ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារទៅប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។
សារលិខិតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជូនទៅលោក Vuong Dinh Hue ប្រធានរដ្ឋសភានីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា តាងនាមរដ្ឋសភានៃប្រទេសកម្ពុជា លោកអបអរសាទរយ៉ាងកក់ក្តៅប្រធានរដ្ឋសភាវៀតណាម និងថ្នាក់ដឹកនាំកំពូល ក៏ដូចជាប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាបងប្អូនក្នុងឱកាសខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥-២០២១)។

លោក ហេង សំរិន បានរំឭកថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម ធ្លាប់បានឆ្លងកាត់របបអាណានិគមនិយម និងសង្គ្រាមបំផ្លិចបំផ្លាញដូចគ្នា។ លោកថា ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះ បានខិតខំពុះពារគ្រប់ឧបសគ្គ និងរាល់ការលំបាកជាច្រើនក្នុងការតស៊ូដណ្តើមបានឯករាជ្យជូនជាតិមាតុភូមិរៀងៗខ្លួន។
លោកលើកឡើងទៀតថា កិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការតាំងចិត្តយ៉ាងមុតមាំ ប្រទេសទាំងពីរបានខិតខំពុះពារយ៉ាងខ្លាំងក្នុងការកសាងប្រទេសជាតិឡើងវិញចាប់តាំងពីបាតដៃទទេរហូតដល់សម្រេចបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាលក្ខខណ្ឌអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពនាថ្ងៃអនាគត។

លោកមានជំនឿថា ចំណងមិត្តភាពយូរអង្វែងជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសទាំងពីរកម្ពុជា-វៀតណាម នឹងបន្តរីកចម្រើន ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរជាបងប្អូន។
ទោះយ៉ាងណា បញ្ញវន្តខ្មែរនៅក្រៅស្រុកធ្លាប់បានរិះគន់ថា ចំណងមិត្តភាពរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម នឹងបន្តរឹតយ៉ាងតឹង គឺតឹងរហូតទាល់តែកម្ពុជាដកដង្ហើមមិនរួច ប្រសិនបើគណបក្សប្រជាជនកម្ពុជានៅតែបន្តដឹកនាំកាន់អំណាចនៅកម្ពុជា។
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ ធ្លាប់បានលើកហេតុផលថា ការរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម គឺជាវិធីសាស្ត្រនៃការទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ធ្វើការសម្បទានសម្បត្តិជាតិកម្ពុជាបន្ថែមទៀតឲ្យទៅជាប្រយោជន៍របស់រដ្ឋាភិបាលវៀតណាម ដើម្បីបង្កើតស្នាដៃសម្រាប់មន្ត្រីថ្មីៗរបស់ពួកគេ។
អ្នកតាមដានសង្គមជាច្រើនលើកឡើងថា ក្រោយរដ្ឋាភិបាលវៀតណាម ជួយជ្រោមជ្រែងលោក ហ៊ុន សែន ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីហើយនោះ ប្រមុខរដ្ឋាភិបាលខ្មែរតែងជួយសម្រេចផលប្រយោជន៍ជូនរដ្ឋាភិបាលវៀតណាមជាហូរហែ ដូចជាការយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងខុសច្បាប់កំណត់ដែនសមុទ្រឆ្នាំ១៩៨២ ដែលតំបន់ទាំងនោះបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់វៀតណាមទាំងស្រុងរហូតដល់សព្វថ្ងៃនេះ ដូចជាកោះត្រល់ និងចង្កោមកោះក្រចកសេះ ជាដើម៕