34 C
Phnom Penh

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​ថា​បើ​កម្ពុជា​មិន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ទេ កម្ពុជា​ពិបាក​នឹង​គេច​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​ការឈ្លានពាន​ទឹកដី​ខ្លាំង​ណាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ អះអាង​ថា បើ​កម្ពុជា​មិន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដើម្បី​បញ្ជូន​ជនបរទេស​ខុសច្បាប់​ដែល​កំពុង​រស់នៅ​កកកុញ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេលនេះ​ទេ នោះ​ទឹកដី​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ពិបាក​គេច​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​ការឈ្លានពាន​ទឹកដី​ខ្លាំង​ណាស់ ដែល​បញ្ហា​នេះ​សូម្បី​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន ក៏​ដឹង​យ៉ាង​ច្បាស់​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ការ​បណ្តេញ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុសច្បាប់​ចេញពី​ផ្ទៃ​ទឹក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​កន្លង​ទៅ​នេះ មិន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នោះ​ទេ។

អ្នកវិភាគ​នយោបាយ និង​សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ថា បើ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​ធ្វើ​មិន​ដឹង​មិន​ឮ​ពី​បញ្ហា​ឈ្លានពាន​ទឹកដី​របស់​បរទេស​ជិតខាង​ទេ ចុងក្រោយ​ពាក្យ​ថា «អាយ៉ង» និង​ពាក្យ​ថា «ក្បត់ជាតិ» ច្បាស់​ជា​នឹង​ចេញពី​មាត់​របស់​មហាជន​ជាមិនខាន។

លោក​អះអាង​ថា អ្នក​ណា​ក៏​ដឹង​ដែរ​ថា ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់​លើ​បឹង និង​ទន្លេ​ខ្មែរ ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន លេង​ល្ខោន​រើ​ចេញ​ពី​លើ​ផ្ទៃ​ទឹក បន្ទាប់មក​ចែក​ដី​ឲ្យ​ពួកគេ​រស់នៅ​លើ​គោក និង​សម្រួល​ឯកសារ​រស់នៅ​ដោយ​ស្រប​ច្បាប់។ ប៉ុន្តែ​មាន​ក្រុម​អ្នក​អួត​ខ្លួន​ចេះដឹង​មួយ​ចំនួន និង​អ្នក​ផ្សព្វផ្សាយ​ខ្លះ​ដែល​ធ្វើ​ការ​ដើម្បី​តែ​ប្រាក់ខែ តែង​ជួយ​និយាយ​ពី​រឿង​ប្ដូរ​ទីតាំង​វៀតណាម​នេះ​ថ្នម​មិន​ឲ្យ​ប៉ះ​អារម្មណ៍​វៀតណាម​ខុសច្បាប់​នោះ​ឡើយ។

លោក គឹម សុខ បញ្ជាក់​ថា វៀតណាម​នឹង​មិន​ចេញពី​កម្ពុជា​ជាដាច់ខាត បើ​រដ្ឋាភិបាល​ខ្មែរ​មិន​អនុវត្ត​ប្រើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ ទេ​នោះ ព្រោះ​ថា គ្រាន់តែ​មាន​ដំណឹង​ប្រកាស​ឲ្យ​រើ​ចេញ​ពី​ការរស់នៅ​លើ​ផ្ទៃ​ទឹក​ភ្លាម ពួក​វៀតណាម​ស្រុះ​គ្នា​ស្ទុះស្ទា​បន្លឺ​សំឡេង​ឥត​ក្រែងរអែង​ច្បាប់​កម្ពុជា​សូម្បីតែ​បន្តិច ដើម្បី​ការពារ​ប្រយោជន៍​ជនជាតិ​គេ ទោះ​គេ​ដឹង​ថា​ខុស​នឹង​ច្បាប់​អន្តរជាតិ​ក៏ដោយ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ ថា ការ​អនុវត្ត​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​ធ្វើឡើង​ក្នុង​គោលដៅ​កែលំអ​បរិស្ថាន និង​រៀបចំ​សោភណភាព​តាម​ដងទន្លេ ដោយ​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​ច្បាប់​អន្តោប្រវេសន៍ ហើយ​ក៏​មិន​លាយឡំ​ជាមួយ​រឿង​នយោបាយ និង​ការរើសអើង​ពូជសាសន៍​ណា​មួយ​ដែរ។

ចំណែក​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា អះអាង​ថា ពលរដ្ឋ​ដែល​បាន​ចេញពី​ទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ គឺ​មាន​មួយ​ចំនួន​បាន​ឡើង​គោក និង​មួយ​ចំនួន​ទៀត​បាន​បណ្តែត​ខ្លួន​តាម​ក្បូន ឬ​ក៏​ផ្ទះ​បណ្តែតទឹក​ទៅ​មូលដ្ឋាន​ខេត្ត​ផ្សេង​ទៀត ដើម្បី​រស់នៅ​បន្ត​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ចេញ​លិខិត​ជូនដំណឹង​ដល់​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ដែល​តែង​រស់នៅ​តាម​ផ្ទះ​បណ្ដែតទឹក​លើ​ផ្ទៃ​ទន្លេ​ទាំងអស់ ឱ្យ​រុះរើ​ចេញ​ជាបន្ទាន់​កាលពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២១ នេះ។

ក្រោយ​ចេញ​សេចក្តី​ជូនដំណឹង​របស់​សាលា​ក្រុង​ភ្នំពេញ មាន​ពលរដ្ឋ​ជា​ជនជាតិ​ខ្មែរ-ឥស្លាម និង​ជនជាតិ​វៀតណាម​ខុសច្បាប់​ដែល​រស់នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មាន​ចំនួន ១៤០០​ទីតាំង​ហើយ​ដែល​បាន​រើ​ចេញ​ពី​ដងទន្លេ ប៉ុន្តែ​មាន​ផ្ទះ​បណ្តែតទឹក​មួយ​ចំនួន​ទៀត និង​បែចិញ្ចឹមត្រី​ប្រមាណ ៣០០​ទីតាំង​ទៀត​មិនទាន់​បាន​រុះរើ​នៅឡើយ​ទេ។

យ៉ាងណាក៏ដោយ ប្រធាន​សមាគម​វៀតណាម លោក ស៊ឹម ជី កាល​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១ បាន​ដាក់​លិខិត​ទៅកាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​បាន​ស្នើសុំ​បី​ចំណុច​សំខាន់ៗ៖

  • ទី​១ ស្នើសុំ​ពន្យារពេល​សមស្រប​បំផុត​ដើម្បី​ផ្លាស់ប្ដូរ​ទីតាំង
  • ទី​២ ស្នើសុំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ រក​ទីតាំង​ថ្មី​ដែល​ពួកគេ​អាច​ប្រកប​របរ​ចិញ្ចឹម​ត្រី​បាន​សមរម្យ​ដូច​ពី​មុន
  • ទី​៣ ស្នើ​ឱ្យ​មាន​ថវិកា​ដើម្បី​ជួយ​ផ្គត់ផ្គង់​ឱ្យ​ពួកគេ​មាន​លទ្ធភាព​រស់នៅ​ពេល​ពួកគេ​ផ្លាស់ប្ដូរ​ទៅ​រស់នៅ​ទីតាំង​ថ្មី។

ទាក់ទង​នឹង​ជនជាតិ​វៀតណាម​នេះ កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ លោក ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​មួយ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​ជនជាតិ​វៀតណាម ដែល​បាន​ចូល​ទៅ​រស់នៅ​កម្ពុជា ដោយ​ផ្តល់​ដីធ្លី ទីជម្រក ឧបត្ថម្ភ ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់ ជាដើម​ទៅលើ​ជនជាតិ​វៀតណាម​ទាំងនោះ​ដោយ​យកចិត្ត​ទុកដាក់​ជាទីបំផុត ដែល​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ​ផង​ដែរ។

កាលពី​អំឡុង​ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្តល់​ដី​ប្រមាណ ៤០​ហិកតារ​ស្ថិត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដើម្បី​រៀបចំ​កន្លែង​រស់នៅ​ថ្មី​សម្រាប់​ជនជាតិ​វៀតណាម និង​ជនជាតិ​ឥស្លាម ដើម​កំណើត​វៀតណាម ដែល​កំពុង​រស់នៅ​លើ​បឹង​ទន្លេសាប​ដែល​មាន​ចំនួន​ប្រមាណ​ជិត ៥​ពាន់​គ្រួសារ។

បញ្ហា​នេះ ត្រូវ​អ្នក​សង្កេតការណ៍​រិះគន់​ថា ដាន​ប្រវត្តិសាស្ត្រ​នឹង​ត្រឡប់​មក​វិញ ហើយ​ម្តង​នេះ​កម្ពុជា​ផុង​ខ្លួន​កាន់តែ​ជ្រៅ ព្រោះ​ថា​សម័យ​ស្តេច​ជ័យជេដ្ឋាទី២ គ្រាន់តែ​ឲ្យ​ដី​វៀតណាម​ខ្ចី​ប៉ុណ្ណោះ តែ​សម័យ​លោក ហ៊ុន សែន ហៅ​វៀតណាម​ឲ្យ​ចូល​ស្រុក​ខ្មែរ ហើយ​កាត់​ដី​ឲ្យ​ជនជាតិ​វៀតណាម​ទាំងនោះ​រស់នៅ​ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស