មន្ត្រីរាជការ និងពលរដ្ឋ ស្នើដល់ថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បើកការស៊ើបអង្កេតចំពោះសកម្មភាពការងាររបស់លោក កែវ ផាន ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិន ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ទាក់ទិននឹងបទល្មើសនាំចូលសារធាតុមេតាណុល ឬអាល់កុលក្លែងក្លាយចំនួន ២១តោន ដែលអាជ្ញាធរជំនាញចាប់បានកាលពីពេលថ្មីៗនេះ។
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. សាខាខេត្តតាកែវ និងសមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី០៥ ខែកញ្ញា កន្លងមកនេះ បានចុះស្ទាក់ចាប់សារធាតុមេតាណុល (អាល់កុលក្លែងក្លាយ) ចំនួន ៧១៤ប៊ីដុងសរុបប្រមាណ ២១តោន នៅចំណុចលើផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
មន្ត្រី ក.ប.ប. បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា សារធាតុមេតាណុលទាំងនេះ គឺមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ ហើយអាល់កុលក្លែងក្លាយទាំងនេះបាននាំចូលពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចពាក់ព័ន្ធ។
មន្ត្រីរាជការ និងពលរដ្ឋ សំណូមពរដល់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បញ្ជូនមន្ត្រីចុះស៊ើបអង្កេតសកម្មភាពអនុវត្តការងាររបស់លោក កែវ ផាន ប្រធានគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នេះផង ដើម្បីស្វែងរកអ្នកជាប់ពាក់ព័ន្ធការឃុបឃិត ឬធ្វើជាខ្នងបង្អែកឱ្យក្រុមឈ្មួញល្មើសនាំចូលអាល់កុលក្លែងក្លាយជាង ២០តោននេះ។

ប្រភពលើកឡើងទៀតថា ក្នុងករណីរកឃើញកំហុសឆ្គង គឺស្នើឲ្យតុលាការផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ ព្រោះបទល្មើសនេះនាំឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតអ្នកប្រើប្រាស់ដែលកំពុងតែរងគ្រោះក្នុងវិបត្តិរាលដាលមេរោគ Covid-19 ផងនោះ។
ប្រភពពីមន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន បានឲ្យសារព័ត៌មាន The Cambodia Daily ដឹងនៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ដោយចោទលោក កែវ ផាន ប្រធានគយច្រកទ្វារភ្នំដិន ថាពិតជាអ្នកអនុញ្ញាតឲ្យឈ្មួញនាំចូលសារធាតុមេតាណុល ឬអាល់កុលក្លែងក្លាយជាង ២០តោនខាងលើនេះពិតមែន ជាថ្នូរទទួលទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីឈ្មួញល្មើស។ ប្រភពដែលគួរឲ្យទុកចិត្តរូបនោះបញ្ជាក់ថា កន្លងមក លោក កែវ ផាន តែងបានអនុញ្ញាតឲ្យឈ្មួញនាំទំនិញអត់បង់ពន្ធ ឬបង់ពន្ធមិនគ្រប់ជាច្រើនប្រភេទចូលតាមច្រកទ្វារនេះ ដោយគ្មានការត្រួតពិនិត្យជាថ្នូរនឹងប្រាក់សំណូក។
ប្រភពដដែលបន្តថា ឆ្លៀតក្នុងដំណាក់កាលនៃការរាតត្បាតជំងឺ Covid-19 ដែលក្រសួងស្ថាប័ននានា និងពលរដ្ឋត្រូវការអាល់កុលប្រើប្រាស់សម្លាប់មេរោគជាចាំបាច់ បែរជាលោក កែវ ផាន បានឃុបឃិត និងបើកដៃឱ្យក្រុមឈ្មួញនាំចូលផលិតផលក្លែងក្លាយជាច្រើនប្រភេទទាំងបំពានច្បាប់ពីក្រសួងសុខាភិបាលជាបន្តបន្ទាប់។
ប្រភពពីឈ្មួញរកស៊ីនៅច្រកភ្នំដិន ក៏បានចោទលោក កែវ ផាន ប្រធានគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នេះដែរថា បានបើកដៃឱ្យអាជីវករឈ្មោះ វ៉ាន់ នាំចូលសារធាតុមេតាណុលទាំងនោះពីប្រទេសវៀតណាម មកកម្ពុជា។ ឈ្មួញដដែលថា កន្លងមកការនាំចូលទំនិញគ្រប់ប្រភេទតាមច្រកទ្វារភ្នំដិននេះ គឺស្ថិតនៅលើការបង់លុយគយតិច ឬច្រើនតែប៉ុណ្ណោះ បើមានលុយឲ្យគយច្រើន គឺទំនិញគ្រប់ប្រភេទអាចនាំចេញចូលតាមច្រកទ្វារភ្នំដិននេះទាំងយប់ទាំងថ្ងៃតែម្តង។
ប្រភពដដែលបញ្ជាក់ថា ទំនិញប្រភេទមេតាណុលនេះត្រូវឈ្មួញដឹកពីវៀតណាម ចូលក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃតាមរយៈឈ្មោះ វ៉ាន់ ឈ្មោះ យាយផៃ និងឈ្មោះ ចាន់ តារា ដែលត្រូវជាបងថ្លៃរបស់លោក វ៉ាន់។ ប្រភពបញ្ជាក់ថា សម្រាប់ឈ្មួញដឹក «មេតាណុល» តាមរថយន្តធុនធំ គឺក្នុងមួយឡានត្រូវបង់ប្រាក់ឲ្យលោកគយ កែវ ផាន ចំនួន ១លាន ២សែនរៀល ដោយពុំមានលិខិតស្នាមអ្វីឡើយ។ ចំពោះដឹកតាមរយៈរ៉ឺម៉កម៉ូតូវិញ ត្រូវបង់លុយ ៨០ម៉ឺនរៀលដែរ។
ទោះជាបែបនេះក្តី The Cambodia Daily នៅមិនទាន់មានប្រភពទាក់ទងលោក កែវ ផាន មេគយច្រកទ្វារអន្តរជាតិភ្នំដិន ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់បានទេនៅល្ងាចថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។ ចំណែកលោក យុគ សារ៉ាត់ អធិការស្រុកគិរីវង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អាល់កុលក្លែងក្លាយដែលសមត្ថកិច្ច និងមន្ត្រីជំនាញ ក.ប.ប. ចាប់បាននោះ គឺត្រូវមន្ត្រីជំនាញនាំយកទៅរក្សាទុកនៅទីស្នាក់ការវរការពារព្រំដែនស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីស្រាវជ្រាវរកម្ចាស់ទំនិញ និងអ្នកពាក់ព័ន្ធឈានទៅបន្តនីតិវិធីតាមផ្លូវច្បាប់៕