សង្គ្រាមនៅប្រទេសស៊ីរី ដែលមានរយៈពេល ១៣ឆ្នាំហើយនេះ បានបណ្តាលឲ្យមនុស្សជាងកន្លះលានស្លាប់បាត់បង់អាយុជីវិត។ ប្រជាជនស៊ីរី ជាង ៣លាន ២០ម៉ឺននាក់បានរត់ចោលផ្ទះសម្បែងភូមិកររបស់ពួកគេ។
ដោយសារតែសង្គ្រាម ប្រជាជន ៩០% ធ្លាក់ក្រោមបន្ទាត់ភាពក្រីក្រ និងកំពុងស្រែកដង្ហោយរកជំនួយមនុស្សធម៌។ នេះបើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនៅប្រទេសអង់គ្លេស។
តែនៅមួយសប្ដាហ៍ចុងក្រោយនេះ កម្លាំងឧទ្ទាមប្រឆាំងរបបផ្ដាច់ការនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី បាល់សាល អាល់អាសាដ កំពុងវាយកាន់កាប់បានច្រើនតំបន់ និងទីក្រុងជាច្រើន ទាំងនៅភាគខាងជើង និងភាគខាងត្បូងប្រទេស ក្រោយពីក្រុមប្រឆាំងវាយកាន់កាប់បានទីក្រុង Aleppo ជាទីក្រុងធំទី២ បន្ទាប់ពីរដ្ឋធានីដាម៉ស។
តាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Post ដែលបានស្រង់ប្រភពចារកម្មនៃប្រទេសអ៊ុយក្រែន នៅភាគខាងត្បូងឱ្យដឹងថា កងទ័ពឧទ្ទាមកំពុងកាន់កាប់ទីក្រុងច្រើនទៀត។ ទីក្រុង Hama ទីក្រុង Homs និងទីក្រុង Suwayda កំពុងធ្លាក់ក្នុងដៃរបស់កម្លាំងប្រឆាំង។ សេចក្ដីរាយការណ៍របស់ Kyiv Post បានឱ្យដឹងថា រដ្ឋធានីដាម៉ស ចាប់ផ្ដើមធ្លាក់ក្នុងសង្គ្រាមហើយ។
ក្នុងស្ថានភាពធ្ងន់ធ្ងរនេះ ទូតសម្ព័ន្ធភាពនឹងរបបផ្ដាច់ការ អាល់អាសាដ មានដូចជាទូតរុស្ស៊ី បានប្រកាសជម្លៀសមន្ត្រីទូត និងយោធារបស់ខ្លួនឡើងយន្តហោះទៅប្រទេសរុស្ស៊ី វិញ ដែលព្រឹត្តិការណ៍នេះកើតឡើងក្រោយពីបន្ទាយកងទ័ពរុស្ស៊ី នៅភាគខាងត្បូងធ្លាក់ក្នុងដៃរបស់កម្លាំងឧទ្ទាម។
តាមដំណឹងមកថា ទ័ពរុស្ស៊ី បានបោះបង់ចោលអាវុធរបស់ខ្លួន ហើយរត់ឡើងយន្តហោះជាមួយជនស៊ីវិលហោះទៅរុស្ស៊ី។
រុស្ស៊ី បានបញ្ជូនទ័ពរាប់ពាន់នាក់ និងសព្វាវុធមកជួយច្បាំងនឹងកងទ័ព អាល់អាសាដ នៅឆ្នាំ២០១៤ ក្រោយពីប្រជាជនប្រទេសស៊ីរី ងើបឡើងបះបោរនៅក្នុងឆ្នាំ២០១១ ដើម្បីទម្លាក់លោក អាល់អាសាដ។ ប្រជាជនស៊ីរី ផ្ទុះបដិវត្តន៍ប្រឆាំងរបប អាល់អាសាដ ចំពេលប្រទេសក្នុងតំបន់អារ៉ាប់នេះធ្លាក់ក្នុងបដិវត្តន៍របស់ប្រជាជនបះបោរប្រឆាំងមេដឹកនាំរបស់ខ្លួន។
សេចក្ដីរាយការណ៍ចុងក្រោយរបស់សារព័ត៌មាន Kyiv Post និងបណ្ដាញផ្សាយព័ត៌មានជាច្រើនទៀតនៅតំបន់អារ៉ាប់ ចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូ នេះថា ប្រទេសអ៊ីរ៉ង់ ជាម្ចាស់របស់លោក អាល់អាសាដ រួមនឹងរុស្ស៊ី កំពុងដុតដៃដុតជើងជួយការពាររបបនៅរដ្ឋធានីដាម៉ស របស់លោក អាល់អាសាដ។
រុស្ស៊ី បានបញ្ចេញយន្តហោះចម្បាំងទម្លាក់គ្រាប់បែកទប់ស្កាត់កម្លាំងវាយរុលរបស់ក្រុមប្រឆាំង តែអ្នកជំនាញថា ទំនងយឺតពេលហើយ ព្រោះក្រុមប្រឆាំងវាយរុលលឿនដែលសូម្បីទ័ពរុស្ស៊ី ដែលទប់ជួយច្បាំងនឹងទ័ព អាល់អាសាដ ក៏រត់ចោលទីតាំងឈរជើងរបស់ពួកគេទៅហើយនោះ។
Richard Grenell នាយកភ្នាក់ងារចារកម្មអំឡុងរដ្ឋការលោក ដូណាល់ ត្រាំ ព្រមានថា ក្នុងអំឡុងមួយសប្ដាហ៍ទៀត បើទ័ពរបស់ អាល់អាសាដ មិនអាចវាយរុញច្រានចោលទ័ពឧទ្ទាមចេញពីភាគខាងត្បូង និងទីក្រុង Hama ទីក្រុង Homs និងទីក្រុង Suwayda បានទេ គឺក្រុមប្រឆាំងវាយលុកខ្លាំងទៅដល់រដ្ឋធានីដាម៉ស ខណៈកម្លាំងប្រឆាំងបានជ្រៀតចូលរដ្ឋធានីនេះទៅហើយ។
មកដល់ពេលនេះ គេមិនដឹងថាតើលោក អាល់អាសាដ នៅទីណាពិតប្រាកដទេ ដែលប្រភពខ្លះថាលោកចេញទៅក្រុងមូស្គូ ខ្លះទៀតថាលោកកំពុងលាក់ខ្លួនក្នុងរដ្ឋធានីដាម៉ស ជាមួយកងអង្គរក្សរាប់ពាន់នាក់ជួយការពារ។
តាមដំណឹងមកថា លោក អាល់អាសាដ មេដឹកនាំផ្ដាច់ការនៅស៊ីរី ចង់ឱ្យអ៊ីស្រាអែល ជួយការពាររបបរបស់លោកជាជាងអ៊ីរ៉ង់ បើទោះជាអ៊ីស្រាអែល និងរបបរបស់លោកជាសត្រូវនឹងគ្នាក៏ដោយ ព្រោះអ៊ីស្រាអែល មិនពេញចិត្តនឹងកម្លាំងឧទ្ទាមរបស់ក្រុមជីហាដ ដែលអ៊ីស្រាអែល និងពួកបស្ចិមប្រទេសចាត់ទុកជាក្រុមភេរវកម្មនៅតំបន់មជ្ឈិមបូព៌ា។
ក្រុមជីហាដ ត្រូវបានរាយការណ៍ថាជាកម្លាំងប្រយុទ្ធប្រឆាំងនឹងរបប អាល់អាសាដ ខ្លាំងជាងកងកម្លាំងប្រជាជនដែលអាមេរិកគាំទ្រ និងតួកគី គាំទ្រ។ សហរដ្ឋអាមេរិក និងក្រុមបស្ចិមប្រទេស កំពុងដាក់ការបារម្ភផង និងអបអរផងដែលកម្លាំងប្រឆាំងរបប អាល់អាសាដ កំពុងធ្វើដំណើរទៅរកជ័យជម្នះក្នុងបុព្វហេតុដើម្បីផ្ដួលរំលំរបបផ្ដាច់ការ អាល់អាសាដ។
ការបារម្ភគឺករណីអាចផ្ទុះចលាចលនាំទៅរកការដណ្ដើមអំណាចរបស់ពួកគេ ហើយកាប់សម្លាប់គ្នានៅចំពោះមុខបរាជ័យនៃរបប អាល់អាសាដ បើក្រុមឧទ្ទាមទាំង ៣ក្រុមនេះមិនមានការចុះសម្រុងគ្នាដើម្បីរក្សា និងគ្រប់គ្រងសភាពការណ៍ បើរបបផ្ដាច់ការ អាល់អាសាដ អាចនឹងត្រូវបានផ្ដួលរំលំនៅប៉ុន្មានថ្ងៃទៀតនេះ។
១៣ឆ្នាំមកនេះ ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិប្រឆាំងនឹងរបបផ្ដាច់ការនៅស៊ីរី កាន់តែផ្តល់ផលលំបាកសង្កត់កលើពលរដ្ឋខ្លួនដែលកំពុងតែវេទនាស្រាប់។ ពលរដ្ឋស៊ីរី ៩០% រស់ក្រោមគំនូសបន្ទាត់ភាពក្រីក្រជាមួយនឹងអំណាចដៃដែករបស់លោក អាល់អាសាដ។
តែយ៉ាងណាក៏ដោយ គេថាបើរបបផ្ដាច់ការរបស់ អាល់អាសាដ ត្រូវបានផ្ដួលរំលំ គឺរបបថ្មីមកជំនួសក៏ជាការសាកល្បង ព្រោះថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចង់ទៅជួយរៀបចំសណ្ដាប់ធ្នាប់ឡើងវិញតាមសំណើរបស់ក្រុមឧទ្ទាមជីហាដ។
ក្រុមឧទ្ទាមជីហាដ បានប្រាប់ទៅអ៊ីស្រាអែល ថា ខ្លួនគេនឹងព្យាយាមឱ្យមានការសាមគ្គីជាមួយនឹងក្រុមប្រឆាំងផ្សេងទៀតឱ្យតែបានសម្រេចក្នុងការផ្ដួលរំលំរបបរបស់លោក អាល់អាសាដ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

