33 C
Phnom Penh

ភាគ​១៖ តើ​ការ​ដក​ទ័ព​របស់​អាមេរិក​ពី​កាប៊ុល​មក​ពង្រឹង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក អាច​នាំ​ឱ្យ​មាន​ការ​ជឿជាក់​ពី​សម្ពន្ធមិត្ត​កម្រិត​ណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នេះ​ជា​កិច្ចសម្ភាសន៍​ភាគ​១ ​ក្នុង​កម្មវិធី IDEA TALK របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅ​ថ្ងៃ​ពុធ ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ស្ដីអំពី «តើ​សម្ពន្ធមិត្ត​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹង​មាន​ជំនឿ​ចិត្ត​ប៉ុនណា​ក្នុង​ការ​ដក​ទ័ព​ចេញពី​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​ផ្ដោត​លើ​យុទ្ធសាស្ត្រ​គោលនយោបាយ​ការបរទេស​អាមេរិក?»។

វាគ្មិន​ចូលរួម​ក្នុង​កម្មវិធី​នេះ​មាន​លោកស្រី អូលីវៀ អ៊ីណូស (Olivia Enos) អ្នកវិភាគ​គោលនយោបាយ​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី វិទ្យាស្ថាន Davis ដើម្បី​សន្តិសុខ​ជាតិ និង​គោលនយោបាយ​ការបរទេស​មូលនិធិ The Heritage ក្រុង​វ៉ាស៊ីនតោន ឌីស៊ី និង​លោកស្រី ស៊ូ ឡាក់ (Sue Lak) ប្រធាន​ក្រុមប្រឹក្សា​សហគមន៍​ខ្មែរ-អាមេរិក មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។

លោក ហាស់ សាន៖ សូម​ជម្រាប​ជូន​អ្នក​ស្តាប់ និង​ទស្សនិកជន​របស់​យើង​ថា ថ្ងៃ​នេះ​យើង​មាន​ភ្ញៀវ​ពិសេស​ចំនួន​ពីរ​រូប គឺ​លោកស្រី អូលីវៀ អ៊ីណូស អ្នកវិភាគ​គោលនយោបាយ​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី វិទ្យាស្ថាន Davis ដើម្បី​សន្តិសុខ​ជាតិ និង​គោលនយោបាយ​ការបរទេស មូលនិធិ The Heritage ក្រុង​វ៉ាស៊ីនតោន ឌីស៊ី និង​លោកស្រី ស៊ូ ឡាក់ ប្រធាន​ក្រុមប្រឹក្សា​សហគមន៍​ខ្មែរ-អាមេរិក មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។

ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​លោកស្រី​ទាំង​ពីរ​មក​កាន់​កម្មវិធី​របស់​យើង! អរុណ​សួស្តី!

លោកស្រី អូលីវៀ អ៊ីណូស៖ អរុណ​សួស្តី! សូម​អរគុណ​ដែល​បាន​អញ្ជើញ​យើង​ខ្ញុំ​ចូលរួម។

លោក ហាស់ សាន៖ អរុណ​សួស្តី​លោកស្រី អូលីវៀ លោកស្រី ស៊ូ សូម​ស្វាគមន៍​លោកស្រី​ទាំង​ពីរ។ រីករាយ​ដែល​បាន​ជួប​លោកស្រី​ទាំង​ពីរ​ម្តង​ទៀត​នៅ​ក្នុង​កម្មវិធី​របស់​យើង!

ស្ថានការណ៍​នៅ​អាហ្វហ្គានីស្ថាន ជាពិសេស​នៅ​ក្នុង និង​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​កាប៊ុល ហាក់ដូចជា​មិន​ធូរស្រាល​ទេ ព្រោះ​ថ្ងៃ​ផុត​កំណត់​ថ្ងៃ​ទី​៣១ ខែ​សីហា សម្រាប់​ការ​ដក​ទ័ព​អាមេរិក​ទាំងអស់​ខិត​ជិត​មក​ដល់។ ជនជាតិ​អាមេរិកាំង និង​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​មិនទាន់​ត្រូវ​បាន​ជម្លៀស​ចេញ​មុន​កាលកំណត់។

យោង​តាម​អង្គការ​យូនីសេហ្វ (UNICEF) បាន​ឱ្យ​ដឹង​ថា ជនភៀសសឹក​អាហ្វហ្គានីស្ថាន​រាប់​លាន​នាក់​កំពុង​ត្រូវការ​អាហារ ទឹក និង​ការ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​យ៉ាង​ខ្លាំង។ ក្រុម​តាលីបង់​បាន​ព្រមាន​ថា ប្រសិនបើ​កងកម្លាំង​អាមេរិក​នៅ​ហួស​កាលកំណត់​ដូច​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព ពួកគេ​នឹង​ចាត់ទុក​ថា​វា​ជា​ការរំលោភ​កិច្ចព្រមព្រៀង និង​ការ​បន្ត​កាន់កាប់​ដោយ​កងកម្លាំង​អាមេរិក។ ប្រធានាធិបតី បៃដិន បាន​ទទូច​ថា គាត់​មិន​សោកស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ដក​កងទ័ព​អាមេរិក​ដោយ​និយាយ​ថា គ្មាន​នរណា​ម្នាក់​ចង់​ស្នាក់នៅ​ទីនោះ​ទៀត​ទេ​បន្ទាប់ពី ២០​ឆ្នាំ និង​ចំណាយ​លុយ​រាប់​ពាន់​លាន​ដុល្លារ​ជា​លុយ​របស់​អ្នក​បង់​ពន្ធ។ យើង​បាន​សម្រេច​គោលបំណង។ យើង​នឹង​ចាកចេញ មិន​ថា​មាន​អ្វី​កើតឡើង​ចំពោះ​សម្ពន្ធមិត្ត​យើង​នៅ​ថ្ងៃ ឬ​មួយ​សប្តាហ៍​ខាងមុខ​នេះ​ទេ ពីព្រោះ​របប​ដែល​យើង​បាន​ជួយ​ដាក់​ឲ្យ​ដំណើរការ​ប្រព្រឹត្ត​ពុករលួយ និង​គ្មាន​សមត្ថភាព។

សំណួរ​ទី​មួយ ខ្ញុំ​សូម​សួរ​លោកស្រី អូលីវៀ តើ​អាមេរិក​អាច​បង្កើត​ទំនុក​ចិត្ត​មិន​ផ្លាស់ប្ដូរ​ចំពោះ​សម្ពន្ធមិត្ត​របស់​យើង​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​យ៉ាង​ដូចម្តេច នៅ​ពេល​យើង​ដក​កងទ័ព​ចេញពី​កាប៊ុល អាហ្វហ្គានីស្ថាន ដើម្បី​ផ្ដោត​លើ​យុទ្ធសាស្ត្រ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក?

លោកស្រី អូលីវៀ អ៊ីណូស៖ រដ្ឋបាល បៃដិន ឆ្លើយតប​ទៅ​នឹង​អាហ្វហ្គានីស្ថាន ការ​ដក​ចេញ​នេះ​ត្រូវ​បាន​ធ្វើឡើង​យឺតយ៉ាវ។ វា​ជា​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​យក​មនុស្ស​ចេញ។ យើង​ព្យាយាម​យក​មនុស្ស​ចេញ​ជា​មុន ហើយ​មិន​បាន​ប្រកាស​ថា​យើង​កំពុង​ដក​ចេញ​ទេ គ្រាន់តែ​យក​មនុស្ស​ចេញ​សិន ទើប​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​ទាំងនោះ។ វា​ហាក់ដូចជា​អ្វីៗ​ទាំងអស់​ត្រូវ​បាន​ដើរ​ថយក្រោយ។ ពិត​ណាស់ មនុស្ស​នៅ​ទូទាំង​ពិភពលោក​កំពុង​សម្លឹង​មើល​ការ​ឆ្លើយតប​របស់​រដ្ឋបាល បៃដិន ហើយ​និយាយ​ថា​លោក​ត្រូវតែ​ទទួល​ខុសត្រូវ ត្រូវ​មាន​ក្រាហ្វិក​រួម​គ្នា និង​ពិតជា​មាន​ការ​រន្ធត់ចិត្ត​ខ្លាំង​ចំពោះ​ការ​ឆ្លើយតប​នោះ ជាពិសេស​មាន​ការ​ព្រួយបារម្ភ​ចំពោះ​សម្ដី​ប្រធានាធិបតី​ដែល​ស្ដីបន្ទោស​មនុស្ស​គ្រប់​គ្នា បន្ទោស​ប្រជាជន​អាហ្វហ្គានីស្ថាន​ចំពោះ​អ្វី​ដែល​បាន​កើតឡើង។

រដ្ឋបាល បៃដិន ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការពិត​ដែល​ខ្លួន​គ្មាន​ផែនការ មាន​តែ​ការ​អះអាង​ថា​ខ្លួន​មាន​ផែនការ​សម្រាប់​គ្រប់​កាលៈទេសៈ តាមពិត​គ្មាន​ទេ។ វា​ពិតជា​ល្អ​ដែល​អនុ​ប្រធានាធិបតី កាម៉ាឡា ហារីស នៅ​អាស៊ី​ឥឡូវ​នេះ។ លោកស្រី​នៅ​អាស៊ី​អាគ្នេយ៍ ជា​ដំណើរការ​ឈាន​ទៅមុខ​តាម​ការ​គ្រោងទុក។ វា​ជា​ការ​ផ្ញើ​សារ​យ៉ាង​ច្បាស់​ទាក់ទង​នឹង​អាទិភាព​របស់​អាមេរិក ចំពោះ​អាស៊ី​នៅតែ​បន្ត​ឈរ​នៅ​កំពូល​គេ។ ខ្ញុំ​មិន​គិត​ថា​សម្ពន្ធមិត្ត​របស់​យើង រួម​មាន​ជប៉ុន ហ្វីលីពីន។ល។ គួរ​ព្រួយបារម្ភ​អំពី​ការ​ឆ្លើយតប​ទៅ​នឹង​អាហ្វហ្គានីស្ថាន។ ការ​ដក​ចេញ​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​ពី​សមត្ថភាព​នៃ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល បៃដិន ឆ្លើយតប​ចំពោះ​អាហ្វហ្គានីស្ថាន។

លោក ហាស់ សាន៖ សូម​អរគុណ! លោកស្រី ស៊ូ តើ​សម្ពន្ធមិត្ត​របស់​យើង​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​អាច​ទុក​ចិត្ត​អាមេរិក​ដែរ​ឬ​ទេ?

លោកស្រី ស៊ូ ឡាក់៖ បើ​និយាយ​ពី​សម្ពន្ធមិត្ត​របស់​យើង ខ្ញុំ​ជឿជាក់​ថា ពួកគេ​នឹង​នៅតែ​បន្ត​ជឿជាក់​លើ​អាមេរិក ប៉ុន្តែ​បើ​ក្រឡេក​មើល​ទៅ​ក្រោយ​វិញ ខ្ញុំ​គ្រាន់តែ​ចង់​ដកស្រង់​សម្ដី​របស់ Nikki Haley នៅ​ពេល​គាត់​និយាយ​ថា ផ្អែកលើ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី បៃដិន ដូចជា​ការ​សម្រេច​ចិត្ត​ប្រអប់​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន ទុក​ឱ្យ​ជនជាតិ​អាមេរិក​ជាប់​គាំង សម្ពន្ធមិត្ត​របស់​យើង​ភាគច្រើន​នឹង​បន្ត​សម្លឹង​មើល​យើង ថា​តើ​យើង​មាន​មេដឹកនាំ​ដែល​គ្មាន​សមត្ថភាព ធ្វើ​ឲ្យ​អាមេរិក​ខ្សោយ នៅ​ពេល​អាមេរិក​ខ្សោយ ប្រទេស​ភាគច្រើន​ដែល​ស្អប់​អាមេរិក នឹង​ចង់​ទាញ​យក​ផលប្រយោជន៍​ពី​វា។

តាម​សម្ដី Nikki Haley នេះ មានន័យ​ថា នៅ​ពេល​អាមេរិក​ខ្សោយ វា​លើក​ទឹកចិត្ត​ឱ្យ​ចិន​លេប​កោះ​តៃវ៉ាន់ ហើយ​តៃវ៉ាន់​គឺជា​សម្ពន្ធមិត្ត​មួយ​របស់​អាមេរិក។ ការ​ព្យាយាម​បញ្ចប់​លេប​កោះ​តៃវ៉ាន់​នោះ វា​ដូចជា​បង្កើត​ទស្សនៈ​សម្រាប់​អន្តរជាតិ​ឲ្យ​និយាយ​ថា តើ​មាន​អ្វី​កើតឡើង? អាមេរិក​ជា​ប្រទេស​មួយ ជា​សាលារៀន​បង្កើត​សន្តិភាព និង​អាច​ជួយ​ប្រទេស​តូចៗ​ទាំងនោះ អាច​គាំទ្រ​សម្ពន្ធមិត្ត​របស់​ខ្លួន។ នៅ​ពេល​លោក​ធ្វើការ​សម្រេច​ចិត្ត​ម៉ឺងម៉ាត់ មិន​ទុក​ឲ្យ​ជនជាតិ​អាមេរិកាំង​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន វា​នឹង​ប្រាប់​ពិភពលោក​ថា អាមេរិក​ពិតជា​អាច​ជឿ​ទុកចិត្ត​បាន អាច​ការពារ​យើង​បាន ជា​សម្ពន្ធមិត្ត យើង​ជា​អ្នក​នាំ​ផ្លូវ ជា​អ្នក​រក្សា​សន្តិភាព។

លោក ហាស់ សាន៖ តាម​ទស្សនៈ និង​ការ​យល់ឃើញ​របស់​លោកស្រី មាន​មនុស្ស​ជាច្រើន​គិត​ថា​របៀប​ដែល​ប្រធានាធិបតី បៃដិន កំពុង​ដោះស្រាយ​ការ​ជម្លៀស​ជនជាតិ​អាហ្វហ្គានីស្ថាន ជនជាតិ​អាមេរិក និង​សម្ពន្ធមិត្ត​អាហ្វហ្គានីស្ថាន បង្ហាញ​ពី​ភាព​ទន់ខ្សោយ​ចំពោះ​សម្ពន្ធមិត្ត និង​មិត្តភ័ក្ដិ​របស់​យើង​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត។

តើ​លោកស្រី អូលីវៀ គិត​ថា​ប្រធានាធិបតី បៃដិន ប្រហែលជា​ប្រញាប់​ធ្វើការ​សម្រេច​ចិត្ត​អំពី​ការ​ដក​កងទ័ព​ដោយ​មាន​ពេលវេលា​មិន​ប្រាកដប្រជា​ដែរ​ឬ​ទេ?

លោកស្រី អូលីវៀ អ៊ីណូស៖ សំណួរ​ធំ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​មាន គឺ​ហេតុ​អ្វី​បាន​ជា​មាន​ការ​សន្មត​ថា​មិន​អាច​ទុក​កងទ័ព ហើយ​នៅតែ​គិត​ថា​ជា​សង្គ្រាម​បច្ចេកទេស​ត្រូវ​បញ្ចប់? យើង​មាន​ឧទាហរណ៍​អំពី​រឿង​នេះ​នៅ​ទូទាំង​អាស៊ី នៅ​កូរ៉េ​ខាងត្បូង និង​នៅ​ជប៉ុន។ យើង​ទុក​វត្តមាន​កងទ័ព​ជា​អចិន្ត្រៃយ៍​នៅ​ទីនោះ ហើយ​គ្មាន​នរណា​គិត​ថា​យើង​ធ្វើ​សង្គ្រាម​ក្តៅ​ក្នុង​ពេលណា​មួយ​នោះ​ទេ ប៉ុន្តែ​វា​ជួយ​យើង​ត្រៀម​បាន​ល្អ​ជាង​មុន។ វា​ក៏​បញ្ជូន​សញ្ញា​ច្បាស់លាស់​ថា យើង​អាច​ត្រៀម​សន្តិសុខ និង​សុវត្ថិភាព។ ខ្ញុំ​ចង់​និយាយ​ថា លោក​មាន​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ។ វា​ចំណាយ​តិច ទាំង​កម្លាំង និង​លុយ​ដុល្លារ ឬ​ទុក​ចោល​កងទ័ព ២៥០០​នាក់។ យើង​ឃើញ​អ្នក​ស្លាប់ និង​របួស​ជាច្រើន។ ខ្ញុំ​គិត​ថា​មិន​ត្រូវ​ដក​ចេញ​ទេ។ ខ្ញុំ​មិន​ដឹង​ថា​មាន​គុណសម្បត្តិ​អ្វី​ដែល​ត្រូវ​នាំ​កងទ័ព​ប្រុស​ស្រី​ទាំងនោះ​ទៅ​ផ្ទះ​វិញ។ វា​ពិតជា​ត្រូវ​មាន​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ។

ប្រសិនបើ​កងទ័ព​អាមេរិក​ចំនួន ២៥០០​នាក់ អាច​ផ្តល់​សុវត្ថិភាព និង​សន្តិសុខ​បាន ដើម្បី​ឱ្យ​ស្ត្រី និង​ក្មេងស្រី​អាហ្វហ្គានីស្ថាន​អាច​ចូលរួម​ក្នុង​សង្គម​បាន យ៉ាងហោចណាស់​មាន​សេរីភាព មាន​ឱកាស យើង​គួរតែ​ទុក​កងទ័ព​នៅ​ទីនោះ។ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ខឹង រដ្ឋបាល បៃដិន កំពុង​បន្ត​ជាមួយ​ការ​ទាមទារ​របស់​ក្រុម​តាលីបង់ ដែល​យើង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​សីហា។ ប្រសិនបើ​មាន​ជនជាតិ​អាមេរិក​នៅ​សេសសល់ មាន​ជនជាតិ​អាហ្វហ្គានីស្ថាន ដែល​បាន​ដាក់​ជីវិត​របស់​ពួកគេ​នៅ​លើ​សមរភូមិ ដើម្បី​ធានា​ជោគជ័យ​បន្ត​ប្រតិបត្តិការ​អាមេរិក ក្រុម​គ្រួសារ កូនៗ​របស់​ពួកគេ ជីវិត​របស់​ពួកគេ​ស្ថិត​ក្នុង​គ្រោះថ្នាក់។ យើង​អាច​ចាកចេញ​នៅ​ខែ​សីហា។ ខ្ញុំ​បាន​ឃើញ​នៅ​ថ្ងៃ​នេះ​ថា មក​ដល់​ពេល​នេះ មនុស្ស​ជិត ៩០០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ គួរ​ឲ្យ​សរសើរ។

ទាំងអស់​នេះ​គួរតែ​ត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់​គិតគូរ មិន​គួរ​ទុក​ចោល​ជនជាតិ​អាមេរិកាំង ឬ​អាហ្វហ្គានីស្ថាន​ដែល​បាន​ជួយ​យើង​ពិតប្រាកដ​នោះ​ទេ។

លោក ហាស់ សាន៖ លោក​ប្រធានាធិបតី បៃដិន បាន​បញ្ជាក់​ថា លោក​គ្រាន់តែ​អនុវត្ត​តាម​អ្វី​ដែល​បាន​ចរចា​ដោយ​ប្រធានាធិបតី ត្រាំ ដែល​ចង់​ដក​កងទ័ព​ចេញពី​អាហ្វហ្គានីស្ថាន​ត្រឡប់​មកវិញ​នៅ​ពេល​ដែល​គាត់​កាន់​អំណាច​នៅ​សេតវិមាន ហើយ​គាត់​ធ្វើ​មិន​សម្រេច​បាន ហើយ​ប្រធានាធិបតី បៃដិន ធ្វើ​បន្ត ព្រោះ​កិច្ចព្រមព្រៀង​នេះ​គឺជា​អ្វី​ដែល​ពួកគេ​ព្យាយាម​ចរចា​ជាមួយ​ក្រុម​តាលីបង់។ ខ្ញុំ​មិន​ដឹង​ថា​នរណា​កំណត់​ថ្ងៃ​ផុត​កំណត់​ថ្ងៃ​ទី​៣១ ខែ​សីហា ដែល​មាន​កងទ័ព​រាប់​ពាន់​នាក់។ ខ្ញុំ​ក៏​មិន​ស្គាល់​សម្ពន្ធមិត្ត​រាប់​សិប​ពាន់​នាក់ អ្នកគាំទ្រ​អាហ្វហ្គានីស្ថាន អ្នក​បកប្រែ អ្នក​ជួយ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែរ។

ក្នុង​នាម​ជា​ជនភៀសខ្លួន ឬ​មាន​ឪពុក​ម្តាយ​ជា​ជនភៀសខ្លួន​ពី​ប្រទេស​កម្ពុជា លោកស្រី​ប្រហែលជា​ធ្លាប់​ឮ​ចាស់ៗ​និយាយ​រៀបរាប់​ពី​រឿងរ៉ាវ​ដ៏​អាក្រក់​នៅ​ក្រោម​របប​ខ្មែរក្រហម តើ​លោកស្រី ស៊ូ គិត​យ៉ាង​ម៉េច​ដែរ​នៅ​ពេល​ឃើញ​រូបភាព​ចេញពី​អាហ្វហ្គានីស្ថាន? តើ​វា​ធ្វើ​ឲ្យ​លោកស្រី​នឹកឃើញ​ពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ឆ្នាំ​១៩៧៥ ដែរ​ឬ​ទេ?

លោកស្រី ស៊ូ ឡាក់៖ វា​ពិតជា​រម្លឹក​ខ្ញុំ​ឲ្យ​នឹកឃើញ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ខំប្រឹង​ព្យាយាម​រត់​គេច​ខ្លួន​ពី​តំបន់​សង្គ្រាម ព្យាយាម​លោត​តោង​ឡើង​យន្តហោះ ដើម្បី​ទៅ​កន្លែង​មាន​សន្តិសុខ។ វា​ជា​ការ​រម្លឹក​ពី​របៀប​ដែល​ឪពុក​ម្តាយ​ខ្ញុំ​រត់​គេច​ពី​វាល​ពិឃាត។ វា​គួរ​ឱ្យ​រន្ធត់​ដូច​លោកស្រី អូលីវៀ និយាយ​ថា ការ​សម្រេច​ចិត្ត​ដែល​ក្រុម បៃដិន សម្រេច​ចិត្ត​ដក​ចេញ គឺ​មិន​ធ្វើ​តាម​ការ​អំពាវនាវ​ទេ ព្រោះ​ប្រធានាធិបតី ត្រាំ បាន​កំណត់​យុទ្ធសាស្ត្រ​ពី​របៀប​ដក​កងទ័ព មិន​ប្រកាស​ឲ្យ​សត្រូវ​ដឹង​ពី​ការ​ដក​កងទ័ព ទុក​ឲ្យ​ពួកគេ​ដឹង​ពី​កាលបរិច្ឆេទ​កំណត់ និង​អនុញ្ញាត​ឱ្យ​ពួកគេ​គ្រប់គ្រង​ប្រទេស។ នោះ​ដូចជា​ការ​ហៅ​ប្រាប់​ឲ្យ​មក​កាន់កាប់​អាហ្វហ្គានីស្ថាន​អ៊ីចឹង។ ធ្វើ​សេចក្តី​ប្រកាស​ដោយ​មិន​បាន​រៀបចំ​ទុក​មុន វិធី​ដែល​ប្រធានាធិបតី ត្រាំ កំណត់​យុទ្ធសាស្ត្រ​របស់​គាត់។ គាត់​បាន​រៀបចំ​អ្វីៗ​គ្រប់យ៉ាង។ នេះ​បើ​យោង​តាម​សារព័ត៌មាន Newsmax ជា​យុទ្ធសាស្ត្រ​ដែល​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ដាក់​ចេញ។

ទី​១ ការ​ជម្លៀស​ដោយ​សុវត្ថិភាព​ជា​ការ​សម្រេច​ចិត្ត​មួយ​មុន​ពេល​ដក​ចេញ​ការពិត​ប្រាកដ ហើយ​ទី​២ ត្រូវ​ធានា​ថា អាវុធ​ទាំងអស់​ត្រូវ​បាន​យក​ចេញ មិន​ត្រូវ​ទុក​អាវុធ​ចោល​នៅ​ទីនោះ។ អ្វី​ដែល បៃដិន បាន​ធ្វើ​នោះ គឺ​គាត់​បាន​ទុក​ចោល​អាវុធ​អាមេរិក​រាប់​ពាន់​លាន​ដុល្លារ ដែល​នាំ​ឲ្យ​ក្រុម​តាលីបង់​មាន​លទ្ធភាព​ទទួល​បាន​ឧបករណ៍​យោធា​អាមេរិក។ នោះ​គឺ​គ្រោះថ្នាក់​ណាស់ ពីព្រោះ​មាន​ប្រទេស ឬ​សម្ពន្ធមិត្ត​ផ្សេងទៀត​ដែល​មិន​មាន​ឧបករណ៍​ប្រភេទ​នេះ ហើយ​នៅ​ទីបំផុត ក្រុម​តាលីបង់ អាច​ប្រើ​វា​ដើម្បី​បំផ្លាញ​សម្ពន្ធមិត្ត​របស់​យើង ជាពិសេស​អាស៊ី​អាគ្នេយ៍ ប៉ាស៊ីហ្វិក ភាគច្រើន​ដូចជា​កម្ពុជា មិន​មាន​ឧបករណ៍​ប្រភេទ​នេះ​ទេ។ ចុះ​បើ​ក្រុម​តាលីបង់ សម្រេច​ចិត្ត​បាញ់​បោះ​មក​លើ​ប្រទេស​សម្ពន្ធមិត្ត​យើង​វិញ។ យើង​មិន​ដឹង​ពី​ការ​សម្រេច​ចិត្ត​របស់​គេ​យ៉ាងណា​ទេ ប្រសិនបើ​ពួកគេ​អាច​ទទួល​បាន​អាវុធ និង​ឧបករណ៍​យោធា​របស់​យើង​ទាំងអស់​ទៅ​ប្រើប្រាស់ នោះ​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់។

លោក ហាស់ សាន៖ ឧបករណ៍ អាវុធ​គ្រប់​ប្រភេទ សូម​កែតម្រូវ​បើ​ខ្ញុំ​និយាយ​ខុស ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដែល​ជា​សម្ពន្ធមិត្ត​របស់​យើង។ យើង​មាន​យន្តហោះ កាំភ្លើងធំ និង​រថក្រោះ​សម្រាប់​កងទ័ព​នៅ​ទីនោះ ដើម្បី​ការពារ​ប្រទេស ដើម្បី​ការពារ តែ​យ៉ាងណាមិញ ប្រធានាធិបតី​បាន​រត់​ចេញ​ពី​ប្រទេស គ្មាន​កម្លាំង​ប្រយុទ្ធ​ទប់ទល់​នៅ​ទីនោះ​ទេ។ តាមពិត អាមេរិក​មិន​គ្រាន់តែ​វេចបង្វេច ហើយ​ចាកចេញ​ដោយ​មិន​យក​ឧបករណ៍​របស់​ពួកគេ​ទៅ​ជាមួយ​ប៉ុណ្ណោះ​ទេ ខ្ញុំ​ជឿ​ថា អាវុធ និង​ឧបករណ៍​ទាំងអស់​នោះ​មិន​បាន​ផ្តល់​ដល់​កងកម្លាំង​អាហ្វហ្គានីស្ថាន​ទេ។

សំណួរ​បន្ទាប់ ខ្ញុំ​សូម​សួរ​លោកស្រី អូលីវៀ ការ​គាំទ្រ​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិក​ជាច្រើន​ចំពោះ​សង្គ្រាម​អាហ្វហ្គានីស្ថាន ហាក់ដូចជា​រសាត់​បាត់​ទៅ ប្រធានាធិបតី បៃដិន ឆ្លើយតប​តាម​បំណង​ប្រាថ្នា​របស់​ប្រជាជន។ ការ​ដក​ខ្លួន​ចេញ​គឺជា​ចំណុច​នៃ​ការ​ឈ្លោះ​ប្រកែក​គ្នា​បន្តិចបន្តួច ប៉ុន្តែ​វិធី​ដក​ខ្លួន​ចេញ និង​ផែនការ​ជម្លៀស​ចេញ គឺជា​ការ​ជំទាស់ និង​ប្រឆាំង​ជា​ចម្បង​ក្នុង​ពេល​បច្ចុប្បន្ន តើ​លោកស្រី អូលីវៀ មាន​ទស្សនៈ​យ៉ាងណា​ចំពោះ​រឿង​នោះ?

លោកស្រី អូលីវៀ អ៊ីណូស៖ ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​លែង​ចង់​ឲ្យ​មាន​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ជា​យូរ​មក​ហើយ។ ជាទូទៅ ពលរដ្ឋ​អាមេរិក​មិន​ពូកែ​ខាង​ចាញ់​ទេ វា​ស្តាប់​ទៅ​អាក្រក់ ប៉ុន្តែ​ការ​ឆ្លើយតប​ដែល​យើង​ឃើញ​លើ​អាហ្វហ្គានីស្ថាន គឺ​ប្រហែល​គ្នា​ទៅ​នឹង​ការ​ឆ្លើយតប​ទៅ​នឹង​សង្គ្រាម​វៀតណាម។ ជា​អកុសល​ដែល​សម្ពាធ​ប្រភេទ​នោះ​ពិតជា​បាន​កើតឡើង​នៅ​ក្នុង​ពលរដ្ឋ​អាមេរិក​គ្មាន​ការ​សង្ស័យ​ឡើយ​ចំពោះ​អ្នក​នយោបាយ និង​បុគ្គល​នៅ​ក្រុង​វ៉ាស៊ីនតោន។ សង្ឃឹម​ថា​អ្នក​ធ្វើ​គោលនយោបាយ​នឹង​គិត​ទ្វេដង​អំពី​អំណះអំណាង​នាំ​កងទ័ព​ប្រុស​ស្រី​របស់​យើង​មក​ផ្ទះ​វិញ។ យើង​មិន​ចង់​ដាក់​មនុស្ស​ក្នុង​គ្រោះថ្នាក់​ទេ ប៉ុន្តែ​នៅ​ពេល​ទៅ​បំពេញ​បេសកកម្ម នៅ​ពេល​ចូល​ទៅ​ក្នុង​ស្ថាប័ន​សន្តិសុខ លោក​មិន​ចេះតែ​អាច​ចាកចេញ​បាន​ទេ ដរាបណា​លោក​សម្រេច​បេសកកម្ម​នោះ​ចប់​សព្វគ្រប់។ វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​អន់​បំផុត​មួយ ប៉ុន្តែ​រឿង​មួយ​ដែល​ខ្ញុំ​ត្រូវ​បាន​លើក​ទឹកចិត្ត​យ៉ាង​ពិតប្រាកដ វា​មាន​សារសំខាន់ មាន​ភាព​ធន់ ទាំង​ប្រជាជន​អាមេរិក និង​អាហ្វហ្គានីស្ថាន។

ឥឡូវ​នេះ ប្រជាជន​អាមេរិក​កំពុង​សន្យា​តាម​មធ្យោបាយ​រៀងៗ​ខ្លួន​ជាច្រើន។ ពី​ដំបូង យើង​គិត​ថា​ប្រហែលជា​មាន​មនុស្ស​កាន់តែ​ច្រើន​ដែល​មាន​យន្តហោះ​ឯកជន​ខិតខំ​នាំ​ជនជាតិ​អាហ្វហ្គានីស្ថាន​មកកាន់​សហរដ្ឋ​អាមេរិក។

ឥឡូវ​នេះ យើង​ឃើញ​ប្រជាជន​កំពុង​កៀរគរ​ជួយ​អ្នក​តាំង​ទីលំនៅ​ថ្មី និង​ជាពិសេស​អ្នក​រស់នៅ​ក្នុង​តំបន់​ក្រុង​វ៉ាស៊ីងតោន និង​ម៉ារីឡែន។ សូម្បីតែ​រដ្ឋ​កាលីហ្វ័រញ៉ា ពួកគេ​នឹង​ឲ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ។ យើង​មាន​ឱកាស​បោះ​ជំហាន​ទៅមុខ និង​បំពេញ​ចន្លោះ​ប្រហោង ឬ​ប្រហែលជា​រដ្ឋបាល​បាន​ធ្លាក់​ចុះ​នៅ​ពេល​ឆ្លើយតប ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ធ្វើ​វា​នៅ​ទីនេះ យើង​អាច​ជា​អ្នក​ជិតខាង​ល្អ​ចំពោះ​ពួកគេ។ សង្ឃឹម​ថា​នោះ​ជា​របៀប​ដែល​យើង​បោះ​ជំហាន​ទៅមុខ។

យើង​នឹង​បង្ហាញ​ថា​ប្រជាជន​អាមេរិក​មាន​ខ្នង​បង្អែក សង្ឃឹម​ថា​យើង​អាច​ព្យាយាម និង​ដាក់​ចេញ​នូវ​គោលនយោបាយ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា អ្នក​ដែល​ត្រូវ​បាន​គេ​ទុក​ចោល​មាន​សិទ្ធិ​ទទួល​បាន​ការ​ការពារ។ ខ្ញុំ​ព្រួយបារម្ភ ជាពិសេស​ចំពោះ​ស្ត្រី និង​ក្មេងស្រី ក្រុម​តាលីបង់​ទាំងអស់​នោះ​មិនមែន​ជា​មនុស្ស​មាន​ការ​កែទម្រង់​ទេ ពួកគេ​ជា​មនុស្ស​ឃោរឃៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស