36 C
Phnom Penh

លោក ជា សុផារ៉ា រង​ការ​ចោទប្រកាន់​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ​បក្ស​កាន់​អំណាច​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​របស់​ខ្លួន ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​រក​ឃើញ​ថា ការ​សម្ដែង​យក​មុខ​របស់​លោក ជា សុផារ៉ា កន្លងមក ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​ឥទ្ធិពល និង​មុខមាត់​គ្រួសារ «ហ៊ុន» យ៉ាង​ខ្លាំង​ក្នុង​តួនាទី​ជា​អ្នក​គ្រប់គ្រង​បញ្ហា​ដីធ្លី​សព្វថ្ងៃ​នេះ។

សមាជិក​គណបក្ស​កាន់​អំណាច លោក គង់ ឃៀង បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​២៥ តុលា នេះ បង្ហាញ​ពី​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​បក្ស​កាន់​អំណាច ដែល​លោក​អះអាង​ថា ពួកគេ​បាន​ទទួល​បញ្ជា​ពី​ថ្នាក់លើ​ទៅ​ហ៊ុមព័ទ្ធ​ផ្ទះ​របស់​លោក ក្រោយពី​សមាជិក​បក្ស​កាន់​អំណាច​រូប​នេះ​បាន​និយាយ​បកអាក្រាត​ពី​អំពើ​ទុច្ចរិត​របស់​លោក ជា សុផារ៉ា ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ពេញ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ។

សកម្មភាព​អាជ្ញាធរ​បក្ស​កាន់​អំណាច​នេះ ធ្វើឡើង​បន្ទាប់ពី​លោក គង់ ឃៀង បាន​បើក​កកាយ​រឿង​អយុត្តិធម៌​ដែល​បាន​កើត​មាន​ក្នុង​បក្ស​របស់​ខ្លួន ដែល​បង្ក​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ពេល​កន្លងទៅ។

នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ នេះ វីដេអូ​របស់​លោក គង់ ឃៀង ដែល​បាន​និយាយ​បកអាក្រាត​ពី​ទង្វើ​ទុច្ចរិត​របស់​សមាជិក​ជាន់ខ្ពស់​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​ស្រី​កំណាន់​របស់​ខ្លួន​ឈ្មោះ ហេង សុវត្តី ដោយ​ការ​ទទួល​យក​លុយ​ពី​សមាជិក​ខ្លួន​ជា​ថ្នូរ​នឹង​ការ​ជួយ​ជ្រោមជ្រែង​ឱ្យ​មាន​មុខនាទី​នៅ​ក្នុង​គណបក្ស ប៉ុន្តែ​ទីបំផុត លុយ​ក៏​អស់ តំណែង​ក៏​គ្មាន។

លោក គង់ ឃៀង អំពាវនាវ​ឲ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន ព្រោះ​ថា​លោក ជា សុផារ៉ា បាន​ទទួល​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​សមាជិក​ថ្នាក់ក្រោម​ជា​ថ្នូរ​ទៅ​នឹង​ការ​ដោះដូរ ឬ​ការ​ដំឡើង​ឋានៈ​នៅ​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ទៅ​ពួកគេ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ រដ្ឋមន្ត្រី​រូប​នេះ​នៅ​មិន​បាន​អនុវត្ត​តាម​ការ​សន្យា​របស់​ខ្លួន​នៅឡើយ។

នាយក​ប្រតិបត្តិ​របស់​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ តុលា នេះ​ថា ភាព​អយុត្តិធម៌​នៅ​ក្នុង​គណបក្ស​នយោបាយ​នីមួយៗ​មាន​ស្ទើរតែ​គ្រប់​បក្ស​ទាំងអស់ គ្រាន់តែ​ថា​តិច និង​ច្រើន ហើយ​អាច​ដោះស្រាយ​រឿង​ទាំងនោះ​បាន​ឬ​អត់​ប៉ុណ្ណោះ។

បណ្ឌិត សេក សុជាតិ អះអាង​ថា រឿង​អយុត្តិធម៌​ដែល​បាន​កើត​មក​ពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​នេះ គួរតែ​ត្រូវ​បាន​ដោះស្រាយ​នៅ​ក្នុង​រង្វង់​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​កាន់​អំណាច ដើម្បី​ផ្តល់​ភាព​ជា​គំរូ​ល្អ​សម្រាប់​បក្ស​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត ក្នុង​នាម​ខ្លួន​ជា​គណបក្ស​ដែល​ដឹកនាំ​រដ្ឋាភិបាល ជាពិសេស​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ផ្ទៃក្នុង​របស់​ខ្លួន​ជូន​មហាជន​ផង​ដែរ។

ដោយឡែក​អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ តុលា នេះ​ផង​ដែរ​ថា អ្នក​ដែល​ចេញ​មុខ​បកអាក្រាត​លោក ជា សុផារ៉ា ពី​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​បែប​នេះ ទំនង​ជា​សេណារីយោ​ដែល​អ្នក​មាន​អំណាច​ធំ​ជា​អ្នក​រៀបចំ​ឡើង ដើម្បី​ទាញ​ទម្លាក់​រដ្ឋមន្ត្រី​រូប​នេះ​ចេញពី​តំណែង​ដែល​កំពុង​មាន​ឥទ្ធិពល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក​លើកឡើង​ថា តាមរយៈ​នៃ​ការ​សង្កេត​របស់​លោក ការ​ចោទប្រកាន់​នេះ​បាន​កើតឡើង​ក្រោយ​ពេល​ដែល​លោក ឌី វិជ្ជា ដែល​ត្រូវ​ជា​ស្វាមី​របស់​អ្នកស្រី ហ៊ុន ម៉ាណា ត្រូវ​បាន​តែងតាំង​ធ្វើជា​ប្រធាន​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​មុខសញ្ញា​អ្នក​ញុះញង់​ករណី​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស ខណៈ​លោក ជា សុផារ៉ា ដែល​កំពុង​ទទួល​បន្ទុក​លើ​បញ្ហា​ដីធ្លី​នេះ កំពុងតែ​សម្ដែង​យក​មុខមាត់​ប្រជែង​យក​ឥទ្ធិពល និង​ប្រជាប្រិយភាព​ជាមួយ​ខ្សែ​បណ្ដាញ​ត្រកូល «ហ៊ុន» យ៉ាង​ខ្លាំង។

លោក គឹម សុខ បញ្ជាក់​ថា ដើម្បី​ឲ្យ​លោក ជា សុផារ៉ា អាច​បន្ត​តំណែង​របស់​ខ្លួន​ដោយ​ភាព​សុខសាន្ត គាត់​ត្រូវ​លះបង់​ទ្រព្យ​ធន​ផ្ទាល់ខ្លួន​ក្នុង​ចំណែក​ដ៏​ធំ​ណា​មួយ និង​ដក​ខ្លួន​ចេញពី​ការ​ប្រជែង​ឥទ្ធិពល​ជាមួយ​ខ្សែ​បណ្ដាញ​គ្រួសារ «ហ៊ុន» បន្ត​ទៀត នោះ​លោក ហ៊ុន សែន នឹង​បិទ​រឿង​នេះ​ចោល ហើយ​អ្នក​បកអាក្រាត​រឿង​អាស្រូវ​នេះ​ក៏​នឹង​ត្រូវ​បំបិទ​ចោល​តាម​វិធី​ដែល​គេ​បាន​ត្រៀម​រៀបចំ​ទុក​ដូច​គ្នា​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា សមាជិក​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ដែល​សម្រេច​ចិត្ត​ឈប់​គាំទ្រ មិន​ដែល​មាន​វាសនា​ល្អ ឬ​ទទួល​បាន​យុត្តិធម៌​ពី​សមាជិក​ជាន់ខ្ពស់​របស់​បក្ស​នេះ​ទេ ព្រោះ​ថា​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​បក្ស​ដែល​មាន​កំណើត​ចេញពី​បក្ស​កុម្មុយនីស្ត​វៀតណាម ដូច្នេះ​របៀប​ដឹកនាំ និង​ការ​គ្រប់គ្រង​របស់​ពួក​កុម្មុយនីស្ត តែង​ផ្ដោត​ទៅលើ​ខ្សែ​បណ្ដាញ​បក្ខពួក ជាជាង​ធានា​នូវ​ភាព​ត្រឹមត្រូវ និង​ភាព​យុត្តិធម៌​ចំពោះ​រឿង​អាស្រូវ​ដែល​បាន​កើតឡើង​នូវ​ផ្ទៃក្នុង​របស់​ពួកគេ។

ទោះ​យ៉ាងណា មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ សារព័ត៌មាន The Cambodia daily មិន​ទាន់​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស