មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា អះអាងថា ប្រទេសមហាអំណាចមានតែប្រកួតប្រជែងគ្នាក្នុងការជួយដល់ប្រទេសតូចតាចទន់ខ្សោយប៉ុណ្ណោះ ទើបជាវិធានការសមស្រប និងមានប្រសិទ្ធភាព ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលភូមិសាស្ត្រនយោបាយក្នុងតំបន់នាពេលបច្ចុប្បន្ននេះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកបែបនេះ គឺបន្ទាប់ពីប្រទេសកម្ពុជាទទួលជំនួយមនុស្សធម៌ជាវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ពីប្រទេសលោកសេរីសម្រាប់កម្ពុជាជាបន្តបន្ទាប់ក្នុងពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ថា វ៉ាក់សាំងដែលជាជំនួយរបស់មិត្តចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសជាមិត្តផ្សេងៗទៀត គឺបង្ហាញឲ្យឃើញនូវទង្វើ និងកាយវិការមនុស្សធម៌អន្តរជាតិដែលមហាអំណាចគួរប្រកាន់យកក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលមេរោគ Covid-19 នៅពេលនេះ។
មន្ត្រីរដ្ឋាភិបាលរូបនេះលើកឡើងថា ក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូលបច្ចុប្បន្ននេះ ការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលភូមិសាស្ត្រនយោបាយក្នុងតំបន់របស់មហាអំណាចដោយធ្វើការគាបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្មលើប្រទេសតូចតាចដែលទន់ខ្សោយ លែងមានឥទ្ធិពលតទៅទៀតហើយ។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតរបស់ចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា ចក្រភពអង់គ្លេសនឹងផ្តល់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 AstraZeneca ចំនួន ៤១ម៉ឺន ៥ពាន់ដូស តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីជួយទប់ស្កាត់ជំងឺ Covid-19 ដល់កម្ពុជា។
ដោយឡែកស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនផងដែរថា សហរដ្ឋអាមេរិកបានសម្រេចផ្ដល់អំណោយមនុស្សធម៌ជាវ៉ាក់សាំងប្រភេទ Johnson & Johnson ជាង ១លានដូសដល់កម្ពុជា តាមរយៈយន្តការរបស់កូវ៉ាក់។
មកទល់នឹងពេលនេះ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ពីបណ្តាប្រទេសជាមិត្តជាបន្តបន្ទាប់តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាជំនួយរបស់អង្គការសុខភាពពិភពលោក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ក្នុងនោះរួមមានចិន ជប៉ុន អូស្ត្រាលី អង់គ្លេស និងអាមេរិក ជាដើម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី២៩ ខែកក្កដា ថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ជាការបង្ហាញពីការមើលស្រាលលើជំនួយមនុស្សធម៌របស់ប្រទេសជាមិត្តរបស់កម្ពុជា។
លោករិះគន់ថា ការយកជំនួយមនុស្សធម៌ទៅភ្ជាប់នឹងនយោបាយបែបនេះ គឺជាការបង្កអរិយភាពយ៉ាងធ្ងន់ធ្ងរក្នុងការទំនាក់ទំនងចំណងការទូតរវាងប្រទេសជាមិត្ត ក៏បង្ហាញឲ្យឃើញយ៉ាងច្បាស់ដែរថា កម្ពុជាមានមន្ត្រីដែលគ្មានចំណេះដឹងគ្រប់គ្រាន់ដើម្បីបំពេញតួនាទីក្នុងអង្គការរដ្ឋ ដើម្បីជួយជ្រោមជ្រែងនយោបាយការបរទេសរបស់រដ្ឋាភិបាលឲ្យមានភាពល្អប្រសើរនោះដែរ។
លោក ម៉ែន ណាត បញ្ជាក់ថា ក្នុងនាមជាមន្ត្រីរដ្ឋាភិបាលត្រូវមានសមត្ថភាពក្នុងការឆ្លើយតបជាលក្ខណៈការទូត ដើម្បីបញ្ចៀសនូវការអាក់អន់ចិត្តរវាងប្រទេសជាមិត្ត ហើយក៏ជាមនុស្សដែលចេះឲ្យតម្លៃលើកិច្ចការមនុស្សធម៌ផងដែរ ប៉ុន្តែបើមានមន្ត្រីដែលចេះតែនិយាយបង្កការអាក់អន់ចិត្តដល់ប្រទេសជាមិត្តបែបនេះ នោះមិនមែនជួយទំនាក់ទំនងកម្ពុជាឲ្យកាន់តែល្អទេ គឺទាញទម្លាក់កម្ពុជាទៅរកជម្លោះប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួសវ៉ាក់សាំង AstraZeneca ដល់កម្ពុជាប្រមាណ ១លានដូស ជាចំណងមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងបន្តកិច្ចសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលជាបញ្ហារបស់ពិភពលោកផងដែរ។
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុន សែន បានអះអាងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពីអនាគតរបស់អាស៊ី ថា កម្ពុជាស្វាគមន៍រាល់ជំនួយប្រទេសជាមិត្តទាំងអស់ដែលមានបំណងជួយកម្ពុជា លើកលែងតែជំនួយក្រុមភេរវករតែប៉ុណ្ណោះ៕