34 C
Phnom Penh

អតីត​មេ​ប៉េអិម​ខេត្ត​រតនគិរី​និង​ស្នងការ​រាជធានី​ភ្នំពេញ​រង​ការ​ចោទ​ថា​ព័ទ្ធ​យក​ភ្នំ​ពីរ​មាន​ផ្ទៃដី​ជិត ២០​ហិកតារ​ក្នុង​ខេត្ត​មណ្ឌលគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង រាប់​រយ​គ្រួសារ​រស់នៅ​ភូមិ​ពូលូង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅតែ​បន្ត​ស្រែក​ដង្ហោយ​ឱ្យ​រដ្ឋាភិបាល​ដកហូត​ដី​ភ្នំ​ចំនួន​២ ពី​អតីត​មេប៉េអិម​ខេត្ត​រតនគិរី គឹម រស្មី និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ជា​សម្បត្តិ​រដ្ឋ​វិញ ព្រោះ​ដី​តំបន់​នោះ​ជា​កន្លែង​អាស្រ័យ​ផល​យ៉ាង​សំខាន់​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង។

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត និង​អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី លោក គឹម រស្មី បាន​ទិញ​ដី​ភ្នំ​ទ្រីង និង​ភ្នំ​ពពេល ដោយ​ខុសច្បាប់ ព្រោះ​ដី​តំបន់​នោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ដែល​អ្នកភូមិ​ធ្វើ​ចម្ការ​វិល​ជុំ ឃ្វាល​គោ និង​អាស្រ័យផល​តាំង​ពី​ដើម​រៀង​មក។

អ្នកភូមិ​ថា ក្នុង​ពេល​ដែល​ពលរដ្ឋ​តវ៉ា​ទាមទារ​ដំណោះស្រាយ អាជ្ញាធរ​មិន​ត្រឹមតែ​មិន​ដោះស្រាយ​សំណើ​របស់​ពួកគាត់​ទេ តែ​បែរជា​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​មាន​អំណាច​ទាំងនេះ​សាងសង់​របង និង​សំណង់​រឹងមាំ និង​ផ្ទះ​លម្ហែ​ព័ទ្ធជុំវិញ​ភ្នំ​ទាំង​ពីរ​នេះ​លើ​ផ្ទៃដី​ជិត ២០​ហិកតារ។ រីឯ​ជនជាតិ​ដើម​ភាគតិច មិន​អាច​ចេញចូល​តំបន់​នោះ​បាន​ទេ។

កាលពី​ចុង​ខែ​មិថុនា កន្លង​ទៅ តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង ៤​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ដែនដី នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ​ទាំងនេះ​ដកហូត​ដី​ទាំងនោះ​ប្រគល់​ជូន​ប្រជា​សហគមន៍​ប្រើប្រាស់​រួម ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដូច​ដើម​វិញ។

ខ្លឹមសារ​ញត្តិ ឱ្យ​ដឹង​ថា លោក ស ថេត និង​លោក គឹម រស្មី បាន​ទិញ​ដី​ខុសច្បាប់​នៅ​តំបន់​នោះ ប៉ះពាល់​ជីវភាព​រស់នៅ និង​កន្លែង​អាស្រ័យផល​ចិញ្ចឹម​ជីវិត​របស់​ជនជាតិ​ដើម​ព្នង​រាប់​រយ​គ្រួសារ។ មក​ទល់​ពេល​នេះ បុគ្គល​ទាំងនេះ​បាន​ព័ទ្ធ​របង​លួស​ជុំវិញ​ភ្នំ​ចំនួន​២ ទំហំ​ជិត ២០​ហិកតារ ហើយ​ដុត​បំផ្លាញ​ផ្ទះ​សហគមន៍​ជាច្រើន​ខ្នង។

The Cambodia Daily នៅ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី លោក គឹម រស្មី និង​ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត បាន​នៅឡើយ​ទេ។

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង អ្នកស្រី ម៉ុប ឈីង បាន​ប្រាប់​ក្រុម​យុវជន​ស្នេហា​បរិស្ថាន​ថា ដី​ភ្នំ​ទាំងនេះ​ជា​ឆ្នាំងបាយ និង​ជា​កន្លែង​ធ្វើ​កសិកម្ម​ដាំ​ដុះ​រួម​របស់​ជនជាតិ​ដើម​ភាគតិច ប្រសិនបើ​របូត​ទៅ​បុគ្គល​មាន​អំណាច អ្នកភូមិ​នឹង​គ្មាន​ទីកន្លែង​បង្កបង្កើនផល​ទៀត​នោះ​ទេ។

អ្នកស្រី​ថា មក​ទល់​ពេលនេះ អាជ្ញាធរ​ជាតិ​នៅ​មិនទាន់​បញ្ឈប់​សកម្មភាព​សាងសង់​សំណង់​រឹងមាំ និង​របង​រំលោភ​យក​ដី​ភ្នំ​ទាំង​ពីរ​នេះ​នៅឡើយ​ទេ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច ឱ្យ​ដឹង​ថា កន្លងទៅ មាន​ពលរដ្ឋ ៣​នាក់​បាន​ឃុបឃិត​គ្នា​លក់​ដី​ភ្នំ​ទ្រីង និង​ភ្នំ​ពពេល ជា​ប្រភេទ​សមូហភាព​របស់​អ្នកភូមិ​ជិត ២០​ហិកតារ (១៩) ទៅ​ឱ្យ​លោក ស ថេត និង​លោក គឹម រស្មី ទាំង​រំលោភ​ច្បាប់។ បញ្ហា​នេះ អ្នកភូមិ​បាន​ស្វែងរក​ដំណោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ នៅ​មិនទាន់​ទទួល​បាន​ផល​នៅឡើយ​ទេ។

ភ្នំ​ទ្រីង និង​ភ្នំ​ពពេល មាន​ផ្ទៃដី​ជិត ២០​ហិកតារ មាន​ទេសភាព​ស្រស់បំព្រង មាន​ព្រៃឈើ​ដុះ​ព័ទ្ធ​ជុំវិញ​ជើងភ្នំ ទឹក​អូរ​ធម្មជាតិ មាន​វាលស្មៅ​ខៀវស្រងាត់ និង​មាន​ចម្ការ​វិល​ជុំ​ដែល​ជនជាតិ​ដើម​ភាគតិច​ព្នង​ជាច្រើន​គ្រួសារ​ដាំ​ដុះ និង​ចិញ្ចឹម​គោ​ក្របី​តាំង​ពី​ដូនតា​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស