ពលរដ្ឋរស់នៅស្រុកទឹកឈូ ខេត្តកំពត អះអាងថា សង្វៀនភ្នាល់ជល់មាន់មួយកន្លែងមានទីតាំងនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ដែលមានចម្ងាយប្រហែល ៥០ម៉ែត្រពីសាលាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃឃ្មុំ បានបើកដំណើរការល្បែងភ្នាល់បញ្ជល់មាន់ជាយូរឆ្នាំមកហើយ ប៉ុន្តែមិនមានសមត្ថកិច្ចបង្ក្រាប។
ពលរដ្ឋដែលនៅក្បែរនោះបានស្នើដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយពិនិត្យលើប្រសិទ្ធភាពគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសការហាមឃាត់ប្រមូលផ្តុំដើម្បីទប់ស្កាត់ការរាតត្បាតជំងឺ Covid-19 នៅក្នុងសហគមន៍ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ តើការអនុវត្តមានប្រសិទ្ធភាពដែរឬយ៉ាងណា?
ពលរដ្ឋបញ្ជាក់ថា សង្វៀនល្បែងភ្នាល់ជល់មាន់ខាងលើនេះ គឺបានបើកភ្នាល់ជារៀងរាល់ចុងសប្តាហ៍ ហើយក៏ទំនងជាអាចមានជាប់ពាក់ព័ន្ធជាមួយសមត្ថកិច្ចផង ទើបគ្មានសមត្ថកិច្ចចុះបង្ក្រាប ឬទប់ស្កាត់នាពេលកន្លងមក។
ប្រភពដដែលលើកឡើងទៀតថា កន្លងមកឃើញមានបុរសម្នាក់ដែលអះអាងថាខ្លួនជាប៉ូលិស បាននៅរង់ចាំកាងការពារសង្វៀនល្បែងភ្នាល់ជល់មាន់ខាងលើនេះ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកកាងល្បែងស៊ីសងរូបនេះ ថែមទាំងបានគំរាមប្តឹងអ្នកកាសែតដែលចុះទៅយកព័ត៌មាននៃសង្វៀនជល់មាន់នៅឃុំព្រៃឃ្មុំ ស្រុកទឹកឈូ នេះថែមទៀតផង។
ក្រុមអ្នកភូមិបន្តថា ល្បែងភ្នាល់ជល់មាន់នេះបានបើកភ្នាល់ ឬលេងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយម្ចាស់សង្វៀននេះក៏បានផ្លាស់ប្ដូរថ្ងៃជាញឹកញាប់។ ប្រភពដដែលបន្តថា ចាប់តាំងពីពេលដែលមានការលេងល្បែងស៊ីសងនេះមក ក្នុងភូមិរបស់គាត់មិនមានសុវត្ថិភាពនោះទេ គឺមានការរំខានដោយសំឡេងឈ្លោះគ្នា និងហ៊ោកញ្ជ្រៀវខ្លាំងៗ។
ពលរដ្ឋមានការព្រួយបារម្ភខ្លាចកើតមានក្រុមចោរឆក់ និងលួចប្លន់ជាដើម ទើបសំណូមពរដល់អ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយដំណឹងនេះឲ្យបានដឹងឮដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនមន្ត្រីស្អាតស្អំចុះបិទទីតាំងល្បែងជល់មាន់នេះឲ្យមានប្រសិទ្ធភាព។
ទោះជាបែបនេះក្តី លោកអធិការស្រុកទឹកឈូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្មីៗនេះថា មិនមានល្បែងភ្នាល់ជល់មាន់នៅមូលដ្ឋានឃុំព្រៃឃ្មុំ នោះទេ គឺកន្លងមកមានតែការជល់មាន់តាមទូរទស្សន៍ប៉ុណ្ណោះ ប៉ុន្តែករណីនេះរូបលោកបានចុះអប់រំរួចហើយ។
យ៉ាងណាក៏ដោយចុះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងម្ចាស់វង់ល្បែងជល់មាន់ឈ្មោះ «ក្រៀម» ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់បាននៅឡើយទេ ខណៈលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏មិនទាន់អាចទាក់ទងដើម្បីបំភ្លឺជុំវិញការបើកសង្វៀនជល់មាន់មានទីតាំងនៅឃុំព្រៃឃ្មុំ ស្រុកទឹកឈូ បានដែរ។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ស្នងការនគរបាលខេត្តកំពត បានចេញសេចក្តីបំភ្លឺព័ត៌មានមួយដោយបដិសេធចំពោះការចុះផ្សាយរបស់គេហទំព័រឈ្មោះ Bayong Times ដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ថា ការចុះផ្សាយនោះគ្មានភស្តុតាង និងប្រភពព័ត៌មានច្បាស់លាស់ទេ ព្រោះទីតាំងចុះផ្សាយនោះគឺជាផ្ទះពលរដ្ឋប្រកបរបរលក់កាហ្វេ ភេសជ្ជៈ និងទំនិញចាប់ហួយ ហើយមានរបងហ៊ុមព័ទ្ធសំណាញ់បៃតង ដោយសារហុយដីប៉ះពាល់ដល់សុខភាព និងអាជីវកម្មលក់ដូររបស់គាត់តែប៉ុណ្ណោះ។
អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពត លោក យន់ ផល្លី ឲ្យដឹងថា ការបើកវង់ល្បែងស៊ីសង បើនិយាយពីផ្លូវច្បាប់ គឺមិនត្រឹមត្រូវទេ។ ហើយម្យ៉ាងទៀត នៅក្នុងកាលៈទេសៈប្រទេសកម្ពុជា ឬមូលដ្ឋានខេត្តកំពត កំពុងឆ្លងរាតត្បាតដោយជំងឺ Covid-19 នោះ គឺវាប្រឈមនឹងការឆ្លងរាលដាលតាមរយៈការជួបជុំលេងល្បែងដែលមានមនុស្សច្រើនកុះករ។
លោកបន្តថា ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចត្រូវបើកការស៊ើបអង្កេតដើម្បីឈានទៅមានវិធានការទប់ស្កាត់ ឬមានចំណាត់ការតាមផ្លូវច្បាប់ចំពោះអ្នកបើកវង់ល្បែងខុសច្បាប់ និងអ្នកចូលលេង ព្រមទាំងអ្នកនៅពីក្រោយបទល្មើសបើកល្បែងជល់មាន់នេះ៕