31 C
Phnom Penh

អ្នក​កាសែត​ម្នាក់​ដែល​ត្រូវ​ឈ្មួញ​ដី​វាយ ចោទ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​ផ្អឹប​សំណុំរឿង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សារព័ត៌មាន​ទូរទស្សន៍ MSJ TV ប្រចាំ​ខេត្ត​ព្រះសីហនុ និង​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​ពី​ឈ្មួញ​ដីធ្លី​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​មន្ត្រី​សាលា​ឧទ្ធរណ៍​ដែល​បាន​ផ្អឹប​ទុក​សំណុំរឿង​របស់​គាត់​អូស​បន្លាយ​ពេល​ជិត ២​ឆ្នាំ​ទៅ​ហើយ មិនទាន់​មាន​ដំណោះស្រាយ និង​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ។

ជនរងគ្រោះ​ឈ្មោះ ដួង ច័ន្ទបូរិទ្ធ ដែល​ជា​អ្នក​យក​ព័ត៌មាន​ប្រចាំ​ទូរទស្សន៍​អនឡាញ MSJ TV បាន​ឲ្យ​ដឹង​ថា បាន​ប្តឹង​អ្នកស្រី ជា សុខឡេង និង​កូនប្រុស​ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូបលោក កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដោយ​អ្នក​ទាំង​ពីរ​បាន​វាយ​គាត់​ក្នុង​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។

លោក ដួង ច័ន្ទបូរិទ្ធ បាន​ថ្លែង​ទៀត​ថា ករណី​ប្រើ​ហិង្សា​លើ​រូបលោក គឺ​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ ហើយ​លោក​ចង់​ឃើញ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ លើក​យក​សំណុំរឿង​លេខ​៤២៥ ចុះ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២០ មក​ដោះស្រាយ​បន្ត​ទៀត ព្រោះ​រូប​គាត់​បាន​ទន្ទឹង​រង់ចាំ​យុត្តិធម៌​អស់​រយៈពេល​ជិត ២​ឆ្នាំ​មក​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។

លោក ដួង ច័ន្ទបូរិទ្ធ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជិត ២​ឆ្នាំ​នេះ ជន​បង្ក​ទាំង​ពីរ​នាក់​ម្តាយ​និង​កូន នៅ​មាន​សេរីភាព​ដើរហើរ​ជា​ធម្មតា មិន​ត្រឹម​តែប៉ុណ្ណោះ នៅ​ធ្វើ​ទង្វើ​មួយ​ចំនួន​គំរាម​ដល់​សុវត្ថិភាព​លោក​ផង​ដែរ។

លោក​បន្ត​ថា សំណុំរឿង​នេះ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ក្តី​កាលពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២០ ដោយ​បង្គាប់​ឲ្យ​ភាគី​ជន​បង្ក គឺ​អ្នកស្រី ជា សុខឡេង សង​ជំងឺចិត្ត​មក​រូបលោក​ចំនួន ១​លាន​រៀល ដោយ​មិន​តម្រូវ​ឲ្យ​ជន​បង្ក​ហិង្សា​អនុវត្ត​ទោស​ឡើយ ទើប​រូបលោក​កើត​ទុក្ខ​មិន​សុខចិត្ត ក៏​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​បន្ត​មក​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​គិត​មក​ត្រឹម​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ រូបលោក​នៅ​មិនទាន់​បាន​ទទួល​ដំណឹង​ពី​ដំណើរការ​ក្ដី​នេះ​នៅឡើយ។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​ប្រធាន​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ជុំវិញ​សំណុំរឿង​ខាងលើ​បាន​ទេ​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ខណៈ​អ្នកស្រី ជា សុខឡេង ក៏​មិនទាន់​អាច​ទាក់ទង​ដើម្បី​ស្នើ​ការ​បំភ្លឺ​បាន​នៅឡើយ​ដែរ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ អ្នក​សារព័ត៌មាន​ត្រូវ​រង​ការ​គំរាមកំហែង និង​ធ្វើ​ទុក្ខបុកម្នេញ​ពី​អ្នក​មាន​អំណាច និង​ឈ្មួញ​ទុច្ចរិត​ជាដើម ដើម្បី​បំបិទ​មាត់​អ្នក​សារព័ត៌មាន​ដែល​បាន​រាយការណ៍​ព័ត៌មាន​ត្រឹមត្រូវ​ប៉ះពាល់​ដល់​មុខ​ជំនួញ​ពួកគេ។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២០ អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ថយ​ចុះ​ជាលំដាប់ ពោល​គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០។

ដោយឡែក​របាយការណ៍​ស្ដីពី​នីតិរដ្ឋ ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) ក៏​បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស