33.7 C
Phnom Penh

បទវិភាគ៖ ហេតុ​អ្វី​បាន​ជា​រុស្ស៊ី ខ្លាច​មីស៊ីល Tomahawk អាមេរិក? ធ្វើ​ដូចម្ដេច​អ៊ុយក្រែន បាន​អាវុធ​នេះ​ពី​លោក ត្រាំ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ ទី​២២ ខែ​តុលា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា សេចក្តី​រាយការណ៍​មួយ​ដែល​ថា​សហរដ្ឋ​អាមេរិក បាន​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន ប្រើប្រាស់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​វាយប្រហារ​ចូល​ជ្រៅ​លើ​ទឹកដី​រុស្ស៊ី គឺជា​រឿង​មិន​ពិត​នោះ​ទេ។

លោក ត្រាំ បាន​ឆ្លើយ​ដូចនេះ ពិត​ណាស់​លោក​ឆ្លើយតប​កាសែត​អាមេរិក The Wall Street Journal ដែល​ធ្វើ​សេចក្ដី​រាយការណ៍​ថា រដ្ឋការ​លោក ត្រាំ បាន​ដក​ចេញ​វិញ​នូវ​ការ​រឹតត្បិត​លើ​អ៊ុយក្រែន ទាក់ទង​នឹង​ការ​ប្រើប្រាស់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​ចំនួន​របស់​អាមេរិក ដែល​ផ្តល់​ឱ្យ​ដោយ​សម្ពន្ធមិត្ត​លោកខាងលិច ដែល​ផ្ដល់​ឱ្យ​អ៊ុយក្រែន អាច​ទិញ​បន្ត​បាន ហើយ​វាយប្រហារ​ទៅ​លើ​ប្រទេស​រុស្ស៊ី ក្រោយពី​លោក ត្រាំ ខកចិត្ត​ម្ដង​ទៀត​ព្រោះ​រុស្ស៊ី មិន​ទទួលយក​សំណើ​បទ​ឈប់​បាញ់​របស់​លោក។

សំណើ​របស់​លោក ត្រាំ ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​អនុវត្ត​នៅ​សមរភូមិ​ជួរមុខ ដែល​អ៊ុយក្រែន ប្រកាស​យល់ព្រម​ភ្លាមៗ តែ​រុស្ស៊ី បដិសេធ។ តែ​លោក ត្រាំ ថា The Wall Street Journal ចុះផ្សាយ​ដូចនេះ​ជា​រឿង​មិន​ពិត​ទេ។

លោក ត្រាំ បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Truth Social ដែល​មាន​សេចក្ដី​ថា៖ «ការ​ចុះផ្សាយ​របស់ The Wall Street Journal ដែល​អះអាង​ថា​អាមេរិក​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន ប្រើប្រាស់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​វាយប្រហារ​ចូល​ជ្រៅ​លើ​ទឹកដី​រុស្ស៊ី គឺ​មិន​ពិត​ឡើយ។»

តែ​លោក ត្រាំ បែរជា​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ទាំងអស់​ជាមួយ​មីស៊ីល​ទាំងនោះ​មិន​ថា​មីស៊ីល​មកពី​ប្រភព​ណា ឬ​ក៏​អ៊ុយក្រែន ប្រើប្រាស់​វា​យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ។

សម្ដី​របស់​លោក ដូណាល់ ត្រាំ នៅ​ឃ្លា​ចុងក្រោយ​ដូចនេះ គេ​អាច​បកស្រាយ​ថា លោក ត្រាំ ចង់​លែង​មីស៊ីល Tomahawk ដែល​អ៊ុយក្រែន បញ្ចេញ​សាច់ប្រាក់​ពាន់​លាន​ដុល្លារ​ទិញ​ពី​អាមេរិក តែ​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន មិន​បាន​លក់​អាវុធ​ផ្ទាល់​ទៅ​ឱ្យ​ទៅ​អ៊ុយក្រែន នោះ​ទេ។ មាន​ន័យ​ថា អ៊ុយក្រែន​ត្រូវ​រង់ចាំ​រហូត​មីស៊ីល Tomahawk អាច​ធ្លាក់​ក្នុង​ដៃ​ប្រទេស​ណា​មួយ​នៃ​ក្រុម​ប្រទេស​អឺរ៉ុប ឬ​សមាជិក​ណាតូ (NATO) ទើប​អាច​ធ្លាក់​ទៅ​ដល់​អ៊ុយក្រែន។

មាន​ន័យ​ថា លោក ត្រាំ ពិត​ជា​ទទួលយក​ការ​ព្រមាន​ពី​រុស្ស៊ី ដែល​រុស្ស៊ី ព្រមាន​អាមេរិក​កុំ​ឱ្យ​លក់​អាវុធ​មួយ​ប្រភេទ​នេះ​ទៅ​អ៊ុយក្រែន ហើយ​ថា​បើ​ក្រុង​វ៉ាស៊ីនតោន ព្រម​លក់​អាវុធ​នេះ និង​បញ្ជូន​អាវុធ​ទៅ​អ៊ុយក្រែន វា​ដល់​ពេល​ដែល​ក្រុង​មូស្គូ ត្រូវ​ទម្លាក់​ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក​ដល់​កម្រិត​សូន្យ​ម្ដង​ទៀត។ ពេល​នោះ ក្រុង​វ៉ាស៊ីនតោន ក្លាយ​ជា​សត្រូវ​ពិតប្រាកដ​របស់​ក្រុង​មូស្គូ ហើយ។

នេះ​ជា​ការ​ព្រមាន​របស់​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង Dmitry Peskov ហើយ​លោក​ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ក៏​បាន​ព្រមាន​ដូចនេះ​ដែរ។

តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ទើប​អ៊ុយក្រែន ទទួល​បាន Tomahawk ឬ​មីស៊ីល​ផ្សេង​ទៀត​ពី​អាមេរិក យក​មក​ប្រយុទ្ធ​វាយបក​លើ​រុស្ស៊ី?

នៅ​ថ្ងៃ​នេះ ទី​២៣ តុលា លោក Mark Rute បាន​ទៅ​ទីក្រុង​វ៉ាស៊ីនតោន ជា​ថ្មី​ម្ដង​ទៀត។ ក្នុង​ជំនួប​នៅ​សេតវិមាន លោក Mark Rute អគ្គលេខាធិការ​យោធា​ណាតូ បាន​លើកឡើង​អំពី​មីស៊ីល Tomahawk ដែល​អ៊ុយក្រែន ត្រូវការ​អាវុធ​មួយ​ប្រភេទ​នេះ​ដើម្បី​វាយបក​រុស្ស៊ី វិញ ព្រោះ​ណាតូ​ជា​អង្គការ​មួយ​ដែល​ធ្លាប់​បាន​បញ្ចេញ​អាវុធ​របស់​អាមេរិក​ទៅ​ឱ្យ​អ៊ុយក្រែន។

ក្រៅពី​នេះ លោក​អគ្គលេខាធិការ​យោធា​ណាតូ ក៏​លើកឡើង​ផង​ដែរ​ចំពោះ​ភាព​ក្រឡេចក្រឡុច​របស់​លោក ពូទីន និង​ពួក​វិមាន​ក្រឹមឡាំង។ គេ​ដឹង​ហើយ​ថា​លោក ពូទីន ពេល​ខ្លះ​សម្ដែង​អារម្មណ៍​ចង់​បញ្ចប់​សង្គ្រាម​រហូត​ថា​លោក​ចង់​ឃើញ​សន្តិភាព​ពេញលេញ​នៅ​អឺរ៉ុប តែ​ពេល​ខ្លះ​លោក​ថា​សន្តិភាព​នៅ​អឺរ៉ុប មិនមែន​រុស្ស៊ី តែ​ម្នាក់​ឯង​ទេ​ដែល​ត្រូវ​ស្ដារ​ឡើងវិញ ក្នុង​នោះ ជាពិសេស​អ៊ុយក្រែន ត្រូវ​ឈប់​ទទួល​អាវុធ​ពី​អឺរ៉ុប ហើយ​អឺរ៉ុប ត្រូវ​បញ្ឈប់​ការ​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន។

វិមាន​ក្រឹមឡាំង និង​លោក ពូទីន តែងតែ​ចោទ​ថា​ពួក​បស្ចិម​ប្រទេស​ដែល​នៅតែ​ធ្វើ​ឱ្យ​ភ្លើង​សង្គ្រាម​មិន​អាច​រលត់​បាន​នៅ​លើ​ទឹកដី​អ៊ុយក្រែន ព្រោះតែ​ពួក​បស្ចិម​ប្រទេស​នៅតែ​ផ្ដល់​អាវុធ​ជួយ​អ៊ុយក្រែន វាយប្រហារ​រុស្ស៊ី។

ដូចនេះ អ្វី​ដែល​សំខាន់ រុស្ស៊ី ត្រូវការ​ឱ្យ​សហរដ្ឋ​អាមេរិក ជាពិសេស​លោក ដូណាល់ ត្រាំ មិន​ត្រូវ​លក់​អាវុធ​ទៅ​ឱ្យ​អឺរ៉ុប ឬ​ណាតូ​នោះ​ទេ ព្រោះ​អាវុធ​ទាំងនោះ​វា​ងាយ​ធ្លាក់​ក្នុង​ដៃ​អ៊ុយក្រែន។

យ៉ាងណាក៏ដោយ មេដឹកនាំ​អឺរ៉ុប គេ​មិន​ដែល​ខ្វល់​នឹង​រុស្ស៊ី ជំទាស់ ឬ​ក៏​ព្រមាន​ចំពោះ​ការ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន នោះ​ទេ។

អ្វី​ដែល​សំខាន់ គឺ​មេដឹកនាំ​អឺរ៉ុប នៅតែ​មើល​ឃើញ​ថា បើ​អាវុធ​ធុន​ធ្ងន់ និង​មាន​ប្រសិទ្ធភាព​ធ្លាក់​ក្នុង​ដៃ​របស់​អ៊ុយក្រែន យ៉ាងហោចណាស់​វា​ជួយ​ទប់ស្កាត់​ភ្លាមៗ​កម្លាំង​រុល​របស់​កងទ័ព​រុស្ស៊ី ហើយ​ចង់​មិន​ចង់ អាវុធ​នោះ​វា​អាច​បាញ់​ចំ​ទីតាំង​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី ទៀត​ផង។

កន្លង​មក ទីតាំង​យុទ្ធសាស្ត្រ​ខាង​ក្នុង​ទឹកដី​រុស្ស៊ី ដូចជា​ទីតាំង​ស្ដុក​គ្រាប់ ទីតាំង​ភស្តុភារ និង​ទីតាំង​រោងចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី ត្រូវ​បាន​អាវុធ​របស់​អ៊ុយក្រែន បាញ់​កម្ទេច​រួច​ទៅ​ហើយ។

ដូច្នេះ​គេ​ឃើញ​រុស្ស៊ី យ៉ាងហោចណាស់​ក៏​ធ្លាក់​ចុះ​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​អាវុធ​នៅ​លើ​សមរភូមិ​ជួរមុខ ព្រោះតែ​អាវុធ​ទាំងនោះ​ត្រូវ​បាន​កម្ទេច។

ឥឡូវ​នេះ អ៊ុយក្រែន​កំពុងតែ​ពឹងពាក់​ខ្លាំង​ទៅ​លើ​អឺរ៉ុប និង​ណាតូ ដែល​ធ្វើ​យ៉ាងណា ណាតូ​ត្រូវ​បញ្ចុះបញ្ចូល​ឱ្យ​លោក ដូណាល់ ត្រាំ ព្រម​លក់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាមេរិក​មាន​ក្នុង​ដៃ ក្នុង​នោះ​មាន​ទាំង​មីស៊ីល tomahawk មួយ​ផង​ដែរ​ទៅ​ឱ្យ​អ៊ុយក្រែន។

លោក Mark Rutte ពិត​ណាស់​នឹង​បញ្ចុះបញ្ចូល​លោក ត្រាំ ឱ្យ​ព្រម​បញ្ជូន​អាវុធ Tomahawk ឬ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ផ្សេងៗ​ទៀត​ប្រហាក់ប្រហែល​នឹង Tomahawk ទៅ​ឱ្យ​អ៊ុយក្រែន។

ការ​ដែល​លោក ដូណាល់ ត្រាំ ទុកចិត្ត​ថា​ការ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​ណាតូ លុះត្រាតែ​ណាតូ​សន្យា​ថា​ខ្លួន​ទទួល​ខុសត្រូវ​ចំពោះ​អាវុធ​ទាំងនេះ​មិន​ឱ្យ​អ៊ុយក្រែន ប្រើប្រាស់​បាញ់​ទៅ​លើ​ជនស៊ីវិល​រុស្ស៊ី នោះ​ទេ ហើយ​ថា​ការ​ផ្ទេរ​អាវុធ​នេះ​ទៅ​ឱ្យ​អ៊ុយក្រែន គឺ​មាន​កម្រិត​មិន​ច្រើន​ហួសហេតុ​ដែល​ទុក​ឱកាស​ឱ្យ​អ៊ុយក្រែន ប្រើប្រាស់​ពេញ​ទំហឹង​វាយ​លើ​រុស្ស៊ី នោះ​ទេ។

ម្យ៉ាង​ទៀត គេ​ថា​លោក Mark Rutte អាច​នឹង​ទទួល​ខុសត្រូវ​ខ្លាំង​ថា​ណាតូ​ជា​អ្នក​ការពារ​ការ​គំរាមកំហែង​របស់​រុស្ស៊ី ជាជាង​សហរដ្ឋ​អាមេរិក បើ​ទោះជា​អាមេរិក​ជា​ម្ចាស់​របស់​អាវុធ Tomahawk ក៏ដោយ។

ហេតុ​អ្វី​បាន​ជា​រុស្ស៊ី ខ្លាច​មីស៊ីល Tomahawk អាមេរិក?

Tomahawk ជា​មីស៊ីល​ដ៏​មាន​អានុភាព​បំផុត​របស់​អាមេរិក។ មីស៊ីល​នេះ​វា​រត់​បាន​រយៈ​ចម្ងាយ​ពី ១៦០០​គីឡូម៉ែត្រ​ទៅ ២៥០០​គីឡូម៉ែត្រ។ វា​អាច​បាញ់​ពី​ដី​ទៅ​លើ​គោលដៅ​ក៏​បាន ហើយ​វា​អាច​បាញ់​ចេញពី​យន្តហោះ​ក៏​បាន ពិសេស​បំផុត​នោះ វា​អាច​រត់​រយៈ​កម្ពស់ ៥០​ម៉ែត្រ​ឡើង​ទៅ ដែល​មិន​អាច​ធ្វើ​ឱ្យ​រ៉ាដា​របស់ S-400 ឬ S-500 របស់​រុស្ស៊ី ចាប់​សញ្ញា​បាន​ងាយៗ​ឡើយ។ ដូច្នេះ វា​រត់​ដោយ​មាន​ភាព​សេរី​របស់​វា​លើ​គោលដៅ​ដែល​ត្រូវ​ហោះ​ទៅ​កម្ទេច។

បើ​អ៊ុយក្រែន បាញ់​ទៅ​លើ​ទីក្រុង​មូស្គូ គឺ​ទីក្រុង​មូស្គូ អាច​នឹង​ត្រូវ​ឆេះ​ខ្លោច ហើយ​ចង់​មិន​ចង់ វិមាន​ក្រឹមឡាំង​របស់​លោក ពូទីន នឹង​អាច​ត្រូវ​កម្ទេច​ផង​ដែរ។

នេះ​គឺជា​ការ​ព្រមាន​របស់​លោក ហ្សេឡេនស្គី ដែល​លោក​បាន​ព្រមាន​ដូចនេះ​ម្ដង​រួច​ទៅ​ហើយ​នៅ​ក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​២៥ កញ្ញា នៅ​ពេល​លោក ហ្សេឡេនស្គី ស្ថិត​នៅ​ទីក្រុង​ញ៉ូវយ៉ក ហើយ​ខណៈ​នោះ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergei Larov ក៏​ស្ថិត​នៅ​ទីនោះ​ផង​ដែរ។

នេះ​ជា​ចំណុច​មួយ​ដែល​វិមាន​ក្រឹមឡាំង បារម្ភ​ពី Tomahawk អាច​បាញ់​ដល់​ទីក្រុង​មូស្គូ។ ចំណុច​មួយ​ទៀត​ដែល​រុស្ស៊ី បារម្ភ ដោយសារតែ Tomahawk អាច​បាញ់​រីក​រាលដាល​គ្រប់​ទឹកដី​រុស្ស៊ី​ទាំងអស់ ដែល​វា​អាច​ធ្វើ​ឱ្យ​ប្រជាជន​រុស្ស៊ី ចលាចល និង​អាច​ធ្វើ​ឱ្យ​ពួកគេ​បះបោរ ហើយ​ចោទ​ថា​បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង លោក ពូទីន បញ្ឆេះ​សង្គ្រាម​នៅ​អ៊ុយក្រែន វា​នាំ​ឱ្យ​ធ្លាក់​ភ្លើង​សង្គ្រាម​ដល់​ទីក្រុង​មូស្គូ ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​រុស្ស៊ី។

ដោយសារតែ​ដូចនេះ​ហើយ​បាន​ជា​មេដឹកនាំ​អឺរ៉ុប គេ​ចង់​បាន Tomahawk ដើម្បី​បន្សាប​ឥទ្ធិពល​អាវុធ​ទាំងអស់​របស់​រុស្ស៊ី និង​ទាញ​សង្គម​នៅ​ក្រុង​មូស្គូ ធ្លាក់​ក្នុង​ស្ថានភាព​អាសន្ន​គ្រោះថ្នាក់​បំផុត ហើយ​ដាក់​សម្ពាធ​លើ​លោក ពូទីន ឱ្យ​ជ្រើសរើស​ផ្លូវ​ដើរ​ចំនួន​ពីរ គឺ​ទី​មួយ ចង់​បញ្ចប់​សង្គ្រាម ឬ​ក៏​បន្ត​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ដែល​អាច​ឈាន​ដល់​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ។

បើ​មីស៊ីល Tomahawk ធ្លាក់​ក្នុង​ដៃ​អ៊ុយក្រែន វា​អាច​ធ្វើ​ឱ្យ​សង្គ្រាម​រុស្ស៊ីអ៊ុយក្រែន ប្រែប្រួល​ឬ​ទេ?

និយាយ​ទៅ Tomahawk បើ​អាច​ធ្លាក់​ក្នុង​ដៃ​របស់​អ៊ុយក្រែន វា​អាស្រ័យ​ទៅ​លើ​ណាតូ និង​មេដឹកនាំ​អឺរ៉ុប ដែល​ត្រូវតែ​ទិញ​អាវុធ​នេះ​ឱ្យ​បាន​ពី​លោក ដូណាល់ ត្រាំ។ អាវុធ​នេះ​វា​ច្បាស់​ណាស់​ទាញ​ភូមិសាស្ត្រ​សង្គ្រាម​ត្រឡប់​ក្រោយ​ទៅ​រក​ការ​បិទ​បញ្ចប់ ឬ​ក៏​ផ្ទុយទៅវិញ សង្គ្រាម​កាន់តែ​អាក្រក់ និង​ធ្ងន់ធ្ងរ​ថែមទៀត។

បើ​វា​កាន់តែ​អាក្រក់ និង​រឹតតែ​ធ្ងន់ធ្ងរ ហើយ​បែរជា​អ៊ុយក្រែន មិន​ចាញ់​សង្គ្រាម​របស់​រុស្ស៊ី ទោះជា​រុស្ស៊ី បាញ់​មីស៊ីល​ផ្លោង​ប៉ាលិស្ទីក ICBM គឺ​ពេល​នោះ​ហើយ​ដែល​លោក ពូទីន អាច​នឹង​ដឹង​ខ្លួន​ច្បាស់​ថា​រុស្ស៊ី អស់​សមត្ថភាព​ប្រយុទ្ធ​លេប​ទឹកដី​អ៊ុយក្រែន។

អ៊ុយក្រែន ឈ្នះ​សង្គ្រាម​រុស្ស៊ី រុស្ស៊ី​ព្រម​បញ្ចប់​សង្គ្រាម ឥទ្ធិពល​របស់​អឺរ៉ុប​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត។ រុស្ស៊ី អស់​ឥទ្ធិពល បុរស​ខ្លាំង វ៉្លាឌីមៀ ពូទីន នឹង​គ្មាន​ន័យ​អ្វី​សម្រាប់​យុវជន​រុស្ស៊ី ជំនាន់​ក្រោយ​ឡើយ។

បុរស​ខ្លាំង​រូប​នេះ​ជា​មេដឹកនាំ​ដែល​បញ្ឆេះ​សង្គ្រាម​ធ្វើ​ឱ្យ​ហិនហោច​សេដ្ឋកិច្ច​រុស្ស៊ី នាំ​ឱ្យ​ឥទ្ធិពល​របស់​រុស្ស៊ី នៅ​លើ​វេទិកា​អន្តរជាតិ​រង​ភាព​អាម៉ាស់​ខ្លាំង​ណាស់។ វា​ប៉ះពាល់​ខ្លាំង​ដល់​យុវជន​រុស្ស៊ី ជំនាន់​ក្រោយ ដែល​ចង់​រស់នៅ​ក្រោម​ដំបូល​មេឃ​សន្តិភាព​ជាមួយ​នឹង​ប្រទេស​ជិតខាង​ទាំងអស់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស