ដើមឈើទាលធំៗមានអាយុកាលរាប់រយឆ្នាំដុះក្នុងតំបន់ឧទ្យានអង្គរទល់មុខប្រាសាទអង្គរវត្ត ដែលទាក់ទាញភ្ញៀវទេសចរនោះ កំពុងប្រឈមងាប់ជាបណ្តើរៗ និងមានដើមឈើខ្លះទៀតត្រូវគេកាប់ដោយស្របច្បាប់។
ពលរដ្ឋរស់នៅក្រុងសៀមរាប និងភ្ញៀវទេសចរ ចាត់ទុកថាករណីនោះគឺជាចេតនារបស់អាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាប កំពុងសម្លាប់ដើមឈើទាលធំៗឱ្យអស់ពីបរិវេណមុខអង្គរវត្តទៅវិញ។
ក្រុមប្រជាពលរដ្ឋ និងក្រុមយុវជន បានប្រទះឃើញដើមឈើទាល ២ដើមងាប់ និងដើមឈើទាលខ្លះទៀតដែលមុខកាត់ជាង ១ម៉ែត្រ ប្រវែងជិត ២០ម៉ែត្រ ត្រូវគេកាប់រួចរាល់អស់ខ្លះទៅហើយ។ ពលរដ្ឋបានលើកឡើងថា អាជ្ញាធរបានជីករណ្តៅព័ទ្ធជុំវិញគល់ឈើទាល ដើម្បីឱ្យទឹកជ្រាបចូលក្នុងរណ្តៅ រួចយកស្មៅកប់ជុំវិញគល់ ក្នុងបំណងសម្លាប់ដើមឈើទាលនេះទំនងជាយកឈើលក់ធ្វើអាជីវកម្ម។
ពលរដ្ឋបានចោទថា ការសម្លាប់ដើមឈើធំៗនោះ គឺជាចេតនា ឬជាល្បិចដើម្បីបានកាប់ដើមឈើស្របច្បាប់របស់អាជ្ញាធរ ដែលអាចមានការឃុបឃិតគ្នាជាប្រព័ន្ធ បើទោះបីជាដើមឈើទាំងនោះដុះទល់មុខប្រាសាទអង្គរវត្តសម្រាប់លម្អតំបន់អង្គរក៏ដោយនោះ។
ពលរដ្ឋរស់នៅក្រុងសៀមរាបម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះ ប្រាប់អ្នកសារព័ត៌មាន The Cambodia Daily ថា ដើមឈើទាលជាង ១០ដើមត្រូវអាជ្ញាធរជីករណ្តៅព័ទ្ធជុំវិញ ក្នុងនោះមានដើមឈើទាល ២ដើមហើយបានងាប់ និងមួយដើមទៀតត្រូវគេកាប់យកដើមដោយគ្មានមូលហេតុ។ លោកថា ចេតនារបស់អាជ្ញាធរចង់បំផ្លិចបំផ្លាញដើមឈើទាលទាំងនេះ ដើម្បីយកឈើលក់ ដោយមិនខ្វល់ពីសោភណភាពបរិស្ថានក្នុងតំបន់អង្គរ។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុយ កុសល ប្រាប់ក្រុមអ្នកស្រឡាញ់បរិស្ថានថា លោកមិនឆ្លើយសំណួរនេះទេ ព្រោះដើមឈើទាលនៅមុខអង្គរវត្តច្រើនណាស់។ លោកទាមទារឱ្យពលរដ្ឋ និងក្រុមយុវជនបង្ហាញដើមឈើទាលមួយណាឱ្យច្បាស់លាស់សិន មុននឹងលោកឆ្លើយសំណួរនេះ។ លោកចាត់ទុកការលើកឡើងរបស់ប្រជាពលរដ្ឋ និងក្រុមយុវជន ខ្វះការសំអាងជាផ្លូវការ និងខ្វះឯកសារត្រឹមត្រូវ។
បច្ចុប្បន្ន ដើមឈើទាលធំៗរាប់រយដើមដុះក្នុងតំបន់ឧទ្យានអង្គរទល់មុខប្រាសាទអង្គរវត្ត ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងជារនាំងការពារប្រាសាទកំពុងប្រឈមបាត់បង់ជាបណ្តើរ។
ពលរដ្ឋបានសម្ដែងការសោកស្តាយចំពោះដើមឈើធំៗទាំងនេះ ដែលគួរតែអភិរក្សឱ្យបានល្អដើម្បីសោភណភាពបរិស្ថានអង្គរ និងទាក់ទាញភ្ញៀវទេសចរមកទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនេះ។
កាលពីឆ្នាំ២០១៧ មានករណីស្រដៀងគ្នាដែរ គឺដើមគ្រញូងចំនួន ២ដើមមានមុខកាត់ជាង ១ម៉ែត្រដែលដុះនៅទល់មុខប្រាសាទអង្គរវត្ត ក៏ត្រូវអាជ្ញាធរប្រើល្បិចសម្លាប់វាដោយស្ងាត់ៗដើម្បីយកឈើលក់ដែរ៕