ប្រជាសហគមន៍ព្រៃឈើ អះអាងថា អាជ្ញាធរឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ បានឃុបឃិតគ្នាជាប្រព័ន្ធលក់ដីព្រៃសហគមន៍ឲ្យទៅអ្នកមានលុយ និងក្រុមហ៊ុន ដើម្បីយកលុយចែកគ្នាដោយខុសច្បាប់។
ពួកគេអះអាងបែបនេះ បន្ទាប់ពីរកឃើញថា អាជ្ញាធរមូលដ្ឋាននៅក្នុងឃុំត្រពាំងធំខាងត្បូង បានឃុបឃិតគ្នាលក់ដីព្រៃសហគមន៍ទៅឲ្យអ្នកមានលុយអស់រាប់សិបហិកតារកាលពីពេលថ្មីៗនេះ។
លោក សំ សារូ ប្រធានសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី៦ ខែកក្កដា ថា ព្រៃសហគមន៍ត្រពាំងធំខាងត្បូង ត្រូវបានថែទាំដោយប្រជាសហគមន៍យ៉ាងយកចិត្តទុកដាក់ ដែលអាចរក្សាព្រៃឈើបានល្អ ប៉ុន្តែចាប់តាំងពីខែតុលា ឆ្នាំ២០២០ រហូតដល់ខែកក្កដា ឆ្នាំ២០២១ នេះ ដីព្រៃសហគមន៍ទាំងនេះត្រូវអាជ្ញាធរភូមិ-ឃុំសហការគ្នាលក់ទៅឲ្យឈ្មួញអ្នកមានលុយជាបន្តបន្ទាប់។
លោកអះអាងថា មកទល់នឹងពេលនេះ ដីព្រៃសហគមន៍ត្រពាំងធំខាងត្បូង នេះ ត្រូវអាជ្ញាធរកាត់លក់អស់ជិត ១០០ហិកតារហើយ ប៉ុន្តែអាជ្ញាធរថ្នាក់លើដូចជាអាជ្ញាធរស្រុក អាជ្ញាធរខេត្ត និងមន្ទីរបរិស្ថាន ហាក់មិនមានចំណាត់ការទប់ស្កាត់បទល្មើសនេះទាល់តែសោះ ផ្ទុយទៅវិញនៅពេលដែលមានបណ្តឹងពីពលរដ្ឋលើបញ្ហានេះ ពួកគេបែរជាឆ្លើយដាក់គ្នាទៅវិញ។
លោកបញ្ជាក់ថា នៅពេលដែលប្រជាសហគមន៍ទាមទារឲ្យមេភូមិ និងមេឃុំស្រាវជ្រាវរកអ្នកដែលទិញលក់ដីព្រៃសហគមន៍ត្រពាំងធំខាងត្បូង នេះ អាជ្ញាធរមូលដ្ឋានទាំងនោះឆ្លើយថា ពួកគេមិនស្គាល់អ្នកទិញ ឬអ្នកលក់ដីសហគមន៍ទាំងនោះទេ ដូច្នេះក៏មិនដឹងថា តើត្រូវវែកមុខអ្នកទិញ និងអ្នកលក់ដីសហគមន៍នោះតាមវិធីណាដែរ។
លោក សំ សារូ បន្តថា មេភូមិព្រៃព្រាល អ្នកស្រី យស វណ្ណី និងអនុភូមិ លោក ខឹម ណែវ គឺជាអ្នកចេញមុខជួលពលរដ្ឋឲ្យកាប់ឆ្ការព្រៃសហគមន៍នោះដោយផ្ទាល់។ ពលរដ្ឋទាំងនោះទទួលបានថ្លៃឈ្នួលក្នុងម្នាក់ ២៥ម៉ឺនរៀលក្នុង ១ហិកតារ ដោយឡែកសមាជិកក្រុមប្រឹក្សាឃុំត្រពាំងធំខាងត្បូង លោក ណិប អង ក៏ជាអ្នកកាងគ្រឿងចក្រឈូសឆាយព្រៃសហគមន៍នេះ ដើម្បីយកដីលក់ទៅឲ្យក្រុមហ៊ុនផងដែរ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសឲ្យបង្កើតព្រៃសហគមន៍ត្រពាំងធំខាងត្បូង ដែលមានទំហំផ្ទៃដីសរុប ៥៨៣ហិកតារ ស្ថិតក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីប្រើប្រាស់អនុផលព្រៃឈើ និងអភិរក្សជីវចម្រុះ និងអភិវឌ្ឍព្រៃសហគមន៍នេះឲ្យមាននិរន្តរភាព។
ព្រៃសហគមន៍ក្នុងខេត្តតាកែវ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៣ មាន ៦សហគមន៍ និងត្រូវបានបែងចែកជា ៧កន្លែង ដែលមានទំហំផ្ទៃដីសរុបជាង ៦៣០០ហិកតារ ក្នុងនោះរួមមាន ព្រៃសហគមន៍ត្រពាំងធំខាងត្បូង ព្រៃសហគមន៍មហាសី និងព្រៃសហគមន៍ប៉ាយ៉ង់ការ ជាដើម។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ខែកក្កដា នេះថា លោកធ្លាប់បានចូលរួមជួយប្រជាសហគមន៍ក្នុងការថែរក្សាដីព្រៃសហគមន៍នេះផងដែរនាពេលកន្លងមក ដែលធ្វើឲ្យព្រៃសហគមន៍ទាំងនោះដុះលូតលាស់បានល្អដោយគ្មានការកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិពីបុគ្គលណាម្នាក់ឡើយ។
លោកអះអាងថា បញ្ហានេះ ប្រសិនបើអាជ្ញាធរមូលដ្ឋានចេញមុខស្រាវជ្រាវប្រាកដជាអាចរកឃើញអ្នកទិញ និងអ្នកលក់ដីព្រៃសហគមន៍នេះជាមិនខាន ព្រោះថាការទិញលក់ដីមិនអាចរំលងមេភូមិ និងមេឃុំនោះទេ បើពួកគាត់មិនចេញលិខិតបញ្ជាក់សម្គាល់កម្មសិទ្ធិ ក៏មិនមានអ្នកណាម្នាក់ហ៊ានទិញ ឬលក់ដីទាំងនោះឡើយ។
ជុំវិញបញ្ហានេះ សកម្មជនឃ្លាំមើលព្រៃឈើ រិះគន់ថា អាជ្ញាធរខ្មែរក្រៅពីពូកែខាងតែឆ្លើយថា មិនដឹង ឆ្លើយដាក់គ្នា ពូកែខាងប្រកែក និងច្រានចោលព័ត៌មាន គឺគ្មានជំនាញអ្វីផ្សេងនោះទេ ប៉ុន្តែនៅពេលដែលមានភស្តុតាងជាក់ស្តែង ពួកគេតែងប្រើលេសថា កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ជាដើម។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងមេឃុំត្រពាំងធំខាងត្បូង លោក សាន់ គឿន ដើម្បីបំភ្លឺពីការចោទប្រកាន់នេះបាននៅឡើយទេ នៅថ្ងៃទី០៦ ខែកក្កដា៕