ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងសាធារណជន បានអះអាងថា សំណង់រឹងមាំត្រូវបានសាងសង់រំលោភលើដីចំណីឆ្នេរសមុទ្រ ចាក់ដីលុប និងការបង្ហូរទឹកកខ្វក់ចូលសមុទ្របានកើតឡើងជាច្រើនកន្លែងនៅលើឆ្នេរកោះរ៉ុងសន្លឹម ស្ថិតក្នុងក្រុងកោះរ៉ុង ដោយមានមិនមានហាមឃាត់ពីមន្ត្រីជំនាញ ឬអាជ្ញាធរដែនដីឡើយ។
ប្រភពពីមន្ត្រីរាជការនៃរដ្ឋបាលក្រុងកោះរ៉ុង ដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បច្ចុប្បន្ននេះមានសំណង់រឹងមាំ និងសំណង់សង់អត់ច្បាប់ជាច្រើនទីតាំង រួមមាន ផ្ទះលម្ហែ រីស្សត និងបឹងហ្គាឡូ ជាដើម បានសង់រំលោភនៅលើដីចំណីឆ្នេរសមុទ្រ មិនត្រឹមតែប៉ុណ្ណោះ ទីតាំងទាំងនោះបានបង្ហូរទឹកស្អុយចូលសមុទ្រ កាប់បំផ្លាញព្រៃឈើនៅលើកោះរ៉ុងសន្លឹមយ៉ាងអនាធិបតេយ្យ។
ប្រភពបន្តថា ម្ចាស់សំណង់ដែលបានសង់រំលោភលើដីចំណីឆ្នេរសមុទ្រកោះរ៉ុងសន្លឹម គឺម្ចាស់ទីតាំងខ្លះមានងារជាឧកញ៉ា និងខ្លះទៀតមានឋានៈពាក់ផ្កាយ គឺចាប់ពីផ្កាយ១ រហូតដល់ផ្កាយ៤ គឺមានទាំងស្ថាប័នកងទ័ពជើងគោក ជើងទឹក និងមន្ត្រីនគរបាលជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ ដូចជាឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏មានឈ្មោះជាប់ពាក់ព័ន្ធនឹងការសង់សំណង់រឹងមាំប៉ះពាល់ដល់ដីចំណីឆ្នេរសមុទ្រ និងការបង្ហូរទឹកស្អុយចូលសមុទ្រនៅកោះរ៉ុងសន្លឹមដែរ។
បញ្ហានេះ ទាំងមន្ត្រីរាជការ និងភ្ញៀវទេសចរដែលទៅឃើញទិដ្ឋភាពការបំផ្លាញព្រៃឈើ ចាក់ដីលុបឆ្នេរសមុទ្រ ការបង្ហូរទឹកស្អុយចូលសមុទ្រ និងការសង់សំណង់រឹងមាំរំលោភដីចំណីឆ្នេរសមុទ្រកោះរ៉ុងសន្លឹម បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូនមន្ត្រីជំនាញចុះពិនិត្យពីផលប៉ះពាល់ដល់ធនធានធម្មជាតិ និងតំបន់ទេសចរណ៍ឆ្នេរសមុទ្រនេះឲ្យបានឆាប់ និងមានប្រសិទ្ធភាព។
ប្រភពបញ្ជាក់ថា កន្លងមកនេះ ទាំងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហាក់មិនរវល់អើពើក្នុងការទប់ស្កាត់ឡើយ។
ប្រភពមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះដដែលបានចោទប្រកាន់ឧត្តមមន្ត្រីនៃគណបក្សប្រជាជនទាំងពីររូប គឺលោក គួច ចំរើន និងលោក ជា សុផារ៉ា មិនមែនជាមន្ត្រីមានប្រវត្តិស្អាតស្អំឡើយ។ ឧត្តមមន្ត្រីទាំងពីររូបនេះក៏ធ្លាប់ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថាជាអ្នកនៅពីក្រោយការជួយរៀបចំឯកសារច្បាប់ ដើម្បីឈានទៅបំផ្លាញទ្រព្យសម្បត្តិ ឬដីសាធារណៈរបស់រដ្ឋដែលនៅសេសសល់ក្នុងខេត្តព្រះសីហនុ ដោយប្រែក្លាយឲ្យទៅជាទ្រព្យសម្បត្តិឯកជនដែលត្រូវជាបក្ខពួក សាច់ញាតិ និងយកជាប្រយោជន៍ផ្ទាល់ខ្លួន ដូចជាបំផ្លាញដីព្រៃឈើក្នុងបរិវេណឧទ្យានជាតិរាម បំផ្លាញបឹងអូរធម្មជាតិ បំផ្លាញដីគម្របព្រៃឈើបៃតងឆ្នាំ២០០២ និងបំផ្លាញដីប្រភពទឹកក្បាលឆាយ ជាដើម។
ទាក់ទងនឹងការចោទប្រកាន់នេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទងលោក គៀត ច័ន្ទថារិទ្ធ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ថារូបលោកបានសង់បឹងហ្គាឡូ ឬរីស្សត នាំឲ្យប៉ះពាល់ដីចំណីឆ្នេរសមុទ្រមានទីតាំងនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានទេនៅថ្ងៃចន្ទ ទី២០ ខែកញ្ញា។ ចំណែកឯលោក គួច ចំរើន និងលោក ជា សុផារ៉ា ក៏មិនទាន់មានប្រភពដើម្បីស្នើសុំការបំភ្លឺបាននៅឡើយដែរ៕