីក្រោយ​អាហ្វ្រិក​ខាងត្បូង​តែប៉ុណ្ណោះ។ ដូច្នេះ​ហើយ គេ​ហៅ​អាហ្វ្រិក​ខាងត្បូង​អូស​អ៊ីស្រាអែល ឡើង ICC តែ​អាហ្វ្រិក​ខាងត្បូង​ភ្លេច​រុស្ស៊ី កំពុង​បង្កើត​វិនាសកម្ម និង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន។

សំណុំរឿង​នេះ គឺ​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន កំពុងតែ​រង​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​អន្តរជាតិ ICC រួច​ទៅ​ហើយ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជាតិ​សាសន៍​អ៊ុយក្រែន។ យ៉ាង​នេះ​ហើយ​បាន​ជា​អ្នក​ច្បាប់​អន្តរជាតិ និង​រដ្ឋ​អាជ្ញា ICC កំពុង​សហការ​គ្នា​ជាមួយ​រដ្ឋ​អាជ្ញា​របស់​អ៊ុយក្រែន កសាង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ទាំង ៣​ប្រភេទ​នេះ​ប្រឆាំង​នឹង​របប​នៅ​ទីក្រុង​មូស្គូ ហើយ​កំពុងតែ​ដាក់​សម្ពាធ​ឲ្យ​ក្រុង​មូស្គូ ទទួលស្គាល់​ថា​កំពុងតែ​ប្រព្រឹត្ត​អំពើ​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ជាតិ​សាសន៍ និង​ប្រទេស​ជាតិ​អ៊ុយក្រែន។

អ្នក​ច្បាប់​អន្តរជាតិ​ធំៗ​មកពី​ជាង ៤០​ប្រទេស បាន​សហការ​គ្នា​ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្កើត​សាលាក្ដី​ពិសេស​មួយ​នៅ​អឺរ៉ុប ឬ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ផ្ទាល់ ដើម្បី​បើក​សំណុំរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ប្រឆាំង​មនុស្ស​ជាតិ ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​របប​នៅ​ទីក្រុង​មូស្គូ ដែល​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ជា​ជន​ជាប់ចោទ​របស់ ICC រួច​ទៅ​ហើយ​នេះ។

ដូច្នេះ​ហើយ​បាន​ជា​អ្នក​ច្បាប់​អ៊ីស្រាអែល ចោទ​សួរ​អាហ្វ្រិក​ខាងត្បូង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​កសាង​សំណុំរឿង​ប្រឆាំង​អ៊ីស្រាអែល បែប​នេះ? ថា​តើ​អាហ្វ្រិក​ខាងត្បូង មាន​ដឹង​ថា​សំណុំរឿង​របស់​ខ្លួន​ជា​ទម្រង់​នៃ​នីតិវិធី​ភូមិសាស្ត្រ​នយោបាយ​ដែរ​ឬ​ទេ?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស