អ្នកឯកទេសខាងកិច្ចការអន្តរជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើការវិភាគថា ផ្លែការ៉ុត និងដំបងដាក់នៅចំពោះមុខកម្ពុជាក្នុងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិន។
កាសែត The Diplomat បានចេញផ្សាយភ្លាមៗទន្ទឹមនឹងការធ្វើទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នៅកាលពីថ្ងៃទី៤ ខែមិថុនា។ អ្នកវិភាគបានមើលឃើញពីយុទ្ធសាស្ត្រដែលទីក្រុងវ៉ាស៊ីនតោន ទាញកម្ពុជាចេញពីមាត់ដង្កាប់របស់ចិន។
គេថាទស្សនកិច្ចរបស់ប្រមុខការពារជាតិសហរដ្ឋអាមេរិក ធ្វើឡើងចំពេលដែលកម្ពុជាអះអាងថា បង្អួចកម្ពុជាបានបើកឱ្យខ្យល់ចូល ទោះមកពីទិសខាងណាក៏ដោយ គឺស្វាគមន៍ជានិច្ច ហើយត្រូវនឹងនយោបាយសហរដ្ឋអាមេរិកដែលចង់មានទំនាក់ទំនងល្អជាមួយនាយករដ្ឋមន្ត្រីសន្តតិវង្សកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលបានឡើងកាន់តំណែងតពីឪពុករបស់ខ្លួនកាលពីឆ្នាំមុន។
ជាមួយគ្នានេះ គេថាប្រទេសកម្ពុជាបានកំពុងដើរលើវិថីដែលមានអ្នកត្រួសត្រាយខុសជាច្រើនទសវត្សមកហើយ។
ចំពោះលោក ហ៊ុន ម៉ាណែត ទោះជាមេដឹកនាំឈាមថ្មីក៏ដោយ តែនៅតែជាប្រភេទឈាមនៃមេដឹកនាំមានភាពសម្អប់ខ្លាំងប្រឆាំងសហរដ្ឋអាមេរិក ហើយអាចជាមហន្តរាយចំពោះគោលនយោបាយការបរទេសសហរដ្ឋអាមេរិកទៀតផង។
ជាការពិត ទស្សនកិច្ចរបស់លោក Lloyd Austin គេមិនអាចនិយាយថាជារឿងចៃដន្យនោះទេ។ លោក Lloyd Austin ជាន់ដីរាជាណាចក្រនៅអាស៊ីអាគ្នេយ៍មួយនេះ គឺក្រោយតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការមកដល់របស់លោក វ៉ាង យី ប្រមុខការទូតចិន។
មកដល់ក្រុងភ្នំពេញភ្លាម លោក Lloyd Austin ក៏បានធ្វើដំណើរតាមរុក្ខវិថីមួយដែលមានឈ្មោះ ស៊ី ជីនពីង។ តែការមកដល់របស់លោក Lloyd Austin ក៏គាប់ជួនការចាកចេញពីកម្ពុជារបស់លោក Patrick Murphy ដែលអស់អាណត្តិជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា។
ជាច្រើនសប្ដាហ៍មុន លោក Murphy បានចាកចេញពីកម្ពុជា គេសង្កេតឃើញប្រព័ន្ធផ្សព្វផ្សាយលម្អៀងទៅរកបក្សកាន់អំណាច CPP បានធ្វើអត្ថាធិប្បាយសរសើរលោក Murphy តែក៏ឆ្លៀតវាយប្រហាររដ្ឋាភិបាលសហរដ្ឋអាមេរិកដែរ។
ក្នុងអាណត្តិរបស់លោក Murphy លោកបានបញ្ចេញសកម្មភាពតស៊ូមតិរិះគន់ជាសាធារណៈ និងលើកទឹកចិត្តការដឹកនាំនៅកម្ពុជាឱ្យដើរលើគន្លងប្រជាធិបតេយ្យ ប៉ុន្តែនៅតែបរាជ័យ ព្រោះប្រព័ន្ធដឹកនាំកម្ពុជាដើរបញ្ជ្រាលទិសទៅហើយ ដែលគេថាជាការដឹកនាំរំលោភបំពានសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ ចំពោះលោក Murphy ក៏គេថាអាចទាញបានផលប្រយោជន៍ពីប្រព័ន្ធដឹកនាំរបស់បក្សប្រជាជនកម្ពុជាដែរ ប្រសិនបើគាត់មិនតំណាងឱ្យក្រុងវ៉ាស៊ីនតោន ទេនោះ។
នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គោលនយោបាយការបរទេសសហរដ្ឋអាមេរិកមានទម្ងន់មិនធ្ងន់ទៅលើកម្ពុជានោះទេ ក្នុងការទាញកម្ពុជាដើរលើផ្លូវមួយដែលក្រុងវ៉ាស៊ីនតោន ចង់បាន តែនៅតែជួបរឿងបរាជ័យ។ យុទ្ធសាស្ត្ររបស់កម្ពុជាកាន់តែទោរទន់ជ្រៅទៅរកចិន ដែលគណបក្សប្រជាជនកម្ពុជាសម្រេចទម្លាក់ចោលចក្ខុវិស័យពឹងផ្អែកសហរដ្ឋអាមេរិក។
នៅក្នុងកន្លះទសវត្សចុងក្រោយនេះ សមាជិកបក្សកាន់អំណាចនៅកម្ពុជា ៣នាក់ ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដែលពាក់ព័ន្ធនឹងការពង្រីកវិសាលភាពមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ដែលគេថាធ្វើឡើងសម្រាប់កងទ័ពជើងទឹកចិន។ ក្នុងអំឡុង ៥ឆ្នាំចុងក្រោយនេះ អាជ្ញាធរកម្ពុជាបានវាយបង្ក្រាបអ្នកនយោបាយ សកម្មជនសង្គម សកម្មជនបរិស្ថាន មេសហជីព ខណៈកម្ពុជាកំពុងទទួលឥទ្ធិពលពីចិន ហើយនៅពេលនេះ ទោះបីនិស្សិតខ្មែរម្នាក់ គឺលោក ហ៊ុន ម៉ាណែត ដែលរៀនចប់ពីសាលានាយទាហានជាន់ខ្ពស់អាមេរិក West Point ក៏លោកកំពុងធ្វើការក្រោមឥទ្ធិពលរបស់ចិន ដែរ។
ឯកអគ្គរដ្ឋទូតអាមេរិកដែលចាកចេញពីអាណត្តិ គឺលោក Patrick Murphy គេថាជាអ្នកការទូតចិត្តត្រជាក់ផង ចិត្តក្ដៅផង តែនៅតែមិនអាចទាញកម្ពុជាចេញពីចិន បានដែរ។ ក្នុងអាណត្តិថ្មីនេះ លោក Robert Forden ដែលធ្លាប់ជាជាទីប្រឹក្សាជាន់ខ្ពស់នៅការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ជំនួសលោក Patrick Murphy។
គេថាលោក Robert Forden ក៏ជាអ្នកការទូតប្រកាន់ខ្សែតឹង ហើយក៏ជាអ្នកការទូតកាន់ដំបងគំរាមចិន ដែរ ប៉ុន្តែវាដូចជាយឺតពេលណាស់ទៅហើយដែលឯកអគ្គរដ្ឋទូតអាមេរិកថ្មីរូបនេះត្រូវបំពេញបេសកកម្មរបស់ខ្លួននៅកម្ពុជា ជាមួយនឹងការចាក់ឫសជ្រៅទៅហើយនៃប្រព័ន្ធដឹកនាំមួយចងសែស្រឡាយគ្នាក្នុងរចនាសម្ព័ន្ធដឹកនាំទៅអស់ហើយនោះ។
សូម្បីរចនាសម្ព័ន្ធសេដ្ឋកិច្ច មុខជំនួញ ពាណិជ្ជកម្ម ក៏មានការចងសម្ពន្ធភាពគ្រួសាររួចទៅហើយដែរ។ បន្ថែមលើសពីនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវស្ថាបនាឡើងដោយប្រាក់កម្ចីពីចិន ពាន់លានដុល្លារ។ ជាមួយគ្នានេះ ផែសមុទ្ររាមទឹកជ្រៅ និងមូលដ្ឋានទ័ពជើងទឹករាម ក៏ចិនជួយមូលនិធិស្ថាបនារួចហើយដែរ។ ទាំងសេដ្ឋកិច្ច និងនយោបាយស្ថិតនៅក្រោមឥទ្ធិពលចិន ជាមួយនឹងការដាក់វិនិយោគយ៉ាងខ្លាំងពីអ្នកជំនួញចិន និងពីក្រុមហ៊ុនរបស់រដ្ឋចិន ថែមទៀត។
ក្នុងស្ថានភាពសង្គមដែលធ្លាក់ក្នុងមុខជំនួញខុសច្បាប់ ដូចជាការរត់ពន្ធគ្រឿងញៀន ជំនួញឈើហុប ជំនួញបូមខ្សាច់ខុសច្បាប់ ការច្បាមយកដីធ្លីដោយខុសច្បាប់ និងការលាងលុយ សុទ្ធតែមានការចងជាសម្ព័ន្ធទៅហើយ។ ការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ មិនអាចប្រសើរឡើយ។ គេថាទីក្រុងប៉េកាំង មិនមានឥទ្ធិពលទៅលើអ្នកជំនួញចិន ដែលមានឧត្ដមសេនីយ៍កម្ពុជានៅពីក្រោយនោះទេ។
ដូចនេះ អ្នកការទូតថ្មីសហរដ្ឋអាមេរិក លោក Robert Forden ដែលមកជំនួសលោក Patrick Murphy កាន់តែជួបរឿងស្មុគស្មាញ ព្រោះវាចាក់ឫសខ្លាំងទៅហើយ។
តែយ៉ាងណា ការធ្វើទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក Lloyd Austin អាចមានលទ្ធផលមួយដែរ គឺទទួលបានការបញ្ជាក់ជាថ្មីពីមេដឹកនាំជាន់ខ្ពស់កម្ពុជា រាប់ទាំងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដែលសុទ្ធតែបានធានាការបើកចំហកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងនោះមានទាំងវិស័យសន្តិសុខក្នុងតំបន់ផងដែរ។
ថ្នាក់ដឹកនាំកម្ពុជានៅតែអះអាងប្រាប់លោក Lloyd Austin ថា ផែសមុទ្ររាមកម្ពុជាមិនអាចក្លាយជាមូលដ្ឋានសម្រាប់នាវាចម្បាំងរបស់ប្រទេសណាមួយផ្ដាច់មុខនោះឡើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

