32 C
Phnom Penh

មន្ត្រី​សុខាភិបាល​ទូទាំង​ខេត្ត​ក្រចេះ​ស្វាគមន៍ ACU ស៊ើប​អង្កេត​ករណី​ពុករលួយ​របស់​ប្រធាន​ការិយាល័យ​រដ្ឋបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​ផ្នែក​សុខាភិបាល​ទូទាំង​ខេត្ត​ក្រចេះ សាទរ​ចំពោះ​ក្រសួង​សុខាភិបាល ជាពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ដែល​បាន​ចាត់​វិធានការ​លើ​រឿង​ពុករលួយ​របស់​ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ លោក ទឺ ប៊ុនឡេង ចាត់ការ​តាម​ច្បាប់​រក​យុត្តិធម៌​ឲ្យ​មន្ត្រី​សុខាភិបាល និង​ក្រុម​គ្រូពេទ្យ​ជាប់​កិច្ចសន្យា។

វិធានការ​ច្បាប់​របស់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៅលើ​ឈ្មោះ ទឺ ប៊ុនឡេង គឺ​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​សុខាភិបាល និង​គ្រូពេទ្យ​ដាក់​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍​ប្ដឹង​ទៅ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោក​អភិបាល​ខេត្ត​ក្រចេះ ជាពិសេស​បាន​ផ្ញើ​សំណូមពរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​បើ​ការ​ស៊ើបអង្កេត​ពី​ការប្រព្រឹត្ត​ជន​ពុករលួយ​រូប​នេះ។

ប្រភព​ពី​មន្ត្រី​សុខាភិបាល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​រឿង​អាស្រូវ​ពុករលួយ​របស់​លោក ទឺ ប៊ុនឡេង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ស៊ើប​អង្កេត​ហើយ ព្រមទាំង​ចាប់​បង្ខំ​ឲ្យ​លោក ទឺ ប៊ុនឡេង ត្រូវ​សង​លុយ​ទៅ​ឲ្យ​មន្ត្រី​ជាប់​កិច្ចសន្យា​ចំនួន ១៣០​នាក់​នោះ​វិញ។

ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ លោក ទឺ ប៊ុនឡេង

ទោះ​យ៉ាងណា ក្នុង​លិខិត​របស់​មន្ត្រី​សុខាភិបាល​នៅ​ទូទាំង​ខេត្ត​ក្រចេះ បាន​សរសេរ​រៀបរាប់​អំពី​ចរិត​មិន​សមរម្យ​របស់​លោក ទឺ ប៊ុនឡេង ដែល​តែង​ធ្វើ​សកម្មភាព​សម្លុត គំរាមកំហែង គាបសង្កត់​ពួកគាត់ ហើយ​បង្កើត​បក្ខពួក​ពុករលួយ។

មិន​ត្រឹម​តែប៉ុណ្ណោះ លោក ទឺ ប៊ុនឡេង ហៅ​មន្ត្រី​ស្ម័គ្រចិត្ត​ដែល​បម្រើ​ការ​ក្នុង​បេសកកម្ម​ប្រឆាំង​ជំងឺ Covid-19 ចំនួន ១២៩​នាក់​យក​ទៅ​គាប ឬ​គោះ​យក​លុយ​ក្នុង​ម្នាក់ៗ​ចាប់ពី ១​ម៉ឺន​ដុល្លារ​ទៅ ១​ម៉ឺន ៣​ពាន់​ដុល្លារ​អាមេរិក ដើម្បី​ជា​ថ្នូរ​បាន​ជាប់​ជា​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋ​ពេញ​សិទ្ធិ។

លោក ទឺ ប៊ុនឡេង ហៅថា «ពេទ្យ ទូច» ត្រូវ​មន្ត្រី​បម្រើ​ការងារ​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ និង​មណ្ឌល​សុខភាព​ទាំងអស់​នៃ​ខេត្ត​ក្រចេះ ចោទ​ថា​ជា​ដៃ​ជើង​រក​លុយ​ឱ្យ​លោក ឈ្នាង សុវុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ លោក ឈ្នាង សុវុត្ថា

លិខិត​អនាមិក​របស់​មន្ត្រី​សុខាភិបាល​ខេត្ត​ក្រចេះ ចុះ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ចោទ​លោក ទឺ ប៊ុនឡេង ថា​យក​តំណែង​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ទៅ​ធ្វើ​ជា​មុខរបរ ដោយ​ផ្លាស់ប្ដូរ​ទីកន្លែង​ធ្វើការ​របស់​បុគ្គលិក​មន្ត្រី​ស្រេច​តែ​អំពើ​ចិត្ត មិន​ឆ្លង​យោបល់ ឬ​ការ​ដឹង​ឮ​ពី​អ្នក​គ្រប់គ្រង​នៅ​ថ្នាក់​ក្រោម​នោះ​ទេ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា រាល់​ការ​ផ្លាស់ប្ដូរ​កន្លែង​ធ្វើការ​របស់​មន្ត្រី​សុខាភិបាល​នីមួយៗ គឺ​បុគ្គល​រូប​នេះ​តម្រូវ​ឲ្យ​បង់​ប្រាក់​ជូន​ជន​ពុករលួយ​រូប​នេះ​ក្នុង​ម្នាក់​ចាប់ពី ៣​ពាន់​ដុល្លារ​ទៅ ៤​ពាន់​ដុល្លារ។

លិខិត​អនាមិក​របស់​មន្ត្រី​សុខាភិបាល​ខេត្ត​ក្រចេះ ដដែល​នេះ​បាន​រៀបរាប់​ពី​ឥរិយាបថ​ខុសឆ្គង​របស់​លោក ទឺ ប៊ុនឡេង ដែល​ធ្វើការ​តាមរយៈ​ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​របស់​មន្ត្រី​សុខាភិបាល ដូចជា​ការប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួក​និយម​យ៉ាង​សន្ធឹកសន្ធាប់ ដោយ​រាប់​ចាប់តាំង​ពី​ការ​ជ្រើសរើស​បុគ្គលិក ឬ​កម្មករ​ផ្នែក​សុខាភិបាល​ជាដើម។ ចំណែក​តម្លៃ​នៃ​អំពើពុករលួយ​ដែល​មន្ត្រី​សុខាភិបាល​បាន​ចោទ​ប្រកាន់​នោះ មាន​ចន្លោះ​ពី ១​ពាន់​ដុល្លារ​ទៅ​រហូត​ដល់​ជាង ១​ម៉ឺន​ដុល្លារ តាម​តួនាទី និង​ប្រភេទ​ការងារ​ដែល​មន្ត្រី​រូប​នោះ​អាច​ទារ​បាន។

ទោះជាយ៉ាងណាក៏ដោយ កន្លងមក លោក ទឺ ប៊ុនឡេង ហៅ «ពេទ្យ ទូច» ធ្លាប់​បាន​បដិសេធ​ថា រូប​លោក​មិន​បាន​យក​លុយ​ពី​មន្ត្រី​ស្ម័គ្រចិត្ត​ជាប់​កិច្ចសន្យា​បម្រើ​ការងារ​ក្នុង​បេសកកម្ម​ប្រឆាំង​ជំងឺ Covid-19 ដូច​ការ​ចោទ​នោះ​ទេ ប៉ុន្តែ​ចំពោះ​ការ​បំពេញ​ប្រវត្តិរូប​បុគ្គលិក​ជាប់​កិច្ចសន្យា​ឲ្យ​ចូល​ក្របខ័ណ្ឌ​រដ្ឋ រូប​លោក​ពិត​ជា​បាន​ធ្វើ​រំលង​ប្រធាន​ស្រុក​ប្រតិបត្តិ​ប្រាកដ​មែន។

ចំណែក​លោក ឈ្នាង សុវុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា ចំពោះ​ករណី​លោក ទឺ ប៊ុនឡេង គឺ​ត្រូវ​បាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការ​ស៊ើប​អង្កេត​រួច​ហើយ ចំពោះ​លទ្ធផល​បែប​ណា​នោះ ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ទឺ ប៊ុនឡេង ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ដើម្បី​បំភ្លឺ​បន្ថែម​ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​៣០ ខែ​សីហា ឆ្នាំ​២០២១។ ខណៈ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ក៏​មិនទាន់​អាច​ទាក់ទង​ដើម្បី​បំភ្លឺ​បាន​នៅឡើយ​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស