34 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​នូវ​ផែនការ​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី​រយៈពេល​១៥​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​មេ​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ពី​ឆ្នាំ​២០២១ រហូត​ដល់​ឆ្នាំ​២០៣៥ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​នេះ​ឲ្យ​ទៅ​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​លំដាប់​អន្តរជាតិ និង​ជា​ខេត្ត​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ធ្វើ​ឱ្យ​តំបន់​ភូមិភាគ​ឦសាន​ដែល​មាន​ខេត្ត​មណ្ឌលគិរី ជា​ស្នូល​ក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា។

ក្រសួង​ទេសចរណ៍​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​សង្ខេប​ប្រតិបត្តិ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ថា រដ្ឋាភិបាល​កម្ពុជា​មាន​គោលបំណង​លើក​កម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឱ្យ​ក្លាយ​ជា​វិស័យ​អាទិភាព​មួយ ដើម្បី​រួមចំណែក​បង្កើន​ប្រាក់ចំណូល បង្កើន​ការងារ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​នេះ រដ្ឋាភិបាល​នឹង​វាយតម្លៃ​ផែនការ​មេ​នេះ​ជា ៣​ដំណាក់កាល​រៀងរាល់ ៥​ឆ្នាំ​ម្តង ដោយ​គណៈកម្មការ​អន្តរ​ក្រសួង គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០២៥ លើក​ទី​២ នៅ​ឆ្នាំ​២០៣០ និង​លើក​ទី​៣ នៅ​ឆ្នាំ​២០៣៥ ដើម្បី​ដាក់​ចេញ​នូវ​ផែនការ​សម្រាប់​រយៈពេល​បន្ទាប់។

ក្រសួង​ទេសចរណ៍ បញ្ជាក់​ថា ដើម្បី​សម្រេច​គោលដៅ​នេះ រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​អាទិភាព​មួយ​ចំនួន ដូចជា៖

  • ការ​កំណត់​តំបន់​ទេសចរណ៍​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍ
  • អភិវឌ្ឍ​ផលិតផល​ទេសចរណ៍
  • ពង្រឹង​គុណភាព​ធនធាន​មនុស្ស
  • និង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​តំបន់​ជាដើម។

ការ​ដាក់​ចេញ​នូវ​គម្រោង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​មណ្ឌលគិរី ឲ្យ​កាន់តែ​មាន​សក្ដានុពល ជាពិសេស​វិស័យ​អេកូទេសចរណ៍​ដែល​មាន​ភាព​ទាក់ទាញ​ជាច្រើន​ទម្រង់ និង​ច្រើន​ប្រភេទ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ចុង​ឆ្នាំ​២០២១ នេះ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ចាប់ពី​ឆ្នាំ​២០២១ រហូត​ដល់​ឆ្នាំ​២០៣៥ ដើម្បី​អភិវឌ្ឍ​ខេត្ត​នេះ​ឲ្យ​ទៅ​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ​ក្នុង​ការ​រួមចំណែក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ផង​ដែរ។

ក្រសួង​ទេសចរណ៍ បាន​ព្យាករ​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ​ថា នៅ​ឆ្នាំ​២០៣៥ ចំនួន​ភ្ញៀវ​អន្តរជាតិ​ទៅកាន់​ខេត្ត​មណ្ឌលគិរី នឹង​កើន​ឡើង​ប្រមាណ ៩០​ម៉ឺន​នាក់ ស្រប​ពេល​ដែល​ចំនួន​ភ្ញៀវ​ក្នុង​ស្រុក​នឹង​កើន​ឡើង​ដល់​ជាង ២​លាន​នាក់ ដែល​នឹង​បង្កើត​ការងារ​ប្រមាណ ៨​ម៉ឺន​កន្លែង និង​បង្កើត​ចំណូល​ដោយ​ផ្ទាល់​ប្រមាណ ៥០០​លាន​ដុល្លារ និង​ដោយ​ប្រយោល​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ សីហា ថា ជា​ធម្មតា​ការ​លើកឡើង​ពី​គម្រោង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ គឺ​តែង​បង្ហាញ​ពី​ភាព​វិជ្ជមាន​ជានិច្ច ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង គឺ​តែងតែ​ផ្ទុយ​ស្រឡះ​ពី​ការ​លើកឡើង​របស់​ពួកគេ​ទាំងស្រុង។

លោក​លើកឡើង​ថា ការ​រៀបចំ​អភិវឌ្ឍ គឺជា​រឿង​ល្អ​សម្រាប់​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ និង​ប្រជាជន ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​ផល​ប៉ះពាល់​ទៅលើ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ប្រសិនបើ​ផល​ប៉ះពាល់​នោះ​មាន​ទំហំ​ធំធេង​ដែល​មិន​អាច​ជួសជុល​បាន រដ្ឋ​ត្រូវតែ​បញ្ឈប់​ការ​អភិវឌ្ឍ​នោះ​ជា​បន្ទាប់ ដើម្បី​ចៀសវាង​ពី​ការ​អភិវឌ្ឍ​មួយ​ដែល​មិន​បាន​ជួយ​ដល់​ពលរដ្ឋ​ឲ្យ​ប្រសើរ​ឡើង តែ​បែរជា​រុញ​ឲ្យ​ប្រជាជន​កាន់តែ​រងគ្រោះ​ទៅវិញ។

លោក ម៉ែន ណាត បញ្ជាក់​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ថា​គម្រោង​អភិវឌ្ឍន៍​កន្លងមក​តែងតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ស្ទើរ​គ្រប់​ទីកន្លែង ដោយសារ​រដ្ឋាភិបាល​ចេះតែ​បំពាន បើ​ទោះបីជា​ខ្លួន​ដឹង​ថា​ការ​អភិវឌ្ឍ​នោះ​នឹង​ផ្តល់​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ទៅ​ថ្ងៃ​មុខ​ក៏ដោយ ជាក់ស្តែង​ដូច​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ជាដើម ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ទីនោះ​រងគ្រោះ​ទឹកជំនន់​រៀងរាល់​ឆ្នាំ។

ខេត្ត​មណ្ឌលគិរី គឺជា​ខេត្ត​មួយ​ស្ថិត​ក្នុង​តំបន់​ភ្នំ និង​តំបន់​ខ្ពង់រាប​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដែល​មាន​ទំហំ​ផ្ទៃដី​សរុប​ជាង ១​ម៉ឺន ៤​ពាន់​គីឡូម៉ែត្រ​ក្រឡា ជា​ខេត្ត​មួយ​ដែល​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​ច្រើន ដូចជា​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូស្រា រមណីយដ្ឋាន​ទឹកជ្រោះ​សែនមនោរម្យ និង​រមណីយដ្ឋាន​សមុទ្រ​ឈើ និង​វាលស្មៅ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស