38 C
Phnom Penh

រដ្ឋាភិបាល​កាត់​ដី​ផ្ទៃ​បឹងតាមោក​ជាង ១០០​ហិកតារ​ទៀត​ឱ្យ​ក្រសួង​មហាផ្ទៃ និង​ភរិយា​ឧកញ៉ា ភឺន ផល្លា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បាន​សម្រេច​កាត់​ដី​ផ្ទៃ​បឹងតាមោក​ទំហំ​ជាង ១០០​ហិកតារ​បន្ថែម​ទៀត ដើម្បី​ប្រគល់​ឱ្យ​ទៅ​ក្រសួង​មហាផ្ទៃ និង​ភរិយា​ឧកញ៉ា ភឺន ផល្លា គ្រប់គ្រង​ជា​កម្មសិទ្ធិ ដែល​បច្ចុប្បន្ន​ផ្ទៃ​បឹង​នេះ​ត្រូវ​បាន​កាត់​ឱ្យ​ទៅ​ស្ថាប័ន​រដ្ឋ និង​ឯកជន​ជាង ១​ពាន់​ហិកតារ​ហើយ។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​កាត់​ផ្ទៃ​បឹងតាមោក ឬ​បឹង​ទំនប់​កប់​ស្រូវ​ទំហំ ១០០​ហិកតារ ស្ថិតនៅ​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ប្រគល់​ទៅ​ឱ្យ​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើជា​កម្មសិទ្ធិ។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រសួង​មហាផ្ទៃ ទទួល​បាន​ដី​បឹងតាមោក។ កាលពី​ឆ្នាំ​២០២០ ក្រសួង​នេះ​ក៏​បាន​ទទួល​ចំណែក​ដី​បឹងតាមោក​ទំហំ ៨​ហិកតារ​ផង​ដែរ។

ដោយឡែក​អនុក្រឹត្យ​មួយ​ទៀត​ចុះ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃ​បឹងតាមោក​ទំហំ​ជាង ១៥​ម៉ឺន​ម៉ែត្រ​ក្រឡា (១៥១៤២០) ឬ​ស្មើ​ជាង ១៥​ហិកតារ ក្នុង​សង្កាត់​គោករកា និង​សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ ដើម្បី​ប្រគល់​ទៅ​ឱ្យ​ឈ្មោះ សាយ សោភា។

អ្នកស្រី សាយ សោភា ជា​អគ្គ​នាយិកា​សាលា​អន្តរជាតិ វើលដ៍​កម្ពុជា និង​ជា​ភរិយា​របស់​លោក​ឧកញ៉ា ភឺន ផល្លា បាន​ទទួល​ដី​បឹងតាមោក​ចំនួន ៣​លើក បើ​គិត​ទាំង​លើក​នេះ​ទៀត​មាន​ផ្ទៃ​ដី​សរុប​ទំហំ​ជិត ៣០​ហិកតារ ក្នុង​នោះ​លើក​ទី​១ ទទួល​បាន​ជាង ៧​ហិកតារ និង​លើក​ទី​២ បាន​ទំហំ​ជាង ៤​ហិកតារ ខណៈ​លើក​ទី​៣ ទទួល​បាន​ជាង ១៥​ហិកតារ។

បឹងតាមោក​មាន​ផ្ទៃ​ដី​សរុប ៣២៣៩​ហិកតារ ជា​អាង​ស្តុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​បឹង​ធម្មជាតិ​នេះ​ជា​សម្បត្តិ​របស់​រដ្ឋ។

ប៉ុន្តែ​ចាប់តាំង​ពី​ឆ្នាំ​២០១៨ ដល់​ខែ​កញ្ញា ឆ្នាំ​២០២១ ផ្ទៃ​បឹងតាមោក​ប្រមាណ ១​ពាន់​ហិកតារ​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់ និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ បើ​ទោះបីជា​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ បាន​ចេញ​លិខិត​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ដោយសារ​ទឹកជំនន់​ក្រោយ​ពី​ក្រសួង​មើល​ឃើញ​ថា ការ​ចាក់​ដី​លុប និង​ការ​សាងសង់​បិទ​ផ្លូវ​ទឹក​នានា​នៅតែ​មាន​ជាបន្តបន្ទាប់។

ក្រៅ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក កាលពី​ពេល​ថ្មីៗ​នេះ លោក សុខ ទូច ក៏​បាន​លើកឡើង​ថា កាលពី​មុន​បឹង​ធម្មជាតិ​មាន​ច្រើន នៅ​ពេល​លុប​តិចតួច​មិន​សូវ​ជា​មាន​បញ្ហា​អ្វី ប៉ុន្តែ​បច្ចុប្បន្ន​នេះ បឹងតាមោក​ដែល​ជា​បឹង​ធម្មជាតិ​ចុងក្រោយ​នោះ ត្រូវ​បាន​លុប​អស់​ខ្ទេចខ្ទី​ថែមទៀត។ លោក​បន្ត​ថា រាល់​ថ្ងៃ​មាន​មោទកភាព​អ្វី​ទៀត បើ​ពី​មុន​បឹង​ធម្មជាតិ​មាន​ច្រើន ឥឡូវ​នៅ​សល់​តែ​បឹង​មួយ ហើយ​បន្ត​លុប​ទៀត ករណី​នេះ​លោក​ថា​ជា​រឿង​ដែល​លំបាក។

បឹង​ធម្មជាតិ​ធំៗ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​បឹងកក់ បឹង​ជើងឯក បឹង​ទំពុន និង​បឹងតាមោក ជាដើម​នោះ​ជា​កន្លែង​ស្តុក​ទឹក​ស្អុយ និង​រំដោះ​ទឹក​ហូរ​ចេញពី​ទីក្រុង​ភ្នំពេញ ក្នុង​ពេល​ភ្លៀង​ធ្លាក់​នៅ​រដូវវស្សា ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​កាត់​ឱ្យ​ក្រុមហ៊ុន បុគ្គល​មាន​អំណាច និង​ស្ថាប័ន​រដ្ឋ ដើម្បី​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។

ការ​លុប​បឹង​ធម្មជាតិ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ទីក្រុង​ភ្នំពេញ​តែងតែ​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ជាបន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស