កម្ពុជាថាការដាក់ទណ្ឌកម្មលោក ទ្រី ភាព និងលោក គន់ គីម ជាការបំពានគោលការណ៍អន្តរជាតិ ខណៈអាមេរិកថាជាវិធានការឈានទៅប្រយុទ្ធប្រឆាំងអំពើពុករលួយ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះវិធានការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបញ្ចប់ទិដ្ឋការ ឬវីសារមិនឱ្យឧកញ៉ា ទ្រី ភាព និង លោក គន់ គីម ព្រមទាំងសមាជិកគ្រួសាររបស់មន្ត្រីជនខ្ពស់រូបនេះចំនួន៣នាក់ទៀត មិនឲ្យជាន់ទឹកដីសហរដ្ឋអាមេរិក។

ការសម្រេចដាក់ទណ្ឌកម្មបុគ្គលមានអំណាចនៅកម្ពុជាទាំងនេះ ឡើងក្រោមការអនុវត្តច្បាប់ Global Magnitsky Act ដោយអាមេរិករកឃើញថាមនុស្សដែលស្និតនឹងលោកហ៊ុន សែនទាំងពីរនេះ បានរួមចំណែកយ៉ាងច្រើនក្នុងការប្រព្រឹត្តអំពើពុករលួយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ និងរំលោភសិទ្ធិមនុស្សផងដែរ។

យ៉ាងនេះក្តី ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១០ ខែធ្នូនេះ បានចាត់ទុកសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើមនុស្សស្និតនឹងលោកហ៊ុន សែននេះ ថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍អន្តរជាតិស្តីពីគោលការណ៍ស្មើភាព នៃអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។

ក្រសួងការបរទេសកម្ពុជា  សម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបំពាន ជនជាតិកម្ពុជាដែលបម្រើការងាររដ្ឋ និងផ្នែកឯកជន ក្រោមច្បាប់សាកលម៉ានីតស្គី (Global Magnitsky Act) របស់អាមេរិក។ បន្ថែមពីនេះ វាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការគោរពទាល់តែសោះចំពោះភាពឯករាជ្យនៃច្បាប់ និងយុត្តិធម៌របស់ប្រទេសមួយ។

ក្រសួងមួយនេះបានចាត់ទុក ការសម្រេចនេះ ថា ជាការវាយប្រហារប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមេដឹកនាំទាំងពីរបានប្តេជ្ញាស្តារ នូវទំនាក់ទំនងប្រទេសទាំងពីរឡើងវិញកាលពីពេលថ្មីៗនេះដោយឈរលើការគោរពគ្នាទៅវិញទៅមក

ក្រៅពីនេះ ក្រសួងការបរទេស ក៏បានថ្លែងការពារឥស្សរៈជននយោបាយរបស់ខ្លួនទាំងពីររូបនេះទៀតផង ដោយថាលោក គន់ គីម ត្រូវបានទទួលស្គាល់ជាសាធារណៈ ចំពោះការរួមចំណែកយ៉ាងច្រើន ក្នុងការការពារ និងថែររក្សាសុខសន្តិភាព ស្ថេរភាព និងសណ្តាប់សង្គម។ ដោយឡែក លោកឧកញ៉ា ទ្រី ភាព ក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការទ្រទ្រង់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។

ទោះបីយ៉ាងនេះក្តី សម្រាប់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាកាលពីព្រឹកថ្ងៃទី១០ ខែធ្នូនេះ ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុកខ្លួនថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ហើយរឹតត្បិតទិដ្ឋាការ ចំពោះលើជនជាតិ និងអង្គភាព នៅក្នុងប្រទេសមួយចំនួន លើពិភពលោក ដោយសារមានការពាក់ព័ន្ធនឹងអំពើពុករលួយ។

អាមេរិកអះអាងថា ទង្វើទាំងនេះគឺជាផ្នែកមួយនៃយុទ្ធនាការជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជនពុករលួយ ដោយធានាថា បុគ្គល និងក្រុមហ៊ុនទាំងនោះ មិនអាចទទួលបានផលចំណេញពីអំពើពុករលួយឡើយ។

អាមេរិកថា ទណ្ឌកម្មកាលពីថ្ងៃម្សិលមិញបានសម្រេចចំពោះ មនុស្សជាគោលដៅ រួមមានជនមួយចំនួន នៅប្រទេសកម្ពុជា ព្រមទាំងប្រទេស Venezuela ប្រទេស Latvia និងប្រទេស Serbia ។ ទង្វើទាំងអស់នេះជាកិច្ចការពារភាពសុចរិតត្រឹមត្រូវនៃប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ហើយធ្វើយ៉ាងណាឲ្យបុគ្គល និងក្រុមហ៊ុននានាមិនអាចទទួលបានការចំណេញអំពីអំពើពុករលួយរបស់ពួកគេ។

សហរដ្ឋអាមេរិកអះអាងទៀតថា ខ្លួននៅតែមានការប្តេជ្ញាចិត្តរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ នឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីដោះស្រាយបញ្ហាអំពើពុករលួយ ក្នុងពិភពលោកផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញ អះអាងថា លោក ទ្រី ភាព បានប្រើបណ្តាញធំៗរបស់ខ្លួនក្នុងជួររដ្ឋាភិបាល និងយោធា ដើម្បីការពារជំនួញរកស៊ីឈើខុសច្បាប់របស់ខ្លួន ហើយឈើទាំងនោះ ត្រូវបាននាំចេញទៅលក់នៅប្រទេស    វៀតណាម ចិន សហគមន៍អឺរ៉ុប និងរុស្ស៊ី។ សម្ព័ន្ធមិត្តគ្រាក់ៗទាំងនោះហើយ បានបង្កការលំបាកដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញក្នុងការចាត់វិធានការច្បាប់ប្រឆាំងនឹងសកម្មភាពរកស៊ីឈើរបស់លោក ទ្រី ភាព។

អាមេរិក សម្រេចដាក់លោក ទ្រី ភាព និងក្រុមហ៊ុនចំនួន១១ របស់មហាសេដ្ឋីរូបនេះក្នុងបញ្ជីខ្មៅបង្កកទ្រព្យសម្បត្តិ និងមិនឱ្យជាន់ដីសហរដ្ឋអាមេរិក។

រីឯលោក គន់ គីម និងគ្រួសារវិញ ក្រៅពីកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិ ប្រព្រឹត្តអំពើពុករលួយ អាមេរិករកឃើញថាអតីតនាយឧត្តមសេនីយជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទរូបនេះក៏ជាអ្នកជួយក្នុងការអភិវឌ្ឍន៍នៅខេត្តកោះកុង ព្រមទាំងបានទទួលប្រយោជន៍យ៉ាងច្រើនពីទំនាក់ទំនងរបស់លោកជាមួយចិនទៀតផង ប៉ុន្តែលោកក៏ត្រូវបានដកចេញពីតំណែងយោធាជាន់ខ្ពស់មួយនេះដោយសារមិនបានបែងចែកផលលាភទៅឱ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀត។

លោក គន់ គីម បច្ចុប្បន្នជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលទទួលបានដំណែងនេះបន្តពីលោក ញឹម វណ្ណដា កាលពីខែមិថុនា។

លោក គន់ គីម ក៏ជាអតីតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រួមទាំងសមាជិកគ្រួសារលោក៣ រូបទៀត រួមមានឈ្មោះ គីង ចាន់ឌី ឈ្មោះ     គីម សុផារី និង គីម ផារ៉ា ព្រមទាំងក្រុមហ៊ុនចំនួន៥ ក៏ត្រូវបានដាក់បញ្ចូលក្នុងទណ្ឌកម្មរបស់អាមេរិកនេះផងដែរ។

ការអនុវត្តច្បាប់ Global Magnitsky Act ធ្វើឡើងជាលើកទីពីរសម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ហ៊ុន សែន។ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ អាមេរិក បានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋការ របស់អគ្គមេបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង  ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.