36 C
Phnom Penh

និស្សិត​ភូមា ​យក​រូប​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន ទៅ​ជាន់ឈ្លី​និង​ដុត​ចោល​តាម​ទី​សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និស្សិត​នៃ​សាកលវិទ្យាល័យ Yadanar Pon ក្នុង​ប្រទេស​ភូមា បាន​នាំគ្នា​យក​រូប​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទៅ​ជាន់ឈ្លី និង​ដុត​ចោល​តាម​ទី​សាធារណៈ បន្ទាប់ពី​បុរស​ខ្លាំង​រូប​នេះ​ប្ដេជ្ញា​ទៅ​ជួប​ជាមួយ​នឹង​មេដឹកនាំ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅ​ដើម​ខែ​មករា ខាងមុខ​នេះ។

និស្សិត​នៃ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​ភូមា បាន​នាំគ្នា​សម្ដែង​ការ​មិន​ពេញចិត្ត​កាលពី​ដើម​សប្តាហ៍​នេះ​ថា ការ​ប្ដេជ្ញា​របស់​លោក ហ៊ុន សែន គ្រោង​ទៅ​ជួប​ជាមួយ​ប្រធាន​ក្រុម​ភេរវករ​ភូមា លោក មីន អ៊ុងឡាំង នៅ​ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​មិន​មាន​គម្រោង​ជួប​ជាមួយ​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​តំណាង​ឱ្យ​ប្រជាជន​ពិតប្រាកដ មិន​មែន​ជា​ហេតុផល​នៃ​ការ​កាត់បន្ថយ​ជម្លោះ​អំពើ​ភេរវកម្ម​នៅ​ប្រទេស​ភូមា នោះ​ទេ។

រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​និស្សិត​ភូមា យក​ទៅ​ជាន់ឈ្លី និង​ដុត​ចោល​តាម​ទី​សាធារណៈ។

ប្រភព​ដដែល​រិះគន់​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ទៅ​ជួប​តែ​មេដឹកនាំ​ផ្ដាច់ការ​យោធា​ភូមា លោក មីន អ៊ុងឡាំង នេះ គឺជា​ការ​លើក​ទឹកចិត្ត​ឱ្យ​របប​សឹក​ភូមា កាន់កាប់​អំណាច​ខុសច្បាប់​កាន់តែ​ខ្លាំង​ឡើង​ប៉ុណ្ណោះ ហើយ​ក៏​ជា​ការ​គាំទ្រ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដែល​កំពុងតែ​កើតឡើង​នៅ​ភូមា នៅ​ពេលនេះ​ផង​ដែរ។

ក្រុម​និស្សិត​ភូមា​ទាំងនោះ​បញ្ជាក់​ថា របប​ផ្ដាច់ការ​យោធា​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ជាទីបំផុត​លើ​ប្រជាជន​ភូមា ដែល​ស្ទើរតែ​មិន​អាច​ប្រៀបធៀប​ទៅ​នឹង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ជាមួយ​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​បាន ដូច្នេះ​ប្រសិនបើ​មេដឹកនាំ​កម្ពុជា​នៅតែ​បន្ត​ព្យាយាម​ទំនាក់ទំនង​ជាមួយ​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ដោយ​គ្មាន​វត្តមាន​អ្នកស្រី អ៊ុងសាន ស៊ូជី នោះ សេចក្តី​ថ្លៃថ្នូរ​របស់​អាស៊ាន​នឹង​ធ្លាក់​ចុះ​ជាមិនខាន។

រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​និស្សិត​ភូមា យក​ទៅ​ជាន់ឈ្លី និង​ដុត​ចោល​តាម​ទី​សាធារណៈ។

ប្រតិកម្ម​ពី​និស្សិត​សាកលវិទ្យាល័យ​ភូមា​ទាំងនេះ ធ្វើឡើង​ដើម្បី​បង្ហាញ​អំពី​តវ៉ា​របស់​ពួកគេ​ទៅ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន ដែល​សន្យា​ថា​នឹង​ទៅ​ជួប​មេដឹកនាំ​ផ្ដាច់ការ​ភូមា នៅ​ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ។

កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អះអាង​ថា លោក​នៅតែ​រក្សា​ជំហរ​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា​ដដែល ដូច្នេះ​លោក​អំពាវនាវ​សុំ​ឱ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ទុក​ឱកាស​ឱ្យ​លោក​ធ្វើការ​នេះ​ឱ្យ​បាន​រួចរាល់។ លោក​បញ្ជាក់​ថា បើ​ដោះស្រាយ​បាន ឬ​មិន​បាន ក៏​មិន​គួរ​នាំគ្នា​បន្ទោស​លោក​ដែរ ព្រោះ​ការ​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ ដោយសារតែ​កម្ពុជា​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​តែប៉ុណ្ណោះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា និង​មេ​រដ្ឋប្រហារ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៃ​ប្រទេស​ភូមា។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ ធ្នូ នេះ​ថា កិច្ចការ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​នាម​ប្រធាន​អាស៊ាន ដែល​នឹង​ត្រូវ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា គឺ​ត្រូវ​យល់​ឲ្យ​ច្បាស់​អំពី​ភារកិច្ច​របស់​ខ្លួន​ថា មិនមែន​ទៅ​ទីនោះ​ដើម្បី​ជួយ​មេដឹកនាំ​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ឱ្យ​រួច​ទោស​ពី​អំពើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ​គាត់​ត្រូវ​ជំរុញ​ឱ្យ​របប​សឹក​នោះ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ។

លោក ម៉ែន ណាត បញ្ជាក់​ថា ដើម្បី​ស្ដារ​ស្ថានភាព​ប្រទេស​ភូមា​ឱ្យ​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន ត្រូវតែ​ជួប​ជាមួយ​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា​ផង និង​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ផង នោះ​ទើប​អាច​រក​ចំណុច​រួម​ដើម្បី​បន្ធូរ​ភាព​តានតឹង​នៅ​ភូមា​បាន។ បើ​មិន​ដូច្នោះ​ទេ នោះ​បេសកកម្ម​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ភូមា នៅ​ដើម​ឆ្នាំ​២០២២ ខាងមុខ​នេះ នឹង​នាំ​កំហឹង​របស់​ពលរដ្ឋ​ភូមា​មក​កាន់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ដើម្បី​កុំ​ឱ្យ​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​លោក ហ៊ុន សែន បរាជ័យ​ដូច​ឆ្នាំ​២០១២ ទៀត លោក ហ៊ុន សែន ត្រូវតែ​រក្សា​ជំហរ​ក្នុង​នាម​ប្រធាន​អាស៊ាន ជំរុញ​ឱ្យ​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា អនុវត្ត​តាម​លក្ខខណ្ឌ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​អនុម័ត​សម្រាប់​ភូមា កាលពី​ពេល​កន្លងទៅ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ក្នុង​ជំនួប​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នៅ​ដើម​ឆ្នាំ​២០២២ នោះ ទំនង​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា​នឹង​ណែនាំ​ឱ្យ​មេ​រដ្ឋប្រហារ​យោធា​ភូមា​ឱ្យ​បំបែក​បំបាក់​កម្លាំង​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ បង្កើត​ការ​បោះឆ្នោត​ជាតិ​បន្លំ​ភ្នែក​អន្តរជាតិ​មួយ​ដែល​ធ្វើ​ឡើង​ក្រោម​ការរៀបចំ​របស់​មេ​រដ្ឋប្រហារ​យោធា​ភូមា ជាជាង​ការ​ដោះស្រាយ​វិបត្តិ​ជូន​ពលរដ្ឋ​ភូមា ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​របប​សឹក​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស