29.6 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​ត្អូញត្អែរ​របស់​មន្ត្រី​យោធា​តាម​ព្រំដែន​កម្ពុជា-វៀតណាម​ពី​បញ្ហា​អ៊ីនធឺណិត​ជា​ការ​បង្ហាញ​ពី​បញ្ហា​អសន្តិសុខ​ជាតិ​មួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ ប្រតិកម្ម​ថា ការ​លើកឡើង​របស់​មន្ត្រី​យោធា​តាម​ព្រំដែន​ពី​ផលលំបាក​នៃ​ការ​ប្រើ​អ៊ីនធឺណិត​របស់​វៀតណាម គ្រាន់តែ​ជា​បញ្ហា​អសន្តិសុខ​ជាតិ​មួយ​ប៉ុណ្ណោះ​ដែល​ពួកគេ​បាន​ត្អូញត្អែរ ប៉ុន្តែ​នៅ​មាន​បញ្ហា​អសន្តិសុខ​ជាតិ​ជាច្រើន​ទៀត ដូចជា​ការ​ខ្វះខាត​ផ្លូវ​ក្រវាត់​តាម​ព្រំដែន​សម្រាប់​ដើរ​ល្បាត ខ្វះ​ទីកន្លែង​ស្នាក់នៅ​ដើម្បី​ប្រចាំការ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​ពួកគេ​មិន​អាច​និយាយ​ជា​ចំហ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ត្អូញត្អែរ​ពី​មន្ត្រី​យោធា​ខ្មែរ​ដែល​កំពុង​ប្រចាំការ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម ថា​ពួកគេ​មាន​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​សាវា​អ៊ីនធឺណិត​របស់​ប្រទេស​វៀតណាម ដែល​ពិបាក​ក្នុង​ការ​និយាយ​កិច្ចការ​របស់​ប្រទេស​ជាតិ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ កក្កដា ថា ការ​បណ្តែត​បណ្តោយ​ឲ្យ​សន្តិសុខ​ជាតិ​របស់​ខ្លួន​ធ្លាក់​ក្នុង​ការ​ក្តោបក្តាប់​ដោយ​បរទេស​ជិតខាង ជាពិសេស​ប្រទេស​ដែល​មាន​បំណង​ឈ្លានពាន​ខ្មែរ​ដូចជា​វៀតណាម​ជាដើម គឺជា​កំហុស​ធំ​ណាស់​របស់​រដ្ឋាភិបាល​ខ្មែរ។

លោក​អះអាង​ថា ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ធ្លាប់​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​អស់​រយៈពេល​ប្រមាណ​ជាង ២០​ឆ្នាំ​ហើយ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ រដ្ឋាភិបាល​នៅតែ​មិន​បាន​យកចិត្ត​ទុកដាក់​អំពី​បញ្ហា​សន្តិសុខ​ជាតិ​របស់​ខ្លួន​ដដែល ខណៈ​រដ្ឋាភិបាល​វៀតណាម ព្យាយាម​រំលោភ​លើ​ព្រំដែន និង​សន្តិសុខ​ផ្ទៃក្នុង​ជាតិ​របស់​ខ្លួន​គ្រប់​ពេលវេលា។

លោក ម៉ែន ណាត បញ្ជាក់​ថា ដើម្បី​ការពារ​ព្រំដែន​ឲ្យ​បាន​រឹងមាំ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ដាក់​ចេញ​នូវ​គោលនយោបាយ​លើក​ទឹកចិត្ត​ដល់​ពលរដ្ឋ ឬ​មន្ត្រី​យោធា​ដែល​ប្រចាំការ​តាម​ព្រំដែន និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ទាំងនោះ និង​ត្រូវតែ​អភិវឌ្ឍ​តំបន់​ព្រំដែន​ឲ្យ​បាន​រឹងមាំ​ជាទីបំផុត។

នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២១ មន្ត្រី​យោធា​ដែល​កំពុង​ប្រចាំការ​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ដំឡើង​ប្រព័ន្ធ​សេវា​អ៊ីនធឺណិត​នៅ​តាម​បន្ទាត់​ព្រំដែន​ដែល​ជា​របស់​កម្ពុជា​ផ្ទាល់ ព្រោះ​ពួកគេ​សព្វថ្ងៃ​នេះ​កំពុង​ព្រួយបារម្ភ​ពី​ការប្រើប្រាស់​ប្រព័ន្ធ​សាវា​អ៊ីនធឺណិត​របស់​ប្រទេស​វៀតណាម។

ពួកគេ​អះអាង​ថា ការ​ប្រើ​ប្រព័ន្ធ​សាវា​អ៊ីនធឺណិត​របស់​ប្រទេស​វៀតណាម ពិតជា​មាន​ការ​លំបាក​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ពួកគេ​ចង់​និយាយ​បញ្ហា​ផ្ទៃក្នុង​របស់​ជាតិ ឬ​បញ្ជូន​សារ​សម្ងាត់​ណាមួយ​ដែល​ទាក់ទង​នឹង​សន្តិសុខ​ជាតិ គឺ​ត្រូវ​រដ្ឋាភិបាល​វៀតណាម​គ្រប់គ្រង​ទាំងស្រុង។

កម្ពុជា-វៀតណាម មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង ១២៧០​គីឡូម៉ែត្រ ក្នុង​នោះ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បោះ​បង្គោល​កំណត់​ព្រំដែន​សរុប​បាន​ចំនួន ៣១៤​បង្គោល ដែល​ស្មើ​នឹង ៨៤% រួចរាល់​ហើយ ខណៈ ១៦% ទៀត នៅ​មិនទាន់​ឯកភាព​គ្នា​នៅឡើយ។

កាលពី​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២១ កង​ការពារ​ព្រំដែន​លេខ​៦០១ បាន​ធ្វើ​ការ​ចុះ​ល្បាត​នៅ​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​កណ្តាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ លើស​ពី​នេះ ក៏​ជា​ការ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ដើម្បី​រក្សា​បាន​នូវ​បូរណភាព​ដែនដី សុខ​សន្តិភាព និង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​ដែល​អាច​កើត​មាន​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស