ជនរងគ្រោះម្នាក់ក្នុងករណីប៉ុនប៉ងមនុស្សឃាតចាក់សាំងដុតទាំងរស់នៅឯខេត្តព្រះសីហនុ កំពុងទន្ទឹងរង់ចាំ និងដង្ហោយរកយុត្តិធម៌សម្រាប់ខ្លួនគាត់ បន្ទាប់ពីសំណុំរឿងរបស់គាត់ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ បានផ្អឹបទុកចោលជិត ៣ឆ្នាំមកហើយ។
លោក ស៊ុយ ប៊ុនថាន់ ជាជនរងគ្រោះ បានឲ្យសារព័ត៌មាន The Cambodia Daily ដឹងនៅថ្ងៃទី៥ វិច្ឆិកា ថា រូបលោកត្រូវជនដៃដល់ឈ្មោះ លី ស្រេង រស់នៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ចាប់ដុតទាំងរស់កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំពោះមុខមន្ត្រីចុះអនុវត្តសាលក្រមក្នុងវិវាទដីធ្លីមួយកន្លែង កាលពីជិត ៣ឆ្នាំមុន អំឡុងពេលសមត្ថកិច្ចចុះអនុវត្ដសាលក្រម ហើយករណីប៉ុនប៉ងមនុស្សឃាតនេះ បានបណ្តាលឲ្យលោកឆេះរលាកពេញខ្លួនរងរបួសធ្ងន់។
លោកបញ្ជាក់ថា បានបន្តដង្ហោយរកអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយសារតែសំណុំរឿងប៉ុនប៉ងមនុស្សឃាតមកលើរូបលោក ត្រូវបានមន្ត្រីមានតួនាទីខ្ពស់នៅក្នុងសាលាដំបូងខេត្តព្រះសីហនុ និងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រួលឲ្យជនល្មើសអាចរួចផុតពីជាប់ពន្ធនាគារ។
លោក ស៊ុយ ប៊ុនថាន់ បានឲ្យដឹងថា សំណុំរឿងរបស់គាត់ត្រូវបានគេផ្អឹបទុកចោលជិត ៣ឆ្នាំ គឺទើបត្រូវបានសាលាដំបូងខេត្តព្រះសីហនុ បិទបញ្ចប់សវនាការសួរដេញដោលលើអង្គហេតុអំពីសកម្មភាពប៉ុនប៉ងមនុស្សឃាត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ ដោយមិនមានវត្តមានជនល្មើសឡើយ គឺមានតែមេធាវីតំណាងតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា សំណុំរឿងនេះនឹងប្រកាសសាលក្រមនៅថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះ។
ប្រភពដដែលបានថ្លែងរៀបរាប់ថា ករណីប៉ុនប៉ងមនុស្សឃាតមកលើរូបលោក ធ្វើឡើងខណៈរូបលោកកំពុងបញ្ជាគ្រឿងចក្រអេស្កាវ៉ាទ័រកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក៏ស្រាប់តែឈ្មោះ លី ស្រេង ស្ទុះមកបើកទ្វារគ្រឿងចក្ររបស់លោក ហើយបានយកសាំងជះដុត រួចបិទទ្វារខ្ទប់រូបលោកឲ្យជាប់នៅក្នុងអេស្កាវ៉ាទ័រនោះ ក្នុងចេតនាដុតឲ្យស្លាប់តែម្តង។ លោកថ្លែងបន្តថា ភ្លាមៗនោះក៏ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យបានទាន់ពេល។
ទោះយ៉ាងណា លោក ប៊ុនថាន់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីជាន់ខ្ពស់ចំនួន ៤រូប រួមមានលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ លោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោក តាក់ គឹមសៀ អនុប្រធានសាលាដំបូងខេត្តព្រះសីហនុ ទៅកាន់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់អ្នកទាំង ៤នាក់មានចេតនាការពារឧក្រិដ្ឋជនឈ្មោះ លី ស្រេង ឲ្យរួចផុតពីការជាប់ពន្ធនាគារ។

ប្រភពដដែលបញ្ជាក់ថា ក្នុងហេតុការណ៍នេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់វាយខ្នោះឈ្មោះ លី ស្រេង នៅនឹងកន្លែងកើតហេតុភ្លាមៗ ប៉ុន្តែមិនដឹងមូលហេតុអ្វីបានជាមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនព្រមបញ្ជូនជនដៃដល់ឈ្មោះ លី ស្រេង ទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ មិនត្រឹមតែប៉ុណ្ណោះ បានបិទសំណុំរឿងមនុស្សឃាតជាក់ស្តែងនេះចោលថែមទៀត។
លោក ស៊ុយ ប៊ុនថាន់ បានឲ្យដឹងថា លោកនឹងបន្តប្តឹងទាមទាររកយុត្តិធម៌ទៅកាន់តុលាការកំពូល ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ខ្លួនលោកបន្តទៀត។
ចំណែកមេធាវីការពារជនរងគ្រោះលោក កៅ ភូ បញ្ជាក់ថា ទោះបីកូនក្ដីរបស់លោកជាជនក្រីក្រក្តី ក៏តុលាការគ្មានហេតុផលណាត្រូវលើកលែងទោសឲ្យជនល្មើសឈ្មោះ លី ស្រេង នោះទេ ព្រោះសំណុំរឿងនេះជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ហើយជនល្មើសអាចប្រឈមជាប់ពន្ធនាគារ ១៥ឆ្នាំ។
ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងប្រភពពាក់ព័ន្ធនានាដើម្បីបំភ្លឺលើសំណុំរឿងខាងលើបានទេ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ខណៈមានមន្ត្រីខ្លះបានផ្លាស់ប្ដូរតួនាទី ឬកន្លែងធ្វើការរួចហើយនោះ៕