មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលកម្ពុជា រិះគន់ថា ប្រទេសមួយចំនួនដែលមានវ៉ាក់សាំង ហើយមិនព្រមបញ្ចេញជួយដល់ប្រទេសក្រីក្រ គឺជាប្រទេសអាត្មានិយម បើទោះបីជាកម្ពុជាចង់ទិញវ៉ាក់សាំងពីប្រទេសទាំងនោះក៏ដោយ ក៏នៅតែមិនអាចទិញបានដែរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ថា មិនមែនរដ្ឋាភិបាលកម្ពុជាមិនចង់ទិញវ៉ាក់សាំងពីប្រទេសដទៃក្រៅពីប្រទេសចិននោះទេ ប៉ុន្តែដោយសារតែកម្ពុជារកទិញវ៉ាក់សាំងពីប្រទេសទាំងនោះមិនបាន ខណៈប្រទេសខ្លះបានផលិតវ៉ាក់សាំងទុកចាក់ឲ្យតែពលរដ្ឋពួកគេប៉ុណ្ណោះ មិនបញ្ចេញដើម្បីជួយប្រទេសក្រីក្រនោះទេ ដែលនេះគឺជាភាពអាត្មានិយមសុទ្ធសាធ។
អ្នកស្រីអះអាងថា ទោះគ្មានវ៉ាក់សាំងពីប្រទេសផ្សេងៗក៏ដោយ ក៏វ៉ាក់សាំងរបស់ចិនទាំងពីរប្រភេទ គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃនេះមានប្រសិទ្ធភាពដូចវ៉ាក់សាំងប្រទេសដទៃទៀតដែរ ព្រោះថាមុននឹងអង្គការសុខភាពពិភពលោក (WHO) អនុញ្ញាតឲ្យប្រើប្រាស់នូវវ៉ាក់សាំងទាំងពីរប្រភេទនេះ ពួកគេបានសិក្សាយ៉ាងហ្មត់ចត់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំងទាំងនោះរួចរាល់អស់ហើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ ហ្វាយស័រ (Pfizer) ចនសុនចនសុន (Johnson & Johnson) អាស្ត្រាហ្សេនីកា ឬក៏ម៉ូដឺណា (Moderna) គឺសុទ្ធសឹងតែជាវ៉ាក់សាំងដែលមានប្រសិទ្ធភាព មានសុវត្ថិភាពដែលអាចប្រើប្រាស់នៅលើមនុស្សបានដូចគ្នាទាំងអស់ ដូច្នេះការវាយតម្លៃដោយអត្តនោម័តិ និងគ្មានមូលដ្ឋានបច្ចេកទេសវេជ្ជសាស្ត្រ ដែលថាវ៉ាក់សាំងរបស់ចិនគ្មានគុណភាព ឬប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 គឺជារឿងមិនពិតនោះទេ។
អ្នកស្រី ឱ វណ្ណឌីន បានលើកឡើងយ៉ាងនេះក្នុងឱកាសដែលក្រសួងសុខាភិបាល បានប្រគល់រង្វាន់លើកទឹកចិត្តដល់អ្នកដែលទទួលការចាក់វ៉ាក់សាំងទី៦លាន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី២១ ខែកក្កដា ថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល គឺប្រាសចាកពីគោលការណ៍វិជ្ជាជីវៈទាំងស្រុង ដែលថាប្រទេសផលិតវ៉ាក់សាំងមួយចំនួនមានភាពអាត្មានិយមមិនបញ្ចេញវ៉ាក់សាំងជួយដល់ប្រទេសក្រីក្រដូចជាកម្ពុជា ជាដើមនោះ។
លោកអះអាងថា ប្រទេសដែលមានលទ្ធភាពផលិតវ៉ាក់សាំងមិនមែនចង់ជួយប្រទេសនេះ ឬប្រទេសនោះបានស្រេចនឹងចិត្តនោះទេ ប៉ុន្តែពួកគេត្រូវគោរពទៅតាមលក្ខខណ្ឌដែលពួកគេបានចុះកិច្ចព្រមព្រៀងបណ្ដាក់ទុនដើម្បីផលិតវ៉ាក់សាំងប្រឆាំងវីរុស Covid-19 នេះជាមួយប្រទេសដៃគូរបស់ខ្លួនជាដាច់ខាត។ បន្ថែមពីនេះ ក៏ត្រូវផ្គត់ផ្គង់វ៉ាក់សាំងទាំងនោះដល់ប្រទេសដែលបានដាក់ទុនលើការផលិតថ្នាំបង្ការទាំងនោះផងដែរ។
លោក ម៉ែន ណាត បញ្ជាក់ថា ចំពោះការចែកចាយវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ទៅដល់ប្រទេសក្រីក្រ មានមជ្ឈមណ្ឌលកូវ៉ាក់ដើរតួនាទីសម្របសម្រួលហើយ ដូច្នេះមិនអាចចោទគេថាជាប្រទេសអាត្មានិយម ព្រោះតែមិនបានបញ្ចេញវ៉ាក់សាំងជួយប្រទេសក្រីក្រនោះទេ ប៉ុន្តែការទិញវ៉ាក់សាំងប្រឆាំងវីរុស Covid-19 របស់រដ្ឋាភិបាលកម្ពុជាពីប្រទេសចិន នៅពេលនេះ គឺជាហេតុផលនយោបាយ ជាជាងការគិតគូរពីសុខភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋខ្លួនឯង នោះទើបហៅថាមានភាពអាត្មានិយមពិតប្រាកដ។
ជុំវិញបញ្ហាគុណភាពវ៉ាក់សាំងរបស់ចិននេះ ពលរដ្ឋខ្មែរដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាមលើកទី២ ហើយនៅតែឆ្លងជំងឺ Covid-19 ដដែល ជាក់ស្តែងកីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរដ៏ល្បីល្បាញប្រចាំនៅកម្ពុជា លោក អេ ភូថង បានឆ្លងវីរុស Covid-19 កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។
មន្ត្រីយោធាក្នុងអង្គភាពអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលជាសិក្ខាកាមនៅសាកលវិទ្យាល័យការពារជាតិ ឈ្មោះ ដារ៉ា សកល ក៏បានតេស្ដឃើញវិជ្ជមានវីរុសនេះកាលខែមីនា ឆ្នាំ២០២១ និងមន្ត្រីបម្រើការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប លោក សៅ សារ៉ាក់ ក៏បានរកឃើញថាវិជ្ជមានវីរុសនេះកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ផងដែរ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានអះអាងថា ខ្លួនបានបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ជូនពលរដ្ឋបានចំនួនជាង ៦លាន ២សែននាក់ហើយ ដែលស្មើនឹង ៦២,០២% ក្នុងចំណោមពលរដ្ឋគោលដៅ ១០លាននាក់ ដោយគិតចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ។
ទាក់ទិននឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានចេញសេចក្តីណែនាំដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឲ្យរៀបផែនការចាក់វ៉ាក់សាំងលើកុមារដែលមានអាយុចាប់ពី ១២ឆ្នាំរហូតដល់យុវវ័យអាយុ ១៧ឆ្នាំចំនួន ២លាននាក់ ដើម្បីឲ្យមានភាពស៊ាំទូទាំងប្រទេសកម្ពុជាឲ្យបានកាន់តែឆាប់។
ដោយឡែកក្រសួងសុខាភិបាលកម្ពុជា បានអះអាងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា ខ្លួនរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៨១២នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៧៤០នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ១៩នាក់ផងដែរ។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជិត ៧ម៉ឺននាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៦ម៉ឺន ១ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងដល់ ១១៦៨នាក់ហើយមកទល់នឹងពេលនេះ៕