33 C
Phnom Penh

សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​បង្កើន​អំពើពុករលួយ​ចំពោះ​ការ​លើកលែង​ពន្ធ​នាំចូល​រថយន្ត​របស់​រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បុរស​ខ្លាំង​នៅ​កម្ពុជា បាន​សម្រេច​លើកលែង​ពន្ធ​នាំចូល​ចំពោះ​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ចំនួន ៧៥៧​គ្រឿង គឺជា​ការ​បង្កើត​អំពើពុករលួយ​បន្ថែម​ទៀត ប្រសិនបើ​ពុំ​មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​លើកលែង​ការ​យក​ពន្ធ​រថយន្ត​របស់​រដ្ឋ គឺជា​រឿង​ធម្មតា​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​នៅ​ក្នុង​ការ​បង់​ពន្ធ។ លោក​ថា៖ «កន្លងមក គឺ​ធ្លាប់​មាន​ករណី​ជាច្រើន​ដែល​មាន​ការ​ស្នើសុំ​គោលការណ៍​អនុគ្រោះ​ជា​រថយន្ត​របស់​រដ្ឋ ប៉ុន្តែ​ធាតុ​ពិត រថយន្ត​ទាំងនោះ​ជា​របស់​ឯកជន ខណៈ​មាន​ករណី​ខ្លះ​ទៀត​ក៏​មាន​ការ​ប្រើប្រាស់​រថយន្ត​របស់​រដ្ឋ​ទៅ​បម្រើ​ឱ្យ​ប្រយោជន៍​បុគ្គល​ផង​ដែរ»

លោក​បន្ត​ថា ករណី​ទាំងនោះ គឺ​ត្រូវ​យកចិត្ត​ទុកដាក់ និង​ទាមទារ​ឱ្យ​មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​ករណី​ខ្លះ​អាច​មាន​ការ​លួច​បន្លំ ដោយ​ស្នើសុំ​គោលការណ៍​ដើម្បី​លើកលែង​ការ​បង់​ពន្ធ​សម្រាប់​បម្រើ​ឱ្យ​សាធារណជន ប៉ុន្តែ​ជាក់ស្តែង រថយន្ត​ទាំងនោះ​គឺជា​របស់​ឯកជន​ទៅវិញ។

លោក​ថា កន្លងមក​មាន​ការ​រិះគន់​ជាច្រើន​ចំពោះ​ម្ចាស់​រថយន្ត​ឯកជន​មួយ​ចំនួន ដែល​អាង​ស្លាក​លេខ ខ.ម. ឬ​ស្លាក​លេខ ន.ប. បង្ក​ភាព​ភ័យខ្លាច​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​សាធារណៈ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ក្រសួង និង​ស្ថាប័ន​រដ្ឋ។ លោក ប៉ិច ពិសី អះអាង​ថា៖ «ប្រាកដជា​មាន​ការ​ស៊ីសំណូក​សូកប៉ាន់​ហើយ ដើម្បី​មាន​សិទ្ធិ​ប្រើ​ស្លាក​លេខ​រដ្ឋ​នេះ»

ចំណែក​ឯ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ អះអាង​ថា លោក​សង្កេត​ឃើញ​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ រថយន្ត​ពាក់​ស្លាក​លេខ ខ.ម. ឬ ន.ប. និង រដ្ឋ នៅ​បន្ត​មាន​ការ​កើន​ឡើង​ច្រើន។ លោក​បន្ត​ថា៖ «ចំពោះ​ករណី​មាន​រថយន្ត​គេច​ពន្ធ​ចូល​ដល់​ក្នុង​ប្រទេស​នៅ​បន្ត​កើតមាន​នោះ គឺ​ឆ្លុះ​បញ្ចាំ​ឲ្យ​ឃើញ​ពី​អំពើពុករលួយ​របស់​មន្ត្រី​មួយ​ចំនួន ដែល​មាន​ភារកិច្ច​ត្រួតពិនិត្យ​ការ​នាំចូល​រថយន្ត​នៅ​តាម​ច្រក​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង»

របាយការណ៍​ស្រាវជ្រាវ​ស្ដីពី​អំពើពុករលួយ​ឆ្នាំ​២០២០ ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) រក​ឃើញ​ថា ក្នុង​ចំណោម ១៨០​ប្រទេស​លើ​ពិភពលោក កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម ២០​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាងគេ​បំផុត។

របាយការណ៍​ដដែល​បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៦០ ក្នុង​ចំណោម​ប្រទេស និង​ដែនដី​សរុប​ចំនួន​១៨០។ ចំណែក​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​វិញ កម្ពុជា​គឺជា​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាងគេ ពោល​គឺ​អន់​ជាង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា វៀតណាម (Vietnam) និង​ឡាវ (Laos) ទៅ​ទៀត។

ទោះ​យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​កាសែត​ក្នុង​ស្រុក ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២២ ថា រថយន្ត​ដែល​បាន​ស្នើ​ទាំងនេះ​ជា​ប្រភេទ​រថយន្ត​ចាស់​ដែល​កំពុង​ប្រើប្រាស់​នៅ​តាម​អង្គភាព​ចំណុះ​ក្រសួង​កន្លងមក។ បើ​តាម​លោក ខៀវ សុភ័គ រថយន្ត​ទាំង​ជាង ៧០០​គ្រឿង​នេះ គឺជា​រថយន្ត​ដែល​ក្រសួង​មហាផ្ទៃ ស្នើសុំ​លើកលែង​ពន្ធ​នាំចូល​ជា​លើក​ចុងក្រោយ ខណៈ​ក្រសួង​មិនទាន់​មាន​គោលការណ៍​ថ្មី​ក្នុង​ការ​ស្នើសុំ​ការ​លើកលែង​ពន្ធ​នាំចូល​លើ​រថយន្ត​របស់​រដ្ឋ​ក្នុង​នាម​ក្រសួង​មហាផ្ទៃ​បន្ត​ទៀត​នោះ​ទេ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ស្លាក​លេខ​រថយន្ត​នេះ​ដែរ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ ក៏​បាន​ចេញ​សារាចរ​ណែនាំ​ដោយ​កំណត់​ឲ្យ​រថយន្ត​ឯកជន​ដែល​ពាក់​ស្លាក​លេខ ខ.ម. ត្រូវ​ចូល​បង់​ពន្ធ​ផ្លូវ​ប្រចាំ​ឆ្នាំ​២០២១ ហើយ​បើ​ជា​រថយន្ត​មិន​បាន​បង់​ពន្ធ​នាំចូល ត្រូវ​ចូល​បង់​ពន្ធ​តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល។ ក្នុង​នោះ រថយន្ត​ចង្កូត​ស្តាំ ត្រូវ​ប្តូរ​ចង្កូត​មក​ខាង​ឆ្វេង​ឲ្យ​ទាន់​ពេលវេលា​កំណត់ យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២។

លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ផ្ញើ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ បញ្ជាក់​ថា រដ្ឋាភិបាល​យល់ព្រម​លើកលែង​ពន្ធ​នាំចូល​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ចំនួន ៧៥៧​គ្រឿង ដោយ​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ។ ការ​សម្រេច​នេះ ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់​​​ក្រសួង​មហាផ្ទៃ ដែល​បាន​ស្នើសុំ​ឲ្យ​លើកលែង​ពន្ធ​កាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គន់ ញឹម បាន​ប្រាប់​អ្នកកាសែត​ថា មាន​រថយន្ត​អត់​ពន្ធ​ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ នគរបាល និង​ស្លាក​លេខ ខ.ម. ចំនួន​ជិត ១​ម៉ឺន​គ្រឿង ក្នុង​នោះ​រថយន្ត​របស់​ក្រសួង​ការពារ​ជាតិ ដែល​ពាក់​ស្លាក​លេខ ខ.ម. មាន​ច្រើន​ជាងគេ គឺ​រហូត​ដល់​ជាង ៥​ពាន់​គ្រឿង។

កន្លងមក រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ដាក់​ចេញ​វិធានការ​ជាច្រើនលើក​ដើម្បី​បង្ក្រាប និង​ឲ្យ​ម្ចាស់​រថយន្ត​ដែល​ជ្រក​ក្រោម​ស្លាក​លេខ ខ.ម. និង ន.ប. បង់​ពន្ធ និង​ផ្លាស់ប្ដូរ​ទៅ​ប្រើ​ស្លាក​លេខ​ធម្មតា​វិញ ប៉ុន្តែ​ការ​អនុវត្ត​បែប​នេះ​ធ្វើឡើង​តែ​មួយ​ឆាវ​ដូច​ភ្លើង​ចំបើង​ប៉ុណ្ណោះ ពុំ​ទទួល​បាន​ជោគជ័យ​នោះ​ទេ។

បើ​តាម​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល The Cambodia Daily ទទួល​បាន​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​បាន​ប្រមាណ ៩៣​លាន​ដុល្លារ​ពី​យានយន្ត​ជិត ៨០​ម៉ឺន​គ្រឿង ស្មើ​នឹង ១៧៤,២% នៃ​ផែនការ​ឆ្នាំ​២០២១។ ចំនួន​នេះ​កើន​ឡើង​ជិត ៨% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស