បញ្ញវន្តខ្មែរនៅក្រៅស្រុក អះអាងថា ការលើកឡើងរបស់កូនប្រុសលោក ស ខេង គឺលោក ស សុខា ជាគំនិតល្អដែលសុំឲ្យអ្នកនយោបាយជំនាន់មុនធ្វើជាគំរូល្អដល់អ្នកជំនាន់ក្រោយនោះ ហាក់ឆ្លុះបញ្ចាំងឲ្យឃើញនូវសកម្មភាពនយោបាយទុច្ចរិតរបស់មេដឹកនាំធំៗនៅកម្ពុជា ដែលបានធ្វើកន្លងមករហូតដល់សព្វថ្ងៃនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ថា មេដឹកនាំដែលត្រូវតែធ្វើជាគំរូល្អសម្រាប់ក្មេងជំនាន់ក្រោយ គឺមេដឹកនាំបក្សកាន់អំណាចតែម្តង ព្រោះថាលោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំប្រទេស គឺពិតជាមានឥទ្ធិពលខ្លាំងណាស់ក្នុងការរុញសង្គមកម្ពុជាឱ្យឆ្ពោះទៅរកសង្គមថ្លៃថ្នូរ ឬអាចទាញសង្គមមួយនេះឲ្យធ្លាក់ចុះទៅជាសង្គមអន់ថយ។
លោកបន្តថា ផ្អែកតាមលក្ខខណ្ឌរបស់កម្ពុជាដែលទទួលយករបបប្រជាធិបតេយ្យសេរីពហុបក្ស មិនគួរប្រមុខរដ្ឋាភិបាលកម្ពុជាប្រព្រឹត្តនូវទង្វើដែលប្រាសចាកពីខ្លឹមសាររដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលចែងពីសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋនោះទេ។
សកម្មភាពប្រាសចាកដែលពលរដ្ឋមើលឃើញជាក់ស្ដែងក្រៅពីល្បិចនយោបាយខ្មៅកខ្វក់ ដូចជាការបង្ក្រាបទៅលើសកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស ជាដើម ដែលបង្ហាញពីគំរូដ៏អាក្រក់មួយរបស់មេដឹកនាំខ្មែរទៅកាន់ពិភពលោក។
លោក ម៉ែន ណាត បញ្ជាក់ថា ក្រៅពីការបង្ក្រាបប្រជាពលរដ្ឋខ្លួនឯង លោក ហ៊ុន សែន បានបង្ក្រាបទៅលើមន្ត្រីជាន់ខ្ពស់នៅក្នុងបក្សរបស់ខ្លួន ដោយការរំលោភសិទ្ធិសម្រេចផ្សេងៗដើម្បីការពារអំណាចផ្ទាល់ខ្លួន ដែលនេះក៏ជាគំរូអាក្រក់មួយថែមទៀតក្នុងការដឹកនាំក្នុងបក្សនយោបាយរបស់ខ្លួន ដែលបង្ហាញពីការក្រាញអំណាច និងការល្មោភអំណាចរបស់មេដឹកនាំខ្មែររូបនេះ។
ការអះអាងរបស់លោក ម៉ែន ណាត ធ្វើឡើងបន្ទាប់ពីរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា បានសរសេរលើគណនី Facebook របស់លោក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ថា ក្នុងនាមជាអ្នកនយោបាយជំនាន់មុន គួរគប្បីធ្វើជាគំរូល្អសម្រាប់អ្នកនយោបាយជំនាន់ក្រោយរៀនសូត្រតាម ជាពិសេសត្រូវបណ្ដុះមនសិការស្រឡាញ់ជាតិ ជួយជ្រោមជ្រែងជាតិដោយពិតប្រាកដ ចៀសវាងការធ្វើនយោបាយប្រជាភិថុតិចំពោះពលរដ្ឋខ្លួនឯង។
មន្ត្រីរដ្ឋាភិបាលរូបនេះលើកឡើងដែរថា ក្នុងនាមលោកជាយុវជនជំនាន់ក្រោយមួយរូប លោកស្នើសុំឲ្យអ្នកនយោបាយប្រឆាំងដែលកំពុងបោកប្រាស់ពលរដ្ឋខ្លួនឯង បញ្ឈប់ទង្វើទុច្ចរិតរបស់ខ្លួនតទៅទៀត ព្រោះថាល្បែងនយោបាយប្រជាភិថុតិទាំងនោះមិនមានអ្នកជឿជាក់ទៀតនោះឡើយ។
ការលើកឡើងជាសំណេររបស់កូនប្រុសរបស់លោក ស ខេង គឺលោក ស សុខា នេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមបំផុសបំផុលព្រឹត្តិការណ៍នយោបាយ ដែលត្រូវគេមើលឃើញថាជាល្បិចនយោបាយរបស់មេដឹកនាំក្រុមប្រឆាំង លោក សម រង្ស៊ី អំពីការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលផ្សារភ្ជាប់ទៅនឹងដំណើរទស្សនកិច្ចរបស់លោក ស ខេង ទៅប្រទេសបារាំង កាលពីពេលថ្មីៗនេះ។

ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍រិះគន់ថា មេដឹកនាំនយោបាយកំពូលៗទាំងលោក សម រង្ស៊ី និងលោក ហ៊ុន សែន ហាក់មិនបានបន្សល់គំរូល្អដល់អ្នកនយោបាយជំនាន់ក្រោយនោះទេ ព្រោះថាអំណាចរបស់លោក ហ៊ុន សែន ដែលកាន់កាប់សព្វថ្ងៃនេះ គឺបានមកតែពីការប្លន់អ្នកដទៃតែប៉ុណ្ណោះ។
ក្រៅពីនេះ លោក ហ៊ុន សែន ក៏ត្រូវគេមើលឃើញថាជាមេឧក្រិដ្ឋជននៅកម្ពុជាផងដែរ ក្រោយការបាញ់សម្លាប់សកម្មជនសង្គមល្បីៗ ដូចជាលោក ឈុត វុទ្ធី និងបណ្ឌិត កែម ឡី ជាដើម ដែលគេអះអាងថាសុទ្ធសឹងតែជាឃាតកម្មដែលមានជាប់ពាក់ព័ន្ធនឹងមេដឹកនាំខ្មែររូបនេះផងដែរ។
ដោយឡែកលោក សម រង្ស៊ី ដែលជាអតីតមេដឹកនាំបក្សប្រឆាំង ក៏ត្រូវបានសមាជិកបក្សរបស់ខ្លួនដែលឈប់គាំទ្រខ្លះ លាតត្រដាងថាគឺជាក្រុមដែលពូកែលាបពណ៌ និងក្រុមដែលពូកែជេរប្រមាថចំពោះក្រុមណា ឬបុគ្គលណាដែលរិះគន់ចំណុចខ្សោយរបស់ពួកគេ ដោយរៀបចំបណ្ដាញដើម្បីលាបពណ៌អ្នកទាំងនោះថាជាមនុស្សអាក្រក់ ជាដើម។
ជាងនេះទៅទៀត ភាគីលោក សម រង្ស៊ី បានសាងកំហុសនយោបាយថ្នាក់ជាតិជាច្រើន ដូចជាការដកពាក្យបណ្តឹងពីតុលាការក្រុងញូវយ៉ក ដែលបានប្តឹងលោក ហ៊ុន សែន ករណីបោកគ្រាប់បែកដៃខាងមុខរដ្ឋសភាជាតិកាលពីឆ្នាំ១៩៩៧ ការចូលរួមកែរដ្ឋធម្មនុញ្ញពី ២/៣ មក ៥០%+1 អំពីការបង្កើតរដ្ឋាភិបាល និងការដកអភ័យឯកសិទ្ធិសមាជិកសភា និងកំហុសផ្សេងៗជាច្រើនទៀត៕