29 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ណែនាំ​របស់​លោក សម រង្ស៊ី ឲ្យ​ឈប់​ជេរ​ប្រមាថ គឺ​យឺត​ពេល​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ការណែនាំ​របស់​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ទៅកាន់​អ្នកគាំទ្រ​ឱ្យ​បញ្ឈប់​ការ​វាយប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល គឺជា​រឿង​ល្អ ប៉ុន្តែ​ការ​អំពាវនាវ​នៅ​ពេល​នេះ​ហាក់​ហួស​ពេល​ទៅ​ហើយ​សម្រាប់​ការ​ស្ដារ​កម្លាំង​បក្ស​ប្រឆាំង​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​ឡើងវិញ​នោះ។

ការ​អះអាង​របស់​មន្ត្រី​បក្ស​ប្រឆាំង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ណែនាំ​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក ឲ្យ​ឈប់​ជេរប្រមាថ​បន្ត​ទៀត​កាលពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ថា ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម រង្ស៊ី តែង​ប្រើ​វប្បធម៌​ជេរប្រមាថ លាប​ពណ៌ ដែល​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​ក្រុម​ប្រឆាំង​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភស្តុតាង​កន្លងមក ដូចជា​ការ​ចោទ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​ដូច​គ្នា​ថា «ស៊ី​ឈ្នួល​ជាប់​គុក» ជាដើម។

លោក​អះអាង​ថា ក្នុង​នាម​ជា​បក្ស​ប្រឆាំង មិន​ត្រូវ​បង្កើត​ឲ្យ​មាន​វប្បធម៌​មិន​ល្អ​ដូច​បក្ស​កាន់​អំណាច​នោះ​ទេ ព្រោះថា​កិច្ចការ​របស់​បក្ស​ប្រឆាំង គឺ​ត្រូវ​ដឹកនាំ​ពលរដ្ឋ​អនុវត្ត​លើ​ផ្លូវ​ត្រឹមត្រូវ លើ​ភាព​ថ្លៃថ្នូរ ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​នៅ​ពេល​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​ទៅ​ដឹកនាំ​ប្រទេស​ជាតិ មិន​ប្រឆាំង​ដើម្បី​តែ​ការ​ជេរប្រមាថ ឬ​លាប​ពណ៌​នោះ​ទេ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា បើ​បក្ស​ប្រឆាំង​គ្រាន់តែ​ចេះ​ជេរប្រមាថ ឬ​លាប​ពណ៌​អ្នក​ដទៃ នោះ​មិនមែន​ជា​មធ្យោបាយ​ក្នុង​ការ​កសាង​កម្លាំង​ដឹកនាំ​ប្រទេស​ឡើយ ជាង​នេះ​ទៀត​ក៏​នាំ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​ខ្លួនឯង​កាន់តែ​ខ្លាំង​ផង​ដែរ ព្រោះ​កម្លាំង​រួបរួម​របស់​ជាតិ គឺ​ពឹងផ្អែក​លើ​អំពើ​ល្អ មិនមែន​ពឹងផ្អែក​លើ​ការប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ​ឡើយ។

ចំណែក​អ្នក​វិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៤ សីហា ថា ដើម្បី​ឲ្យ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី អាច​យក​ជា​ការ​បាន មេដឹកនាំ​ប្រឆាំង​រូប​នេះ​ត្រូវ​ហ៊ាន​ទទួលស្គាល់​ថា ការ​បែកបាក់​កន្លងមក​គឺ​មកពី​ការ​ប្រជែង​មុខមាត់​គ្នា​រវាង​ពួក​មេដឹកនាំ​កំពូលៗ និង​អ្នក​ហែហម​ដែល​មិន​ចេះ​គោរព​ច្បាប់​ផ្ទៃក្នុង​គណបក្ស​ដែល​ខ្លួន​បាន​បង្កើត​កន្លងមក។

លោក​អះអាង​ថា លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ទទួលស្គាល់​កំហុស​ក្នុង​នាម​ខ្លួន​ជា​ប្រមុខ​ចលនា​នយោបាយ​មួយ ក្នុង​នោះ​ត្រូវ​ហៅ​មេដឹកនាំ​ផ្សេង​ទៀត​ដែល​មាន​វិវាទ​នឹង​គ្នា​កន្លងមក ដើម្បី​សម្រុះសម្រួល​គ្នា​ឲ្យ​កាន់តែ​ឆាប់ បើ​ទោះបីជា​ពួកគេ​បាន​ចេញ​ទៅ​បើក​បក្ស​ថ្មី និង​អ្នក​ដែល​សម្ងំ​មិន​ទាន់​បើក​បក្ស​ថ្មី​ក៏ដោយ។

លោក គឹម សុខ អះអាង​ថា ដំណាក់កាល​នេះ​នៅសល់​ពេល​តិចតួច​ណាស់ ដូច្នេះ​ប្រសិនបើ​មេដឹកនាំ​រូប​នេះ​នៅតែ​ប្រើ​សារ​នយោបាយ​ត្រឹមតែ​អង្អែល​ចិត្ត​អ្នកគាំទ្រ ដូច​ការ​អះអាង​ថា «សម រង្ស៊ី និង​លោក កឹម សុខា ជា​មនុស្ស​តែ​មួយ» ដូច​ពេល​កន្លងមក ហើយ​មិន​ធ្វើ​សកម្មភាព​ឲ្យ​ប្រាកដប្រជា​នោះ អាច​នឹង​អស់​ពេលវេលា​សម្រាប់​លុប​ស្នាម​របួស​ដែល​បែកបាក់​គ្នា​ជាក់​ជាមិនខាន។

កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​អំពាវនាវ​ទៅកាន់​អ្នកគាំទ្រ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក ឱ្យ​បញ្ឈប់​ការវាយប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល ហើយ​ងាក​មក​គិត​ពី​ប្រយោជន៍​ជាតិ ពង្រឹង​ផ្ទៃក្នុង​បក្ស ដើម្បី​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​ឲ្យ​មាន​ឡើងវិញ​នៅ​កម្ពុជា។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា មិនមែន​តែ​សមាជិក​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​បញ្ឈប់​ការ​ជេរប្រមាថ​ដែល​នាំ​ឲ្យ​បែកបាក់​ផ្ទៃក្នុង​បក្ស សូម្បី​លោក សម រង្ស៊ី ខ្លួនឯង​ក៏​ត្រូវ​បញ្ឈប់​ការ​ជេរប្រមាថ​ព្រះមហាក្សត្រ​ដែល​នាំ​ឲ្យ​បែកបាក់​ជាតិ​ផង​ដែរ ព្រោះថា​ទង្វើ​របស់​លោក គឺជា​គំរូ​សម្រាប់​អ្នកគាំទ្រ​ដើម្បី​យក​ទៅ​អនុវត្ត​ទៅ​ថ្ងៃ​មុខ។

កាលពី​អំឡុង​ឆ្នាំ​២០២០ សមាជិក​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថា បណ្ដាញ​សមាជិក​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​បង្កើត​ក្រុម​ជេរប្រមាថ លាប​ពណ៌​ចំពោះ​បុគ្គល​ណា​ដែល​មិន​ស្រប​នឹង​គំនិត​ពួកគេ សូម្បី​ព្រះមហាក្សត្រ​ខ្មែរ​ក៏​ពួកគេ​មិន​លើកលែង​នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស