33 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​អះអាង​ពី​ការ​រឹត​បន្តឹង​ការ​ប្រឡង​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អះអាង​ពី​ការ​រឹត​បន្តឹង​សន្តិសុខ​ដូច​បណ្តា​ឆ្នាំ​កន្លងទៅ​ដែរ នៅ​តាម​មណ្ឌល​ប្រឡង​សម្រាប់​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០២១ នេះ។

ថ្លែង​ប្រាប់​ក្រុម​សារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ ទី​២៧ ធ្នូ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យ​ដឹង​ថា ការ​ប្រឡង​ទុតិយភូមិ ឬ​បាក់ឌុប​សម្រាប់​ឆ្នាំ​សិក្សា​២០២១ នេះ ក្រសួង​បាន​រៀបចំ​សណ្ដាប់ធ្នាប់ និង​រឹត​បន្តឹង​សន្តិសុខ​តឹងរ៉ឹង​ដូច​បណ្តា​ឆ្នាំ​កន្លងទៅ​ដែរ។

នៅ​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប លោក ហ៊ុន សែន បាន​ចេញ​អន្តរាគមន៍ ដោយ​អនុញ្ញាត​ឱ្យ​សិស្ស​ដែល​មាន​ជំងឺ Covid-19 អាច​មាន​សិទ្ធិ​ចូល​ប្រឡង​បាន​ដូច​សិស្ស​ដទៃ​ទៀត​ដែល​មាន​សុខភាព​ធម្មតា​ដែរ ប៉ុន្តែ​អ្នក​ដែល​កើត​ជំងឺ Covid-19 ត្រូវ​បាន​រៀបចំ​ប្រឡង​នៅ​អគារ​ដាច់ដោយឡែក​ពី​គេ។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​បន្ទាប់ពី​អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​មិន​ឱ្យ​សិស្ស​ដែល​មាន​ជំងឺ Covid-19 ចូលរួម​ប្រឡង​ទេ​សម្រាប់​ឆ្នាំ​សិក្សា​២០២១ នេះ។

តាម​ការ​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១ នេះ​នៅ​ទូទាំង​ប្រទេស មាន​បេក្ខជន​ប្រឡង​ចំនួន​ជាង ១១​ម៉ឺន​នាក់ (១១៤១៨៣​នាក់) ចែក​ចេញ​ជា ២០៤​មណ្ឌល មាន ៤៦១៦​បន្ទប់ និង​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស