27.8 C
Phnom Penh

តើ​ព្រះសង្ឃ និង​មេដឹកនាំ​ខ្មែរ បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះពុទ្ធ​សាសនា និង​សង្គម​ជាតិ​របស់​ខ្លួន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ ខៀវ សុភា

មាន​ពាក្យ​ជាច្រើន​តែង​ចោទប្រកាន់​លើ​ព្រះពុទ្ធ​សាសនា ថា ព្រះពុទ្ធ​សាសនា​ធ្វើ​ឱ្យ​មនុស្ស​ទន់​ខ្សោយ ពុទ្ធសាសនា​ធ្វើ​ឱ្យ​មនុស្ស​ក្រ ឬ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ធ្វើ​ឲ្យ​មនុស្ស​ខ្ជិល ជាដើម។

ដើម្បី​ឆ្លើយ​នឹង​ពាក្យ​ចោទប្រកាន់​ទាំងនេះ ពលរដ្ឋ​ខ្មែរ​ត្រូវ​ស្វែងយល់​ឱ្យ​បាន​ស៊ីជម្រៅ​ជា​មុន​សិន​ថា តើ​ព្រះសង្ឃ និង​មេដឹកនាំ​ខ្មែរ បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះពុទ្ធ​សាសនា និង​សង្គម​ជាតិ​របស់​ខ្លួន?

កញ្ញា ខៀវ សុភា សូម​ជូន​សេចក្តី​រាយការណ៍​បែប​ស៊ីជម្រៅ​មួយ​ដោយ​ផ្ដោត​ទៅ​លើ​ទស្សនទាន​នានា​ជុំវិញ​កិច្ច​បដិបត្តិ​របស់​ព្រះសង្ឃ និង​មេដឹកនាំ​ខ្មែរ​ក្នុង​សង្គម​បច្ចុប្បន្ន។

ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ប្រជាជន​ខ្មែរ​គោរព​ប្រតិបត្តិ​ជា​ផ្លូវការ​ឡើងវិញ បន្ទាប់ពី​ត្រូវ​បាន​កំណត់​ជា​បាវចនា​របស់​ជាតិ​ក្នុង​មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ គឺ ជាតិ សាសនា ព្រះមហាក្សត្រ បន្ទាប់ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​លុប​បំបាត់​ព្រះពុទ្ធ​សាសនា​ចោល​ទាំងស្រុង ក្រោយពី​បាន​កាន់កាប់​ប្រទេស​កម្ពុជា​អស់​រយៈពេល ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ។

ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ព្រះសង្ឃ​ខ្មែរ​ត្រូវ​បាន​កងទ័ព​ខ្មែរក្រហម​ចាប់​ផ្សឹក ខណៈ​វត្ត​អារាម​ត្រូវ​បាន​ប្រើប្រាស់​ជា​បន្ទាយ​ទាហាន ចំណែក​ព្រះពុទ្ធរូប ត្រូវ​បាន​វាយ​កម្ទេច​ចោល ក្នុង​នោះ ពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​មុតមាំ និង​អ្នក​ដែល​ធ្លាប់​បួស​ជា​សង្ឃ ក៏​ត្រូវ​របប​យង់ឃ្នង​មួយ​នេះ​បង្ខំ​ឱ្យ​ដើរ​ជាន់​លើ​រូបថត​របស់​ព្រះពុទ្ធ ឬ​ដើរ​ជាន់​ពី​លើ​រូបសំណាក​ព្រះពុទ្ធ ជាដើម។

យ៉ាងណាក៏ដោយ ក្រោយ​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​កំណត់​ជា​បាវចនា​របស់​ជាតិ​ក្នុង​រដ្ឋធម្មនុញ្ញ​រយៈពេល ៣២​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា សាសនា​ព្រះពុទ្ធ ទទួល​បាន​ការ​គោរព​ប្រតិបត្តិ​យ៉ាង​ទូលំទូលាយ​រហូត​ដល់ ៩៧% ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា ១៧​លាន​នាក់ ក្នុង​នោះ វត្ត​អារាម​ក៏​ត្រូវ​បាន​កសាង​ឡើង​ជាបន្តបន្ទាប់​នៅ​ទូទាំង​ប្រទេស។

ដោយសារ​វិស័យ​ព្រះពុទ្ធ​សាសនា​មាន​ការ​រីកចម្រើន​ជាង ៣០​ឆ្នាំ​មក​នេះ អង្គការ​ពុទ្ធសាសនិក​ពិភពលោក កាលពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ ក៏​បាន​ផ្តល់​គោរមងារ​កិត្តិយស​ជា «ពុទ្ធមាមកាភិបាល» ដល់​លោក ហ៊ុន សែន ដែល​មាន​អត្ថន័យ​ជា​ភាសា​ខ្មែរ​ថា «អ្នក​ស្រឡាញ់​ថែរក្សា​ព្រះពុទ្ធ​សាសនា»

យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​ទូទៅ​រិះគន់​ថា លោក ហ៊ុន សែន មិន​សក្ដិសម​នឹង​ទទួល​គោរមងារ​នេះ​ទេ ព្រោះ​គាត់​មិន​ដែល​បាន​ចូលរួម​លើកកម្ពស់​កិច្ច​បដិបត្តិ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​នោះ​ទេ ប៉ុន្តែ​តាមរយៈ​សកម្មភាព​កន្លង​មក គាត់​បាន​ដឹកនាំ​បំផ្លាញ​ព្រះពុទ្ធ​សាសនា​ទៅវិញ។

ជាង ៣០​ឆ្នាំ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​បាន​ដឹកនាំ​លើកកម្ពស់​កិច្ច​បដិបត្តិ​ធម៌​វិន័យ​ក្នុង​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​ត្រឹមត្រូវ​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​បន្លំ​ខ្លួន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ទេ ប៉ុន្តែ​គាត់​បែរជា​ប្រើ​វិស័យ​សាសនា​មួយ​នេះ​ដើម្បី​ឃោសនា​នយោបាយ​រក​ផល​ប្រយោជន៍​ឱ្យ​ខ្លួន និង​ក្រុម​គ្រួសារ​ទៅវិញ។

ជាក់ស្តែង សព្វថ្ងៃ​នេះ លោក ហ៊ុន សែន បាន​ប្រើ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ជា​ទីបញ្ជាការ​រៀបចំ​រចនាសម្ព័ន្ធ​សង្ឃ​តាម​វត្ត​អារាម​នីមួយៗ​គ្រប់​ទីកន្លែង​ទាំងអស់ រាប់​ចាប់តាំងពី​វត្ត​អារាម​ក្នុង​រាជធានី​ភ្នំពេញ រហូត​ជនបទ​ដាច់ស្រយាល។

ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​សង្ឃ​តាម​វត្ត​អារាម​ឲ្យ​មាន​ប្រសិទ្ធភាព គាត់​បាន​ផ្តល់​បុណ្យស័ក្តិ​លាភ​សក្ការៈ តួនាទី ដល់​ព្រះសង្ឃ​ដែល​ស្ម័គ្រចិត្ត​បម្រើ​និន្នាការ​នយោបាយ​ឲ្យ​បក្ស​កាន់​អំណាច ដូចជា ការ​ផ្តល់​ឋានៈ​ជា​មន្ត្រី​សង្ឃ ជា​គណៈសង្ឃ​ជាន់ខ្ពស់ និង​ជា​រាជាគណៈ​សង្ឃ រហូត​ដល់​ឋានៈ​ជា​សម្តេច​ព្រះសង្ឃរាជ ជាដើម។

ព្រះសង្ឃ​ដែល​មាន​ឋានៈ​បុណ្យស័ក្តិ និង​តួនាទី​ជា​មន្ត្រី​សង្ឃ​ជាន់ខ្ពស់ ស្ទើរតែ​គ្រប់​អង្គ​ទាំងអស់ រាប់​ចាប់តាំងពី​ចៅអធិការ​វត្ត មេគណ អនុគណ ធម្ម​ធម៌ វិន័យ​ធម៌ រាជាគណៈ រហូត​ដល់​សម្តេច​ព្រះសង្ឃរាជ។ គេ​សង្កេត​ឃើញ​ក្រុម​មន្ត្រី​សង្ឃ​ទាំងនោះ​សុទ្ធសឹងតែ​ជា​អ្នក​ឃោសនា​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច ហើយ​មិន​ដែល​ហ៊ាន​ទេសនា​ប្រាប់​ពុទ្ធបរិស័ទ​អំពី​ការពិត​នៃ​សង្គម​បច្ចុប្បន្ន​ដែល​កំពុង​ដឹកនាំ​ដោយ​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ពី​សំណាក់​បក្ស​កាន់​អំណាច​ម្តង​ណា​នោះ​ទេ។

តាមរយៈ​រចនាសម្ព័ន្ធ​រៀបចំ​របស់​លោក ហ៊ុន សែន បែប​នេះ ការ​តែងតាំង​មន្ត្រី​សង្ឃ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ចង្កោម​ខ្សែស្រឡាយ និង​បក្ខពួក​តែប៉ុណ្ណោះ។ ចំណែក​ព្រះសង្ឃ​ដែល​ល្បីល្បាញ​មាន​ពុទ្ធបរិស័ទ​គាំទ្រ​ច្រើន ក៏​ត្រូវ​បាន​លោក ហ៊ុន សែន ទិញ​ទឹកចិត្ត​តាមរយៈ​នៃ​ការ​ផ្តល់​ឱ្យ​នូវ​លាភ​សក្ការៈ ដូចជា លុយ ឡាន ជាដើម។

ដោយឡែក​ព្រះសង្ឃ​ដែល​មាន​បំណង​ផ្សព្វផ្សាយ​ពី​កិច្ច​បដិបត្តិ​ពុទ្ធឱវាទ​ពិតប្រាកដ​តាម​ធម៌​វិន័យ មិន​ត្រូវ​បាន​លើក​ទឹកចិត្ត​ឱ្យ​ដឹកនាំ​បដិបត្តិ​ឡើយ។ ផ្ទុយទៅវិញ ត្រូវ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​មន្ត្រី​សង្ឃ​ដែល​ស្ថិត​ក្រោម​រចនាសម្ព័ន្ធ​គណបក្ស និង​ពី​មន្ត្រី​រដ្ឋាភិបាល​ទៅវិញ។

ជាក់ស្តែង ព្រះ​ភិក្ខុ សំ ប៊ុនធឿន ដែល​ជា​ព្រះសង្ឃ​លេចធ្លោ​មួយ​អង្គ​នៅ​កម្ពុជា​ក្នុង​ការ​ផ្សព្វផ្សាយ​ព្រះធម៌ ដែល​បាន​លើកឡើង​ពី​ការពិត​ក្នុង​សង្គម​ខ្មែរ ដូចជា អំពើពុករលួយ និង​អំពើ​ទុច្ចរិត​ផ្សេងៗ​របស់​អ្នក​ដឹកនាំ​ខ្មែរ ក៏​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​យ៉ាង​អយុត្តិធម៌​ជាទីបំផុត។

ជាង​នេះ​ទៀត ព្រះសង្ឃ​ខ្មែរ​ដែល​ចូលរួម​បាតុកម្ម​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម ដូចជា បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ជាដើម ក៏​ត្រូវ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បង្ក្រាប​ដោយ​ហិង្សា​ដែរ ដូចជា​ការ​វាយតប់ ដោយ​ប្រើ​ដំបង​ឆក់ ឬ​ប្រើ​កាំភ្លើង​បាញ់​រះ​លើ​ព្រះសង្ឃ​ទាំងនោះ​នា​ពេល​កន្លងមក។

លើស​ពី​នេះ ព្រះសង្ឃ​ដែល​ចូលរួម​ជាមួយ​សកម្មជន​ផ្សេងៗ ដូចជា សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​សកម្មជន​ដីធ្លី ជាដើម ក៏​ត្រូវ​បាន​ចាប់​ផ្សឹក​ពី​សំណាក់​មន្ត្រី​សង្ឃ ឬ​រាជា​គណៈសង្ឃ និង​នាំ​ខ្លួន​យក​ទៅ​ដាក់​គុក​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន ថែមទៀត ជាពិសេស​ព្រះសង្ឃ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ត្រូវ​ចាប់​ខ្លួន​គ្មាន​ករណី​លើកលែង​ឡើយ ដូចជា​ករណី​ព្រះតេជព្រះគុណ ទឹម សាខន ចៅអធិការ​វត្ត​ភ្នំដិន ស្រុក​គិរីវង់ ខេត្ត​តាកែវ ដែល​ត្រូវ​បាន​ចាប់​ផ្សឹក និង​បញ្ជូន​ខ្លួន​ទៅ​កាត់ទោស​នៅ​ប្រទេស​វៀតណាម តាម​បញ្ជា​លោក ហ៊ុន សែន កាលពី​អំឡុង​ឆ្នាំ​២០០៧ កន្លង​ទៅ​នោះ។

ដើម្បី​គ្រប់គ្រង​ព្រះសង្ឃ​ទូទាំង​ប្រទេស​កុំ​ឱ្យ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​ខ្លួន គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​ក្រសួង​ធម្មការ និង​សាសនា ជា​ឧបករណ៍ ដោយ​តែងតាំង​សមាជិក​បក្ស​ឱ្យ​មក​គ្រប់គ្រង​ក្រសួង​មួយ​នេះ ដូចជា លោក ចាយ បូរិន ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា នៅ​ពេលនេះ ជាដើម។

ជាង​នេះ​ទៀត មន្ទីរ​ធម្មការ និង​សាសនា ដែល​ត្រូវ​បាន​ពង្រាយ​តាម​រាជធានី-ខេត្ត​ទាំង​២៥ ក៏​ត្រូវ​បាន​ប្រើ​ជា​សេនាធិការ​ក្នុង​ការ​គ្រប់គ្រង​ព្រះសង្ឃ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ដែរ ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​បក្ស​កាន់​អំណាច។

ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ចំណុះ​ជើងវត្ត​មួយ​នៅ​ស្រុក​ភ្នំក្រវាញ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ប្រមាណ​ជា ៣​ឆ្នាំ​មុន ក្នុង​ជំនាន់​ដឹកនាំ​របស់​អតីត​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ពោធិ៍សាត់ ឈ្មោះ រុន សុភារិន មិន​ដែល​ខ្វល់​នឹង​ការ​ដឹកនាំ​លើកស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​ទេ។ ផ្ទុយទៅវិញ អតីត​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ពោធិ៍សាត់ រូប​នេះ តែង​តម្រូវ​ឱ្យ​ចៅអធិការ​តាម​វត្ត​នីមួយៗ​បង់​លុយ​ប្រចាំ​ឱ្យ​ខ្លួន​ទៅវិញ ដោយ​យក​តួនាទី​ក្នុង​បក្ស​កាន់​អំណាច​មក​គំរាមកំហែង​ព្រះសង្ឃ​ទាំងនោះ ព្រោះ​សំអាង​ថា​ខ្លួន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​អតីត​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម។

គេ​សម្គាល់​ឃើញ​ថា ដោយសារតែ​ស្ថាប័ន​ដឹកនាំ​សាសនា​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​បែប​នេះ​ហើយ ទើប​អំពើ​ទុច្ចរិត និង​អំពើ​អនាចារ​ផ្សេងៗ​ដែល​កើតមាន​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​យ៉ាង​អនាធិបតេយ្យ​នា​ពេល​កន្លងមក មិន​ត្រូវ​បាន​លុប​បំបាត់​នោះ ត្បិត​អ្នក​ប្រព្រឹត្ត​សុទ្ធសឹងតែ​ជា​សែស្រឡាយ និង​ជា​បក្ខពួក​មន្ត្រី​សង្ឃ​ថ្នាក់លើ​ដែល​កំពុង​បម្រើ​និន្នាការ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច​ទាំងអស់​នោះ។

យោង​តាម​របាយការណ៍​ក្រសួង​ធម្មការ និង​សាសនា ឆ្នាំ​២០២៣ ឱ្យ​ដឹង​ថា កម្ពុជា​មាន​វត្ត​អារាម​ជាង ៥​ពាន់​វត្ត (៥១៣៣​វត្ត) និង​ព្រះសង្ឃ​មាន​ចំនួន​ជាង ៦​ម៉ឺន​អង្គ (៦៨៩៧៦​អង្គ) ខណៈ​អាស្រម​ជាង ១០០​អាស្រម (១៤០​អាស្រម) រួម​ទាំង​មណ្ឌល​វិបស្សនា​ជាង ៤០​មណ្ឌល​ផង​ដែរ (៤៤​មណ្ឌល)។

ក្នុង​ចំណោម​វត្ត​អារាម​ទាំង​ជាង ៥​ពាន់​វត្ត ត្រូវ​បាន​បែងចែក​ជា​ពីរ គឺ​គណៈមហានិកាយ និង​គណៈធម្មយុត្តនិកាយ ក្នុង​នោះ​ជាង ៤​ពាន់​វត្ត (៤៨៦៦​វត្ត) គឺជា​គណៈមហានិកាយ ដែល​មាន​ព្រះសង្ឃ​ជាង ៦​ម៉ឺន ៦​ពាន់​អង្គ (៦៦៦០៩​អង្គ) ចំណែក​ជាង ២០០​វត្ត​ផ្សេង​ទៀត (២៦៧​វត្ត) គឺជា​គណៈធម្មយុត្តនិកាយ ដែល​មាន​ព្រះសង្ឃ​ជាង ២​ពាន់​អង្គ​ផង​ដែរ (២៣៥៨​អង្គ)។

របាយការណ៍​ដដែល​បញ្ជាក់​ថា ក្រៅពី​វត្ត​អារាម បច្ចុប្បន្ន​នេះ កម្ពុជា​ក៏​មាន​សាលា​ធម្ម​វិន័យ​ថ្នាក់​ត្រី ទោ ឯក សរុប​ជាង ៥០០​សាលា​ដែរ (៥២៩​សាលា) ខណៈ​ពុទ្ធិកបឋមសិក្សា​មាន​ចំនួន​ជិត ១​ពាន់​សាលា (៩៥០​សាលា) និង​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​មាន​ចំនួន​ជិត ៤០០​សាលា (៣៨​សាលា) រីឯ​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​មាន​ចំនួន ១៤​សាលា ចំណែក​ពុទ្ធិក​សាកលវិទ្យាល័យ​ក៏​មាន ៣​សាលា​ដែរ។

សារព័ត៌មាន The Cambodia Daily នឹង​រៀបរាប់​លម្អិត​ពី​អំពើ​អនាចារ និង​អំពើ​ទុច្ចរិត​របស់​ព្រះសង្ឃ​ខិលខូច​ក្នុង​វត្ត​អារាម​នីមួយៗ​នៅ​ភាគ​ទី​២។ ដូច្នេះ សូម​មិត្ត​អ្នក​ស្តាប់​រង់ចាំ​តាមដាន​នៅ​វីដេអូ​បន្ទាប់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស