ពលរដ្ឋ និងមន្ត្រីរាជការភាគច្រើនបានចោទលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ថាបានពង្រឹងបក្ខពួកដើម្បីពង្រឹងបណ្ដាញពុករលួយចាប់តាំងពីឡើងកាន់តំណែងថ្មីមក ដោយការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនមន្ត្រីមានអំណាច និងពពួកឧកញ៉ាមានទ្រព្យនៅលើទីតាំងដីគម្របព្រៃឈើ និងតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយជាដើម។
ប្រភពពីមន្ត្រីមន្ទីរសុរិយោដីខេត្តព្រះសីហនុ ស្នើមិនបញ្ចេញឈ្មោះ បានអះអាងឲ្យសារព័ត៌មាន The Cambodia Daily ដឹងថា ជាបន្តបន្ទាប់មកនេះ លោក ចេង ស្រុង បានបន្តចេញប្លង់ ឬប័ណ្ណកម្មសិទ្ធិដីធ្លីជូនមន្ត្រីមានអំណាច និងពពួកឧកញ៉ាៗមានទ្រព្យ រួមមាន លោក លី ហាក់ និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងទំហំផ្ទៃដីរាប់រយហិកតារ ជាថ្នូរទទួលសំណូកពុករលួយ។ ដោយឡែកចំពោះប្រជាពលរដ្ឋក្រីក្ររស់នៅ និងអាស្រ័យផលនៅលើដីជាក់ស្តែងនៅតាមសហគមន៍ភាគច្រើននៃខេត្តព្រះសីហនុ វិញ បែរជាមិនព្រមចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីជូនពួកគាត់ប្រើប្រាស់ឡើយ។
ប្រភពបញ្ជាក់ទៀតថា ជាក់ស្តែង លោក ចេង ស្រុង បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានទំហំផ្ទៃដីជាង ៣២ហិកតារទៅឲ្យឧកញ៉ាមានទ្រព្យម្នាក់ឈ្មោះ លី ហាក់ ដែលនាំឲ្យអន្តរាយដល់ដីព្រៃឈើ និងតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយ មានទីតាំងក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ មិនត្រឹមតែប៉ុណ្ណោះ លោក ចេង ស្រុង ក៏បានចេញប័ណ្ណកម្មសិទ្ធិយ៉ាងតក់ក្រហល់មានទំហំផ្ទៃដីរហូតជិត ១២០ហិកតារមានទីតាំងនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ជូនលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ ដែលនាំឲ្យបំផ្លាញដល់ធនធានព្រៃឈើរលាយហិនហោច។

ប្រភពដដែលបានរិះគន់ថា សព្វថ្ងៃនេះ មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ស្ទើរបានក្លាយជាក្រុមហ៊ុនរកស៊ីផ្ដាច់មុខរបស់លោក ចេង ស្រុង និងលោក សេង សុខណាក់ ព្រមទាំងបក្ខពួក សម្រាប់រកប្រាក់ចំណូលចូលហោប៉ៅឯកជន។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងពេលបច្ចុប្បន្ននេះ លោក ចេង ស្រុង បានចាត់តាំងលោក សេង សុខណាក់ អនុប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ឲ្យទទួលបន្ទុកពិនិត្យឯកសារដីធ្លី និងប្រើគ្រប់វិធីសាស្ត្រពីការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនក្រុមហ៊ុន មន្ត្រីមានអំណាច និងពពួកឈ្មួញមានទ្រព្យ ជាថ្នូរទទួលបានសំណូកពុករលួយ។
ក្រុមពលរដ្ឋបានស្នើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ចេង ស្រុង និងលោក សេង សុខណាក់ ប្រធាន-អនុប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ដែលបានយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្តអំពើពុករលួយនេះ។
មន្ត្រីរាជការកំពុងបម្រើការងារនៅក្នុងមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានរិះគន់ថា អំពើពុករលួយដែលលោក ចេង ស្រុង បានប្រព្រឹត្ត គឺចាប់តាំងពីរូបលោកបានមកដឹកនាំមន្ទីរសុរិយោដីខេត្តព្រះសីហនុ ប៉ុន្មានឆ្នាំមកនេះ គឺបានប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ រាប់រយដងឯណោះ។
មន្ត្រីរាជការ និងពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ បានទទូចស្នើដល់លោក ឱម យ៉ិនទៀង អនុវត្តវិធានការលើលោក ចេង ស្រុង និងលោក សេង សុខណាក់ ព្រមទាំងបក្ខពួក ឲ្យដូចដែលអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានអនុវត្តលើអតីតប្រធានមន្ទីរដែនដីខេត្តព្រះសីហនុ នេះដែរ។
ទោះយ៉ាងណា សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទងលោក ចេង ស្រុង និងលោក សេង សុខណាក់ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបាននៅឡើយទេ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១៕