26.3 C
Phnom Penh

បទវិភាគ៖ តើ​បុរស​ខ្លាំង ម៉ាឌូរ៉ូ អាច​ធ្លាក់​ក្នុង​ការ​ចាប់​ខ្លួន​ដូច​មេដឹកនាំ​ប៉ាណាម៉ា ឬ​ដូច​មេ​ភេរវករ Osama bin Laden ឬ​ដូច អាសាដ នៅ​ប្រទេស​ស៊ីរី?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អស់​រយៈពេល​ពីរ​ខែ​មក​ហើយ​ដែល​កងទ័ព​សហរដ្ឋ​អាមេរិក បាន​និង​កំពុង​បង្កើន​កម្លាំង​នាវាចម្បាំង យន្តហោះ​ចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក កងទ័ព​ម៉ារីន យន្តហោះ​គ្មាន​មនុស្ស​បើក និង​យន្តហោះ​ចារកម្ម​នៅ​សមុទ្រ​ការីបៀន នៅ​តំបន់​អាមេរិក​កណ្តាល។

ឥឡូវ​នេះ នាវា​ផ្ទុក​យន្តហោះ USS Gerald Ford ដែល​អម​ដោយ​នាវា​ពិឃាត​ចំនួន ៨​គ្រឿង ត្រូវ​បាន​រាយការណ៍​ថា​ក៏​បាន​ដាក់​ពង្រាយ​នៅ​តំបន់​សមុទ្រ​ការីបៀន ផង​ដែរ។

ការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ USS Gerald Ford ដ៏​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក និង​ការ​បង្ហាញ​សមត្ថភាព​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52, B-1B នៅ​ជិត​ឆ្នេរសមុទ្រ​វេណេហ្ស៊ុយអេឡា និង​ការ​បញ្ជ្រាប​កម្លាំង​ភ្នាក់ងារ​ចារកម្ម CIA នៅ​វេណេហ្ស៊ុយអេឡា ត្រូវ​បាន​គេ​មើល​ឃើញ​ថា​រដ្ឋការ​លោក ត្រាំ នឹង​លើក​ទ័ព​ចូល​ទៅ​ចាប់​ខ្លួន​បុរស​ខ្លាំង​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដែល​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក ចេញ​ដីកា​ចាប់​ខ្លួន​ករណី​ចោទ​ថា​ជា​មេខ្លោង​ភេរវករ​គ្រឿងញៀន​ដ៏​ធំ​នៅ​អាមេរិក​ខាងត្បូង។

ជាមួយ​គ្នា​នេះ ក្រសួង​យុត្តិធម៌​អាមេរិក ដំឡើង​តម្លៃ​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ ដល់​ទៅ ៥០​លាន​ដុល្លារ​ឱ្យ​ក្រុម​ណា​ផ្ដល់​ព័ត៌មាន​ទៅ​ភ្នាក់ងារ CIA ឬ​ប៉ូលិស FBI ចូល​ទៅ​ចាប់​ខ្លួន​ជន​ផ្ដាច់ការ​រូប​នេះ​នាំ​ទៅ​កាត់ទោស​នៅ​សហរដ្ឋ​អាមេរិក អំពី​បទ​ចោទ​ជា​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ដែល​ក្រុង​វ៉ាស៊ីនតុន ចោទ​ថា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សន្តិសុខ​សង្គម និង​យុវជន​អាមេរិកាំង ពីព្រោះ​ជា​មេខ្លោង​នាំ​គ្រឿងញៀន​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក។

លោក ម៉ាឌូរ៉ូ ត្រូវ​បាន​អាមេរិក​ចោទ​ជា​មេខ្លោង​បណ្ដាញ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន Tren de Aragua និង Cartel ជា​អង្គការ​ភេរវករ​គ្រឿងញៀន​នៅ​អាមេរិក​ខាងត្បូង។

តាម​ការ​អះអាង​របស់​រដ្ឋការ​លោក ដូណាល់ ត្រាំ កងកម្លាំង​របស់​សហរដ្ឋ​អាមេរិក បាន​វាយប្រហារ​លើ​កាណូត​បើក​ចេញពី​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​មធ្យោបាយ​ជួញដូរ​គ្រឿងញៀន ឬ​ក្រុម​ភេរវករ​ជួញដូរ​គ្រឿងញៀន។ មក​ដល់​ពេលនេះ កាណូត​ចំនួន​ជាង ១០​គ្រឿង ត្រូវ​បាន​កម្ទេច និង​មនុស្ស ៤៦​នាក់​ស្លាប់​ដោយ​ការ​វាយប្រហារ​ពី​គ្រាប់​មីស៊ីល និង​ការ​ទម្លាក់​គ្រាប់បែក​របស់​កងទ័ព​អាមេរិក។ នេះ​បើ​តាម​សារព័ត៌មាន AP ចុះផ្សាយ​កាលពី​ថ្ងៃទី​២៨ តុលា។

សកម្មភាព​របស់​កងទ័ព​សហរដ្ឋ​អាមេរិក ជា​សង្គ្រាម​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿងញៀន ប៉ុន្តែ​ជាក់ស្តែង វា​ជា​យុទ្ធនាការ​បំភិតបំភ័យ​ដែល​មាន​គោលបំណង​ផ្តួល​រំលំ​រដ្ឋអំណាច​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ។

បណ្ឌិត Christopher Sabatini អ្នកជំនាញ​អំពី​អាមេរិក​ឡាទីន នៅ Chatham House យល់​ថា​ជា​អំពើ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​វេណេហ្ស៊ុយអេឡា។

អ្នកវិភាគ​រូប​នេះ​បាន​បន្ថែម​ថា ការ​បង្កើន​កម្លាំង​យោធា​នេះ គឺជា​វិធី​បង្ហាញ​អំណាច ដើម្បី​បង្កើត​ភាព​ភ័យខ្លាច​ទៅ​លើ​អារម្មណ៍​កងទ័ព​វេណេហ្ស៊ុយអេឡា និង​ដល់​ថ្នាក់ដឹកនាំ​របស់​ប្រធានាធិបតី ម៉ាឌូរ៉ូ ដោយ​មាន​គោលបំណង​ជំរុញ​ឲ្យ​កងទ័ព​វេណេហ្ស៊ុយអេឡា ចាប់ផ្តើម​ប្រឆាំង​នឹង​លោក ម៉ាឌូរ៉ូ។

ចំពោះ​រង្វាន់ ៥០​លាន​ដុល្លារ​ដែល​ផ្តល់​ឱ្យ​អ្នក​អាច​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ គឺជា​ការ​សាកល្បង​ភាព​ស្មោះត្រង់​ខាង​ក្នុង​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ ដែល​ក្នុង​នោះ​មាន​ទាំង​កងទ័ព​នៅ​ជុំវិញ​លោក ម៉ាឌូរ៉ូ ផង​ដែរ។ បើ​ករណី​កងទ័ព​អាមេរិក លើក​ទ័ព​ទៅ​រដ្ឋធានី​ការ៉ាកាស កម្លាំង​ទ័ព​ដែល​អាច​ក្បត់​លោក ម៉ាឌូរ៉ូ នឹង​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ ជាមួយ​នឹង​ប្រាក់​រង្វាន់ ៥០​លាន​ដុល្លារ។

នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៃ​រដ្ឋការ​លោក ដូណាល់ ត្រាំ ចំពោះ​ការ​ផ្លាស់ប្ដូរ​អំណាច​នៅ​វេណេហ្ស៊ុយអេឡា ត្រូវ​បាន​គេ​ចាត់ទុក​ថា​មិនមែន​ជា​រឿង​សម្ងាត់​ទេ។

រដ្ឋមន្ត្រី​ការបរទេស Marco Rubio ដែល​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​ប្រធានាធិបតី​អាមេរិក បាន​បង្ហាញ​ច្បាស់​ពី​ចំណង់​ចំណូលចិត្ត​នយោបាយ​របស់​លោក ដែល​លោក​មើល​ឃើញ​អំណាច​របស់​លោក ម៉ាឌូរ៉ូ គួរតែ​ត្រូវ​បាន​ផ្តួល​រំលំ។

លោក Rubio បាន​និយាយ​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Fox News ថា លោក ម៉ាឌូរ៉ូ គឺជា “ជន​ផ្ដាច់ការ​ដ៏​អាក្រក់​បំផុត” ហើយ​ពេល​សួរ​ថា​តើ​ទាមទារ​ឲ្យ​លោក ម៉ាឌូរ៉ូ ចាកចេញ​ពី​ប្រទេស ឬ​ក៏​ចុះចេញ​ពី​អំណាច? លោក Rubio បាន​ឆ្លើយ​ថា “យើង​កំពុង​ធ្វើការ​លើ​គោលនយោបាយ​នេះ​ហើយ”

សហរដ្ឋ​អាមេរិក នៅតែ​មិន​ទទួលស្គាល់​លោក ម៉ាឌូរ៉ូ ជា​ប្រធានាធិបតី​ស្រប​ច្បាប់​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា បន្ទាប់ពី​ការ​បោះឆ្នោត​ឆ្នាំ​២០២៤ ជា​ថ្មី​ទៀត ត្រូវ​បាន​បដិសេធ​ដោយ​អន្តរជាតិ និង​គណបក្ស​ប្រឆាំង​នៅ​វេណេហ្ស៊ុយអេឡា។ ប្រជាជន​វេណេហ្ស៊ុយអេឡា ជាង ៧០​ភាគរយ ចង់​ឱ្យ​អាមេរិក​ទម្លាក់​អំណាច​របស់​លោក ម៉ាឌូរ៉ូ។ នេះ​បើ​តាម​ក្រុមហ៊ុន​ស្ទង់មតិ Panterra មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍។

សាស្ត្រាចារ្យ​ច្បាប់​វេណេហ្ស៊ុយអេឡា Jose Ignacio Hernández ដែល​ជា​សហការី​ជាន់ខ្ពស់​នៃ​ក្រុម​អ្នកវិភាគ និង​សិក្សា​ស្រាវជ្រាវ​អំពី​សន្តិសុខ​ជាតិ​អាមេរិក CSIS បាន​និយាយ​ថា ប្រាក់​រង្វាន់ ៥០​លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​ផ្ដល់​ឱ្យ​ចាប់​ខ្លួន​ប្រធានាធិបតី ម៉ាឌូរូ ដូចជា​មិន​អស្ចារ្យ​ពេក​ទេ​សម្រាប់​លោក ម៉ាឌូរ៉ូ។

អ្នកវិភាគ​រូប​នេះ​ពន្យល់​ថា នៅ​ក្នុង​ប្រទេស​ដែល​សម្បូរ​ប្រេង​ដូចជា​វេណេហ្ស៊ុយអេឡា មាន​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​រកស៊ី​តាមរយៈ​អំពើពុករលួយ។ ឧទាហរណ៍ អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​វេណេហ្ស៊ុយអេឡា Alejandro Andrade បាន​ទទួល​សំណូក​សូកប៉ាន់​រហូត​ដល់ ១​ពាន់​លាន​ដុល្លារ​ពី​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន។ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រដ្ឋ Texas សហរដ្ឋ​អាមេរិក។

ចំពោះ​លោក​បណ្ឌិត Christopher Sabatini បាន​និយាយ​ថា វា​មិនមែន​អំពី​គ្រឿងញៀន​មួយ​នោះ​ទេ ខណៈ​ក្រុម​គណបក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា ព្យាយាម​បង្ហាញ​ថា​របប​នេះ​មិន​ត្រឹមតែ​ផ្ដាច់ការ​ទេ ប៉ុន្តែ​ជា​របប​ឧក្រិដ្ឋ​ទៀត​ផង​ដែរ។ នេះ​ហើយ​ជា​ហេតុ​ផល​ដែល​ក្រុម​ប្រឆាំង និង​សហរដ្ឋ​អាមេរិក​ត្រូវ​កំណត់​មុខសញ្ញា​ទៅ​លើ​លោក ម៉ាឌូរ៉ូ។

តែ​ពេលនេះ លោក ត្រាំ បាន​បញ្ជាក់​ហើយ​ថា ភ្នាក់ងារ​ចារកម្ម CIA ត្រូវ​បាន​លោក​បញ្ជា​ឲ្យ​ធ្វើ​ប្រតិបត្តិការ​សម្ងាត់​នៅ​វេណេហ្ស៊ុយអេឡា ដើម្បី​ចាប់​ខ្លួន​មេខ្លោង​គ្រឿងញៀន ក្នុង​នោះ​មាន​លោក ម៉ាឌូរ៉ូ។

ខណៈ​ស្ថានការណ៍​កាន់តែ​ផុយ​ស្រួយ​ខ្លាំង​ណាស់​ទៅ​រក​សង្គ្រាម​វាយលុក​ទៅ​លើ​ដែនដី​គោក​វេណេហ្ស៊ុយអេឡា ដែល​ស្ដែង​តាមរយៈ​សកម្មភាព​កងទ័ព​សហរដ្ឋ​អាមេរិក​ឡោមព័ទ្ធ​ឆ្នេរសមុទ្រ​វេណេហ្ស៊ុយអេឡា។

ការ​បង្កើន​វត្តមាន​យោធា​របស់​សហរដ្ឋ​អាមេរិក ក្រោម​យុទ្ធនាការ​នោះ បាន​បង្ក​ការ​ភ័យខ្លាច​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា ថា​គោលដៅ​ពិតប្រាកដ​របស់​ទីក្រុង​វ៉ាស៊ីនតុន ឈាន​ទៅ​រក​ការ​ផ្តួល​រំលំ​ប្រធានាធិបតី ម៉ាឌូរ៉ូ។ ហេតុ​ដូច្នេះ​ហើយ ការ​សម្រេច​ចិត្ត​បញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Gerald Ford ថែមទៀត​បែប​នេះ គឺ​ច្បាស់​ជា​នឹង​បង្កើន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​របប​លោក ម៉ាឌូរ៉ូ។

ក្នុង​ស្ថានភាព​នេះ គេ​ថា​លោក នីកូឡាស ម៉ាឌូរ៉ូ មើល​ឃើញ​ច្បាស់​ចំពោះ​ជោគជតារាសី​របស់​គាត់ ត្រូវតែ​ដូច​នឹង​មេដឹកនាំ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​កម្ទេច ដូចជា​អតីត​ឧត្ដមសេនីយ៍​ប៉ាណាម៉ា គឺ​លោក ម៉ានូអែល ណូរីហ្កា ដែល​ត្រូវ​បាន​កងទ័ព​អាមេរិក ៣​ម៉ឺន​នាក់​លើក​ទ័ព​ទៅ​ចាប់​ខ្លួន​ទាំង​រស់ ហើយ​យក​ទៅ​កាត់ទោស​នៅ​លើ​ទឹកដី​អាមេរិក​ក្នុង​រដ្ឋ​ផ្លរីដា ដែល​កាលនោះ​ក្រោម​រដ្ឋការ​លោក​ប្រធានាធិបតី George H. W Bush នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​១៩៨៩។

គេ​អាច​និយាយ​បាន​ថា លោក ដូណាល់ ត្រាំ កំពុងតែ​សិក្សា​យក​រូបមន្ត​មួយ​ទៀត​ដើម្បី​ទម្លាក់​លោក ម៉ាឌូរ៉ូ ឬ​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ គឺ​ការ​លើក​ទ័ព​វាយឆ្មក់​ដូចជា​ទ័ព Night Stalker ក្រុម​ពិឃាដ​រាត្រី និង​កុម្ម៉ង់ដូ Seal Team 6 ពី​ទ័ព​ជើងទឹក ដែល​វាយលុក​ចូល​ទៅ​ភូមិគ្រឹះ​របស់ អូសាម៉ា ប៊ីលឡាដីន មេ​ភេរវករ​អាល់កៃដា ទាំង​កណ្ដាល​អាធ្រាត្រ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១១។

ក្រុម​នេះ​បាញ់​សម្លាប់​លោក អូសាម៉ា ប៊ីលឡាដីន ហើយ​អូស​សាកសព​លោក ប៊ីលឡាដីន ទៅ​បញ្ចុះ​នៅ​តំបន់​មួយ​នៅ​តាម​ព្រំដែន​ប្រទេស​ប៉ាគីស្ថាន។ អូសាម៉ា ប៊ីលឡាដីន ត្រូវ​បាន​កងទ័ព​អាមេរិកាំង​ពេល​នោះ​ចាប់​ក្នុង​គេហដ្ឋាន​នៅ​ជើងភ្នំ​មួយ​ជាប់​ព្រំដែន​ប្រទេស​ប៉ាគីស្ថាន។

ក្នុង​ស្ថានភាព​នេះ លោក ម៉ាឌូរ៉ូ ទំនង​បារម្ភ​ពី​អាយុជីវិត​របស់​គាត់​ដែល​មិន​ខុស​អ្វី​នឹង​ឧត្ដមសេនីយ៍​ប៉ាណាម៉ា ម៉ានូអែល ណូរីហ្កា ឬ​អាក្រក់​ជាង​នេះ​ទៀត​វា​អាច​ដូច អូសាម៉ា ប៊ីលឡាដីន។ លោក ម៉ាឌូរ៉ូ ក៏​អាច​គិត​ទៅ​រក​លោក បាល់ អាល់អាសាដ អតីត​ប្រធានាធិបតី​ស៊ីរី ដែល​សម្រេច​រត់​ចោល​ប្រទេស​អំឡុង​ចាញ់​សង្គ្រាម​ក្រុម​ប្រឆាំង​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៤៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស