រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានសម្រេចហាមឃាត់អ្នកដំណើរទៅពីប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ចូលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងជំងឺ Covid-19 ប្រភេទថ្មីឈ្មោះ អូមីក្រុង ដែលមានសមត្ថភាពក្នុងការចម្លងលឿន និងរហ័សជាងវីរុស Covid-19 បំប្លែងខ្លួនថ្មីមុនៗរហូតដល់រាប់សិបដង។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា កម្ពុជាសម្រេចហាមឃាត់អ្នកដំណើរ និងអ្នកដែលបានឆ្លងកាត់ ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ នៅទ្វីបអាហ្វ្រិក ៣សប្តាហ៍ មុនចូលទៅកម្ពុជា ដូចជាអាហ្វ្រិកខាងត្បូង ហ្ស៊ីមបាវ៉េ និងប្រទេសម៉ាឡាវី ជាដើម ទាំងផ្លូវអាកាស និងផ្លូវគោក ដោយគ្មានការកំណត់រហូតមានសេចក្តីជូនដំណឹងថ្មី ដែលនឹងត្រូវអនុវត្តចាប់ពីដើមខែធ្នូ ឆ្នាំ២០២១ នេះតទៅ។
លោកបន្តថា ការហាមឃាត់បែបនេះ ដោយសារអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញរបាយការណ៍ពីការរកឃើញវីរុសបំប្លែងថ្មីនៅបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក ដែលបានកំណត់ឈ្មោះថា អូមីក្រុង (Omicron) កាលពីពេលថ្មីៗនេះ ប៉ុន្តែឥទ្ធិពលរបស់វីរុសថ្មីនេះមានកម្រិតខ្ពស់ប៉ុនណានោះ ក្រសួងសុខាភិបាលមិនទាន់បានផ្សព្វផ្សាយជូនសាធារណជនបាននៅឡើយទេ។
ការចេញសេចក្តីប្រកាសព័ត៌មាននេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋខ្មែរឲ្យបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនចំពោះវីរុស Covid-19 បំប្លែងថ្មីឈ្មោះ អូមីក្រុង ដែលអង្គការសុខភាពពិភពលោក រកឃើញកាលពីពេលកន្លងទៅនេះ។
អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងកាលពីថ្ងៃចន្ទ នៅទីក្រុងហ្សឺណែវ ថា មេរោគ COVID-19 បំប្លែងថ្មីឈ្មោះ អូមីក្រុង ជាវីរុសមានហានិភ័យខ្ពស់ដែលគួរឱ្យព្រួយបារម្ភ ហើយការចាត់វិធានការភ្លាមៗរបស់ប្រទេសនីមួយៗ គឺត្រូវបានចាត់ទុកជាការរួមចំណែកជួយទប់ទល់នៅក្នុងដំណាក់កាលបឋម ដើម្បីកុំឲ្យវីរុសថ្មីនេះបន្តរីករាលដាលទៅប្រទេសផ្សេងៗទៀត។
អង្គការសុខភាពពិភពលោក បានណែនាំប្រទេសជាសមាជិកទាំង១៩៤ របស់ខ្លួនថា ការកើនឡើងនៃករណីឆ្លងណាមួយដែលបង្កឡើងដោយវីរុស Covid-19 អូមីក្រុង អាចនឹងក្លាយជាករណីធ្ងន់ធ្ងរដែលមានសក្ដានុពលបង្កឲ្យមានសោកនាដកម្មនៃជំងឺរាតត្បាតសកល COVID-19 កាន់តែរីកធំឡើងៗ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ វិច្ឆិកា ដោយអបអរសាទរទៅនឹងវិធានការរបស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែការអនុវត្តត្រូវតែប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺត្រួតពិនិត្យអ្នកធ្វើដំណើរមកពីក្រៅប្រទេសឱ្យបានហ្មត់ចត់ជាទីបំផុត បើមិនដូច្នោះទេ កម្ពុជានឹងរងការវាយលុកដល់សហគមន៍ដូចជំងឺវីរុស Covid-19 កាលពីលើកដំបូងជាមិនខាន។
លោក មឿន តុលា បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលមានវិធានការបិទខ្ទប់ ឬផ្អាកអាជីវកម្មប្រភេទណាមួយនោះ រដ្ឋគួរតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋ ម្ចាស់អាជីវកម្ម និងកម្មករ ដោយការផ្តល់នូវជំនួយសង្គមដែលអាចឱ្យពួកគេមានជីវភាពសមរម្យ ដើម្បីធានានូវការទប់ស្កាត់ការឆ្លងវីរុស Covid-19 ថ្មី អូមីក្រុង នេះផង និងអាចរក្សាស្ថិរភាពអាជីវកម្មរបស់ពួកគេបានផងដែរ។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា អ្នកស្រី Li Ailan អះអាងថា វីរុសបំប្លែងខ្លួនថ្មីនេះបង្កឱ្យមានហានិភ័យខ្ពស់ជាងវីរុសបំប្លែងថ្មីមុនៗ ហើយអង្គការសុខភាពពិភពលោក ក៏មិនដឹងអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចំពោះវីរុសបំប្លែងខ្លួនថ្មីនេះនៅឡើយទេ។ ប៉ុន្តែអ្នកស្រាវជ្រាវកំពុងពិនិត្យមើលឥទ្ធិពលរបស់វីរុសបំប្លែងខ្លួនថ្មីនេះទៅលើវ៉ាក់សាំង និងឧបករណ៍ផ្សេងៗទៀត ហើយក៏កំពុងធ្វើការឈ្វេងយល់បន្ថែមថា តើការបំប្លែងខ្លួន និងផលប៉ះពាល់របស់វីរុសបំប្លែងខ្លួនថ្មី អូមីក្រុង នេះ មានកម្រិតខ្ពស់កម្រិតណាផងដែរនោះ៕