26 C
Phnom Penh

អតិថិជន​ទិញ​អចលនទ្រព្យ​ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាមទារ​ផ្ទះ​តាម​កិច្ចសន្យា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ​ដោយ៖ តាំង សារ៉ាដា

អតិថិជន​ដែល​ជា​ម្ចាស់​ផ្ទះ​ដល់​កុងត្រា​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ផ្ទះ និង​ភ្នាក់ងារ​លក់​ផ្ទះ​របស់​ឧកញ៉ា​ជំនាន់​ថ្មី​ម្នាក់ គឺ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នាំគ្នា​ទាមទារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រគល់​ផ្ទះ​ឲ្យ​ពួកគេ ព្រមទាំង​បើក​ប្រាក់​កម្រៃ​ជើងសា​តាម​កិច្ចសន្យា​ដល់​បុគ្គលិក​ផ្នែក​លក់។

ការ​ទាមទារ​នេះ ចាប់ផ្តើម​ផ្ទុះឡើង​បន្ទាប់ពី​អ្នកឧកញ៉ា​រូប​នោះ​និយាយ​ថា ប្រជាជន​ខ្មែរ​ជំពាក់​លុយ​លោក​រហូត​ដល់​ជាង ៣០០​លាន​ដុល្លារ ស្រប​ពេល​ដែល​មាន​ការ​បែកធ្លាយ​ព័ត៌មាន​ករណី​កំពុង​ព្យាយាម​បង្កើត​ឧកញ៉ា​ថ្មីៗ​មួយ​ចំនួន​ដែល​ជា​អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង។

បុគ្គលិក​របស់​លោក ឡេង ណាវ៉ាត្រា ខ្លះ​បាន​ទម្លាយ​ប្រាប់ The Cambodia Daily ថា ការ​បង្កើន​ចំនួន​ឧកញ៉ា​ដែល​លោក ឡេង ណាវ៉ាត្រា រៀបចំ​ឡើង​នេះ អាច​ដើម្បី​ជា​សេនាធិការ​កាន់កាប់​មុខរបរ​កខ្វក់​ផ្សេងៗ​របស់​ខ្លួន។

ចាប់តាំងពី​ដើម​ខែ​មីនា ឆ្នាំ​២០២៣ ភ្លាមៗ​ក្រោយពី​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បាន​ចុះផ្សាយ​ព័ត៌មាន​ស៊ើប​អង្កេត​ស៊ីជម្រៅ​ចំនួន​ពីរ​តាមរយៈ​ការ​សម្ភាស​ជាមួយ​បុគ្គលិក​ផ្ទាល់​របស់​លោក ឡេង ណាវ៉ាត្រា ដែល​បាន​ទម្លាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​លាតត្រដាង​អំពី​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា​រូប​នេះ​ថា អាច​កំពុង​ដឹកនាំ​ក្រុម​គ្រួសារ​របស់​ខ្លួន​រកស៊ី​លាង​លុយ​កខ្វក់​ឲ្យ​គ្រួសារ​អ្នក​មាន​អំណាច​កំពូល​នៅ​កម្ពុជា។ បុគ្គលិក​រូប​នោះ​ក៏​បាន​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ជាច្រើន​ជុំវិញ​ប្រភព​ចំណូល​របស់​លោក ឡេង ណាវ៉ាត្រា ដែល​សឹងតែ​មិន​ទទួល​បាន​ប្រាក់ចំណេញ​ពី​គម្រោង​វិនិយោគ​ទាំងអស់​របស់​ខ្លួន។

គម្រោង​ផ្ទះល្វែង​របស់​លោក ឡេង ណាវ៉ាត្រា ខ្លះ​ជាប់​គាំង​មិន​មាន​ការ​អភិវឌ្ឍ​អ្វី​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ធ្វើ​សកម្មភាព​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាមរយៈ​នៃ​ការ​ផ្តល់​សាច់ប្រាក់​សុទ្ធ​រាប់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​លើកៗ​ដល់​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ក្រៅ​ប្រព័ន្ធ​ធនាគារ​ក្រោម​រូបភាព​កម្មវិធី​ជំនួយ​មនុស្សធម៌ មាន​ទំហំ​ទឹកប្រាក់​សឹង​លើស​ពី​ទ្រព្យសម្បត្តិ​សរុប​របស់​ក្រុមហ៊ុន​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ​ទៅ​ទៀត។

អ្នកឧកញ៉ា​រូប​នេះ​បាន​បង្ហោះ​រូបភាព​ជាច្រើន​អំពី​សកម្មភាព​ចុះ​ទៅ​មើល​គម្រោង​របស់​ខ្លួន ជាពិសេស​គម្រោង​នៅ​បុរី ឡេង ណាវ៉ាត្រា នៅ​លើ​ផ្លូវជាតិ​លេខ ៦A ដែល​ក្រុមហ៊ុន​បាន​សន្យា​នៅ​ក្នុង​កុងត្រា​ទិញ​ផ្ទះ​ជាមួយ​នឹង​អតិថិជន​ថា ចាប់ពី ១៨​ខែ​ទៅ ២៤​ខែ នឹង​ផ្តល់​សោ​ផ្ទះ​ឲ្យ​អតិថិជន​អាច​ចូល​រស់នៅ​បាន​ហើយ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​កំណត់​កុងត្រា​ប្រគល់​សោ​មក​ដល់ ស្រាប់តែ​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា​វ័យ​ក្មេង​រូប​នេះ​មិន​មាន​ផ្ទះ និង​មិន​មាន​សោ​ឲ្យ​អតិថិជន​ទាំងនោះ​ទៅ​តាម​កិច្ចសន្យា​ទៅ​វិញ ហើយ​កន្លែង​ខ្លះ​ទៀត​កុំ​ថា​ឡើយ​ចាក់​ដី​មួយ​ឡាន សូម្បី​មួយ​បង្គី​ក៏​គ្មាន​ដែរ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ពាក់​អាវ​ស) និង​គម្រោង​ផ្ទះល្វែង​របស់​លោក។

បុគ្គលិក​របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាច្រើន​ចាប់ផ្តើម​នាំគ្នា​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ថា ក្រោយពី​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បាន​ចេញ​ផ្សាយ​ករណី​ក្រុមហ៊ុន​របស់​លោក ឡេង ណាវ៉ាត្រា រួច​មក ភ្លាមៗ​នោះ​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ​បាន​បញ្ជា​ឲ្យ​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់​របស់​ខ្លួន​ហែហម​សកម្មភាព​ចុះ​មើល​គម្រោង​ទាំងអស់​ដែល​សារព័ត៌មាន​មួយ​នេះ​បាន​ចុះផ្សាយ។

បុគ្គលិក​ដដែល​បាន​ឲ្យ​ដឹង​ថា ទោះបី​មាន​ការ​ត្អូញត្អែរ​ដ៏​រ៉ាំរ៉ៃ​ពី​សំណាក់​អតិថិជន​យ៉ាង​ណា​ក្ដី រហូត​មក​ទល់​ពេលនេះ អ្នកឧកញ៉ា​នៅតែ​មិនទាន់​អើពើ​អ្វី​ទាល់តែសោះ​ករណី​ប្រគល់​សោ​ផ្ទះ​ឲ្យ​ពួកគេ។ ផ្ទុយទៅវិញ អ្នកឧកញ៉ា​ហ៊ាន​ប្រកាស​ជា​សាធារណៈ​បើក​លក់​ផ្ទះ​ថ្មីៗ​ត្រឹមតែ ៦​ខែ​សាងសង់​ឲ្យ​រួចរាល់​ថែម​ទៀត ទាំង​ដែល​ផ្ទះ​អតិថិជន​ចាស់ៗ​រាប់​ពាន់​ល្វែង​នៅ​មិនទាន់​ទាំង​ចាក់​ដី​សូម្បី​តែ​មួយ​បង្គី​ផង​នោះ។

បុគ្គលិក​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មួយ​ថ្ងៃៗ​ឃើញ​តែ​អតិថិជន​នាំគ្នា​ទៅ​តវ៉ា ឬ​សួរនាំ​ជា​ក្រុមៗ​អំពី​រឿង​ដដែលៗ គឺ​រឿង​ប្រគល់​សោ​ផ្ទះ​តាម​កិច្ចសន្យា​នេះ​ឯង។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេលនេះ គឺ​មាន​រយៈពេល ៦​ខែ​ទៅ​ហើយ​ដែល​ក្រុមហ៊ុន​នៅតែ​មិន​ព្រម​អើពើ​បើក​លុយ​កម្រៃ​ជើងសា​សម្រាប់​គម្រោង​ព្រះប្រសប់ ឲ្យ​មក​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ទៀត ដែល​នាំ​ឲ្យ​ពួកគេ​គ្មាន​លុយ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​រដូវ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​នេះ។ ជាង​នេះ​ទៅ​ទៀត ពួកគេ​ក៏​គ្មាន​លុយ​ជូន​ឪពុក​ម្តាយ និង​បងប្អូន​របស់​ពួកគេ​ក្នុង​រដូវ​បុណ្យ​ចូលឆ្នាំ​ថ្មី​នោះ​ដែរ។

ពួកគេ​ចោទ​ជា​សំណួរ​ថា៖

  • ហេតុ​អ្វី​ក៏​ក្រុមហ៊ុន​នេះ​ធ្វើបាប​ពលរដ្ឋ​ខ្មែរ​ម្ល៉េះ?
  • ហេតុ​អ្វី​ក្រុមហ៊ុន​នេះ​អាត្មា​និយម​ម្ល៉េះ?
  • ហេតុ​អ្វី​ក្រុមហ៊ុន​នេះ​បែរជា​យក​លុយ​រាប់​សែន​ដុល្លារ​ទៅ​ជះ​ចំណាយ​ក្នុង​កម្មវិធី​ជប់លៀង​បក្សពួក​និយម​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៣ កន្លងទៅ​នេះ ដែល​ពួកគេ​នាំគ្នា​ផឹក​សុទ្ធតែ​ស្រា​មាន​តម្លៃ​រាប់​រយ​ដុល្លារ​ក្នុង​មួយ​ដបៗ ហើយ​ថែម​ទាំង​មាន​កាដូ​ជូន​ដល់​សមាជិក​ចូលរួម​ក្នុង​ម្នាក់ៗ​មួយ​ប្រអប់ ដែល​គិត​ជា​លុយ​ប្រហែល​រាប់​សិប​ដុល្លារ​ឯណោះ​ថែម​ទៀត

បុគ្គលិក​ដដែល​អះអាង​ថា លោក ឡេង ណាវ៉ាត្រា បាន​ព្យាយាម​សុំ​បង្កើត​ឧកញ៉ា​ថ្មីៗ​ដែល​ដាក់​ឲ្យ​ស្ថិត​ក្រោម​ឱវាទ​របស់​លោក​ឲ្យ​កាន់តែ​ច្រើន រួម​ទាំង​តារា​ចម្រៀង​ល្បីៗ​មួយ​ចំនួន​ដែល​លោក​អូស​ទាញ​បាន ដើម្បី​ធ្វើជា​សេនាធិការ​កាន់កាប់​របរ​កខ្វក់​ផ្សេងៗ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា យ៉ាងហោចណាស់​មាន​ឧកញ៉ា​បី​រូប​ទើប​ត្រូវ​បាន​បង្កើត​ថ្មី ប៉ុន្តែ​លោក ឡេង ណាវ៉ាត្រា នៅ​មិនទាន់​ប្រកាស​ជា​ផ្លូវការ ដោយសារ​លោក​មាន​បំណង​ដើម្បី​ប្រើប្រាស់​ពួកគេ​ឲ្យ​ចេញ​មុខ​ធ្វើ​ជំនួញ​នៅ​ពេល​ក្រោយ ហើយ​ប្រវត្តិ​ឧកញ៉ា​ថ្មីៗ​ទាំងនេះ​ក៏​ធ្លាប់​ជា​ពលករ​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ជាមួយ​លោក​កន្លងមក​ផង​ដែរ។

ជាក់ស្តែង លោក សុន ដារ៉ាវុធ អតីត​ពលករ​ធ្វើការ​នៅ​កូរ៉េ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ផ្នែក​លក់​នៃ​គម្រោង​អចលនទ្រព្យ​ឱ្យ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា​កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១។

បុគ្គលិក​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា លោក ឡេង ណាវ៉ាត្រា តែង​អួត​ថា​លោក​មាន​កម្មករ​រាប់​ពាន់​នាក់ មាន​គ្រឿងចក្រ​គ្រប់គ្រាន់ មាន​គ្រឿង​សំណង់​អាច​ផ្គត់ផ្គង់ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​នៅតែ​មិន​ឃើញ​មាន​រូបរាង ឬ​មាន​ការ​អភិវឌ្ឍ​អ្វី​នោះ​ឡើយ។ បើ​និយាយ​អំពី​គម្រោង​ភ្នំស្រង់ បន្ទាប់ពី​មាន​ការ​ប្រកូក​ប្រកាស​បើក​គម្រោង​ថ្មី​វិញ រហូត​មក​ទល់​ពេលនេះ នៅ​មិន​មាន​ការ​អើពើ​ពី​សំណាក់​អតិថិជន​សម្រាប់​គម្រោង​នេះ​ទេ ហើយ​គម្រោង​នេះ​ក៏​បាន​បិទ​ទៅវិញ​យ៉ាង​ស្ងាត់ច្រៀប​ផង​ដែរ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

ជាក់ស្តែង ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Chity Pynarak បាន​សរសេរ​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​លោក ឡេង ណាវ៉ាត្រា ដែល​បង្ហោះ​សារ​លក់​ផ្ទះ​រាប់​ម៉ឺន​ល្វែង​តាម​ផ្លូវ​ជាតិ​លេខ​៦A។ Chity Pynarak បាន​សរសេរ​ថា ខ្លួន​បាន​ទិញ​ផ្ទះ​ក្នុង​គម្រោង​ផ្លូវ​លេខ ៦A រួច​ហើយ ហើយ​សូម​លោក​ឧកញ៉ា​ជួយ​មើល​ផង ក្នុង​នាម​ជា​អតិថិជន​ម្នាក់​ពិត​ជា​ភ័យ​ណាស់​ដែល​លុយ​ខំ​យក​ទិញ​ផ្ទះ​ក្នុង​បុរី ប៉ុន្តែ​មិន​ទាន់​ឃើញ​ស្រមោល​ផ្ទះ​នៅឡើយ ព្រោះ​កិច្ចសន្យា​កុងត្រា​បាន​កំណត់​ហើយ តែ​ផ្ទះ​មិន​ដឹង​នៅ​ទីណា ហើយ​បុគ្គលិក​របស់​ក្រុមហ៊ុន​ក៏​ពូកែ​ដោះសា​ជាមួយ​អតិថិជន​ថែម​ទៀត។

គណនី​ហ្វេសប៊ុក Chity Pynarak បាន​សរសេរ​ឆ្លើយឆ្លង​ជាមួយ​បុគ្គលិក​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈ​ហ្វេសប៊ុក​ឈ្មោះ Ne NG ថា យឺត​តែងតែ​មាន តែ​នេះ​លើស​ហើយ ផុត​កុងត្រា​ហើយ តែ​ផ្ទះ​មិនទាន់​ទាំង​បុក​គ្រឹះ​ផង សួរ​ថា​តើ​ខាត​ប៉ុនណា?

ចំណែក​ហ្វេសប៊ុក​ឈ្មោះ Ne NG បាន​សរសេរ​សារ​តប​វិញ​ថា ការ​សាងសង់​តែងតែ​មាន​ការ​យឺតយ៉ាវ​អ៊ីចឹង​ហើយ ដោយសារតែ​គាត់​សាងសង់​ផ្ទះ​ច្រើន ហើយ​ផ្ទះ​គាត់​មិនមែន​សាងសង់​ពីរ​បី​ល្វែង​ទេ គឺ​រាប់​រយ​ល្វែង ដូច្នេះ​តែងតែ​មាន​ការ​យឺតយ៉ាវ​បន្តិចបន្តួច​អ៊ីចឹង​ហើយ។

ចំណែក​គណនី​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ Baek Sung Jo បាន​សរសេរ​ថា ខ្លួន​បាន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​របស់​លោក ឡេង ណាវ៉ាត្រា ជិត​បី​ឆ្នាំ​ហើយ តែ​នៅ​មិន​ទាន់​ធ្វើ​ហើយ​ទៀត ដែល​ក្នុង​កិច្ចសន្យា​បាន​សរសេរ​ថា ១​ឆ្នាំ​កន្លះ គឺ​ត្រូវ​ប្រគល់​សោ​ឲ្យ​ចូល​រស់នៅ​បាន ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០២០ រហូត​មក​ដល់​ឥឡូវ មិន​ដឹង​ទីតាំង​ផ្ទះ​នៅ​ឯណា​នោះ​ទេ។ ប្រភព​ដដែល​បាន​សរសេរ​ថា ឥឡូវ​ឲ្យ​ឮ​តែ​គម្រោង ឡេង ណាវ៉ាត្រា បើ​ទោះបីជា​លក់​របៀប​ណា​ក៏​មិន​ទិញ​ដែរ។

ចំណែក​ម្ចាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​ឈ្មោះ Pao Rith បាន​សរសេរ​ថា ខ្លួន​បាន​ទិញ​ដី​ឡូត៍​ពី​អ្នកឧកញ៉ា​នៅ​ខេត្ត​កំពង់សោម (ខេត្ត​ព្រះសីហនុ) ពេល​ដែល​ទិញ​ហើយ ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិន​គោរព​តាម​កិច្ចសន្យា​ដែល​ចែង​អំពី​ការ​អភិវឌ្ឍ​នោះ​ទេ។ ប្រភព​ដដែល​ត្អូញត្អែរ​ថា «ទិញ​ហើយ​កប់​លុយ​ចោល​រាប់​ម៉ឺន​ដុល្លារ​ទៅវិញ…ហ៊ឺ គួរ​ឲ្យ​សោកស្តាយ​ណាស់»

រីឯ​ម្ចាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​បាន​ឆាត​ដោយ​ផ្ទាល់​ជាមួយ​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដោយ​អង្វរ​ថា លោក​ឧកញ៉ា​ជួយ​ពន្លឿន​សាងសង់​ផ្ទះ​ផង ជាង ២​ឆ្នាំ​ហើយ​មិនទាន់​បាន​សាងសង់​នៅឡើយ​ទេ ទៅ​មើល​ឃើញ​តែ​ដី​ទទេ។ ម្ចាស់​ហ្វេសប៊ុក​ដដែល​បាន​សរសេរ​នៅ​ក្នុង​ឆាត​នោះ​ថា បើ​នៅតែ​មិន​ផ្តល់​ព័ត៌មាន​អំពី​ការ​ប្រគល់​ផ្ទះ​ទៀត គេ​នឹង​ឈប់​និយាយ​តាម​សារ​ហើយ ប៉ុន្តែ​នឹង​បង្ហោះ​លើ​ហ្វេសប៊ុក​ជា​សាធារណៈ​តែម្តង។

ចំណែក​ឯ​ហ្វេសប៊ុក​ឈ្មោះ កាមទេព លីមហុង បាន​សរសេរ​ថា មាន​គេ​ឆាត​មក​ច្រើន​ណាស់​ថា​ទៅ​បង់​លុយ​ដី​ឡូត៍​រាល់​ខែ​នៅ​សៀមរាប ស្រុក​បន្ទាយស្រី បាន​មួយ​ឆ្នាំ​ជាង បុគ្គលិក​ទីនោះ​ថា​មិនទាន់​បង់ ហើយ​ឲ្យ​បង់​សាជាថ្មី។ នេះ​មិនមែន​មាន​តែ​មួយ​កន្លែង​នោះ​ទេ គឺ​មាន​ច្រើន​កន្លែង​ណាស់​តាម​បណ្តា​ខេត្ត​ផ្សេងៗ សូម​លោក​ឧកញ៉ា​ឆ្លើយ​ផង ចូលចិត្ត​បោក​គេ​ម្ល៉េះ។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​សារ​ខាងលើ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​សរសេរ​ឆ្លើយតប​ថា ល្បង លីមហុង ត្រូវ​យល់​ឲ្យ​ច្បាស់ បើ​មាន​ផ្ទះ​ដែល​សង់​យឺត​មួយ​ចំនួន ក្រុមហ៊ុន​មាន​កិច្ចសន្យា​ចំពោះ​ការ​យឺតយ៉ាវ យើង​មាន​ការ​សង​សំណង​ត្រឡប់​ទៅវិញ។ (បើ​មិន​ដឹង​ច្បាស់​កុំ​ធ្វើ​ឡប់) កុំ​ចង់​ញុះញង់​មាន​ចេតនា​ចង់​ចំណេញ​នយោបាយ បង្ខូច​ឈ្មោះ​ក្រុមហ៊ុន ទៅ​មិន​រួច​ទេ

បុគ្គលិក​របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ម្នាក់​ទៀត​ដែល​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​ថា លោក​ឧកញ៉ា​លើក​ទឹកចិត្ត​ឲ្យ​បុគ្គលិក​របស់​ខ្លួន​នាំគ្នា​ចូល​ខំមិន (បញ្ចេញមតិ) នៅ​ក្នុង​ផេក​របស់​អ្នកឧកញ៉ា គឺ​ម្នាក់​ទទួល​បាន ២​ម៉ឺន​រៀល ឬ​ស្មើ​នឹង ៥​ដុល្លារ​អាមេរិក។

បុគ្គលិក​ដដែល​ឲ្យ​ដឹង​ថា ការ​ជួល​ឲ្យ​និយាយ​ដូចៗ​គ្នា​ដើម្បី​សរសើរ​អំពី​អំពើ​ល្អ​របស់​លោក​ឧកញ៉ា​ឲ្យ​រីក​សាយភាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ទប់ស្កាត់ និង​បន្សាប​រឿង​ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បាន​ចេញ​ផ្សាយ​ចំនួន​ពីរ​លើក​ផ្ទួនៗ​លាតត្រដាង​អំពី​ការ​រកស៊ី​លាង​លុយ​កខ្វក់​ឲ្យ​អ្នក​ធំ។

បុគ្គលិក​ដដែល​អះអាង​ថា ចំពោះ​ការ​សាងសង់​ផ្ទះ​យឺតយ៉ាវ ឧកញ៉ា​រូប​នេះ​នៅតែ​មិន​ខ្វល់ខ្វាយ ប្រហែល​ដោយសារ​មាន​អ្នក​មាន​អំណាច​កាង​ពីក្រោយ​ក៏​មិន​ដឹង ពិត​ជា​អាណោចអាធ័ម​ចំពោះ​អតិថិជន​ជា​ពន់ពេក។

ប្រភព​ដដែល​អះអាង​ថា ចំពោះ​រីឯ​កម្រៃ​ជើងសា​របស់​ភ្នាក់ងារ ឬ​គេ​ហៅថា Free Lancer’s Commission បាន​ឡើង​របាយការណ៍ និង​ផ្ទៀងផ្ទាត់​រួចរាល់​តាំងពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២៣ មក​ម្ល៉េះ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ ពួកគេ​នៅ​មិនទាន់​ទទួល​បាន​នៅឡើយ​ទេ​ទាក់ទង​នឹង​កម្រៃ​ជើងសា​នេះ។

ប្រភព​ដដែល​ត្អូញត្អែរ​ថា ភ្នាក់ងារ​លក់​ផ្ទះ​ឲ្យ​លោក ឡេង ណាវ៉ាត្រា គ្មាន​ប្រាក់ខែ​នោះ​ទេ ហើយ​ពួកគេ​សង្ឃឹម​តែ​ទៅ​លើ​លុយ​កម្រៃ​ជើងសា​តែប៉ុណ្ណោះ ហើយ​ហេតុ​អ្វី​លោក​ឧកញ៉ា​រូប​នេះ​មិន​ព្រម​បើក​លុយ​ឲ្យ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​មាន​កម្លាំង​ធ្វើការ​បន្ត​ទៀត ប៉ុន្តែ​លោក​ឧកញ៉ា​បែរជា​ចំណាយ​លុយ​ពី ៥ ទៅ ១០​លាន​ដុល្លារ ដើម្បី​ទិញ Penthouse នៅ​តំបន់​កោះពេជ្រ​ដើម្បី​ទុក​សម្រាប់​កម្សាន្ត។

បុគ្គលិក​ដដែល​បាន​ចោទ​សួរ​ថា ភ្នាក់ងារ​អចលនទ្រព្យ​រាប់​ពាន់​នាក់ ពួកគេ​គឺជា​ទ័ព​ស្រួច​របស់​លោក​ឧកញ៉ា ហេតុ​អី​លោក​ឧកញ៉ា​នៅតែ​គឃ្លើន​មិន​អើពើ​មើល​ថែ​ពួកគេ​ឲ្យ​បាន​ល្អ​សោះ​អ៊ីចឹង?

បុគ្គលិក​ដដែល​បាន​ចោទ​ជា​សំណួរ​ករណី​លោក ឡេង ណាវ៉ាត្រា អះអាង​ថា យ៉ាងហោចណាស់​មាន​អតិថិជន​ជំពាក់​លុយ​លោក​រហូត​ទៅ​ដល់​ជាង ៣០០​លាន​ដុល្លារ។ បុគ្គលិក​រូប​នោះ​សួរ​ថា តើ​ការ​ចោទ​ថា​អតិថិជន​ជំពាក់​លុយ​អ្នកឧកញ៉ា​រហូត​ទៅ​ដល់​ជាង ៣០០​លាន​ដុល្លារ​នោះ មាន​អ្វី​មក​សំអាង មាន​អ្វី​ជា​ភស្តុតាង​មក​បង្ហាញ អ្នកឧកញ៉ា​និយាយ​ខ្លួនឯង ប្រាប់​ខ្លួនឯង ធ្វើ​ខ្លួនឯង គ្មាន​មូលដ្ឋាន​ច្បាស់លាស់ បើ​យក​ល្អ​សាក​ឲ្យ​មន្ត្រី​សវនកម្ម​បើក​ការ​ស៊ើបអង្កេត​មើល តើ​ហ៊ាន​ទេ ប្រសិនបើ​ក្រុមហ៊ុន​របស់​លោក​ជា​ក្រុមហ៊ុន​ត្រឹមត្រូវ​មែន​នោះ?

ប្រភព​ដដែល​បាន​ទាមទារ​ឲ្យ​លោក ឡេង ណាវ៉ាត្រា បង្ហាញ​ពី​ទិន្នន័យ​ឲ្យ​បាន​ច្បាស់ ពីព្រោះ​ការ​និយាយ​បែប​នេះ គឺ​កំពុងតែ​មើលងាយ​ពលរដ្ឋ​ខ្មែរ​ពេក​ណាស់​ទៅ​ហើយ។

បុគ្គលិក​របស់​លោក ឡេង ណាវ៉ាត្រា រូប​នេះ​បាន​ផ្តល់​ការ​វិភាគ​ថា បើ​ពលរដ្ឋ​ខ្មែរ​ជំពាក់​លុយ​របស់​លោក​រហូត​ទៅ​ដល់​ជាង ៣០០​លាន​ដុល្លារ ស្រប​ពេល​ដែល​គម្រោង​របស់​លោក​ភាគច្រើន​ត្រូវ​បាន​អតិថិជន​បង់​លុយ​ផ្តាច់​ចំនួន​ជាង ៩០% ហើយ​នៅ​សល់​តែ​ប្រហែល ១០% ប៉ុណ្ណោះ​ដែល​អតិថិជន​បាន​បង់​រំលស់​ជាមួយ​គម្រោង​ផ្ទាល់។

ដូច្នេះ ចំនួន​អតិថិជន ១០% អាច​ជា​ចំនួន​ដែល​លោក ឡេង ណាវ៉ាត្រា អះអាង​ថា ពួកគេ​ជំពាក់​គាត់​ជាង ៣០០​លាន​ដុល្លារ​នោះ​ហើយ។ ចុះ​ចំណែកឯ​ចំណូល​ដែល​លោក ឡេង ណាវ៉ាត្រា ទទួល​បាន​ពី​ការ​បង់​ផ្តាច់​របស់​អតិថិជន​ជាង ៩០% នោះ តើ​លោក​យក​លុយ​ទៅ​ទុក​នៅ​ឯណា? បើ​អតិថិជន​ចំនួន ១០% អាច​ស្មើ​ទៅ​នឹង​លុយ​ដែល​ពួកគេ​ជំពាក់​លោក​ជាង ៣០០​លាន​ដុល្លារ​ទៅ​ហើយ ដូច្នេះ​លុយ​ដែល​អតិថិជន​បាន​បង់​ផ្តាច់​ចំនួន ៩០% អាច​ស្មើ​ចំនួន​ជាង ២៧០០​លាន​ដុល្លារ​អាមេរិក​នៃ​ចំណូល​ដែល​លោក​ទទួល​បាន។

បើ​លោក ឡេង ណាវ៉ាត្រា មាន​ចំណូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដូច្នេះ​ទៅ​ហើយ៖

  • តើ​ហេតុ​អ្វី​លោក​មិន​ព្រម​យក​លុយ​ទាំងអស់​នោះ​ទៅ​អភិវឌ្ឍ​គម្រោង​ឲ្យ​ទាន់​ពេលវេលា​ជូន​អតិថិជន?
  • តើ​ហេតុ​អ្វី​បាន​ជា​លោក ឡេង ណាវ៉ាត្រា មិន​ព្រម​បើក​លុយ​ឲ្យ​កម្មករ​សំណង់?
  • តើ​ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​បើក​លុយ​ឲ្យ​ខាង​គ្រឿងចក្រ និង​គ្រឿងសំណង់?
  • តើ​ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​បើក​លុយ​កម្រៃ​ជើងសា​ឲ្យ​ទៅ​ខាង​ភ្នាក់ងារ​លក់​អចលនទ្រព្យ ឬ Freelancers?

បើ​តាម​ការ​រៀបរាប់​របស់​បុគ្គលិក​ដដែល​ឲ្យ​ដឹង​ថា តួលេខ​នៃ​បំណុល​របស់​អតិថិជន​ដែល​ជំពាក់​លោក ឡេង ណាវ៉ាត្រា ជាង ៣០០​លាន​ដុល្លារ​នោះ ជា​តួលេខ​មិន​ពិត ឬ​អាច​តួលេខ​បំប៉ោង​តែ​ប៉ុណ្ណោះ។

យោង​តាម​ព័ត៌មាន​របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា តែងតែ​បរិច្ចាគ​រួម​ចំណែក​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ៖

  • ក្រុមហ៊ុន​បាន​ចូលរួម​លើ​ការ​អភិវឌ្ឍ​នានា​ជាមួយ​រដ្ឋាភិបាល​ចំនួន​ប្រមាណ ១៣,១​លាន​ដុល្លារ​អាមេរិក
  • បរិច្ចាគ​ក្នុង​ការ​កសាង​ផ្លូវ​ថ្នល់​ចំនួន​ប្រមាណ ៦,១៧​លាន​ដុល្លារ​អាមេរិក
  • បរិច្ចាគ​ជូន​កាកបាទ​ក្រហម​កម្ពុជា​ក្នុង​បេសកកម្ម​មនុស្សធម៌​ចំនួន​ប្រមាណ ៤,៣៥​លាន​ដុល្លារ​អាមេរិក (គិត​ត្រឹម​ឆ្នាំ​២០២៣ នេះ)
  • បរិច្ចាគ​រួម​ចំណែក​ជួយ​ដល់​វិស័យ​សុខាភិបាល​ចំនួន​ប្រមាណ ៣៨​ម៉ឺន​ដុល្លារ​អាមេរិក
  • និង​ចូលរួម​ឧបត្ថម្ភ​ដល់​មូលនិធិ​តេជោ​១២៥ ចំនួន ៥០​ម៉ឺន​ដុល្លារ​អាមេរិក។

គិត​ជា​រួម តួលេខ​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ នេះ បេះដូង​សប្បុរសធម៌​នៃ​ការ​បរិច្ចាគ​ទឹកប្រាក់​ចូលរួម​ក្នុង​សកម្មភាព​អភិវឌ្ឍ​ប្រទេស​ជាតិ និង​សកម្មភាព​មនុស្សធម៌​របស់​ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា មាន​ទំហំ​សរុប​ដល់​ទៅ​ជាង ២៤,៥​លាន​ដុល្លារ​អាមេរិក

បន្ទាប់ពី​មាន​ការ​ឧបត្ថម្ភ​លុយ​សុទ្ធ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា គេ​ក៏​ឃើញ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សង​គុណ​ដល់​ឧកញ៉ា​រូប​នេះ​វិញ​ដោយ​ផ្តល់​ដី​សម្បទាន​សឹង​គ្រប់​ទីកន្លែង​ដើម្បី​អង្កន់​ជា​ដី​ឡូត៍​សម្រាប់​លក់។

ឧកញ៉ា ឡេង ណាវ៉ាត្រា ទទួល​បាន​សិទ្ធិ​លើ​គម្រោង​អភិវឌ្ឍន៍​នៅ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ ពី​រដ្ឋាភិបាល ដោយ​ក្រុមហ៊ុន​របស់​លោក​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​នោះ​រាប​ដល់​ដី​អស់​ប្រមាណ ៦០០​ហិកតារ​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២២ ប៉ុន្តែ​ក្រោយ​មក លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ផ្អាក​គម្រោង​នេះ​វិញ​បន្ទាប់ពី​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​សឹង​ទូទាំង​នគរ។

ទិដ្ឋភាព​បង្ហាញ​តំបន់​ព្រៃ​ភ្នំ​តាម៉ៅ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ឈ្មួញ​ធំៗ​ឈូស​ឆាយ​នៅ​ស្រុក​បាទី ខេត្ត​តាកែវ និង​រូបថត​ឧកញ៉ា ឡេង ណាវ៉ាត្រា។

ជុំវិញ​បញ្ហា​នេះ មាន​ពលរដ្ឋ​ជាច្រើន​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្ចាស់​ក្រុមហ៊ុន​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ភ្នំ​តាម៉ៅ នោះ​ទៅ​តាម​ផ្លូវច្បាប់ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ចេញ​មុខ​ការពារ​យ៉ាង​ខ្លាំង ដោយ​ប្រតិកម្ម​តប​វិញ​ថា បើ​ចង់​ចាប់​ម្ចាស់​ក្រុមហ៊ុន​នោះ​ដាក់​គុក គឺ​មាន​តែ​ចាប់​លោក​ដាក់​គុក​តែម្តង​ទៅ

បញ្ហា​នេះ ជា​មូលហេតុ​មួយ​អាច​ឱ្យ​គេ​ដាក់​ការ​សង្ស័យ​បាន​ថា អាជីវកម្ម​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា គឺ​មាន​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» ជា​ម្ចាស់​ពិតប្រាកដ​ដែល​នៅ​កាង​ពីក្រោយ​ធ្វើ​ជា​ខ្នង​បង្អែក​ដ៏​រឹងមាំ និង​ដ៏​មាន​ឥទ្ធិពល។

លោក ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ជា​ឧកញ៉ា​ក្មេង​ជាងគេ​នៅ​កម្ពុជា​ដែល​មាន​អាយុ ៣៨​ឆ្នាំ ហើយ​លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំងសាលា ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដែល​មាន​ឪពុក​ឈ្មោះ ឡុង យឿន កន្លងមក​មាន​មុខរបរ​ជា​អ្នក​ស៊ីឈ្នួល​រែក​ដី ម្ដាយ​ឈ្មោះ ប៉ែន ងឿន បាន​ស្លាប់​អំឡុង​ឆ្នាំ​២០១២។ ដោយសារតែ​ជីវភាព​ក្រីក្រ លោក ឡេង ណាវ៉ាត្រា បាន​បញ្ឈប់​ការ​សិក្សា​ត្រឹម​កម្រិត​មធ្យមសិក្សា​បឋមភូមិ​ថ្នាក់​ទី​៩។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ដើម្បី​ជួយ​ជីវភាព​គ្រួសារ លោក ឡេង ណាវ៉ាត្រា បាន​ឆ្លង​ប្រទេស​ទៅ​ធ្វើ​ការងារ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង អំឡុង​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤។ នៅ​ពេល​នោះ លោក​ក៏​ធ្លាប់​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​រិះគន់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន តាមរយៈ​បទចម្រៀង​ដែល​មាន​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ​ចូលរួម​ផង​ដែរ។

លោក ឡេង ណាវ៉ាត្រា មាន​បងប្អូន​ចំនួន​បួន​នាក់​ដែល​សុទ្ធតែ​ទទួល​បាន​គោរមងារ​តែងតាំង​ជា​ឧកញ៉ា​ចំនួន​បី​នាក់ និង​អ្នកឧកញ៉ា​ម្នាក់​ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចេញ​មុខ​រកស៊ី​ជា​សាធារណៈ​សព្វថ្ងៃ​នេះ និង​បូក​រួម​ទាំង​សែស្រឡាយ​ដែល​មាន​តែ​កម្លាំង ប៉ុន្តែ​ចំណេះដឹង​នៅ​មាន​កម្រិត។

លោក ឡេង ណាវ៉ាត្រា ចាប់ផ្ដើម​លេច​មុខ​មាត់​ខ្លាំង​ក្រោយ​លោក​ទទួល​បាន​ងារ​ជា​ឧកញ៉ា​នៅ​ឆ្នាំ​២០១៨ និង​ជា​អ្នកឧកញ៉ា​នៅ​ឆ្នាំ​២០២១។ លោក​មាន​រថយន្ត​ម៉ាក​ល្បីៗ​ប្រមាណ ១០​គ្រឿង ដូចជា៖

  • រ៉ូលរ៉យស៍ (Roll Royce)
  • ឡាំបូហ្គីនី (Lamborghini)
  • ហ្វើរ៉ារី (Ferrari)
  • ផច្ឆ (Porsche)
  • និង​ប៊ែនលី (Bentley)
  • ព្រមទាំង​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន​មួយ​គ្រឿង​ទៀត​ដែល​សរុប​ជា​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ។
រថយន្ត​ខ្លះៗ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា លោក ឡេង ណាវ៉ាត្រា គ្រាន់តែ​ជា​ឧបករណ៍​របស់​គ្រួសារ​ហ៊ុន​ដែល​ផ្តល់​ងារ​ជា​ឧកញ៉ា​ឱ្យ ហើយ​ឈរ​ឈ្មោះ​ឲ្យ​ក្រុម​គ្រួសារ​ហ៊ុន​ក្នុង​ជំនួញ​រកស៊ី​សាងសង់​ផ្ទះ​លក់​ដើម្បី​បិទ​បាំង​រូបភាព​លាង​លុយ​កខ្វក់​តែប៉ុណ្ណោះ ពីព្រោះ​វា​មិន​អាច​ទៅ​រួច​ទេ វា​មិន​ដែល​មាន​នរណា​សាងសង់​ផ្ទះ​លក់​ដែល​មាន​ដើមទុន​តែ​ប៉ុន្មាន​ម៉ឺន​ដុល្លារ ហើយ​រីក​លូតលាស់​ក្លាយ​ជា​សេដ្ឋី​ប្រាក់​វាល់​លាន​ដុល្លារ និង​រីកចម្រើន​ខណៈ​ប្រទេស​កំពុង​កើត​ជំងឺ​កូវីដ-១៩ នោះ។

លោក គឹម សុខ អះអាង​ថា គ្មាន​អ្នក​ណា​អាច​ដើរ​វាស់​យក​ដី​បាន​ច្រើន​កន្លែង ហើយ​មួយ​កន្លែងៗ​មាន​ទំហំ​រាប់​រយ​ហិកតារ​តាម​ទំនើង​ចិត្ត​នោះ​ទេ ប្រសិនបើ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​មិន​វាស់​ឲ្យ ដើម្បី​យក​ទៅ​បង្កើត​រូបភាព​ជំនួញ​សាងសង់​ផ្ទះល្វែង​លក់​បិទ​បាំង​ការ​លាង​លុយ​កខ្វក់​របស់​ពួកគេ​នោះ។

លោក​បន្ត​ថា មើល​ឲ្យ​ចំ​បញ្ហា​ទៅ វា​អាច​ជា​ជំនួញ​លាង​លុយ​កខ្វក់​ផង និង​ជា​ជំនួញ​បោកប្រាស់​អតិថិជន​ផង។ ដូច្នេះ អតិថិជន​ដែល​ទិញ​ផ្ទះ​គួរ​នាំគ្នា​ធ្វើ​បាតុកម្ម​តវ៉ា​បញ្ចប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ហើយ​ទាមទារ​ឲ្យ​សង​លុយ​វិញ​ទាំងអស់​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ចំណាយ​ទៅ​កាន់​ក្រុមហ៊ុន​កាលពី​ពេល​កន្លងមក។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ។

លោក គឹម សុខ បន្ត​ថា ប្រសិនបើ​អតិថិជន​នៅតែ​ទាមទារ​ក្រុមហ៊ុន​បង្ហាញ​សំណង់​ផ្ទះ​តាម​កិច្ចសន្យា​ទៀត នោះ​ពួកគេ​អាច​នឹង​មិន​ទទួល​បាន​សំណង​ជា​ផ្ទះ​នោះ​ឡើយ ដោយសារ​ក្រុមហ៊ុន​នេះ​ពុំ​មាន​ចំណូល​ចំណាយ​ច្បាស់លាស់ ដូច្នេះ​ពុំ​មាន​លទ្ធភាព​សង់​ផ្ទះ​ជូន​អតិថិជន​នោះ​ទេ ប៉ុន្តែ​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​អាច​ដោះស្រាយ​បាន គឺ​ក្រុមហ៊ុន​អាច​សង់​ផ្ទះ​ដែល​គ្មាន​គុណភាព​ប៉ុណ្ណោះ ហើយ​បើ​ពលរដ្ឋ​នាំគ្នា​ទៅ​នៅ​សំណង់​គ្មាន​គុណភាព​នោះ នឹង​ធ្វើ​ឱ្យ​ពួកគេ​កាន់តែ​រស់នៅ​ក្នុង​តំបន់​គ្រោះថ្នាក់​ទៅវិញ។ ម្យ៉ាង​វិញ​ទៀត ការ​ដោះស្រាយ​ផ្ទះ​នោះ​ពុំ​មែន​ជា​សមត្ថកិច្ច​របស់​លោក ឡេង ណាវ៉ាត្រា នោះ​ទេ តែ​ជា​ការងារ​របស់​គ្រួសារ​ហ៊ុន​ដែល​ជា​ម្ចាស់​របស់​លោក ឡេង ណាវ៉ាត្រា។

លោក គឹម សុខ អះអាង​ថា ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​នេះ​មិនមែន​ជា​ម្ចាស់​លើ​លោក ឡេង ណាវ៉ាត្រា តែ​មួយ​មុខ​ទេ ប៉ុន្តែ​ក៏​មាន​ក្រុមហ៊ុន​ជាច្រើន​ឯ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ហើយ​ក្រុមហ៊ុន​ទាំងនោះ​ក៏​ជួបប្រទះ​បញ្ហា​ស្រដៀង​នឹង​ក្រុមហ៊ុន​របស់​លោក ឡេង ណាវ៉ាត្រា ដែរ។

លោក​បន្ត​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន កំពុង​ត្រូវការ​លុយ​ច្រើន​ក្នុង​ការ​ការពារ​អំណាច​របស់​ពួកគេ ហើយ​វា​កាន់តែ​ដុនដាប​ទៅ​ទៀត​នៅ​ពេល​ដែល​ស្ថានភាព​នយោបាយ​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ។ ជាក់ស្តែង នៅ​ពេល​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ដាក់​សម្ពាធ​នៅ​ក្រោយ​ការបោះ​ឆ្នោត​នា​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ជាដើម។ រីឯ​លោក ឡេង ណាវ៉ាត្រា វិញ​ប្រៀប​ដូចជា​ស្លឹកចេក​ដែល​គេ​ប្រើ​ហើយ​បោះ​ចោល​នៅ​ពេល​ណា​ក៏បាន ដូច្នេះ​អតិថិជន​គួរតែ​កុំ​រង់ចាំ​សំណង់​ផ្ទះល្វែង​ដែល​ក្រុមហ៊ុន​សន្យា ប៉ុន្តែ​ពេលនេះ​វា​ជា​ឱកាស​ដែល​អតិថិជន​ត្រូវ​ធ្វើ​ការ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​សំណង​ទាំងអស់​ដែល​ពួកគេ​បាន​ទិញ នោះ​ទើប​ជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​ដែល​ជា​អតិថិជន។

គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្វើ​ជំនួញ​របស់​លោក ឡេង ណាវ៉ាត្រា និង​ឧកញ៉ា​គ្រាក់ៗ​របស់​លោក ហ៊ុន សែន ជាច្រើន​ទៀត ដែល​ពួកគេ​អាច​ជាប់​សង្ស័យ​អំពី​ឧក្រិដ្ឋកម្ម​ជំនួញ​មិន​ស្អាតស្អំ ឬ​ការ​ឈរ​ឈ្មោះ​ក្នុង​ការ​រកស៊ី​លាង​លុយ​កខ្វក់​ឲ្យ​គ្រួសារ​អ្នក​មាន​អំណាច​នៅ​កម្ពុជា ដែល​អាច​មាន​ប្រភព​នៃ​ការ​លាង​លុយ​ជាមួយ​ក្រុម​សង្គម​ងងឹត​របស់​ចិន។

ពួកគេ​ក៏​បាន​ជំរុញ​ឲ្យ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ ឬ​បិទ​ទិដ្ឋាការ​មិន​ឲ្យ​ក្រុម​ឧកញ៉ា​មហាសេដ្ឋី ឬ​ក្រុម​មន្ត្រី​បែប​ជើងកាង​របស់​លោក ហ៊ុន សែន ជាច្រើន​រូប​ទៀត ដើម្បី​កុំ​ឲ្យ​ពួកគេ​អាច​មាន​លទ្ធភាព​ជាន់​ទឹកដី​សហរដ្ឋ​អាមេរិក ឬ​អាច​លាក់​លុយ​ពុករលួយ​របស់​ពួកគេ​នៅ​ក្រៅ​ប្រទេស។

ជាក់ស្តែង កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​មេ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង ទៅ​ក្នុង​បញ្ជីខ្មៅ​ដែល​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​ក្រោម​ច្បាប់ ហ្គ្លូប៊ល ម៉ែកនីតស្គី (GLOBAL MAGNITSKY ACT) ដោយសារ​មេកង​អង្គរក្ស​របស់​លោក ហ៊ុន សែន រូប​នេះ​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ រួម​ទាំង​អំពើ​ហិង្សា​នៅ​ឆ្នាំ​២០១៣ នៅ​ក្បែរ​វត្តភ្នំ និង​អំពើ​ហិង្សា​វាយដំ​តំណាងរាស្ត្រ​ពីរ​រូប​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ជាដើម។

លោក ញ៉យ ចំរើន ត្រូវ​គេ​ទាញ​ចេញ​ពី​ឡាន​ចាប់​វ៉ៃ​ទាត់​ធាក់​ឲ្យ​សន្លប់​ក្បែរ​ច្រក​ចេញ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។

ជាង​នេះ​ទៀត សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩ ក៏​បាន​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​បិទ​ទិដ្ឋាការ​នាយ​ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ រួម​ទាំង​កូនៗ​របស់​គាត់ និង​ក្រុមហ៊ុន​របស់​គាត់​ជាច្រើន​ផង​ដែរ។

ការ​ដាក់​ទណ្ឌកម្ម​នេះ ដោយសារ​សហរដ្ឋ​អាមេរិក​រក​ឃើញ​ថា ពួកគេ​បាន​នាំគ្នា​រំលោភ​សិទ្ធិមនុស្ស និង​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ ដូចជា​ការ​ប្រើប្រាស់​ឥទ្ធិពល និង​បណ្ដាញ​របស់​ខ្លួន​ដើម្បី​កេងប្រវ័ញ្ច​ពលរដ្ឋ​កម្ពុជា ហើយ​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ចិន Union Development Group (UDG) ដែល​បាន​វិនិយោគ​ទុន​សាងសង់​ព្រលាន​យន្តហោះ និង​សំណង់​ប្រណិតៗ​នៅ​តំបន់​តារាសាគរ ក្នុង​ខេត្ត​កោះកុង នៃ​ប្រទេស​កម្ពុជា។

រូបភាព​នៃ​ព្រលាន​យន្តហោះ​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) ក្នុង​ខេត្ត កោះកុង។ (រូបថត​វីអូអេ)

ក្រុមហ៊ុន​របស់​លោក គន់ គីម ដែល​រង​នូវ​ទណ្ឌកម្ម រួម​មាន៖

  1. ក្រុមហ៊ុន 7 Makara Phary Co., Ltd. គ្រប់គ្រង​ដោយ​អ្នកស្រី គីម សុផារី
  2. ក្រុមហ៊ុន K D Rubber Plantation Co., Ltd. គ្រប់គ្រង​ដោយ​អ្នកស្រី គីម ចាន់ឌី
  3. ក្រុមហ៊ុន Cambo Elite Security Force Co., Ltd. គ្រប់គ្រង​ដោយ​អ្នកស្រី គីម សុផារី
  4. ក្រុមហ៊ុន Romdoul Capital Pawn Co., Ltd. គ្រប់គ្រង​ដោយ​លោក គីម ផារ៉ា
  5. និង​ក្រុមហ៊ុន Romdoul Development Co., Ltd. គ្រប់គ្រង​ដោយ​លោក គីម ផារ៉ា។

ក្នុង​ពេល​ដំណាល​គ្នា​នោះ ឧកញ៉ា ទ្រី ភាព ដែល​ល្បីល្បាញ​អំពី​ការ​កាប់​បំផ្លាញ និង​ជួញដូរ​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​នៅ​កម្ពុជា ក៏​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ រួម​ជាមួយ​ក្រុមហ៊ុន​របស់​គាត់​មួយ​ចំនួន​កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩ ដូច​លោក គន់ គីម ដែរ។

ក្រុមហ៊ុន​របស់​លោក ទ្រី ភាព ទាំងនោះ​រួម​មាន៖

  1. ក្រុមហ៊ុន Try Pheap Group Co., Ltd
  2. ក្រុមហ៊ុន M.D.S. Import Export Co., Ltd
  3. ក្រុមហ៊ុន Try Pheap Dry Port Co., Ltd
  4. ក្រុមហ៊ុន Try Pheap Engineering & Construction Co., Ltd
  5. ក្រុមហ៊ុន Try Pheap Grand Royal Co., Ltd
  6. ក្រុមហ៊ុន Try Pheap Import Export Co., Ltd
  7. ក្រុមហ៊ុន Papa Petroleum Co., Ltd
  8. ក្រុមហ៊ុន Try Pheap Property Co., Ltd
  9. ក្រុមហ៊ុន Try Pheap Travel & Tours Co., Ltd
  10. ក្រុមហ៊ុន M D S Thmorda S E Z Co., Ltd
  11. និង​ក្រុមហ៊ុន Try Pheap Oyadav S E Z Co., Ltd. ផង​ដែរ។

ទណ្ឌកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា ឧកញ៉ា ទ្រី ភាព មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ក្នុង​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​ជាច្រើន​ករណី ដូចជា​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ឯកជន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ទាក់ទង​នឹង​កិច្ចសន្យា​របស់​រដ្ឋាភិបាល​កម្ពុជា ជាដើម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ទ្រី ភាព។ (រូប​ឯកសារ)

ជុំវិញ​បញ្ហា​នេះ ឧកញ៉ា ទ្រី ភាព ក៏​រង​នូវ​ការ​ចោទប្រកាន់​ថា បាន​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ផ្ទាល់ និង​ប្រយោល​ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​មិន​ត្រឹមត្រូវ រឹបអូស​ទ្រព្យសម្បត្តិ​ឯកជន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធ​ជុំវិញ​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​ដោយ​ការ​សូកប៉ាន់​ផង​ដែរ។

កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០ សហរដ្ឋ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន Union Development Group (UDG) ថែម​ទៀត ដោយ​ចោទ​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​រឹបអូស និង​បំផ្លិចបំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដើម្បី​សាងសង់​គម្រោង​អភិវឌ្ឍន៍​តំបន់​តារាសាគរ នៅ​ក្នុង​ខេត្ត​កោះកុង កន្លងមក។

អាមេរិក​រក​ឃើញ​ថា ក្រុមហ៊ុន​ចិន​នេះ​បាន​បំពាន​ទៅ​នឹង​ច្បាប់ Global Magnitsky Act យ៉ាង​ធ្ងន់ធ្ងរ ដូច្នេះ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បតិ្ត​របស់​ក្រុមហ៊ុន​នេះ​នៅ​លើ​ទឹកដី​អាមេរិក​ទាំងអស់​តែម្តង។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​អះអាង​ថា នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​គម្រោង​អភិវឌ្ឍន៍​តារាសាគរ នៅ​ក្នុង​ខេត្ត​កោះកុង កន្លងមក ក្រុមហ៊ុន​ចិន Union Development Group (UDG) បាន​ទាក់ទង​ជាមួយ​នឹង​លោក គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ឧកញ៉ា ទ្រី ភាព ផង​ដែរ។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បញ្ជាក់​ថា លោក គន់ គីម បាន​ប្រើប្រាស់​កងកម្លាំង​យោធា​បណ្តេញ​ពលរដ្ឋ និង​បាន​ដុត​ផ្ទះសម្បែង​របស់​ពួកគេ​ដើម្បី​យក​ដី​ឱ្យ​ក្រុមហ៊ុន​ចិន ធ្វើការ​អភិវឌ្ឍ​គម្រោង​របស់​ពួកគេ។

ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក​មិនមែន​ដាក់​តែ​លើ​លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម និង​កូនៗ​របស់​គាត់ ឬ​ឧកញ៉ា ទ្រី ភាព និង​ក្រុមហ៊ុន UDG ប៉ុណ្ណោះ​ទេ ក្នុង​នោះ​កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រើ​ច្បាប់​ស្ដីពី​ការ​ទទួល​ខុសត្រូវ និង​សិទ្ធិមនុស្ស Global Magnitsky Human Rights Accountability Acts លេខ​១៣៨១៣ ដាក់​ទណ្ឌកម្ម​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស លោក ចៅ ភិរុណ ព្រមទាំង​ឧត្ដមនាវី​ផ្កាយ​មាស​បួន​ដែល​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក គឺ​លោក ទៀ វិញ ផង​ដែរ ដោយ​ចោទប្រកាន់​ថា ពួកគេ​បាន​ឃុបឃិត​គ្នា​រក​ប្រាក់​ចំណេញ​ពី​សកម្មភាព​សាងសង់ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដោយ​ពួកគេ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ បំប៉ោង​តម្លៃ​សម្ភារៈ​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពី​អំពើ​ទុច្ចរិត​ទាំងនោះ។

ជាង​នេះ​ទៀត មន្ត្រី​ជាន់ខ្ពស់​របស់​លោក ហ៊ុន សែន ទាំង​ពីរ​រូប​នេះ​ក៏​ត្រូវ​បាន​រក​ឃើញ​ថា មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​រដ្ឋ​យក​មក​កាន់កាប់​ជា​កម្មសិទ្ធិ​ឯកជន​ផ្ទាល់ខ្លួន​ផង​ដែរ។

ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ចៅ ភិរុណ និង​ឧត្ដមនាវី​ផ្កាយ​មាស​បួន​ដែល​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក ទៀ វិញ

ច្បាប់ Global Magnitsky Human Rights Accountability Act ឬ​ហៅ​កាត់​ថា ច្បាប់ Global Magnitsky Act មាន​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​ទាំងនេះ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ និង​បិទ​ទិដ្ឋាការ​មន្ត្រី​ទាំងនោះ ព្រមទាំង​សមាជិក​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ជាន់​ទឹកដី​អាមេរិក​ថែម​ទៀត។

វិធានការ​នៃ​ច្បាប់​នេះ ក៏​បាន​ហាមឃាត់​មិន​ឱ្យ​ជនជាតិ ឬ​ក្រុមហ៊ុន​អាមេរិកាំង​ទាំងអស់​រកស៊ី ឬ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​នឹង​អ្នក​ដែល​រង​នូវ​ទណ្ឌកម្ម​ទាំង​នេះ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ ការិយាល័យ​ឧស្សាហកម្ម និង​សន្តិសុខ (Bureau of Industry and Security) នៃ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ក៏​បាន​ចាត់​វិធាន​រឹតត្បិត​ការ​លក់​អាវុធ និង​សម្ភារៈ​យោធា​ឱ្យ​កម្ពុជា ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​សិទ្ធិមនុស្ស ប្រព្រឹត្ត​អំពើពុករលួយ និង​បាន​ធ្វើ​ឲ្យ​មាន​កំណើន​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ​របស់​អាមេរិក​មួយ​ចំនួន​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ប្រសិនបើ​លោក ឡេង ណាវ៉ាត្រា មិន​ប្រញាប់​ដក​ខ្លួន​ចេញពី​ចរន្ត​រកស៊ី​លាង​លុយ​ឲ្យ​គ្រួសារ​អ្នក​មាន​អំណាច​នៅ​កម្ពុជា​ទាន់​ពេល​ទេ នោះ​លោក ឡេង ណាវ៉ាត្រា អាច​នឹង​មាន​វាសនា​ដូច​មេ​អង្គរក្ស និង​មន្ត្រី​យោធា​គ្រាក់ៗ​របស់​លោក ហ៊ុន សែន ផ្សេង​ទៀត​អ៊ីចឹង​ដែរ ហើយ​ប្រសិនបើ​ករណី​នេះ​កើតមាន​ចំពោះ​លោក ឡេង ណាវ៉ាត្រា មែន នោះ​ប្រសិទ្ធភាព និង​ឥទ្ធិពល​នៃ​ការ​រកស៊ី​របស់​លោក ឡេង ណាវ៉ាត្រា នឹង​ជួប​មហា​គ្រោះ​យ៉ាង​ធំ​ជា​មិន​ខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស