សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៤លានដុល្លារជាជំនួយបន្ទាន់លើកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 សម្រាប់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី០៩ ខែសីហា ថា ជំនួយនេះនឹងផ្តល់ការគាំទ្រទាន់ពេលវេលាសម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងស្ថានការណ៍ ជាពិសេសបង្កើនការចាក់វ៉ាក់សាំង និងបង្កើនសមត្ថភាពធ្វើតេស្ដរកជំងឺ Covid-19។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយជាវ៉ាក់សាំង Johnson & Johnson ចំនួនជាង ១លានដូស (១.០៦០.១០០ដូស) ដល់កម្ពុជាតាមរយៈយន្តការកូវ៉ាក់។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា W. Patrick Murphy មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារសំខាន់ណាស់មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ លោកបន្តថា សហរដ្ឋអាមេរិកមានមោទកភាពណាស់ក្នុងការផ្តល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជាក្នុងការការពារខ្លួនរបស់ពួកគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់ពួកគេ។

ស្ថានទូតអាមេរិកបានឲ្យដឹងទៀតថា ជំនួយនេះគឺជាការបន្ថែមលើជំនួយចំនួនជាង ១១លានដុល្លាររបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើងជាលើកដំបូង។
ស្ថានទូតបញ្ជាក់ទៀតថា តាមរយៈភ្នាក់ងារ និងអង្គភាពជំនាញរបស់ខ្លួន សហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីកម្ចាត់រោគរាតត្បាត Covid-19 ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសង្គម និងសេដ្ឋកិច្ច ហើយកសាងឡើងវិញនូវពិភពលោកមួយដែលមានការត្រៀមរៀបចំល្អជាងមុនប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺនេះទៅអនាគត៕