38 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​ថា​លិខិត​ក្រសួង​មហាផ្ទៃ​បង្កប់​ចេតនា​ទុច្ចរិត​ការពារ​អំពើ​អាក្រក់​របស់​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប្រតិកម្ម​ថា លិខិត​ដែល​បាន​បង្កប់​នូវ​ខ្លឹមសារ​ទុច្ចរិត​របស់​ក្រសួង​មហាផ្ទៃ មិន​បាន​ឆ្លុះបញ្ចាំង​ពី​កំហុស​របស់​សកម្មជន​បរិស្ថាន​ទាំងនោះ​ទេ តែ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ការពារ​នូវ​អំពើ​ទុច្ចរិត​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅវិញ។

ការ​ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា យុវជន​បរិស្ថាន​ទាំងនោះ​បាន​សារភាព​ថា ពួកគេ​ពិត​ជា​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​ជ្រក​ក្រោម​ស្លាក​អង្គការ​មាតា​ធម្មជាតិ​ពិតប្រាកដ​មែន។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ថា ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ នេះ គឺ​មាន​ចេតនា​អាក្រក់​ដើម្បី​ទម្លាក់​កំហុស​លើ​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស និង​អ្នក​ធ្វើ​កិច្ចការ​សង្គម​ដទៃ​ទៀត​ដែល​តែង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិមនុស្ស​ទៅវិញ។

លោក​អះអាង​ថា ការ​ចេញ​លិខិត​របស់​ក្រសួង​មហាផ្ទៃ នេះ មាន​ចេតនា​បំបាក់​ស្មារតី​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ព្រៃឈើ និង​សកម្មជន​ដទៃ​ទៀត​ផង​ដែរ។ លើស​ពី​នេះ ក៏​ដើម្បី​បង្ហាញ​ទៅ​ដល់​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ​ទៀត​ផង​ថា ការ​ចាប់​ខ្លួន​យុវជន​បរិស្ថាន​ទាំងនោះ គឺ​ដោយសារតែ​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ប្រាកដ​មែន។

លោក ម៉ែន ណាត អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​សកម្មជន​បរិស្ថាន​ទាំងនោះ និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​នា​ពេល​កន្លងមក បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​រង​ការរិះគន់​ពី​ពលរដ្ឋ​ខ្មែរ និង​មជ្ឈដ្ឋាន​អន្តរជាតិ​ជា​រៀង​រហូត ហើយ​រដ្ឋាភិបាល​នេះ​នឹង​បាត់បង់​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​ជា​បន្តបន្ទាប់​ទៀត។

ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ ថា យុវជន​ទាំង ៣​នាក់​នោះ​រួម​មាន លោក លី ចាន់ដារ៉ាវុទ្ធ កញ្ញា ស៊ុន រដ្ឋា និង​លោក យឹម លាងហ៊ី បាន​សារភាព​ថា ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ក្រោម​ស្លាក​អង្គការ​មាតា​ធម្មជាតិ ប៉ុន្តែ​ការពិត គឺ​ចង់​ឲ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង ហើយ​ឈាន​ទៅ​រក​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ប្រាកដ​មែន។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់ពី​យុវជន​បរិស្ថាន​ទាំងនោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​អស់​រយៈពេល ១​សប្តាហ៍ ដែល​បាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់​តាម​មាត្រា ៤៣៧ និង​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ។

ព្រះរាជអាជ្ញារង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឲ្យ​យុវជន​បរិស្ថាន​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់ ក្នុង​នោះ​រួម​មាន លោក លី ចាន់ដារ៉ាវុទ្ធ កញ្ញា ស៊ុន រដ្ឋា និង​លោក យឹម លាងហ៊ី ចូល​ខ្លួន​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​អំពើ​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ថា ក្រោម​ការ​ឃ្លាំមើល​របស់​អង្គការ​សង្គម​ស៊ីវិល​លើ​សកម្មភាព​របស់​យុវជន​បរិស្ថាន​ទាំងនោះ​កន្លងមក លោក​មើល​ឃើញ​ថា សកម្មភាព​របស់​ពួកគេ​មិន​មាន​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។

លោក​អះអាង​ថា សកម្មភាព​របស់​សកម្មជន​បរិស្ថាន​ទាំងនេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​គ្រប់ៗ​គ្នា​ពី​មជ្ឈដ្ឋាន​មហាជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ថា​អ្នក​ទាំងនោះ​គ្រាន់តែ​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន ការពារ​ធនធាន​ធម្មជាតិ និង​ចូលរួម​ការពារ​ព្រៃឈើ​ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ឈ្មួញ​ទុច្ចរិត​តែ​ប៉ុណ្ណោះ។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​នេះ រដ្ឋាភិបាល​បាន​រង​ការ​រិះគន់​ពី​មតិ​ជាតិ និង​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​ការ​ចោទប្រកាន់​លើ​យុវជន​ទាំងនោះ​ធ្វើឡើង​មិន​ស្រប​គ្នា​ជាមួយ​នឹង​សកម្មភាព​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​កន្លងមក​នោះ​ទេ ដូច្នេះ​ដើម្បី​ចៀស​ផុត​ការរិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន និង​បង្កើត​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ពី​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ឡើងវិញ​ជាបន្ទាន់។

កាលពី​ចុង​ឆ្នាំ​២០២០ របាយការណ៍​មួយ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ស្ដីពី​នីតិរដ្ឋ​នៅ​កម្ពុជា បាន​ផ្តល់​ពិន្ទុ​ឲ្យ​កម្ពុជា​ជាប់​លេខ​រៀង​ទី​១២៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១២៨ នៅ​ជុំវិញ​ពិភពលោក ដោយ​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​អាក្រក់​បំផុត​នៅ​ក្នុង​លោក ប៉ុន្តែ​ល្អ​ជាង​តែ​ប្រទេស​វេណេហ្ស៊ុយអេឡា តែ​មួយ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស