26.3 C
Phnom Penh

លោក ហេង សិទ្ធី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​រំដោះ​ប្រទេស​ចេញពី​អំណាច​ប្រមូលផ្ដុំ​គ្រួសារ​តែ​មួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ តាំង សារ៉ាដា

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់ដៃ​ចេញពី​ពន្ធនាគារ​ប្រទេស​រុស្ស៊ី ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​តែ​មួយ​គត់​របស់​កម្ពុជា ដែល​កំពុងតែ​ដើរ​ខុស​ផ្លូវ ហើយ​ធ្វើ​ឲ្យ​អន់ថយ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ជាង​នេះ​ទៅ​ទៀត លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ចលនា ១៨​លាន​នាក់ ដើម្បី​រំដោះ​ប្រទេស​ឲ្យ​ចេញ​ផុត​ពី​វិបត្តិ​នៃ​ភាព​ក្រីក្រ​បច្ចុប្បន្ន។

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី កាលពី​ពេល​ថ្មីៗ​នេះ បាន​អំពាវនាវ​ចេញពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ចលនា ១៨​លាន​នាក់​របស់​លោក ដើម្បី​រំដោះ​ប្រទេស​ទាំងអស់​គ្នា​ឲ្យ​ចេញ​ផុត​ពី​វិបត្តិ​នានា​ដែល​ដឹកនាំ​ដោយ​ការ​ប្រមូលផ្ដុំ​អំណាច​គ្រួសារ​តែ​មួយ។

លោក ហេង សិទ្ធី បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់ដៃ​ចេញពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​ដែល​មាន​ការ​ដឹកនាំ​តាម​បែប​ប្រទេស​កុម្មុយនីស្ត ហើយ​ថា​គណបក្ស​នេះ​កំពុងតែ​ដើរ​ខុស​ផ្លូវ ផ្ទុយ​ពី​គោលនយោបាយ​ពិតប្រាកដ​របស់​បក្ស។

លោក​ថា អំណាច​ត្រូវ​បាន​គេ​ប្រមូលផ្ដុំ​សម្រាប់​គ្រួសារ​មួយ​ដូច​របៀប​នៃ​ការ​ដឹកនាំ​តាម​បែប​ស្ដេចត្រាញ់ ដែល​នៅ​លើ​ពិភពលោក​សូម្បីតែ​ប្រទេស​ចិន និង​រុស្ស៊ី ក៏​គ្មាន​ការ​ក្តោប​ក្តាប់​អំណាច​របៀប​នេះ​ទេ លើកលែងតែ​ប្រទេស​កូរ៉េខាងជើង ប៉ុណ្ណោះ។

អតីត​អ្នកឧកញ៉ា​រូប​នេះ​អះអាង​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​គ្មាន​ភាព​ប្រាកដ​និយម​ក្នុង​ការ​ដឹកនាំ​ប្រទេស ដោយសារ​តែ​មាន​ការ​ដឹកនាំ​តាម​ការ​នឹកឃើញ​នៃ​បុគ្គល​តែ​ម្នាក់ ហើយ​នេះ​ជា​កាតាលីករ​បង្ក​ឲ្យ​មាន​ភាព​ធាក់​ថយ​ខាង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

លោក ហេង សិទ្ធី អះអាង​ថា ចិន​ជា​មហាមិត្ត​នឹង​កម្ពុជា ប៉ុន្តែ​បែរជា​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​មិន​ពេញលេញ​សម្រាប់​ការ​អភិវឌ្ឍ​ដល់​កម្ពុជា​ទៅវិញ។ លោក​បន្ត​ថា ចិន​បាន​ហាមឃាត់​វិនិយោគិន​ធំៗ​ពិតប្រាកដ​មិន​ឲ្យ​បណ្ដាក់ទុន​នៅ​កម្ពុជា​នោះ​ទេ។

លោក​បន្ត​ថា សូម្បី​តែ​ភ្ញៀវ​ទេសចរ​ចិន ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ចិន ហាម​មិន​ឲ្យ​មក​លេង​កម្ពុជា​ដែរ ដោយសារ​ចិន​មើល​ឃើញ​កម្ពុជា​បច្ចុប្បន្ន កំពុង​ដើរ​ខុស​ផ្លូវ ខុស​ពី​ចក្ខុវិស័យ​របស់​ប្រទេស​មហាអំណាច​ទាំង​៣ អាមេរិក ចិន និង​រុស្សី។ លោក​បន្ត​ថា ពួកគេ​មិន​គាំទ្រ​ឲ្យ​មាន​ការ​គ្រប់គ្រង​អំណាច​តែ​មួយ​គ្រួសារ​នោះ​ទេ ពីព្រោះ​ចិន និង​រុស្ស៊ី ក៏​គេ​ចង់​ឃើញ​វប្បធម៌​នៃ​ការ​ចែករំលែក​អំណាច ដើម្បី​បម្រើ​ជាតិ និង​ប្រជាជន ជាជាង​ការ​ប្រមូលផ្ដុំ​អំណាច​តែ​មួយ​គ្រួសារ។

លោក ហេង សិទ្ធី បាន​សរសេរ​រៀបរាប់​ថា បច្ចុប្បន្ន ប្រទេស​ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​អាមេរិក បាន​ចាត់ទុក​កម្ពុជា​ជា​ផ្ទះ​របស់​ឧក្រិដ្ឋជន ហើយ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ កំពុង​បិទ​ភ្នែក​ធ្វើ​មិន​ឃើញ។ លោក​ថា ឧក្រិដ្ឋជន​ប្រើ​អំណាច​ទឹក​លុយ​ទិញ​ឧត្ដមគតិ​មន្ត្រី​រាជការ​ឲ្យ​មក​ធ្វើបាប​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​ពលរដ្ឋ​ទូទៅ។

លោក​អំពាវនាវ​ឲ្យ​បងប្អូន​ពលរដ្ឋ​ខ្មែរ​ចូលរួម​ចលនា «១៨​លាន​នាក់» របស់​លោក និង​ធ្វើ​បាតុកម្ម​នៅ​តាម​បណ្តា​ទូត​រុស្ស៊ី នៅ​ប្រទេស​ដែល​មាន​ពលករ​ខ្មែរ​កំពុង​រស់នៅ ដើម្បី​ស្នើសុំ​ឲ្យ​រុស្ស៊ី ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ លោក​សច្ចា​ថា ពេល​ណា​លោក​មាន​សេរីភាព​វិញ លោក​នឹង​យក​ជីវិត​តស៊ូ​ដើម្បី​អនាគត​របស់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​របស់​ខ្មែរ និង​ពុំ​មែន​ជា​ប្រទេស​ផ្ដាច់មុខ​របស់​អ្នក​ដឹកនាំ​រូប​ណា​នោះ​ទេ។

លោក​អះអាង​ថា ពុំ​មាន​ប្រទេស​មហាអំណាច​ណា​មួយ​គាំទ្រ​របប​នយោបាយ​របស់​កម្ពុជា​បច្ចុប្បន្ន​នោះ​ទេ វា​គ្រាន់តែ​ជា​ប៉ាហ៊ី​ឆ្ពិនភ្នែក​ប្រជាជន​គ្រប់​រូប​ប៉ុណ្ណោះ។ លោក​ថា ជា​ឧទាហរណ៍ ហេតុ​អ្វី​បាន​ជា​ប្រទេស​តួកគី ពុំ​ព្រម​ចាប់​ខ្លួន​លោក ទោះបីជា​គេ​រក​ឃើញ​ថា​លោក​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​និវេទ​ក្រហម​ក៏ដោយ​នោះ ហើយ​អាជ្ញាធរ​ប្រទេស​តួកគី បែរជា​នាំគ្នា​អង្គុយ​សើច​ទៅវិញ។ ចំណែកឯ​រុស្ស៊ី វិញ ការ​ចាប់​ខ្លួន​លោក ធ្វើឡើង​រហូត​ដល់​ទៅ​ជិត​មួយ​ខែ​ឯណោះ ក្រោយ​ពេល​លោក​ទៅ​ដល់​រុស្ស៊ី។

លោក ហេង សិទ្ធី អះអាង​ថា នៅ​ពេលនេះ រុស្ស៊ី​កំពុងតែ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​លើ​មន្ត្រី​ទូត​រុស្ស៊ី នៅ​កម្ពុជា និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​ធ្វើការ​ចាប់​ខ្លួន​លោក។

ការ​ចាប់​ខ្លួន​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ធ្វើឡើង​ក្រោយ​ក្រសួង​ការបរទេស​កម្ពុជា បាន​ផ្ញើ​លិខិត​ទៅ​កាន់​ស្ថានទូត​កម្ពុជា​ទាំងអស់​នៅ​ក្រៅ​ប្រទេស ប្រាប់​អំពី​ការ​ធ្វើ​មោឃភាព​លិខិត​ឆ្លងដែន​របស់​អតីត​អ្នកឧកញ៉ា​រូប​នេះ ខណៈ​សមត្ថកិច្ច​របស់​កម្ពុជា បាន​សហការ​ជាមួយ​ប៉ូលិស Interpol ដាក់​ឈ្មោះ​អតីត​ឧកញ៉ា ហេង សិទ្ធី ទៅ​ក្នុង​និវេទ​ក្រហម ដើម្បី​តាម​ចាប់​ខ្លួន​ផង​ដែរ។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា លោក ហេង សិទ្ធី ត្រូវ​បាន​តុលាការ​កម្ពុជា​ចេញ​ដីកា​មួយ​ចុះ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៤ បង្គាប់​ឲ្យ​ចាប់​ខ្លួន ពី​បទ​គំរាមកំហែង ហែក​កេរ្តិ៍ មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​កម្ពុជា ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

លោក ហេង សិទ្ធី កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៥ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជា​សារ​សំឡេង​ទៅ​កាន់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ថា លោក​បាន​ធ្វើ​តាម​ច្បាប់​កម្ពុជា​អស់​ហើយ​នៅ​ក្នុង​ការ​បកអាក្រាត​រឿង​ពុករលួយ​របស់​មន្ត្រី​មួយ​ចំនួន ជាពិសេស​លោក​ថា​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។

លោក ហេង សិទ្ធី ដែល​ជា​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​ដែល​មាន​ងារ​ជា​អ្នកឧកញ៉ា ត្រូវ​បាន​ព្រះមហាក្សត្រ​ដកហូត​គោរមងារ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៤។

អតីត​អ្នកឧកញ៉ា​រូប​នេះ​ក៏​បាន​ចោទប្រកាន់​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ផង​ដែរ​ពី​បទ ពុករលួយ និង​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត។ លោក​បាន​ចោទ​ថា លោក គួច ចំរើន ដែល​បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​កណ្តាល មាន​លុយ​រាប់​រយ​លាន​ដុល្លារ​ជា​រូបិយប័ណ្ណ​គ្រីបតូ ក្នុង​ពេល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ (២០១៩-២០២៤)។ លោក សិទ្ធី បាន​ចោទ​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើពុករលួយ។ លើស​ពី​នេះ លោក​បាន​ចោទប្រកាន់​អ្នកឧកញ៉ា ហ៊ុន តូ ដែល​ជា​ក្មួយប្រុស​របស់​លោក ហ៊ុន សែន ថា​បាន​លួច​លុយ​ចំនួន ៩​លាន​ដុល្លារ​ពី​អ្នក​វិនិយោគ​ចិន ដើម្បី​សុំ​ការ​អនុម័ត​គម្រោង​ជីក​រ៉ែ។

ជា​ការ​ឆ្លើយតប លោក ហ៊ុន តូ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៥ ដោយ​ច្រានចោល​ការ​លើកឡើង​របស់​លោក ហេង សិទ្ធី។ លោក ហ៊ុន តូ ថា​លោក ហេង សិទ្ធី ប្រឌិត​អង្គហេតុ ហើយ​ធ្វើការ​ចោទប្រកាន់​រូបលោក​ដោយ​គ្មាន​ភស្តុតាង។

មេធាវី​របស់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អ្នកស្រី Daria Rudenko បាន​អះអាង​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា គណបក្ស​កាន់​អំណាច​ស្នើសុំ​ឲ្យ​រុស្ស៊ី ចាប់​កូនក្ដី​របស់​អ្នកស្រី ដោយសារតែ​បាន​ដឹង​ពី​ផែនការ​បង្កើត​បក្ស​នយោបាយ​មួយ​ក្នុង​ឆ្នាំ​២០២៥ ដោយ​បង្កើត​គោលនយោបាយ​យក​គំរូ​តាម​ប្រទេស​មហាអំណាច​ធំៗ​មួយ​ចំនួន ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​គ្រួសារ​ផ្ដាច់ការ​ត្រកូល​ហ៊ុន។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា គ្រួសារ​ត្រកូល​ហ៊ុន​របស់​លោក ហ៊ុន សែន ជា​ចង្កោម​គ្រួសារ​នៅ​ពីក្រោយ​ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដូចជា អំពើ​ជួញដូរ​មនុស្ស លាង​លុយ​កខ្វក់ ការ​បោកប្រាស់​តាម​អនឡាញ និង​ការ​ញាំញី​ទៅ​ដោយ​អំពើពុករលួយ​ជា​ប្រព័ន្ធ។

អ្នក​សង្កេតការណ៍​ខ្លះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ គប្បី​យកចិត្ត​ទុកដាក់​នូវ​ព័ត៌មាន​ទាំងអស់​ដែល​ទទួល​បាន ដើម្បី​បើក​ការ​ស៊ើបអង្កេត​វែក​មុខ​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បទឧក្រិដ្ឋ​ទាំងអស់ យក​មក​ផ្ដន្ទាទោស មិនមែន​មក​ចាប់​ខ្លួន​អ្នក​រាយការណ៍​ពី​បទល្មើស​នោះ​ទេ។

នេះ​ក៏​ជា​លើក​ទី​មួយ​ដែរ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​រជ្ជកាល​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​ត្រកូល​ហ៊ុន​ទាំងមូល ដែល​មាន​បុរស​ម្នាក់​តាំងខ្លួន​ជា​អ្នក​ក្លាហាន​ដូចជា​លោក ហេង សិទ្ធី ហ៊ាន​ចេញ​មុខ និង​បកអាក្រាត​ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​អ្នកឧកញ៉ា ហ៊ុន តូ ដែល​ជា​បងធំ​លំដាប់​កំពូល​នៅ​កម្ពុជា ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ឧក្រិដ្ឋកម្ម​លាង​លុយ​កខ្វក់ និង​រូបិយប័ណ្ណ​គ្រីបតូ។

លោក ហេង សិទ្ធី គ្រប់គ្រង​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ក្រោម Maritime Group ហើយ​លោក​ក៏​មាន​ធនាគារ Maritime ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ធនាគារ​ត្រូវ​បាន​បិទ ហើយ​ទ្រព្យសម្បត្តិ​របស់​លោក​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បង្កក។ កន្លង​មក លោក ហេង សិទ្ធី ក៏​ធ្លាប់​បរិច្ចាគ​លុយ​ជាច្រើន​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​កាកបាទ​ក្រហម​កម្ពុជា​របស់​អ្នកស្រី ប៊ុន រ៉ានី ដែរ។

លោក ហេង សិទ្ធី ធ្លាប់​អះអាង​ថា លោក​មាន​ដី​ស្រប​ច្បាប់​ជាច្រើន​ហិកតា​នៅ​តំបន់​រាម និង​ដី​លើ​កោះ​ស្រមោច ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ដី​របស់​លោក​ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​ទាំងនោះ ត្រូវ​បាន​លោក ហ៊ុន តូ ប្លន់​យក​ទាំងអស់។

ទោះជា​យ៉ាងណាក៏ដោយ សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហ៊ុន តូ បាន​នៅឡើយ​ទេ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស