មន្ត្រីរាជការជាច្រើននៃក្រសួងពាណិជ្ជកម្ម បានអះអាងថា អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ដែលហៅកាត់ថា ក.ប.ប. លោក ផាន អូន បានកិបកេងលុយពីគម្រោងទិញដីសាងសង់អគារមន្ទីរពិសោធន៍សាខា ក.ប.ប. ប្រចាំខេត្តរតនគិរី ចំនួនជាង ៧ម៉ឺនដុល្លារអាមេរិកកាលពីពេលថ្មីៗនេះ។
មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មទាំងនោះបានបន្តសរសេរលិខិតមកសារព័ត៌មាន The Cambodia daily នៅថ្ងៃទី៧ ខែកញ្ញា ដើម្បីឱ្យជួយផ្សព្វផ្សាយពីករណីប្រព្រឹត្តអំពើពុករលួយរបស់លោក ផាន អូន ដែលបានកិបកេងថវិកាជាតិពីគម្រោងទិញដីសាងសង់អគារមន្ទីរពិសោធន៍នៃសាខា ក.ប.ប. ប្រចាំខេត្តរតនគិរី កាលពីពេលថ្មីៗនេះ។
ការអះអាងរបស់មន្ត្រីក្រសួងពាណិជ្ជកម្មទាំងនោះ គឺដោយសារតែលោក ផាន អូន ចេះតែបន្តប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋបានដោយរលូនអស់រាប់ឆ្នាំ ដោយគ្មានចំណាត់ការណាមួយពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅឡើយទេ រហូតមកទល់នឹងពេលនេះ។
ប្រភពដដែលរៀបរាប់ថា ក្នុងអំឡុងឆ្នាំ២០២០ លោក ផាន អូន ទទួលបានថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ១០ម៉ឺនដុល្លារអាមេរិកតាមសំណើរបស់លោក ដើម្បីទិញដីមួយកន្លែងសម្រាប់សាងសង់អគារមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខា ក.ប.ប. ខេត្តរតនគិរី ប៉ុន្តែលោក ផាន អូន បានកិបកេងលុយនេះដោយចំណាយអស់ត្រឹមតែ ២ម៉ឺន ៥ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ។
មន្ត្រីទាំងនោះបន្តថា លោក ផាន អូន និងបក្ខពួក បានចរចាទិញដីសម្រាប់សាងសង់អាគារពិសោធន៍នេះពីលោក ហេង សាយ ប្រធានសាខា ក.ប.ប. ប្រចាំខេត្តរតនគិរី ដែលលក់ក្នុងតម្លៃទីផ្សារ ៥ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែមន្ត្រីរូបនេះបានឃុបឃិតជាមួយលោក ហេង សាយ និងមន្ទីរសុរិយោដីខេត្តរតនគិរី បំបែកដីនោះជាពីរប្លង់។
ពួកគាត់បានបញ្ជាក់ទៀតថា ដីមួយប្លង់ឱ្យទៅជាកម្មសិទ្ធិកូនស្រីរបស់លោក ផាន អូន ដែលមានតម្លៃប្រហែល ២ម៉ឺន ៥ពាន់ដុល្លារអាមេរិក និងមួយប្លង់ទៀតដាក់ជាកម្មសិទ្ធិរបស់សាខា ក.ប.ប. សម្រាប់ការសាងសង់មន្ទីរពិសោធន៍ប្រចាំខេត្តរតនគិរី។

មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មដដែលនោះបារម្ភថា លោក ផាន អូន និងបក្ខពួក នឹងប្រើវិធីដដែលនេះទៀតដើម្បីកិបកេងលុយជាតិលើគម្រោងនានាជាបន្តទៀត ព្រោះថាក្នុងឆ្នាំ២០២១ នេះ លោក ផាន អូន បានលើកសំណើសុំថវិការដ្ឋពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទិញដី និងសាងសង់អគារជាច្រើនកន្លែងទៀតតាមបណ្តាសាខារាជធានី-ខេត្ត ដែលមិនទាន់មានអគារមន្ទីរពិសោធន៍។
មន្ត្រីរាជការទាំងនោះបញ្ជាក់ថា តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ដែលហៅកាត់ថា ក.ប.ប. របស់លោក ផាន អូន នៅតែអាចរក្សាបាន បើទោះបីជាមន្ត្រីរូបនេះប្រព្រឹត្តអំពើពុករលួយយ៉ាងណាក្តី គឺដោយសារមន្ត្រីពុករលួយរូបនេះតែងសូកប៉ាន់លុយកាក់ទៅឱ្យលោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ជាប្រចាំរហូតមក។
លោក ផាន អូន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។ ក្រោយទទួលកាន់តំណែងនេះ លោក ផាន អូន បានរៀបចំខ្សែបណ្ដាញបក្ខពួកដែលជាសាច់ញាតិរបស់ខ្លួនក្នុងមុខនាទីសំខាន់ៗ ដែលអាចប្រព្រឹត្តអំពើពុករលួយដើម្បីមានបានក្នុងគ្រួសាររបស់ពួកគេរៀងៗខ្លួន។
ទាក់ទិននឹងការប្រព្រឹត្តអំពើពុករលួយនេះ ទិន្នន័យសង្គមស៊ីវិលបានលាតត្រដាងកាលដើមខែធ្នូ ឆ្នាំ២០២០ កន្លងទៅថា ប្រទេសកម្ពុជាស្ថិតក្នុងហានិភ័យកាន់តែខ្ពស់ពាក់ព័ន្ធនឹងអំពើពុករលួយរហូតដល់ការបំពាននីតិរដ្ឋថែមទៀត ក្នុងនោះមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់កម្ពុជាបាននាំគ្នាប្រព្រឹត្តអំពើពុករលួយតាមរូបភាពផ្សេងៗយ៉ាងអនាធិបតេយ្យស្ទើរតែពេញស្ថាប័នរបស់រដ្ឋទៅហើយ៕