មេដឹកនាំសហជីព និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានសំណូមពរទៅចៅក្រមជំនុំជម្រះឱ្យកាត់ក្ដីចៀសវាងនូវអគតិធម៌ទាំងបួន និងសម្រេចក្ដីតាមវិជ្ជាជីវៈដែលបានស្បថមុនចូលកាន់តំណែង។
ការសំណូមពរនេះ ធ្វើឡើងចុងក្រោយនៃការបញ្ចប់សវនាការសួរដេញដោលលើសំណុំរឿងមេដឹកនាំសហជីព និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន កញ្ញា សរ កណិកា និងលោក តុន និមល នៅថ្ងៃសុក្រ ក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ នេះបើតាមការអះអាងរបស់អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានប្រាប់សារព័ត៌មាន The Cambodia Daily។
អ្នកស្រីបន្តថា មុននឹងបញ្ចប់សវនាការ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា ប្រាប់ឱ្យលោក រ៉ុង ឈុន ធ្វើការសំណូមពរចុងក្រោយ។
ករណីនេះ លោក រ៉ុង ឈុន បានសំណូមពរទៅចៅក្រមជំនុំជម្រះឱ្យកាត់ក្ដីចៀសវាងនូវអគតិធម៌ទាំងបួន ក្នុងនោះមានសេចក្តីលម្អៀងព្រោះស្រឡាញ់ សេចក្តីលម្អៀងព្រោះស្អប់ សេចក្តីលម្អៀងព្រោះពុំយល់ការខុសត្រូវ សេចក្តីលម្អៀងព្រោះខ្លាចអំណាច ឬខ្លាចចិត្តគេ។
លើសពីនេះ លោក រ៉ុង ឈុន បានសំណូមពរឱ្យចៅក្រមសម្រេចសេចក្ដីតាមវិជ្ជាជីវៈដែលបានស្បថមុនចូលកាន់តំណែងជាចៅក្រម។
អ្នកស្រី អ៊ុក ឆាយ៉ាវី បន្តថា ការសំណូមពរនេះត្រូវបានចៅក្រមគោះតុឱ្យឈប់និយាយ និងចាត់ទុកចំណុចដែលលោក រ៉ុង ឈុន លើកឡើងមិនមែនជាសំណូមពរ។ ចៅក្រមជំនុំជម្រះ លោក លិ សុខា បានទាមទារឱ្យលោក រ៉ុង ឈុន សំណូមពរបន្តទៀត ប៉ុន្តែលោក រ៉ុង ឈុន បានបដិសេធ ដោយថាលោកកំពុងសំណូមពរហើយ តែលោកចៅក្រមមិនឱ្យនិយាយ ដូច្នេះលោកមិនមានអ្វីត្រូវនិយាយទៀតនោះទេ។
ក្រោយការសួរដេញដោលនៅព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះ ចៅក្រមជំនុំជម្រះ លោក លិ សុខា បានឱ្យភាគីមេធាវីរដ្ឋាភិបាល តំណាងអយ្យការ និងមេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន ធ្វើសេចក្តីសន្និដ្ឋានរៀងៗខ្លួន។

អ្នកស្រី អ៊ុក ឆាយ៉ាវី សំណូមពរឲ្យមន្ត្រីតុលាការខ្មែរគួរមានភាសាឲ្យមានសីលធម៌ស្របតាមវិជ្ជាជីវៈរបស់ខ្លួន។
តំណាងអយ្យការ និងមេធាវីការពារក្ដីឱ្យរដ្ឋាភិបាល ស្នើទៅចៅក្រមឲ្យលោក រ៉ុង ឈុន សងជំងឺចិត្តចំនួន ៥០០០លានរៀល ដោយសារការចុះទៅព្រំដែនកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ និងសេចក្តីថ្លែងការណ៍របស់លោកមានលក្ខណៈញុះញង់ និងអាចជះឥទ្ធិពលដល់មហាជនបង្កជាការវឹកវរផ្សេងៗ។
ចំណែកក្រុមមេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន គឺលោក ជូង ជូងឺ លោក សំ សុគង់ និងលោក កែត ឃី បានស្នើសុំឱ្យចៅក្រមទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងកូនក្ដីឱ្យមានសេរីភាពវិញ ដោយលើកហេតុផលថា សេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដែលចេញនោះមិនមានពាក្យពេចន៍ និងខ្លឹមសារ «ញុះញង់» នោះទេ។
លើសពីនេះ ក្រុមមេធាវីក៏បានព្យាយាមបកស្រាយម្តងមួយៗនៅក្នុងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍នៅត្រង់កថាខណ្ឌទី៤ ថា ពលរដ្ឋមានសិទ្ធិយល់ឃើញ ប៉ុន្តែបើសិនរាល់ការយល់ឃើញរបស់ពលរដ្ឋត្រូវបានតុលាការចាត់ទុកថាជាការញុះញង់ នោះវាជារឿងមិនត្រឹមត្រូវ និងជារឿងអយុត្តិធម៌។
ករណីនេះ លោកថាបើគ្រប់ការយល់ឃើញសុទ្ធតែជាការញុះញង់ នោះមនុស្សត្រូវកាត់ក្បាលខ្លួនឯង រួចដកខួរក្បាលចេញហើយ ព្រោះមនុស្សមានការយល់ឃើញផ្សេងគ្នា មនុស្ស ១០០នាក់ យល់ឃើញផ្សេងគ្នាទាំង ១០០នាក់។ លោកស្នើតុលាការពិនិត្យមើលមាត្រា៥ នៃក្រមព្រហ្មទណ្ឌ ដែលការបកស្រាយច្បាប់ត្រូវមានលក្ខណៈតឹងរ៉ឹង មិនពង្រីកឲ្យយឺតដូចកៅស៊ូ។
ក្រោយពីសួរដេញដោល និងធ្វើសេចក្ដីសន្និដ្ឋាន ចៅក្រមជំនុំជម្រះ លោក លិ សុខា សម្រេចលើកពេលសាលក្រមទៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីលោកអត្ថាធិប្បាយ និងចេញសេចក្តីថ្លែងការណ៍ជុំវិញបញ្ហាដីធ្លីរបស់ពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលជាប់ពាក់ព័ន្ធបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម។ គិតតាំងពីថ្ងៃចាប់ខ្លួនរហូតមកដល់ពេលនេះ លោក រ៉ុង ឈុន ត្រូវបានឃុំនៅពន្ធនាគារព្រៃសអស់រយៈពេល ១ឆ្នាំមកហើយ។ ចំណែកកញ្ញា សរ កណិកា និងលោក តុន និមល ជាសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈមានការតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន៕