ពលរដ្ឋរងគ្រោះដោយអំពើប្លន់ និងគំរាមសម្លាប់រស់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ បានបន្តរិះគន់ស្នងការដ្ឋាននគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ថាគ្មានសមត្ថភាពស្វែងរកចាប់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុម ដែលចូលប្លន់ និងដុតផ្ទះពលរដ្ឋកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ យកមកផ្ដន្ទាទោសនោះទេ។
បទល្មើសប្លន់ប្រដាប់អាវុធនេះ ក្រុមពលរដ្ឋសង្ស័យថា ទាំងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងលោកអភិបាលខេត្តព្រះសីហនុ ហាក់មានចេតនាលាក់បាំងក្រុមជនល្មើស ទើបធ្វើព្រងើយកន្តើយចំពោះរឿងនេះ។
ពលរដ្ឋបានសំណូមពរដល់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ ជួយស៊ើបអង្កេត និងស្រាវជ្រាវចាប់ជនដៃដល់ និងអ្នករៀបចំគម្រោងប្លន់ទ្រព្យសម្បត្តិ ដុតផ្ទះ និងគំរាមសម្លាប់ពលរដ្ឋ ដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់។ ប្រជាពលរដ្ឋថា ពួកគាត់ហាក់អស់ជំនឿទៅលើប្រសិទ្ធភាពការងាររបស់លោក ជួន ណារិន្ទ ស្នងការនគរបាល និងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ថានឹងអាចចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសបានទេ។
អ្នកភូមិសង្ស័យថា មានថ្នាក់ដឹកនាំខេត្តនៅក្រោយហេតុការណ៍នេះ ដោយហេតុថាគោលបំណងធំរបស់អ្នករៀបចំគម្រោងប្លន់នេះ គឺដើម្បីបណ្តេញពលរដ្ឋឲ្យចាកចេញពីលំនៅឋាន រួចប្លន់យកដី ដោយចោទពួកគាត់ជាជនអនាធិបតេយ្យចូលមកសង់ផ្ទះរស់នៅលើដីរដ្ឋខុសច្បាប់។
ទោះជាបែបនេះក្តី ពលរដ្ឋបានសំណូមពរដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ហ៊ុន សែន ជួយបញ្ជូនមន្ត្រីស្អាតស្អំដែលមានឆន្ទៈចង់ជួយដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ ឲ្យចុះស៊ើបអង្កេតស្វែងរកចាប់ខ្លួនក្រុមជនល្មើសក្នុងអំពើប្លន់ប្រដាប់អាវុធ និងអ្នករៀបចំគម្រោងប្លន់នេះផង។
កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ពលរដ្ឋរស់នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ បញ្ជាក់ថា មានក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុមមានគ្នាច្រើននាក់ ប្រដាប់ដោយអាវុធវែង និងឧបករណ៍ប្រព្រឹត្តបទល្មើស បានធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិ គំរាមសម្លាប់ ប្រើហិង្សា និងដុតបំផ្លាញផ្ទះអស់ជាច្រើន ប៉ុន្តែទាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ហាក់មានការយឺតយ៉ាវចុះជួយអន្តរាគមន៍ពួកគាត់ឲ្យទាន់ពេល។
ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញករណីដែលពលរដ្ឋបានលើកឡើងនោះបាននៅឡើយទេ នៅរសៀលថ្ងៃទី២៤ ខែសីហា។ ចំណែកឯលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏មិនអាចទាក់ទងដើម្បីបំភ្លឺបាននៅឡើយដែរ៕