អ្នកឃ្លាំមើលសិទ្ធិការងារសង្ស័យថា ការបើកកាស៊ីណូហ្គេមអនឡាញខុសច្បាប់ ទំនងអាចនឹងជាប់ពាក់ព័ន្ធនឹងការបើកដៃពីសំណាក់អាជ្ញាធរមូលដ្ឋាន ទើបកាស៊ីណូខុសច្បាប់មួយនេះអាចលាក់បុគ្គលិកដល់ទៅរាប់រយនាក់រហូតដល់ទៅជិត ២ឆ្នាំដោយស្ងាត់ឈឹងបែបនេះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily បែបនេះ បន្ទាប់ពីផ្ទុះករណីថៅកែកាស៊ីណូហ្គេមអនឡាញមួយកន្លែងនៅឯខេត្តព្រះសីហនុ បានឃុំឃាំងបុគ្គលិកបម្រើការងាររាប់រយនាក់មិនឲ្យចេញក្រៅអគារជិត ២ឆ្នាំរហូតមានអ្នកស្លាប់ និងអ្នកឆ្លងវីរុស Covid-19 កាលពីពេលថ្មីៗនេះ។
លោក មឿន តុលា បានថ្លែងនៅថ្ងៃនេះថា ការបណ្តែតបណ្តោយឱ្យមានល្បែងស៊ីសងអនឡាញខុសច្បាប់របស់អាជ្ញាធរមូលដ្ឋាន គឺជាការបំពានទៅនឹងសារាចរណែនាំរបស់រដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសបិទល្បែងស៊ីសងតាមអនឡាញនេះកាលពីអំឡុងខែសីហា ឆ្នាំ២០១៩ កន្លងទៅយ៉ាងធ្ងន់ធ្ងរ។
លោកអះអាងថា ប្រសិនករណីឃាត់ឃាំងបុគ្គលិកឱ្យធ្វើការដោយបង្ខំពីសំណាក់ថៅកែចិននេះ ពិតជាដូចការអះអាងរបស់បុគ្គលិករងគ្រោះមែននោះ ថៅកែកាស៊ីណូរូបនេះនឹងត្រូវជាប់ចោទពីបទបង្ខាំងមនុស្សដោយខុសច្បាប់ដែលខុសទៅនឹងក្រមព្រហ្មទណ្ឌរបស់កម្ពុជាទាំងស្រុង។
លោក មឿន តុលា បន្ថែមថា ការបង្ខំឱ្យបុគ្គលិកធ្វើការបែបនេះ គឺរំលោភលើរដ្ឋធម្មនុញ្ញ និងច្បាប់ការងាររបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៀត ការឃាត់ឃាំងបុគ្គលិកមិនឱ្យទៅទទួលការព្យាបាលជំងឺ Covid-19 ក៏ជាការរំលោភលើវិធានការរដ្ឋបាលរបស់រដ្ឋាភិបាល និងវិធានការសុខាភិបាលស្ដីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 ផងដែរ។
មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកឃ្លាំមើលសិទ្ធិការងាររូបនេះបញ្ជាក់ថា ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ អាជ្ញាធរគួរតែបើកការស៊ើបអង្កេតលើករណីនេះឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព ដើម្បីចាប់ជនល្មើសយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ និងជាការធានានូវស្ថិរភាពសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរឡើងវិញ។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានករណីមួយបានកើតឡើងនៅសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺមានបុគ្គលិកបម្រើការនៅក្នុងកាស៊ីណូហ្គេមអនឡាញមួយឈ្មោះថា ដឺសេនជូរី ចំនួន ៤៣៧នាក់ ត្រូវបានថៅកែជនជាតិចិន ឃុំឃាំងមិនឱ្យចេញក្រៅអគារអស់រយៈពេល ១ឆ្នាំកន្លះចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក រហូតទាល់តែមានបុគ្គលិកស្លាប់ដោយសារជំងឺ Covid-19 ទើបបង្កការភ្ញាក់ផ្អើលក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ចុងសប្តាហ៍នេះ។
វិទ្យុបារាំង RFI បានដកស្រង់សម្ដីនារីរងគ្រោះដែលជាបុគ្គលិកកាស៊ីណូ ដោយសុំមិនបញ្ចេញឈ្មោះថា បុគ្គលិកកាស៊ីណូទាំងនោះសុទ្ធតែបានឆ្លងវីរុស Covid-19 ទាំងអស់ ប៉ុន្តែម្ចាស់កាស៊ីណូមិនអនុញ្ញាតឲ្យបុគ្គលិកទាំងនោះទៅទទួលការព្យាបាលនោះទេ ដោយគំរាមថា អ្នកមិនព្រមធ្វើការនឹងត្រូវឃុំខ្លួនទុក ប៉ុន្តែអ្នកដែលសុខចិត្តធ្វើការបន្ត នឹងត្រូវបន្ថែមប្រាក់ឈ្នួលឱ្យ ៣០% ពីលើប្រាក់ខែរបស់ពួកគេ។
ប្រភពដដែលអះអាងថា ថៅកែរបស់ពួកគេមិនអនុញ្ញាតឲ្យបុគ្គលិកណាម្នាក់ចេញក្រៅកាស៊ីណូជាដាច់ខាត ខណៈកិច្ចសន្យារវាងកាស៊ីណូ និងបុគ្គលិក បានព្រមព្រៀងគ្នាថា បុគ្គលិកទាំងអស់ដែលត្រូវវេនសម្រាក ឬមានការចាំបាច់នៅឯផ្ទះ ដូចជាឪពុកម្ដាយឈឺ ជាដើម អាចសុំច្បាប់ចេញក្រៅបាន ប៉ុន្តែរយៈពេលជិត ២ឆ្នាំមកនេះ ថៅកែក្រុមហ៊ុនកាស៊ីណូបានរំលោភលើកិច្ចសន្យានេះទាំងស្រុង។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចុះហត្ថលេខាជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន លោក ចាវ ឃើជឺ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសល្បែងស៊ីសងអនឡាញខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ជាដើម ប៉ុន្តែកិច្ចសហប្រតិបត្តិការនេះត្រូវគេរិះគន់ថា ហាក់មិនសូវមានប្រសិទ្ធភាពនៅឡើយ។
ក្រុមអ្នកសង្កេតការណ៍សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើល្មើសច្បាប់របស់ជនជាតិចិន ទោះបីសមត្ថកិច្ចចុះបង្ក្រាបបទល្មើសជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែសកម្មភាពជនបរទេសទាំងនោះនៅតែបង្កហានិភ័យ បំភិតបំភ័យដល់សន្តិសុខរបស់ពលរដ្ឋ ជាពិសេសសកម្មភាពចាប់ជំរិតទារប្រាក់តែម្តង។
ករណីល្មើសដែលជនជាតិចិនប្រព្រឹត្តនៅកម្ពុជាកន្លងមក មានដូចជា ការបើកបនល្បែងស៊ីសងតាមអ៊ីនធឺណិត ការឆបោក ការលួចឆ្លងដែន ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស ជួញដូរផ្លូវភេទ ជំរិតទារប្រាក់ ការកាន់កាប់ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត និងសកម្មភាពឧក្រិដ្ឋខុសច្បាប់ជាច្រើនទៀត រួមទាំងការបង្កហិង្សាបាញ់បោះ កាប់ចាក់នៅទីសាធារណៈផងដែរ៕