នៅតំបន់អាស៊ីអាគ្នេយ៍ដែលជាសមាគមអាស៊ាននាពេលនេះ មាន ១០ប្រទេសជាសមាជិកតំបន់នេះ។ ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ជាប្រទេសស្ថាបនិកសមាគមនេះដែលមានកំណើតតាំងពីឆ្នាំ១៩៦៧ នៅពេលពិភពលោកធ្លាក់ក្នុងមនោគមន៍វិជ្ជាសង្គ្រាមត្រជាក់។
ប្រទេស ៥ទៀត គឺប្រ៊ុយណេ វៀតណាម ឡាវ ភូមា កម្ពុជា ជាសមាជិកចុងក្រោយបន្តបន្ទាប់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនៃទ្វីបអាស៊ី។ ប្រទេសប្រ៊ុយណេ ចូលសមាជិកអាស៊ាននៅខែមករា ឆ្នាំ១៩៨៤ ជាឆ្នាំដែលប្រទេសប្លុកកុម្មុយនីស្តកំពុងតែឈានទៅរកការដួលរលំ។
នៅឆ្នាំ១៩៩១ មេខ្លោងធំជាងគេ គឺសហភាពសូវៀត បានដួលរលំក្រោមកម្លាំងលោកខាងលិច ឬប្រទេសប្រជាធិបតេយ្យ និងសេរីនិយម ដែលសហរដ្ឋអាមេរិកជាមេដឹកនាំធំជាងគេ។ ក្នុងទសវត្ស១៩៩០ ជាពេលដែលប្រទេសកុម្មុយនីស្តនៅក្នុងតំបន់ គឺមានវៀតណាម ឡាវ ភូមា កម្ពុជា បានដាក់ពាក្យសុំចូលជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន។
ប្រទេស ៤ នេះ ចូលសមាជិកអាស៊ានពុំមែនចង់ជួយពង្រឹងប្រជាធិបតេយ្យក្នុងតំបន់ទេ គឺគ្រាន់តែចង់ពង្រឹងសមាគមនេះក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម តែជួយពង្រឹងសន្តិសុខតំបន់តិចតួចប៉ុណ្ណោះ ហើយសូម្បីប្រទេសភូមា ដែលស្ថិតនៅក្រោមពួកយោធា ឬរបបសឹក ហើយវៀតណាមឡាវ នៅតែប្រកាន់ប្រព័ន្ធដឹកនាំកុម្មុយនីស្ត។ ប្រទេសទាំងនេះគ្រាន់តែបើកចំហសេដ្ឋកិច្ចសេរីដូចបណ្ដាប្រទេសកុម្មុយនីស្តមួយដែលនៅសេសសល់មានទាំងប្រទេសចិន គុយបា ជាដើម។
ដោយឡែកប្រទេសកម្ពុជា តែមួយគត់ដែលដូររដ្ឋធម្មនុញ្ញរបបកុម្មុយនីស្តទាំងស្រុងទៅជារដ្ឋធម្មនុញ្ញតាមបែបប្រទេសសេរីនិយមពហុបក្ស ដែលមានក្រុមអ្នកនយោបាយជំទាស់នៅក្នុងរដ្ឋសភា ហើយទោះជាប្រទេសនេះមានស្ដេចជាព្រះប្រមុខរដ្ឋក៏ដោយ គឺពុំមានអំណាចឡើយ។ គេថាមហាក្សត្រជាប្រមុខរដ្ឋតំណាងអធិបតេយ្យជាតិ។
ចំណែកប្រទេសប្រ៊ុយណេ ជាសមាជិកអាស៊ានដែលប្រកាន់របបរាជានិយមបែបផ្ដាច់ការនៅឡើយទេ។ ប្រទេសដ៏តូចមួយនេះចូលសមាជិកអាស៊ានក៏ព្រោះតែចង់បានអាស៊ានជាខ្នងបង្អែករបស់ខ្លួន ដើម្បីអធិបតេយ្យភាព បូរណភាពទឹកដីតែប៉ុណ្ណោះ។
ចុះហេតុអ្វីបានជាគេថាប្រទេសភូមា ក្រោមឥទ្ធិពលចិន ខ្លាំងជាងគេ ហើយឡាវ និងកម្ពុជា ក្រោមឥទ្ធិពលវៀតណាម ផង និងចិន ផង?
នៅពេលត្រូវបានសាកសួរពីសំណួរពាក់ព័ន្ធនឹងបញ្ហាភូមិសាស្ត្រនយោបាយវិញ គេត្រូវនិយាយយោងដល់ឥទ្ធិពលប្រទេសមហាអំណាចពីរ គឺសហរដ្ឋអាមេរិក និងចិន ហើយអាចមានតិចតួចប៉ុណ្ណោះសហព័ន្ធរុស្ស៊ី។
ក្រុមអ្នកវិភាគខ្លះមើលឃើញជាហេតុផលចម្បងមួយដែលជំរុញប្រទេសអាស៊ីអាគ្នេយ៍ មិនអាចចោលសហរដ្ឋអាមេរិកបាន ក៏ព្រោះតែប្រទេសស្ថាបនិកអាស៊ាន ៥ប្រទេសនោះនៅតែស្ថិតប៉ូលនយោបាយភូមិសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោន។ គេថាប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ នៅតែជាសម្ព័ន្ធភាពប្រជាធិបតេយ្យរឹងមាំជាមួយពួកបស្ចិមលោក ដែលអាមេរិកជាមេខ្លោង។
បើនិយាយពីស្ថានភាពភូមិសាស្ត្រសន្តិសុខវិញ ប្រទេសទាំង ៥ នេះ ពិតជាចាប់យកក្រុងវ៉ាស៊ីនតោន ជាធំ បើធៀបនឹងចិន។ តើមូលហេតុអ្វី? វាមិនពិបាកបកស្រាយទេ ព្រោះពេលនេះប្រទេសចិន កំពុងតែវាតទីពង្រីកដែនទឹកនៅសមុទ្រចិនខាងត្បូង កំពុងមានជម្លោះជាមួយប្រទេសក្នុងតំបន់អាស៊ាន ដែលមានហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។
ករណីនេះហើយដែលវៀតណាម ជាប្រទេសកុម្មុយនីស្តបានដើរទៅរកសហរដ្ឋអាមេរិក ទាំងវិស័យសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ ហើយបើនិយាយពីប្រទេសហ្វីលីពីន ចាប់ដៃក្រុងវ៉ាស៊ីនតោន យ៉ាងណែន ដើម្បីជាខ្នងបង្អែកទប់ទល់ប្រទេសចិន។
ចុះប្រទេសភូមា វិញ គឺប្រទេសនេះដែលកំពុងធ្លាក់ក្នុងរបបសឹកឡើងវិញ ត្រូវគេមើលឃើញថាកំពុងតែស្ថិតក្រោមឥទ្ធិពលចិន យ៉ាងខ្លាំង ព្រោះរបបសឹកនេះពឹងខ្លាំងលើការដកដង្ហើមសេដ្ឋកិច្ច និងជំនួយយោធាពីចិន ដើម្បីធ្វើសង្គ្រាមការពារអំណាច។
គេថាបើគ្មានចិន នៅពីក្រោយ របបសឹកមិនរឹងមាំឡើយ ដែលងាយនឹងដួលរលំទាំងសេដ្ឋកិច្ច និងការការពារអំណាចយោធានិយមរបស់ខ្លួន។ ពិភពលោកគេដាក់ទណ្ឌកម្មលើរបបសឹក តែចិន កាន់តែមានឱកាសស្រូបយកផលប្រយោជន៍ពីភូមា ក្រោមទស្សនៈមួយដែលថា «យើងជួយឯង ឯងត្រូវឱ្យមកអញ»។
ចុះគេថា ឡាវ និងកម្ពុជា ជាប្រទេសក្រោមឥទ្ធិពលទាំងវៀតណាម ផង ចិន ផង តើមូលហេតុអ្វី?
អ្វីដែលអ្នកវិភាគមើលឃើញប្រទេសពីរនេះក្រោមក្រោមឥទ្ធិពលវៀតណាម ផង ចិន ផង គឺមកពីកត្តាភូមិសាស្ត្រ ប្រវត្តិសាស្ត្រ កត្តាភូមិសាស្ត្រនយោបាយ កត្តាសន្តិសុខ និងសេដ្ឋកិច្ច។ កត្តាភូមិសាស្ត្រ ប្រវត្តិសាស្ត្រ គឺមានតាំងពីបុរាណកាលមក ដែលអាចរាប់តាំងពីសម័យអាណានិគមបារាំង ដែលបារាំង ជាអ្នកលើកតម្កើងឥទ្ធិពលវៀតណាម ខ្លាំងជាងគេ ហើយរហូតមកដល់សង្គ្រាមត្រជាក់ គឺវៀតណាម ស្រវាឱបកម្ពុជា និងឡាវ ធ្វើជាកម្លាំងនយោបាយមនោគមន៍វិជ្ជាកុម្មុយនីស្តរបស់ខ្លួន ដែលក្រោយពីវៀតណាមកុម្មុយនីស្តខាងជើង ផ្ដួលវៀតណាមសេរីនៅខាងត្បូងបាននៅឆ្នាំ១៩៧៥ វៀតណាមទាំងមូលក្នុងដៃមេកុម្មុយនីស្ត ហូ ជី មិញ ដោយចាប់យកកម្ពុជា និងឡាវ ឱ្យដូររបបដឹកនាំទៅរបបកុម្មុយនីស្តដែលខ្នងបង្អែកដ៏រឹងមាំរបស់វៀតណាម គឺសហភាពសូវៀត។
ក្នុងគ្រានោះ ប្រទេសឡាវ និងកម្ពុជា ចាប់ផ្ដើមក្រោមឥទ្ធិពលវៀតណាម ជាពិសេសគឺប្រទេសដែលដូររបបដឹកនាំទៅរបបកុម្មុយនីស្ត។ ប្រទេសឡាវ មានជំនាញការវៀតណាម តាំងនៅជាប់ថ្នាក់ដឹកនាំឡាវ នៅតាមបណ្ដាក្រសួងរបស់រដ្ឋ។ ចំណែកវៀតណាម ដែលជួយផ្ដួលរំលំរបបកុម្មុយនីស្តកម្ពុជាប្រជាធិបតេយ្យបែបប្រទេសចិន នៅឆ្នាំខែមករា ឆ្នាំ១៩៧៩ ក៏មានកងទ័ព និងជំនាញការវៀតណាម នៅតាមបណ្ដាក្រសួងរបស់រដ្ឋ។
តែកម្ពុជា មានសំណាងជាងឡាវ បន្តិច ព្រោះដោយបានដូររបបដឹកនាំទៅរករបបរាជានិយមអាស្រ័យធម្មនុញ្ញ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិភពលោក ដែលតម្រូវឱ្យបញ្ចប់ការគ្រប់គ្រងរបស់វៀតណាម នៅកម្ពុជា។
តែយ៉ាងណា គេថាប្រទេសទាំងពីរនេះនៅតែត្រូវគេមើលឃើញថានៅក្រោមឥទ្ធិពលវៀតណាម នៅឡើយ បើទោះជាចរន្តពិភពលោកបញ្ចប់មនោគមន៍វិជ្ជាកុម្មុយនីស្តក៏ដោយ។ នេះបើគេនិយាយពីវៀតណាម នៅតែមានឥទ្ធិពលលើប្រទេសឡាវ និងកម្ពុជា។
បើនិយាយពីក្រោមឥទ្ធិពលចិន វិញ គឺប្រទេសពីរនេះចាប់យកចិន ជាខ្នងបង្អែកខ្លាំង គឺនយោបាយសេដ្ឋកិច្ច។ បំណុលពាន់លានដុល្លារ គឺជាកត្តាភូមិសាស្ត្រនយោបាយសេដ្ឋកិច្ច ដែលងាកពីចិន មិនរួចឡើយ។
រឿងបំណុលរបស់ចិន ពាន់លានដុល្លារ គឺក្រុងប៉េកាំង ពិតជាមិនចង់ឱ្យមានការដោះដូរមេដឹកនាំឡើយ។ ជាក់ស្ដែង ប្រទេសដែលធ្លាក់ក្រោមបំណុលចិន ពាន់លានដុល្លារ ហើយដោះដូរមេដឹកនាំ គឺមេដឹកនាំថ្មីរបស់ប្រទេសនោះត្រូវសើរើបំណុលដោយការផ្ទៀងផ្ទាត់តម្លាភាពនៃការប្រើប្រាស់ប្រាក់កម្ចី ដែលជាក្ដីបារម្ភខ្លាំងរបស់ចិន ព្រោះចង់មិនចង់ ចិននឹងបាត់បង់ទាំងការប្រាក់ និងប្រាក់ដើម ដែលករណីនេះមានច្រើនហើយដូចជានៅប្រទេសស្រីលង្កា ប៉ាគីស្ថាន និងចុងក្រោយប្រទេសបង់ក្លាដេស។
ចិន ស្រវាឱ្យប្រទេសឡាវ និងកម្ពុជា ដោយសារបំណុលពាន់លានដុល្លាររបស់ខ្លួន តែមេដឹកនាំប្រទេសពីរនេះការពារអំណាចរឹងមាំរបស់ខ្លួន ជាពិសេសប្រទេសកម្ពុជាបានដោយសារតែការពារបំណុលចិនដែរ។
សរុបទៅ ឡាវ និងកម្ពុជា នៅតែក្រោមឥទ្ធិពលវៀតណាម ដោយសារកត្តាភូមិសាស្ត្រប្រវត្តិសាស្ត្រ កត្តាភូមិសាស្ត្រនយោបាយ។ ឡាវ និងកម្ពុជា នៅក្រោមឥទ្ធិពលចិន ដោយសារកត្តាភូមិសាស្ត្រសេដ្ឋកិច្ចនយោបាយ៕