ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដាក់ពាក្យស្នើសុំព្រះរាជអាជ្ញាទៅព្យាបាលជំងឺនៅក្រៅប្រទេសរយៈពេលពីរសប្តាហ៍ ដោយសារលោកមានជំងឺប្រចាំកាយធ្ងន់ធ្ងរច្រើនប្រភេទដែលត្រូវទទួលការព្យាបាលជាបន្ទាន់ពីគ្រូពេទ្យដែលមានឯកទេសខ្ពស់។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ មករា នេះថា លោកបានដាក់ពាក្យស្នើសុំព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ ដើម្បីចេញទៅពិនិត្យព្យាបាលជំងឺនៅប្រទេសថៃ រយៈពេល ២សប្តាហ៍ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទើបអាចត្រឡប់ទៅកម្ពុជាវិញ ប៉ុន្តែលោកមិនទាន់ទទួលបានការអនុញ្ញាតឱ្យចេញទៅព្យាបាលនៅឡើយទេរហូតមកទល់នឹងពេលនេះ។
លោក រ៉ុង ឈុន បញ្ជាក់ថា គ្រូពេទ្យអង្គការលីកាដូ បានព្យាបាលបឋម និងចេញលិខិតបញ្ជាក់ពិនិត្យសុខភាពថា លោកមានជំងឺច្រើនប្រភេទ ដូចជាជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ក្រួសក្នុងថង់ទឹកប្រមាត់ និងមានក្រួសក្នុងតម្រងនោមផងដែរ ដូច្នេះវេជ្ជបណ្ឌិត ឡោ វ៉ាត បានផ្តល់អនុសាសន៍ឱ្យលោកទៅជួបជាមួយគ្រូពេទ្យឯកទេស ដើម្បីពិនិត្យតាមដានជំងឺទាំងនេះដោយការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត ដើម្បីការពារកុំឱ្យប៉ះពាល់ដល់អាយុជីវិត។
មេដឹកនាំសហជីពកម្មកររូបនេះបញ្ជាក់ថា ជំងឺរបស់លោកជាប្រភេទជំងឺធ្ងន់ធ្ងរ ហើយប្រវត្តិនៃការព្យាបាល គឺលោកធ្លាប់ទៅព្យាបាលនៅប្រទេសថៃ ដូច្នេះលោកស្នើសុំឱ្យព្រះរាជអាជ្ញា លោក ច្រឹង ខ្មៅ អនុញ្ញាតឱ្យគាត់បានចេញទៅពិនិត្យព្យាបាលជំងឺ ដើម្បីការពារអាយុជីវិតរបស់លោក។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានដាក់លិខិតស្នើសុំព្រះរាជអាជ្ញាអមសាលាដំបូងក្រុងភ្នំពេញ ចេញទៅព្យាបាលជំងឺនៅប្រទេសថៃ រយៈពេលកន្លះខែ ដើម្បីទទួលបានការព្យាបាលពីគ្រូពេទ្យដែលមានឯកទេសខ្ពស់តាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត ឡោ វ៉ាត ដែលបានផ្តល់អនុសាសន៍ពីស្ថានភាពជំងឺរបស់លោកកាលពីពេលកន្លងទៅ។
ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានសរសេរលើពាក្យស្នើសុំរបស់លោក រ៉ុង ឈុន ដោយជំរុញឱ្យប្រធានសហភាពសហជីពកម្ពុជារូបនេះទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកឱ្យអស់លទ្ធភាពរបស់គ្រូពេទ្យកម្ពុជាជាមុនសិន។ ជាងនេះ ព្រះរាជអាជ្ញារូបនេះបញ្ជាក់ថា លោកពិនិត្យ និងពិចារណាទទួលយកការព្យាបាលតែមន្ទីរពេទ្យរដ្ឋតែប៉ុណ្ណោះ។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានអះអាងថា អាជ្ញាធរបានបញ្ជូនខ្លួនលោក រ៉ុង ឈុន ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី ក្នុងអំឡុងពេលដែលគាត់នៅក្នុងពន្ធនាគារ ហើយលទ្ធផលបង្ហាញថា ជំងឺរបស់លោកមានសភាពធ្ងន់ធ្ងរដែលត្រូវព្យាបាលឱ្យបានទាន់ពេល។
ទោះយ៉ាងណា ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ពិតមែនតែលោក រ៉ុង ឈុន ស្ថិតក្នុងការព្យួរទោស ប៉ុន្តែអាជ្ញាធរមិនគួរបិទសិទ្ធិសេរីភាពរបស់លោកជ្រើសរើសក្រុមគ្រូពេទ្យសម្រាប់ការព្យាបាលជំងឺខ្លួនឯងនោះទេ ត្បិតអាជ្ញាធរមិនមានសិទ្ធិក្នុងការជ្រើសរើសក្រុមគ្រូពេទ្យដើម្បីព្យាបាលសុខភាពជំនួសរូបលោកនោះឡើយ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ក្រុងភ្នំពេញបានសម្រេចឱ្យប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងអនុវត្តទោស ១៥ខែ ១១ថ្ងៃ ខណៈទោសដែលនៅសល់ត្រូវបានសាលាឧទ្ធរណ៍សម្រេចឱ្យព្យួរសាកល្បងចំនួន ៣ឆ្នាំ ដើម្បីឱ្យតុលាការតាមដានបន្តទៀត។ ក្នុងរយៈពេលនៃការព្យួរទោស លោក រ៉ុង ឈុន មិនត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅប្រទេសនោះឡើយ៕