ពលរដ្ឋខេត្តព្រះសីហនុ បានសំណូមពរលោក ហ៊ុន សែន ជួយនិរាករណ៍ ឬលុបចោលប័ណ្ណកម្មសិទ្ធិដីធ្លីទាំងឡាយណាដែលអាជ្ញាធរខេត្តនេះឃុបឃិតចេញប័ណ្ណកម្មសិទ្ធិឲ្យបុគ្គលឯកជន ជាន់លើបរិវេណដីលិចទឹក ឬព្រៃកោងកាងយកមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ។
ពួកគេអះអាងថា ទីតាំងបរិវេណដីព្រៃលិចទឹក ឬព្រៃកោងកាងដែលជាជម្រកត្រីបន្តពូជមានទីតាំងនៅក្នុងស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ជាដើម បានក្លាយជាកម្មសិទ្ធិបុគ្គលមានទ្រព្យ និងអំណាចស្ទើរទាំងស្រុងទៅហើយ ដោយពួកគេបានឃុបឃិតជាមួយអភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរសុរិយោដីខេត្ត លួចធ្វើប្លង់ ឬប័ណ្ណកម្មសិទ្ធិនាំឲ្យបាត់បង់ធនធានធម្មជាតិទាំងនេះធ្ងន់ធ្ងរ។
ពលរដ្ឋបានចោទលោក គួច ចំរើន និងលោក ចេង ស្រុង ដែលបន្តចេញប័ណ្ណកម្មសិទ្ធិជូនបុគ្គលឯកជនជាន់លើបរិវេណដីព្រៃកោងកាង ឬព្រៃលិចទឹកដែលជាជម្រកត្រីបន្តពូជក្នុងមូលដ្ឋានខេត្តព្រះសីហនុ ជាបន្តបន្ទាប់មកនេះ។
ពលរដ្ឋឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យលោក មាស សូលឡុង សាងសង់សួនអភិរក្សត្រចៀកកាំទេសចរណ៍លើដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧ប័ណ្ណ មានទីតាំងនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គ្របដណ្ដប់នៅលើដីព្រៃលិចទឹក ឬព្រៃកោងកាង។ ពលរដ្ឋអះអាងថា ការសាងសង់នេះ បានធ្វើឲ្យប៉ះពាល់ដល់ជម្រកត្រីសមុទ្របន្តពូជធ្ងន់ធ្ងរ។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងថា ឈ្មួញនិងមន្ត្រីមានអំណាចមួយចំនួនបន្តមានមហិច្ឆតារំលោភដីបរិវេណព្រៃលិចទឹកនៅមូលដ្ឋានខេត្តព្រះសីហនុ យកធ្វើកម្មសិទ្ធិឯកជនជាបន្តបន្ទាប់។ ការរំលោភបំពានយកដីរដ្ឋធ្វើជាកម្មសិទ្ធិនេះ ក៏មានមន្ត្រីមួយចំនួនកំពុងបម្រើការងារនៅតាមស្ថាប័នពាក់ព័ន្ធខ្លះនៃរដ្ឋបាលខេត្តព្រះសីហនុ បានជួយសម្រួលដើម្បីបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាថ្នូរចែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
អ្នកស្រី សុធារី ចាត់ទុកសកម្មភាពឃុបឃិតចេញប័ណ្ណកម្មសិទ្ធិគ្របដណ្ដប់នៅលើបរិវេណដីព្រៃកោងកាងនេះ ថាអនុវត្តផ្ទុយនឹងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដាក់ឲ្យមន្ត្រីក្រោមឱវាទថែរក្សាការពារដីព្រៃលិចទឹក ឬព្រៃកោងកាងឲ្យបានគង់វង្ស។
លោក ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បានដាក់បញ្ជា និងណែនាំលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ឲ្យនិរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីខេត្តជាប់សមុទ្រទាំង៤ រួមមានខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលពាក់ព័ន្ធដីព្រៃកោងកាង។
ទោះជាបែបនេះក្តី គេសង្កេតឃើញថា បរិវេណដីព្រៃលិចទឹក ឬដីព្រៃកោងកាងរាប់ពាន់ហិកតារ ជាពិសេសខេត្តព្រះសីហនុ ត្រូវបានលោក គួច ចំរើន និងលោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តនេះអនុវត្តផ្ទុយបទបញ្ជាលោកនាយករដ្ឋមន្ត្រី ដោយបានបន្តផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យបុគ្គលឯកជនកាន់កាប់ជាច្រើនហិកតារ៕